ដោយៈយិន លាងគង់ ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia
ភ្នំពេញៈ បើទោះពិភពលោកមិនទាន់ប្រាកដប្រជាសម្រាប់ឆ្នាំ២០២២ក្តី ប៉ុន្តែភស្តុតាងជាច្រើនបានបង្ហាញថា ជំងឺកូវីដ១៩ត្រូវបានប្រទេសភាគច្រើនគ្រប់គ្រងបាន និងបណ្តាប្រទេសជាច្រើនបានចាប់ផ្តើមរៀនរស់ជាមួយជំងឺនេះ។
ក្នុងចំណោមបណ្តាប្រទេសនានានៅលើពិភពលោក កម្ពុជាបានក្លាយជាប្រទេសឈានមុនគេ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានជាង១០លាននាក់។
អ្នកវិភាគក្នុងស្រុក
ទន្ទឹមនឹងការប្រកាសបើកដំណើរការសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា អ្នកវិភាគសេដ្ឋកិច្ច និងអចលនទ្រព្យក្នុងស្រុកបាននិងកំពុងមើលឃើញថា អ្នកវិនិយោគអន្តរជាតិនឹងហូរចូលមកកាន់កម្ពុជាជាថ្មីនៅឆ្នាំ២០២២ខាងមុខនេះ។
ការពឹងផ្អែកលើវិនិយោគិន ក្នុងស្រុកផ្នែកវិស័យអចលនទ្រព្យ ក៏ដួចជាកំលាំងចលករស្នូលនៃសេដ្ឋកិច្ចមិនគ្រប់គ្រាន់ទេ វាបានត្រឹមចម្អែកក្រពះប៉ុណ្ណោះ ហេតុនេះការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ពិតជាត្រូវការលំហូរទុនវិនិយោគផ្ទាល់ ពីបរទេសដោយខានមិនបាន។
ក្នុងចំណោមអ្នកវិនិយោគច្រើនជាងគេនៅកម្ពុជា អ្នកវិនិយោគចិនបានរក្សាដំណែងលេខ១ជាច្រើនឆ្នាំ ទោះបីក្នុងវិបត្តិជំងឺកូវីដ១៩ក្តី។
សំណួរនៅទីនេះ តើអ្នកវិនិយោគចិននឹងត្រលប់មកកាន់កម្ពុជាឬទេ នៅឆ្នាំ២០២២? សូមសិក្សាលើសូចនាករ និងបទវិភាគនេះ។
សមាណចិត្តដ៏កម្រ
ការឈានជើងចូលទឹកដីចិន អំឡុងពេលមិត្តចិនរត់ចោល ចិន ប៉ុន្តែសម្តេចតេជោបានអញ្ជើញទស្សនកិច្ចប្រទេសចិន ដ៏គួរឲ្យភ្ញាក់ផ្អើល បានធ្វើឲ្យពិភពលោក និងមេដឹកនាំចិនបើកភ្នែកធំៗ បន្ទាប់ពីមើលឃើញសន្តានចិត្តដ៏ស្មោះត្រង់ មោះមុត ជួយគ្នាក្នុងគ្រាលំបាករបស់កម្ពុជា ជាមួយនឹងមិត្តដូចដែកថែប និងមានតម្លៃមិនអាចកាត់ថ្លៃបានជាប្រវត្តិសាស្រ្តនេះ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា “កម្ពុជា ជាប្រទេសតូច ក្រីក្រ ប៉ុន្តែបេះដូងធំ និងមិនក្រទឹកចិត្តឡើយ”។
ជាមួយគ្នានេះ កាលពីពេលថ្មីៗសម្តេចតេជោ បានលើកឡើងក្នុងវេទិកា “ចក្ខុវិស័យអាស៊ី” ដែលបានរៀបចំដោយសារព៌តមាននិកិដ៏ធំមួយរបស់ជប៉ុនថា “បើមិនឲ្យស ម្តេចពឹងចិន តើឲ្យសម្តេចពឹងអ្នកណា ព្រោះកុំតែបានមិត្តចិន កម្ពុជានឹងមិនមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋខ្មែរនោះទេ”។
តាមរយៈសមាណចិត្ត និងទំនាក់ទំនងកាទូតដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ កម្ពុជានឹងទទូលបានវ៉ាក់សាំង ដែលផ្តល់ជូនពីមិត្តចិនដោយឥតគិតថ្លៃ និងជាការបញ្ជាទិញផងគ្រប់២០លានដូសនៅខែសីហាខាងមុខនេះ ដើម្បីចាក់ជូនពលរដ្ឋកម្ពុជា២០លាននាក់។
