អ្នកជំនាញៈ ការទិញលំនៅដ្ឋានតាមរយៈការបង់រំលស់មានទំាងគុណសម្បត្តិនិងគុណវិបត្តិ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្ននេះ ការលក់លំនៅដ្ឋានដោយផ្ដោតលើការបង់រំលស់កាន់តែមានភាពទូលំទូលាយ និងពេញនិយម ហើយស្ទើរតែគ្រប់គម្រោងអភិវឌ្ឍន៍គឺសុទ្ធតែផ្ដោតលើការបង់រំលស់ជូនអតិថិជនដោយផ្ទាល់ ឬបង់រំលស់ជាមួយធនាគារដែលជាដៃគូរបស់ម្ចាស់គម្រោងអភិវឌ្ឍន៍។

ស្របពេលការបង់រំលស់លំនៅដ្ឋាននៅកាន់តែមានភាពទូលំទូលាយ និងពេញនិយម អ្នកជំនាញបានពន្យល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការបង់រំលស់លំនៅដ្ឋាន ដល់អ្នកបង់រំលស់ ឬអ្នកមានបំណងចង់ទិញ តាមរយៈការបង់រំលស់ជាមួយម្ចាស់គម្រោង និងធនាគារជាដើម។

លោកង៉ែត ជូនសេដ្ឋវិទូមួយរូបបានមានប្រសាសន៍កាលពីថ្មីៗនេះថា ការទិញផ្ទះដោយបង់រំលស់វាក៏បានផ្ដល់គុណសម្បត្តិ និងគុណវិបត្តិផងដែរ ដោយគុណសម្បត្តិនោះ អ្នកទិញមិនចាំបាច់មានប្រាក់គ្រប់ចំនួននៃតម្លៃផ្ទះក៏អាចទិញផ្ទះរស់នៅបានសមរម្យ ដោយធ្វើការបង់រំលស់ជាប្រចាំខែទៅកាន់ម្ចាស់គម្រោងលំនៅដ្ឋាន ឬបង់ទៅធនាគារ ដែលជាដៃគូរបស់ម្ចាស់គម្រោងលំនៅដ្ឋាន។

លោកបានថ្លែងបន្តថា បើទោះបីជាពួកគេមានប្រាក់គ្រប់គ្រាន់ក្ដី តែពួកគេក៏អាចយកប្រាក់នោះទៅរកស៊ីឬបង្កើតជាអាជីវកម្មផ្សេង ហើយមួយចំនួនសម្រាប់បង់ផ្ទះដែលទិញបង់រំលស់។ លោកបានបន្តថា ការទិញផ្ទះដោយបង់រំលស់នេះដែរ ក៏មានគុណវិបត្តិផងដែរ បើសិនជាអ្នកទិញនោះមានប្រាក់ចំណូលមិនថេរ ឬមិនបានគិតគូរពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនមុនសម្រេចចិត្តទិញ។

លោកបានថ្លែងថា “ការទិញផ្ទះបង់រំលស់រយៈពេលយូរ មិនគួឱ្យលើសពី៣០ភាគរយនៃប្រាក់ចំណូលប្រចាំខែនោះឡើយ។ ឧទាហរណ៍ថា អ្នកមានប្រាក់ចំណូល១០០០ដុល្លារក្នុងមួយខែ ដូច្នេះអ្នកទិញផ្ទះដោយបង់រំលស់ត្រឹមមួយខែ៣០០ដុល្លារបានហើយ ហើយ៧០០ដុល្លារទៀតគឺទុកសម្រាប់ចំណាយប្រចាំខែ ទៅលើចំណីអាហារ សម្លៀកបំពាក់ ថ្លៃកូនរៀន និងមស្រាប់បង្ការពេលមានការឈឺថ្កាត់ជាដើម”។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល ក៏បានឱ្យដឹងថា ការលក់លំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ គឺភាគច្រើនផ្ដល់សេវាកម្មបង់រំលស់ដល់អតិថិជន ហើយក៏មិនបានសិក្សាលំអិតពីប្រាក់ចំណូលរបស់អតិថិជនដែរ ដូច្នេះហើយទើបយើងឃើញថាមានអតិថិជនមួយចំនួនទិញផ្ទះបានតែរយៈពេល២ឬ៣ឆ្នាំក៏ចាប់ផ្ដើមជួបបញ្ហាហិរញ្ញវត្ថុ និងលក់ផ្ទះនោះវិញទាំងខាតស្ទើរតែពាក់កណ្ដាលក៏មាន។

លោបានថ្លែងថា “ទាំងនេះហើយ ដែលយើងឃើញគម្រោងលំនៅដ្ឋានខ្លះ មានតែផ្ទះតែអត់មានមនុស្សរស់នៅ”។

លោកបន្តថា ការអភិវឌ្ឍលំនៅឋាននាពេលបច្ចុប្បន្ននេះ គួរតែគិតគូរពីទីផ្សារជាក់ស្ដែង ដោយមិនមែនសង់ហើយអត់មានអ្នកនៅទេ ឬសង់ដើម្បីតែលក់ទៅអ្នកដែលមានផ្ទះរួចហើយ ដោយពួកគេទិញដើម្បីតែទុកចំណេញនៅពេលបន្ទាប់។ ការធ្វើបែបនេះក៏អាចធ្វើឱ្យមានបញ្ហាតម្លៃលំនៅដ្ឋាននៅណាមួយផងដែរ។

លោកបានឱ្យដឹងថា ជាការកត់សម្គាល់ នៅជុំវិញរាជធានីភ្នំពេញ នៅពេលនេះ ត្រូវបានមើលឃើញថា វិនិយោគិនបានសម្រុកអភិវឌ្ឍលំនៅដ្ឋាន ទាំងលំនៅដ្ឋានតម្លៃសមរម្យ លំនៅដ្ឋានតម្លៃមធ្យម និងលំនៅដ្ឋានតម្លៃខ្ពស់ជាប្រភេទវីឡាជាច្រើនគម្រោង ហើយគម្រោងខ្លះក៏ទទួលបានការគាំទ្រ គម្រោងខ្លះទៀត ក៏មានបញ្ហាក្នុងការលក់ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here