ដោយៈ ម៉ាណេត
ភ្នំពេញៈ ខណ្ឌបឹងកេងកងនៅតែបន្តឈរនៅលំដាប់លើគេ និងជាជម្រើសពេញនិយមបំផុតសម្រាប់ អ្នកស្វែងរកទិញ ឬជួលអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ខណៈខណ្ឌនេះនឹងនៅតែជាតំបន់ ដែលលេចធ្លោរនៅក្នុងវិស័យអចលនទ្រព្យ។
រាជធានីភ្នំពេញទើបតែចាប់ផ្តើមបើកអោយប្រជាពលរដ្ឋ អាចធ្វើដំណើរបានសារជាថ្មី បន្ទាប់ពីឆ្លងកាត់ការបិទខ្ទប់ ដែលបានបន្តអស់រយៈកាលប្រមាណជាង៦សបា្តហ៍។ ប៉ុន្តែថ្វីត្បិតតែមានការបិទខ្ទប់មែន ក៏នៅមានអ្នកស្វែងរកទិញ រឺជួលអចលនទ្រព្យជាច្រើន បន្តការស្វែងរករបស់ខ្លួនដដែល បើគិតពីពាក់កណ្តាលខែមេសា ដល់ពាក់កណ្តលខែមិថុនា។
របាយការណ៍របស់គេហទំព័រ Realestate.com.kh បានបង្ហាញកាលពីម្សិលមិញថា នៅក្នុងខែមីនា មានចំនួនអ្នកស្វែងរកមើលអចលនទ្រព្យ ច្រើនជាងខែណាៗទាំងអស់នៅក្នុងឆ្នាំ២០២១ ដោយចំនួននេះត្រូវបានគេសម្គាល់ឃើញថា មានការធ្លាក់ចុះបន្តិចនៅក្នុងខែមេសា ដែលអាចបណ្តាលមកពីថ្ងៃឈប់ សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ និងវិធានបិទខ្ទប់នា រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ថ្វីត្បិតបើចំនួនអ្នកស្វែងរកមើល អចលនទ្រព្យនាខែមេសានេះមានការថមថយបន្តិចមែន តែវានៅមានចំនួនខ្ពស់ បើប្រៀបធៀបទៅនឹងខែមេសាកាលពីឆ្នាំ២០២០។
ខណ្ឌដែលតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកស្វែងរកអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញសម្រាប់ខែមេសា ឆ្នាំ២០២១ នៅតែជាខណ្ឌបឹងកេងកង។ ខណ្ឌនេះ ជាពិសេសនៅក្នុងសង្កាត់បឹងកេងកង១ ត្រូវបានគេស្គាល់ថាជាជំរុំនៃស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ ក្រៅពីនេះ ខណ្ឌក៏សម្បូរទៅដោយអគារខ្ពស់ៗសម្រាប់ស្នាក់នៅ និងអគារពាណិជ្ជកម្មធំៗ មើលទៅទំនើបហាក់ដូចនៅក្នុងប្រទេសជឿនលឿនមួយចំនួនដែរ។
ប្រភេទអចលនទ្រព្យ ដែលគេនិយមស្វែងរកនៅ ក្នុងខណ្ឌបឹងកេងកងមាន៖ ១. អាផាតមិន/ខុនដូ ២. ផ្ទះផ្ទាល់ដី ៣. អាគារ រឺផ្ទះសម្រាប់ប្រកបអាជីវកម្ម និង៤. ដី។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើថា មិនថាពេលនេះ ឬទៅថ្ងៃអនាគតនោះទេ បឹងកេងកងនៅតែជាតំបន់ដែលលេចធ្លោ នៅក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែអ្វីដែលជាឧបសគ្គ គឺមិនសូវមានដីទំនេរសម្រាប់អភិវឌ្ឍន៍ទៀតនោះឡើយ។
យើងឃើញហើយថា វត្តមាននៃសំណង់អគារជាច្រើនបានបង្ហាញខ្លួន នៅក្នុងតំបន់បឹងកេង ដូចជាអគារពាណិជ្ជកម្ម អគារលំនៅដ្ឋានសហកម្មសិទ្ធិ (ខុនដូ) អគារអាផាតមិន សណ្ឋាគារ អាហារដ្ឋានទំនើប ដែលភាគច្រើនសុទ្ធតែស្ថិតក្នុងកម្រិតខ្ពស់ទាំងអស់។
ក្រៅពីវត្តមាននៃសំណង់អគារខ្ពស់ៗ ដូចដែលបានរៀបរាប់ខាងលើនេះ បច្ចុប្បន្ននេះ នៅមានគម្រោងជាច្រើនទៀត ដែលនឹងបង្ហាញខ្លួននៅក្នុងតំបន់នេះ ដែលបម្រើដល់ផ្នែកទីផ្សារការិយាល័យជួល ដែលស្ថិតនៅក្នុងកម្រិតកម្រិត B។
បើតាមការចុះផ្សាយរបស់គេហទំព័រ Invest Asian បានឱ្យដឹងថា បឹងកេងកងគឺជាសង្កាត់ មានប្រជាជនរស់នៅកាន់តែច្រើនឡើង ដែលស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយនឹងកន្លែងស្នាក់នៅភោជនីយដ្ឋាន និងសណ្ឋាគារកាន់តែច្រើន វាក្លាយជាតំបន់ដែលគួរអោយចង់រស់នៅបំផុតនៅក្នុងទីក្រុង។
គេហទំព័រដដែលបន្តថា បឹងកេងកងត្រូវបានគេស្គាល់ផងដែរថា តំបន់នេះជាសហគមន៍សម្រាប់ជនបរទេស និងជាកន្លែងដែលមានស្ថានទូត និងធុរកិច្ចអន្តរជាតិជាច្រើន ក្នុងនោះវត្តមាននៃសាលាអន្តរជាតិ បានទាក់ទាញក្រុមគ្រួសារជនបរទេសផងដែរ ដោយសារតំបន់បឹងកេងកង មានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមជនបរទេសទីផ្សារខុនដូរបស់វាមានតម្លៃថ្លៃ។
ខុនដូមួយយូនីតជាធម្មតា មានតម្លៃជាង២០០,០០០ដុល្លារ ហើយអ្នកទិញទំនងជា នឹងទទួលបានប្រាក់ចំណេញមកវិញនូវការវិនិយោគ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទិញកំពុងស្វែងរកកន្លែងរស់នៅ បឹងកេងកងគឺនៅតែជាជម្រើសដ៏គួរឱ្យទាក់ទាញ៕