អ្នកជំនាញៈ ផ្លូវ២០០៤នឹងក្លាយជាតំបន់លំនៅឋានដ៏មានសក្ដានុពល

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍលំនៅឋាននៅតាមបណ្ដោយផ្លូវ២០០៤ ចាប់ផ្ដើមមានសន្ទុះជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានបុរីលំនៅឋាន និងអគារខុនដូចាប់ផ្ដើមអភិវឌ្ឍន៍បានលេចរូបរាងជាបណ្ដើរៗ ដែលជាកត្តាមួយក្នុងការទាក់ទាញវិននិយោគិនបន្តបន្ទាប់ទៀតចូលមកបណ្ដាក់ទុននៅតំបន់នេះ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានបង្ហាញថា ផ្លូវ២០០៤ជាផ្លូវសំខាន់មួយសម្រាប់តភ្ជាប់ពីទីប្រជុំជនកណ្ដាលទីក្រុងទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងទៅតំបន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ ហើយនៅជុំវិញតំបន់នេះ ក៏មានសាលារៀន មន្ទីរពេទ្យផ្សារទំនើប អាកាសយានដ្ឋានដែលជាកត្តាសំខាន់បំផុតសម្រាប់ការរស់នៅរបស់មនុស្ស។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះថា បើយើងក្រលេកទៅមើលតំបន់ផ្លូវ២០០៤ យើងឃើញថានៅជុំវិញសុទ្ធតែសក្ដានុពល ដែលជំរុញឱ្យមានការអភិវឌ្ឍតំបន់ នោះបន្ថែមទៀតនៅពេលអនាគត។

លោកបានថ្លែងបន្តថា នៅជុំវិញនោះគេមើលឃើញថាមានសាលារៀនអន្តរជាតិធំៗ ផ្សារទំនើប មន្ទីរពេទ្យធំៗ និងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនៅជុំវិញ តំបន់នោះផងដែរ ។
លោកបានបន្តថា នៅពេលនេះនៅតាមបណ្ដោយផ្លូវ២០០៤គេឃើញមានផ្ទះវីឡាធំៗ និងជាលក្ខណៈជាបុរីក៏បានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយក៏មានគម្រោងអភិវឌ្ឍន៍ខុនដូផងដែរ ជាពិសេសក្រោយពេលផ្លូវនេះ ត្រូវបានសាងសង់ថ្មីនៅរយៈពេលប៉ុន្មានឆ្នាំមកនេះ។

លោកបានឱ្យដឹងថា “អ្នករស់នៅតំបន់នេះ ចង់ទៅលេងផ្សារទំនើបអ៊ីអនក៏ងាយស្រួលហើយចង់ធ្វើដំណើរទៅព្រលានយន្តហោះ ដើម្បីទៅក្រៅប្រទេសក៏ងាយស្រួល ហើយក៏មានមន្ទីរពេទ្យនៅក្បែរនោះ មានសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ”។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានឱ្យដឹងផងដែរ ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទីនោះនឹងទទួលបានគម្រោងវិនិយោគពីវិនិយោគិនក្នុង និងក្រៅប្រទេស ជាក់ស្ដែងតំបន់ជាយៗរាជធានីភ្នំពេញជាច្រើន ត្រូវបានរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាស្ព័ន្ធជាបន្តបន្ទាប់ ដើម្បីទាក់ទាញការវិនិយោគពីបរទេសផងនិងក្នុងស្រុកផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here