កាដូដ៏ធំពីមិត្តចិន
ជាការអបអរសាទរទំនាក់ទំបងកាទូត ដែលបានសាងឡើងយ៉ាងវែងអន្លាយ ជួនកាលដើរលើផ្លូវរលាក់ផង ជួនកាលដើរលើផ្លូវរលូនផង ទំនាក់ទំនងមិត្តភាពកម្ពុជាចិនបានចាប់ផ្តើមផ្លាស់ប្តូរព៌ណ ដោយរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងពីទ្វេរភាគី មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០ ជាពេលដែលលំហូរវិនិយោគចិនចូលមកកម្ពុជាដូចទឹកបាក់ទំនប់។
“ការកសាងសហគមន៍ពីរ វាសនាតែមួយ” ជាទិសស្លោកដែលបានបង្កើតឡើងដោយសម្តេចតេជោ និងប្រធានាធិបតីស៊ី ជីនពីងបាននិងកំពុងធ្វើឲ្យកម្ពុជា ចិនក្លាយជាបងប្អូន និងភាពមិនអាចកាត់ផ្តាច់ពីគ្នាបាន។ ជាមួយនឹងសារច្បាស់លាស់ ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅឆ្នាំ២០១៦ ប្រធានាធិបតីចិន លោកស៊ី ជិនពីងបានផ្ញើរសារជូនប្រជាជាតិកម្ពុជាយ៉ាងច្បាស់លាស់ថា “ចិននឹងបន្តជួយជម្រុញ ការរីកចម្រើនសេដ្ឋកិច្ចសង្គមកម្ពុជា និងចូលរួមលការពារបូរណៈភាពទឹកដីកម្ពុជា”។
ជាមួយនឹងទំនាក់ទំនងកាន់តែល្អប្រសើរ និងរ៉ឹងមាំដូចដែកថែបនេះ ជាលទ្ឋផលរ ដ្ឋាភិបាលចិន និងកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅចុងឆ្នាំ២០២១ និងបានចូលជាធរមាននៅចុងឆ្នាំ២០២១ ដែលជាអំណោយដ៏ធំមួយ ជួយសម្រុញកំនើនសេដ្ឋកិច្ចឲ្យរ៉ឹងមាំ និងធំធាត់កាន់តែខ្លាំង ជាមួយនឹងលំហូរទំនិញកាន់តែច្រើនពីកម្ពុជាទៅកាន់ប្រទេសចិន។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន និងកម្ពុជា នឹងធ្វើឲ្យកម្ពុជាអាចពង្រីកទំហំពាណិជ្ជកម្ម កាន់តែធំជាមួយប្រទេសចិន ពិសេសកម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគចិន អាមេរិក អឺរ៉ុបកាន់តែច្រើន ដើម្បីមកផលិតទំនិញនាំទៅកាន់ទីផ្សាររបស់ចិនដោយរួចពន្ឋ។
លោកបន្តថា “បើសិនជាកម្ពុជាធ្វើបានល្អ កម្ពុជានឹងក្លាយជាមូលដ្ឋានផលិតដ៏ធំ ដើម្បីនាំចេញទៅកាន់ទីផ្សារអាស៊ានផងដែរ”។
ទឹកសន្សើមប្តូររដូវ
ដំណក់ព្រិលនារដូវផ្ការីក បានធ្វើឲ្យសករាជចិននាសតវត្សរ៍២១ បានផ្លាស់ប្តូរយ៉ាងសម្បើម មហាយក្សចិនបានងើបឡើងដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ បន្ទាប់ពីកំនើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ខ្លួន ដោយបានធ្វើឲ្យរចនាសម្ព័ន្ឋសង្គម នយោបាយ យោធារបស់ចិនបានផ្លាស់ប្តូរ និងបានដំឡើងខ្លួនពីយក្ស ដែលធ្លាប់ដេកលង់លក់ មកជាយក្សដែលមានអំណាច និងឥទ្ឋិពលពេញលេញក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
ប៉ុន្តែទោះជាយ៉ាងណា ការរីកចម្រើនសេដ្ឋកិច្ចរបស់ចិន និងការបែងចែកធនធានមិនទាន់បានសមស្រប បានធ្វើឲ្យសង្គមចិន មិនទាន់មានសុខដុមនីយកម្មទាំងស្រុង ហើយប្រជាជនចិន ក៏មិនទាន់ទទួលបានផលស្មើៗគ្នា ពីការចាក់ចូលនូវមូលធនរបស់ប្រទេសដល់តំបន់ពួកគេនៅឡើយ។
