ដោយៈសុខុម
បាងកក: អ្នកនាំពាក្យរដ្ឋាភិបាលថៃបានទម្លាយឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី៧ ធ្នូ ឆ្នាំ២០២១ នេះបានអនុម័តក្សាទុកអត្រាពន្ធចាស់លើដីធ្លី និងសំណង់ឱ្យនៅដដែលរយៈពេល២ឆ្នាំបន្ថែមទៀត។
លោកស្រី Ratchada Thanadirek ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា អត្រាពន្ធលើដីកសិកម្ម លំនៅដ្ឋាន និងដីធ្លីនៅទំនេរចន្លោះពី០,០១%ទៅ០,៧% ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី ហើយនឹងត្រូវពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនៅឆ្នាំ២០២៤។
បើធ្វើការប្រៀបធៀបគ្នា អត្រាពន្ធអចលនទ្រព្យជាមធ្យមលើផ្ទះសម្រាប់តែមួយគ្រួសារនៅសហរដ្ឋអាមេរិក គឺ១,១%នៃតម្លៃផ្ទះដែលត្រូវបានវាយតម្លៃជាក់ស្ដែងទៅតាមតម្លៃទីផ្សារ។
ចំណាត់ការនេះ ធ្វើឡើងមិនយូរប៉ុន្មាន ក្រោយពីមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ដែលជាអង្គភាពមួយ ស្ថិតក្រោមចំណុះធនាគារលំនៅដ្ឋានរដ្ឋ (Government Housing Bank) បានលើកឡើងកាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ អាចនឹងវិលទៅរកកម្រិតដូចមុនពេលផ្ទុះវិបត្តិកូវីដ-១៩ វិញនៅចុងឆ្នាំ២០២៣ ខណៈឯវិស័យអចលនទ្រព្យ ក៏កំពុងប្រឈមនឹងតម្លៃកើនឡើង និងកង្វះកម្លាំងពលករចំណាកស្រុក ដោយសារការរីករាលដាលវីរុសកូវីដ-១៩។
កាលពីខែវិច្ឆិកា កន្លងទៅនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ បានព្យាករថា សេដ្ឋកិច្ចថៃ នឹងទទួលបានកំណើន១% នៅឆ្នាំ២០២១នេះ និង៤%នៅឆ្នាំ២០២២ ក្រោយពីធ្លាក់ចុះ៦,១%កាលពីឆ្នាំមុន៕ Bangkok Post៕