ពន្ធដារក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យរួសរាន់ដាក់ប្រកាសបង់ពន្ធមុនកាលកំណត់

0

ដោយៈ លក្ខិណា

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ ដែលជាស្ថាប័នសំខាន់ក្នុងការប្រមូលចំណូលផ្ទៃក្នុង បានក្រើនរំលឹកដល់អ្នកជាប់ព័ន្ធលើអចលនទ្រព្យរួសរាន់ចូលរួមបង់ពន្ធជូនទៅកាន់អគ្គនាយកដ្ឋានពន្ធដារមុនកាលកំណត់។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធការនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធ លើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២១នេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០កញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដូច្នេះអ្នកដែលមានចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទាំងនោះ មេត្តារួសរាន់បង់ពន្ធឱ្យបានទាន់ពេលវេលា ។

ក្នុងសេចក្តីជូនដំណឹងឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។

ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យនិងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២១នេះ បានអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២១នេះ។

ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។

ពន្ធអចលនទ្រព្យគឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។ពន្ធនេះ ជាប្រភេទពន្ធផ្ទាល់ដែលតម្រូវឱ្យអ្នកជាប់ពន្ធ ដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ ។ ការប្រមូលពន្ធលើអចលនទ្រព្យនេះ គឺសម្រាប់ជាផលប្រយោជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here