ដោយមើលឃើញបញ្ហានេះ ដែលវាអាចនឹងក្លាយជាឈ្នួនបញ្ឆេះ វិបត្តិសង្គមចិននាពេលខាងមុខ ទើបក្រុមប្រឹក្សារដ្ឋនៃគណៈកម្មាធិការមជ្ឈិមចិន បានផ្សព្វផ្សាយចំណុចសំខាន់ៗមួយចំនួន ក្នុងការប្រជុំគណៈកម្មាធិការជាតិលើកទី១៣ស្តីពី ការពិគ្រោះយោបល់នយោបាយប្រជាជនចិន ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភាកន្លងមកនេះ ។ កិច្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ “សករាជថ្មី”និងការអភិវឌ្ឍតំបន់ភាគខាងលិចរបស់ប្រទេសចិន។
តំបន់ទាំងនេះរបស់ចិន មានការអភិវឌ្ឍតិចតួច លើកលែងតែការទាញយកឧស្ម័ន ប្រេង និងរ៉ែ។
គោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវលែងជាអាទិភាព
ប្រវត្តិសាស្រ្តរបស់ចិនមានសភាពវែងអន្លាយ និងលន្លង់លន្លោចដូចសម្លេងថ្ងួចថ្ងូររបស់ចិន ហើយគំនិតផ្លួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ ដែលមានប្រវត្តិដ៏វែងអន្លាយ ត្រូវបានទាញយកមកប្រើប្រាស់ឡើងវិញ ដោយប្រធានាធិបតីដ៏មានឥទ្ឋិពលរបស់ចិន(ស៊ី ជីនពីង)ឡើងវិញ។
នូវគំនិតផ្តួចផ្តើមនេះ មហាយក្សចិនមានគោលដៅ ពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និងនយោបាយរបស់ចិន ដើម្បីក្តោបក្តាប់ពិភពលោកនាពេលអនាគត។
ការផ្តោតលើការកសាងសង្គមចិន ឲ្យទទួលបានសុខភាពល្អប្រសើរជាមុន ក្រុមប្រឹក្សារដ្ឋចិនបានដកនូវគំនិតផ្តួចផ្តើមនេះ ចេញពីបញ្ជីរគោលនយោបាយអាទិភាពរបស់ខ្លួន។
នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភាក្សាអំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។
នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភាក្សាអំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។
គោលការណ៍ណែនាំទាំងនេះបានឱ្យដឹងថា ប្រទេសចិនឥឡូវនេះកំពុងប្រឈមនឹង “ស្ថានភាពថ្មី” ។ ដោយមើលឃើញបែបនេះ វាបង្ហាញថា មនោគមវិជ្ជាចម្បងរបស់មេដឹកនាំបក្សកុម្មុយនិស្តចិនបានផ្លាស់ប្តូរពី “សុបិនចិន” ឬ China Dream របស់លោក ស៊ី ទៅជាទស្សនវិស័យសង្គមនិយមថ្មីផ្តោតលើ “សករាជថ្មី”។
ភូមិសាស្រ្តនយោបាយ
ទោះបីជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ បានកើនឡើងសមាជិកដល់៦៨ប្រទេស បានគ្របដណ្តប់ប្រជាជន៦៥ភាគរយក្នុងពិភពលោក និងស្មើផលទុនជាតិសរុបពិភពលោករហូតដល់៤០ភាគរយ ត្រូវបានដកចេញពីបញ្ជីរអាទិភាពក្តី ក៏គោលនយោបាយអាស៊ីរបស់ខ្លួន មិនទំនងជាផ្លាស់ប្តូរនោះទេ ដោយសារទី១ ចិននៅតែត្រូវការពង្រីកឥទ្ឋិពលទាំងនយោបាយ សេដ្ឋកិច្ច និងយោធានៅតំបន់នេះ ទី២ ចិនត្រូវការមិត្តកាន់តែច្រើន ដើម្បីសម្រេចមហិច្ឆតា ដើម្បីគ្រប់គ្រងពិភពលោកនាពេលខាងមុខ ក្នុងនាមជាមហាអំណាចលេខ១។
