ដោយ សុខុម
ក្រុងឡុងដ៍: វិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ ហើយមនុស្សម្នាជួបវបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ព្រោះតែបាត់បង់ប្រាក់ចំណូលដែលបណ្ដាលមកពីការបាត់បង់ការងារ ការកាត់ប្រាក់ខែ អាជីវកម្មដំណើរការមិនរលូន ឬបិទអាជីវកម្មជាដើម។ ដូចនេះ អ្វីៗក៏ធ្លាក់ថ្លៃទៅតាមនោះដែរ ព្រោះគ្មានអ្នកទិញ ឬចំនួនអ្នកទិញថយចុះ។
ទោះជាយ៉ាងណា តម្លៃផ្ទះនៅប្រទេសអង់គ្លេស បែរជាកំពុងហក់ឡើងជាលំដាប់ទៅវិញ។ តួលេខផ្លូវការបង្ហាញថា តម្លៃផ្ទះបានហក់ឡើងក្នុងអត្រាលឿនបំផុតអស់រយៈពេលជាងមួយទសវត្សរ៍មកនេះ បើទោះបីជាប្រទេសនេះកំពុងញាំញីដោយវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ក្ដី។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី០២ មិថុនា នេះ។
អញ្ចឹងតោះ! ដើម្បីជ្រាបអំពីមូលហេតុត្រួសៗនៅពីក្រោយការឡើងថ្លៃនេះ សូមមកសិក្សាស្វែងយល់ទាំងអស់គ្នាដូចខាងក្រោម៖
ជាទូទៅ តម្លៃផ្ទះនៅប្រទេសអង់គ្លេស បានហក់ឡើងជាលំដាប់ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុមកម៉្លេះ។
តួលេខផ្លូវការចុងក្រោយសម្រាប់ខែមីនា ដើមឆ្នាំនេះបង្ហាញថា និន្នាការនោះបានបង្កើនល្បឿនកាន់តែលឿន។
តម្លៃផ្ទះបានហក់ឡើង១០,២%បើធៀបនឹងឆ្នាំមុន ជាកំណើនប្រចាំឆ្នាំលឿនបំផុតក្នុងរយៈពេល១៤ឆ្នាំមកនេះ។
យោងតាមគេហទំព័រអចលនទ្រព្យ Zoopla បង្ហាញថា ការឡើងថ្លៃខ្ពស់បំផុតគឺស្ថិតនៅខាងក្រៅទីក្រុងឡុងដ៍ និងភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។ ការឡើងថ្លៃខ្លាំងបំផុតគឺនៅក្នុងតំបន់កណ្ដាលៗនៃប្រទេសអង់គ្លេស និងវ៉េលស៍ (Wales)។
យោងតាមស្ថាប័នហិរញ្ញវត្ថុ Nationwide ឱ្យដឹងថា អ្នកទិញភាគច្រើនចង់បានផ្ទះធំទូលាយជាងមុនដែលមានបន្ទប់គេង និងកន្លែងធ្វើការ ព្រមទាំងមានសួនច្បារ ហើយនៅជិតឆ្នេរសមុទ្រ។
ផ្ទះបែបគ្រួសារកាន់តែទទួលបានការពេញនិយម មួយអន្លើដោយសារពលរដ្ឋបានវាយតម្លៃឡើងវិញលើអ្វីដែលជាអាទិភាពរបស់ពួកគេអំឡុងពេលបិទខ្ទប់ដោយសារកូវីដ។ កត្តានោះបានធ្វើឱ្យអាផាតម៉ិននៅកណ្តាលក្រុងមួយចំនួនមិនសូវទាក់ទាញអ្នកទិញ។
ទោះជាយ៉ាងណា តម្លៃអាផាតម៉ិននៅតែហក់ឡើង ទោះបីជាហក់ឡើងក្នុងអត្រាយឺតជាងផ្ទះបែបគ្រួសារក្ដី ហើយមានសញ្ញាមួយចំនួនបង្ហាញថា អ្នកទិញឆ្លៀតឱកាសរើចូលទៅរស់នៅក្នុងទីក្រុង នៅពេលដែលវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ មានសភាពធូរស្រាល។
កត្តារួមផ្សំទាំងនេះបានធ្វើឱ្យផ្ទះជាច្រើនលក់ដាច់ បើធៀបទៅនឹងពេលបិទខ្ទប់ប្រទេសកាលពីលើកដំបូងដែលទីផ្សារផ្ទះសម្បែងត្រូវបានបិទទាំងស្រុង។
ហើយបញ្ហាស្ថិតនៅត្រង់ថា ផ្ទះទាំងនោះមានមិនគ្រប់តម្រូវការ។ កង្វះផ្ទះសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារអចលនទ្រព្យ ខណៈតម្រូវការពីអ្នកទិញកើនឡើងខ្ពស់ គឺជាចំណុចដ៏សំខាន់បំផុតដែលធ្វើឱ្យតម្លៃហក់ឡើងដោយជៀសមិនផុត៕