​ស្ថាប​និកភូមិ​ផ្កា​ត្រកួន៖ ខ្ញុំចង់ធ្វើអ្វីមួយដែលបង្ហាញពីស្នាដៃរបស់កូនខ្មែរ

0

ដោយ៖ សុផារី

ភ្នំពេញ៖ រមណីយដ្ឋានភូមិផ្កាត្រកួន ជារមណីដ្ឋានថ្មីមួយ ដែលទើបបង្កើតថ្មីជាផ្លូវការនៅដើមខែកុម្ភៈឆ្នាំ ២០២០ នេះប៉ុណ្ណោះ មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិ២១បេ និង ស្ពានក្រវ៉ាត់ក្រុងទី៣ក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស ឬ ស្ពានច្បារអំពៅ បើធ្វើដំណើរវិញ គឺចំណាយពេលតែប្រមាណ៤០នាទីប៉ុណ្ណោះបើធ្វើដំណើរពីរាជធានីភ្នំពេញ ។

លោក ឌិន សុមេធារិទ្ធ ​ប្រធាន​សមាគម​សណ្ឋាគារ​នៅ​កម្ពុជា និង​​ស្ថាប​និក​ភូមិ​ផ្កា​ត្រកួន បានបង្ហាញ​ពីដំណើរដើមទងនាំឱ្យលោកឈានទៅបង្កើតភូមិផ្កាត្រកួន ដោយសារតែលោកមើលឃើញនៅប្រទេសក្រៅដែលលោកធ្លាប់ បានទៅមានដូចជាប្រទេសថៃ និងម៉ាឡេសុី ជាដើម គឺមានឧទ្យានដ៏ធំដែលបង្កភាពស្រស់ស្អាត និងអាចឱ្យភ្ញៀវទេសចរទៅកម្សាន្ត ងាកចេញពីភាពតប់ប្រមល់នៅក្នុងទីក្រុង។

កត្តាចម្បងមួយទៀតដែលលោកសម្រេចបង្កើតភូមិផ្កាត្រកួននេះ គឺដោយសារលោកចង់កសាងអ្វីមួយទុកជាស្នាដៃឱ្យកូនខ្មែរ និងសម្រាប់បងប្អូនដែលចូលចិត្តរស់នៅក្នុងបរិយាកាស បែបស្ងប់ស្ងាត់ គេចចេញពីភាពតប់ប្រមល់អាប់អួរនៅក្នុងទីក្រុង។

លោកមានប្រសាសន៍ថា “យើងចង់ធ្វើអ្វីមួយដែលជាឡេកាសុីរបស់ជាតិយើង មិនមែនសម្រាប់តែមនុស្សម្នាក់នោះទេ មួយទៀតភ្នំពេញយើងចាប់ផ្ដើមចង្អៀតហើយ ចង្អៀតមែនទែន អញ្ចឹងយើងមិនទាន់មានឧទ្យាន (Park) ទេមានតែសួន (Garden) […] អញ្ចឹងខ្ញុំចង់ធ្វើបែបនេះមួយ។ មួយទៀតដូចមើលឃើញថាមនុស្សចាប់ផ្ដើមមានវ័យចំណាស់ចាប់ផ្ដើមធុញទ្រាន់នឹងទីក្រុង ត្រូវការកន្លែងកម្សាន្តលំហែអត់ឱ្យស្រលះមុខមាត់។”

លោក​បន្តថា “ខ្ញុំចង់ធ្វើអ្វីមួយដែលបង្ហាញពីស្នាដៃរបស់កូនខ្មែរ កុំទៅអភិវឌ្ឍ ផ្លូវផ្ទះផ្លូវផ្ទះ រកតែសួនក៏គ្មាន រកតែបឹងក៏គ្មាន រកកន្លែងដកដង្ហើមក៏គ្មាន ស្អីក៏លុយៗ ចង់បង្ហាញឲ្យគាត់ចេះស្រឡាញ់សាធារណៈផង។”

ក្នុងពេលបច្ចុប្បន្ននេះ លោកបានបញ្ជាក់ថា ផ្ទះនៅភូមិផ្កាត្រកួន មានចំនួនប្រមាណជិត ១០០ផ្ទះហើយ ដោយមានបងប្អូនគាំទ្រច្រើន។ ស្ថាបនិកភូមិផ្កាត្រកួនរូបនេះ ថាលោកនឹងអភិវឌ្ឍន៍ភូមិផ្កាត្រកួន ឱ្យកាន់តែមានភាពសម្បូរបែបជាងពេលបច្ចុប្បន្ននេះទៀត។

លោក​បាន​ចែករំលែក​ដល់​​អ្នកចង់ចាប់ផ្តើមអាជីវកម្មដំបូង ត្រូវប្រាកដខ្លួនឯង អំពីអាជីវកម្មដែលចង់ធ្វើ និងត្រូវសួរខ្លួនឯងថា មានជំនាញក្នុងអាជីវកម្មនោះ ឫ អត់។ លោក ធារិទ្ធ បន្តទៀតថា អ្នកចាប់អាជីវកម្មដំបូង តែងជួបប្រទះបញ្ហាមួយគឺ ការខ្វះខាតដើមទុន។ ដូច្នេះអ្នកខ្វះខាតដើមទុន ត្រូវមានភាពក្លាហានក្នុងការខ្ចីលុយគេ ដើម្បីមកបើកអាជីវកម្ម។ បន្ថែមលើនោះ លោកបន្តថា ការខ្ចីលុយគេនេះទៀតសោត ត្រូវមានភាពបុិនប្រសព្វ និងប្រាកដថាលុយដែលខ្ចីបានត្រូវយកមកប្រកបអាជីវកម្មដែលខ្លួនប៉ងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here