ក្រុមហ៊ុនធំមួយបោះទុន៧៩លានដុល្លារសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ថ្មីមួយនៅទីក្រុងភ្នំពេញ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចអនុម័តគម្រោងសណ្ឋាគារថ្នាក់ផ្កាយ៤ថ្មីមួយ ដែលបោះទុនវិនិយោគប្រមាណ៧៩លានដុល្លារ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គ្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងទៀតថា គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៧៨កន្លែង។

លោកស្រីអាន សុធីតាអ្នកជំនាញអន្តរជាតិក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានថ្លែងប្រាប់ថា វិស័យសណ្ឋាគារគឺវិស័យមួយដែលមានសក្តានុពលមួយនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញតែម្តង។

លោកស្រីបានថ្លែងថា ចំនួនសណ្ឋាគារ និងប្រ៊ែនអន្តរជាតិនៅមានកម្រិតនៅឡើយ ជាពិសេសនៅភ្នំពេញ ដូច្នេះវាគឺជាឱកាស។ បើទោះបីជាប្រទេសកម្ពុជាកំពុងជួបប្រទះនឹងវិបត្តិកូវីដ១៩ និងបញ្ហាប្រឈមមួយចំនួនក៏ដោយ ភ្នំពេញនៅតែមានល្អប្រសើរជាងបណ្តាទីរួមខេត្តក្រុងមួយចំនួន ដូចជាសៀមរាប និងព្រះសីហនុជាដើម។

លោកស្រីបានថ្លែងបន្តថា បើប្រៀបធៀបនឹងប្រទេសជិតខាងថៃ និងវៀតណាម ប្រ៊ែនសណ្ឋាគារល្បីៗនៅកម្ពុជាយើងមានចំននួនតិចជាងគេឡើយទេ ដូច្នេះវាជាគឺឱកាសមួយសម្រាប់អ្នកវិនិយោគ ក្នុងការនាំមកប្រ៊ែនសណ្ឋាគារល្បីៗ ដើម្បីប្រកួប្រជែងបានយូរអង្វែង បន្ទាប់ពីអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here