ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តគម្រោងថ្មីៗចំនួន៦គម្រោង ដែលបោះទុនវិនិយោគ៣៥,១លានដុល្លារគិតចាប់ពីខែមេសា ដល់ខែដើមមិថុនា ឆ្នាំ២០២១នេះ ហើយបង្កើតការរាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋ។
គម្រោង ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានដូចខាងក្រោម៖
ទី១- MCBAG CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគចំនួន៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១៨កន្លែង។
ទី២- VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។
ទី៣- LESSO (CAMBODIA) TRADING CO., LTD : គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃរកានិងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៩,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង។
ទី៤-SANTELYS PHARMACEUTICAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ១២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៥កន្លែង។
ទី៥- SHENG HE LEISURE BAG (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០០កន្លែង។
ទី៦-IMPAK (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។
លោកច្រឹក សុខនីមប្រធានសមាមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ដីនៅតាមបណ្តាស្រុកសំខាន់ៗ ព័ទ្ឋជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរទៅដល់បណ្តាអ្នកវិនិយោគនានា។
លោកបន្តថា ខេត្តកណ្តាលព័ទ្ឋជុំវិញរាជធានីភ្នំពេញ ដែលមានសក្តានុពលជាច្រើន ដោយសារតំបន់នេះមានតំបន់សេដ្ឋកិច្ចពិសេស គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវសេដ្ឋកិច្ចដ៏ធំ កំពង់ផែលំដាប់អន្តរជាតិ ការបញ្ចប់ផ្លូវជាតិលេខ១ ដែលជាផ្លូវតភ្ជាប់ច្រករបៀងភាគខាងត្បូងជាដើម”៕