ទី៣ ការកើនឡើងនូវឥទ្ឋិពលរបស់ចិន ពិតណាស់នឹងធ្វើឲ្យប្រទេសជាច្រើនរងការគំរាមកំហែងដោយផ្ទាល់ និងប្រយោល ពិសេសតំបន់សមុទ្រចិនខាងត្បូង ដែលមានប្រទេសជាច្រើនជាប់ក្នុងជម្លោះនេះ ដូចជា វៀតណាម ហ្វីលីពីន ប្រុយណេជាដើម។ ទី៤ ចិន ត្រូវតែមានទីតាំងឈរជើងកាន់តែរ៉ឹងមាំផ្នែកយោធា ព្រោះប្រសិនជាចិនអាចពង្រីកមូលដ្ឋានកងទ័ពកាន់តែច្រើន នៅក្នុងតំបន់នេះបាន ចិននឹងអាចពង្រីកឥទ្ឋិពលរបស់ខ្លួនកាន់តែឆាប់រហ័ស។
ទី៥ ចិនត្រុវតែមានដៃគូឬមិត្តជិតស្និទ្ឋ ដូចជាកម្ពុជា ដែលត្រូវបានមហាមិត្តចិនចាត់ទុកជា “មិត្តដែកថែប”ដើម្បីការពារផលប្រយោជន៍របស់ខ្លួនផង ដើម្បីចូលរួមគាំពារគោលនយោបាយរបស់ខ្លួនផង។
មហាយក្សចិន មិនអាចបង្កសត្រូវកាន់តែច្រើននោះទេ តែក៏មិនអាចរងការគំរាមកំហែងច្រើននោះដែរ ហេតុនេះការប្រើប្រាស់យុទ្ឋសាស្រ្តសង្រ្គាមត្រជាក់ និងមូលធនដើម្បីពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ច្បាស់ណាស់វានឹងនៅតែជានយោបាយអាទិភាព។
តើចិនត្រលប់មកម្ពុជាឬទេ?
វាជាសំណួរធំមួយដែលប្រជាជនកម្ពុជាកំពុងរង់ចាំចម្លើយ ហើយភាពសំអប់ចិន ទំនងជា រសាយចេញពីសន្តានចិត្ត ប្រជាជនកម្ពុជាបណ្តើរៗហើយ ដោយសារអវត្តមានចិន បានធ្វើឲ្យកម្ពុជាហាក់ស្លោកស្រពោនមួយរយៈ រាប់ចាប់តាំងពីការបិទហ្គេមអនឡាញ និងការផ្ទុះឡើងនូវជំងឺ Covid-19 ដ៏មហន្តរាយ។
ផ្អែកលើទំនាក់ទំនងដ៏ផ្អែមល្ហែម រវាងអតីតព្រះមហាក្សត្រ បរមរតនកោដិ សីហនុ ជាមួយអតីតៈមេដឹកនាំចិន ការកសាងនិងពង្រឹងបន្ថែមដែលធ្វើឡើង ដោយបុរសខ្លាំងកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ២០១២កន្លងមក និងក្រោយមកបានដាក់ចេញនូវ “ប្រទេសពីរវាសនាតែមួយ” បានធ្វើឲ្យទំនាក់ទំនងរវាងមេដឹកនាំ និងប្រជាជនប្រទេសទាំងងពីរមិនអាចកាត់ផ្តាច់បាន។
តាមរយៈទំនាក់ទំនងដ៏ស្អិតរមួត និងមិនអាចកាត់ផ្តាច់បាននេះ ចិនបានឈរនៅលេខរៀងទី១ ក្នុងចំណោមអ្នកវិនិយោគបរទេសនៅកម្ពុជា និងផ្តល់កម្ចីសម្បទានច្រើនជាងគេមកកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដែលកម្ពុជាចាំបាច់ត្រូវពង្រីក និងពង្រីកសេដ្ឋកិច្ច និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។
លំហូរទុនវិនិយោគរបស់ចិនយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យក្រុងព្រះសីហនុ កើនឡើងនូវអាគារខ្ពស់ៗដូចគេ “ជប់” ទីក្រុងនេះបានផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដោយប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ ទៅជាទីក្រុងមានភាពស៊ីវិល័យមួយដែលមានហេដ្ឋារចនាសម្ព័ន្ឋ ប្លង់គោលអភិវឌ្ឍន៍ និងទស្សនវិស័យកាន់តែភ្លឺស្វាងជាងមុន៕