លោកច្រឹក សុខនីមៈប្រាប់ចំណុចគន្លឹះចំនួន៤មុនពេលទិញលំនៅឋានសំរាប់ ការស្នាក់នៅអោយបានល្អ

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ មនុស្សមួយចំនួនធំហាក់មានការរារែក ក្នុងការសម្រេចចិត្តទិញផ្ទះ ដើម្បីស្នាក់នៅបានសមរម្យ ហើយត្រូវការពេលវេលាយូរមុននឹងសម្រេចផ្ទះនោះ ហើយពេលខ្លះផ្ទះនោះ ក៏ត្រូវឡើងថ្លៃលើសពីតម្លៃដែលខ្លួនបានស៊ើបសួរដំបូងៗ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញនូវគន្លឹះចំនួន៤ចំនុច អាចជាដើមទុនក្នុងការគិតពិចារណា មុនសម្រេចចិត្តទិញផ្ទះត្រូវនឹងក្ដីប្រាថ្នារបស់ខ្លួន។

យោងតាមការបង្ហោះលើបណ្ដាញសង្គមរបស់លោកច្រឹក សុខនីមប្រធានសមាគមបានឱ្យដឹងថា មុនពេលទិញលំនៅឋានចំនុចដែលគួរគិតនោះរួមមាន ទី១ ទិញផ្ទះក្នុងក្តីស្រមៃរបស់អ្នក ដែលបំពេញចិត្តរបស់លោកអ្នក ( តំបន់ភ្នំ ជាប់មាត់ទឹក តំបន់ពានិជ្ជកម្ម និងឬ សក្តានុពលនានា ) ទី២ បរិយាកាស អ្នកជិតខាងផ្ទះរបស់លោកអ្នក ( អ្នកភូមិផងរបងជាមួយ ភាពងាយស្រួលក្នុងធ្វើដំណើរ និងអាជីវកម្មផងដែរ) ទី៣ គុណភាពសំណង់ និងកេរ្តិ៍ឈ្មោះ របស់ស្ថាបត្យករ និងវិស្វករផងដែរ និងទី៤ មានអាកាសធាតុល្អ ឬហៅជាភាសាទំនើបថា ផ្ទះមានហ៊ុងស៊ុយល្អ ។

យ៉ាងណាក្ដី នៅក្នុងពេលចប្ចុប្បន្ននេះ មានមនុស្សជាច្រើនដែលទិញផ្ទះ ដោយការបង់រំលស់ ហើយមិនបានគិតពី ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួននោះទេ ជាក់ស្ដេងនៅតាមគម្រោងអភិវឌ្ឍន៍លំនៅឋានជាលក្ខណៈបុរីមួយចំនួន មានផ្ទះតែអត់មានមនុស្សនៅ ឬដាក់ផ្លាកប្រកាសលក់ចេញវិញ ព្រោះតែមិនមានលទ្ធភាព ក្នុងការបង់រំលស់បន្តជាពិសេសនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ។

ផ្ទះក្នុងបុរីជាច្រើនក៏បានលក់ជូនទៅក្រុមហ៊ុន ដោយសុខចិត្តខាតពាក់កណ្ដាលនៃប្រាក់ ដែលបានបង់ទៅក្រុមហ៊ុនព្រោះថា ខ្លួនអស់លទ្ធភាព ក្នុងការបង់បន្ត ដែលទាំងនេះគឺជាអ្វីដែលអ្នកទិញផ្ទះ មិនបានគិតពីស្ថិរភាពហិរញ្ញវត្ថុ ឬមិនបានសិក្សាពីប្រាក់ចំណូលរបស់ខ្លួនច្បាស់លាស់ មុននឹងសម្រេចចិត្តទិញផ្ទះដោយបង់រំលស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here