ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ការធ្វើពាណិជ្ជកម្ម និងវិនិយោគទៅលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសម្ពុជា ត្រូវបានគេមើលឃើញថា នៅតែមានសកម្មភាពក្នុងបរិបទនៃជំងឺកូវីដ១៩នេះ ដែលជាប្រការមួយល្អប្រសើរ សម្រាប់ជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។
បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា ជាច្រើនបានលើកឡើងថា វិស័យអចលនទ្រព្យមិនប៉ះពាល់នោះទេ តែប៉ះពាល់សម្រាប់ភ្នាក់ងារអចលនទ្រព្យទៅវិញ។ ក្នុងន័យនេះចង់សំដៅថា ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងនេះក្ដី ក៏វិស័យនេះនៅតែដើរតួនាទីសំខាន់ ហើយក៏អ្នកវិនិយោគនៅតែបន្តគម្រោង និងអភិវឌ្ឍន៍គម្រោងថ្មីៗជាបន្តបន្ទាប់ ដោយមិនមានគម្រោងធំៗណាត្រូវពន្យារ ឬផ្អាកព្រោះតែកូវី១៩នោះឡើយ ។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៤ មិថុនានេះថា នៅក្នុងវិបត្តិកូវីដ១៩ ចាប់តាំងពីដើមឆ្នាំ២០២០មក គម្រោងវិនិយោគធំៗតូចជាច្រើន នៅតបន្តដំណើរការអភិវឌ្ឍ និងសងាង់ជាបន្តបន្ទាប់ ដោយមិនបានផ្អាកនោះឡើយ តែសម្រាប់ការទិញលក់ គឺពិតជាមានបញ្ហាមែន បើធៀបនឹងស្ថានភាពមុនពេលមានវិបត្តិកូវីដ១៩។
លោកបន្តថា “វាមិនមែនតែប្រទេសកម្ពុជានោះទេ ដែលមានបញ្ហាលើការទិញលក់អចលនទ្រព្យ ប្រទេសដទៃទៀតជាពិសេសប្រទេសជិតខាងកម្ពុជា ក៏ជួបបញ្ហាហើយមានលក្ខណៈធ្ងន់ធ្ងរជាងកម្ពុជាទៅទៀត”។
លោកសំ សុខនឿនបានបន្តថា ទោះជាយ៉ាងណាការទិញលក់អចលនទ្រព្យមិនមែនស្ងាត់ អត់មានអ្នកទិញនោះទេ ការទិញលក់អចលនទ្រព្យនៅកម្ពុជា នៅតែមានគ្រាន់តែមិនមានសកម្មភាពច្រើនដូចជាមុនប៉ុណ្ណោះ ដូច្នេះវាបានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើអចលនទ្រព្យនៅកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ១៩នេះនៅតែមានសកម្មភាពដដែល។
ជាមួយគ្នានេះ លោកឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីក៏បាន ឱ្យដឹងផងដែរថា នៅក្នុងវិបត្តិកូវីដ១៩ផ្នែកខ្លះនៃវិស័យអចលនទ្រព្យ ត្រូវបានមើលឃើញមានការថមថយពិតមែន តែផ្នែកខ្លះទៀតនៅតែមានដំណើរការអភិវឌ្ឍ និងទទួលបានការវិនិយោគជាពិសេសវិនិយោគិនក្នុងស្រុក ពីព្រោះវិនិយោគិនបរទេសក្នុងដំណាក់កាលនេះមិនអាចចូលមកដោយសេរី ដូចកាលមុនពីវិបត្តិនោះឡើយ ព្រោះតែការរឹតត្បិតនៃការធ្វើដំណើរឆ្លងប្រទេសមួយទៅប្រទេសមួយ ។
តាមការព្យាករមួយចំនួនទៀតបានឲ្យដឹងផងដែរថា វិស័យអចលនទ្រព្យអចលនទ្រព្យនិងពាណិជ្ជកម្មក្នុងឆ្នាំ២០២១នេះ រំពឹងថានឹងមានកំណើនជាវិជ្ជមានឡើងវិញ ខណៈឆ្នាំ២០២០ កន្លងទៅវិស័យនេះ បានធ្លាក់ចុះជាអវិជ្ជមាន ដែលទាញឱ្យសេដ្ឋកិច្ចកម្ពុជាទាំងមូល កាលពីឆ្នាំមុនបានធ្លាក់ចុះជាអវិជ្ជមានផងដែរ។
ដោយឡែកក្នុងឆ្នាំ២០២១នេះ វិស័យសេដ្ឋកិច្ចកម្ពុជាក៏រំពឹងថា នឹងមានកំណើនឡើងក្នុងរង្វង់៤ភាគរយ ខណៈវិស័យទ្រទ្រ់ងសេដ្ឋកិច្ចកម្ពុជាក៏រំពឹងថា ងើបឡើងវិជ្ជមានវិញផងដែរ៕