ដោយៈវឌ្ឈន៍
ភ្នំពេញៈ មហាវិថីសហព័ន្ធរុស្ស៊ីបានកំពុងតែទាក់ទាញ នូវការវិនិយោគអចលនទ្រព្យបែបផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលធ្វើឱ្យមហាវិថីមួយនេះ កាន់តែមើលទៅសំបូរផ្សារទំនើបអគារខ្ពស់ និងអគារតាំងបង្ហាញយានយន្តទំនើបៗ ជាច្រើនម៉ាកម៉ូដែលទៀតផង។
អ្នកជំនាញអចលនទ្រព្យជាច្រើនបានបង្ហាញនូវទស្សនៈស្រដៀងគ្នាថា តំបន់តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី បានក្លាយជាតំបន់មួយ ដែលមានការអភិវឌ្ឍលឿនរហ័ស និងមានសក្ដានុពលទាក់ទាញខ្លាំង ព្រោះតាមតំបន់នេះមួយររយៈចុងក្រោយមានគម្រោងធំៗជាច្រើនទាំងក្នុង និងក្រៅស្រុកបានលេចរូបរាងជាបន្តបន្ទាប់។
គេសង្កេតគម្រោងធំៗ ដែលកំពុងសាងសង់យ៉ាងមមាញឹក ដូចជា Phnom Penh Mega Mall, Booyoung Town, Prince Happiness Plaza, Century Plaza ជាដើម ពិសេសផ្លូវមួយនេះ ក៏ជាទីតាំងបណ្តុំនូវហាងលក់រថយន្តទំនើបៗផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានមានប្រសាសន៍ថា ផ្លូវសហព័ន្ធរុស្ស៊ី អាចចាត់ទុកថាជាមហាវិថីអន្តរជាតិមួយ ពីព្រោះថារាល់ភ្ញៀវទេសចរ វិនិយោគិនបរទេសចូលកម្ពុជា ពេលចុះយន្តហោះពួកគេត្រូវធ្វើដំណើរតាមមហាវិថីមួយនេះ ហើយពួកគេនឹងមើលឃើញនូវរាល់សកម្មភាព និងទិដ្ឋភាពនៅលើដងផ្លូវនេះ ។
លោកបន្តថា “ដោយសារតែវាជាផ្លូវដែលទេសចរបរទេស និងក្នុងស្រុក ក៏ដូចជាវិនិយោគិន ធ្វើដំណើរកាត់ផ្លូវនេះសឹងតែគ្រប់គ្នានោះ ម្ចាស់ម៉ាកល្បីៗ ត្រូវការទីតាំងបង្ហាញផលិតផលឬទំនិញរបស់ខ្លួន ទៅកាន់ភ្ញៀវទេសចរបរទេសនិងវិនិយោគិន ដើម្បីឱ្យមើលឃើញពីយីហោរបស់ខ្លួន”។លោកបន្តថា “ដូច្នេះវិនិយោគលើផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្មក៏ត្រូវសាងសង់នៅតំបន់នេះ ដើម្បីផ្ដល់ជាទីតាំងសម្រាប់ទំនិញ និងផលិតផលទាំងនោះដែរ”។
មហាវិថីសហព័ន្ធរុស្ស៊ី ក៏ត្រូវបានមើលឃើញថា ជាមហាវិថីមួយមានការអភិវឌ្ឍជាងគេក្នុងចំណោមមហាវិថីផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែងបច្ចុប្បន្នមហាវិថីនេះ មានស្ពានអាកាសធំៗ៣ រួមមានស្ពានអាកាសដីហុយ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ឬស្ពានតិចណូ ហើយក៏បានរុញតម្លៃដីធ្លី បានកើនឡើងមួយកម្រិតទៀតក្រោយពេលស្ពានអាកាសនេះត្រូវបានសាងសង់ ។
អ្នកឧកញ៉ាពុង ឃាវសែ បានលើកឡើងកន្លងមកថា ការអភិវឌ្ឍផ្សារទំនើបនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កាន់តែមានការប្រកួតប្រជែង និងកាន់តែទំនើបៗទៅហើយក៏ធ្វើ ឱ្យផ្សារប្រពៃណីជាច្រើន កំពុងតែបាត់ប្រជាប្រិយបន្តិចម្ដងៗផងដែរ ដូច្នេះផ្សារប្រពៃណីនានាក៏ត្រូវចេះរៀបចំ និងទាក់ទាញភ្ញៀវឡើងវិញផងដែរ ដោយមិនអាចទុកនៅជាប្រពៃណីដដែលនោះឡើយ៕