ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande ខកខានសងបំណុលថ្លៃសញ្ញាប័ណ្ណ១.២០០លានដុល្លារជាលើកដំបូង

0

ដោយ សុខុម

ប៉េកាំងៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចំនួន២របស់ប្រទេសចិន បានខកខានសងបំណុលជាលើកដំបូងលើថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុល១,៦ពាន់លានដុល្លារអាមេរិក នៅបរទេស ខណៈវិបត្តិនេះរាលដាលពាសពេញវិស័យអចលនទ្រព្យដែលជំពាក់បំណុលរុំកោះរបស់ប្រទេសចិន។

ក្រុមហ៊ុនវាយតម្លៃ និងដាក់កម្រិតគុណភាពឥណទានអាមេរិក Fitch Ratings បានទម្លាយព័ត៌មានអំពីការខកខានសងបំណុលនេះកាលពីថ្ងៃព្រហស្បតិ៍ទី៩ ធ្នូ។

រដ្ឋាភិបាលក្រុងប៉េកាំង ខ្លួនឯងគឺជាអ្នកបង្កឱ្យមានវិបត្តិក្នុងឧស្សាហកម្មអចលនទ្រព្យ នៅពេលខ្លួនចាប់ផ្តើមចាត់វិធានការក្ដៅកាលពីឆ្នាំ២០២០ ដើម្បីទប់ស្កាត់កុំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ខ្ចីបុលច្រើនហួសកម្រិត និងការទិញផ្ទះទុកលក់យកចំណេញដែលកើតមានស្ទើរតែគ្រប់កន្លែង ដែលមិនមែនជាការទិញទុកសម្រាប់រស់នៅពិតប្រាកដ។

ក្រុមហ៊ុននានាដែលបានខ្ចីបុលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីយកលុយមកពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងគំហុកបានចាប់ផ្ដើមជួបបញ្ហាហិរញ្ញវត្ថុ ត្រដាបត្រដួសក្នុងការបញ្ចប់គម្រោងនានា ត្រូវសងបំណុលក្រុមហ៊ុនម៉ៅការ និងដល់ពេលត្រូវទូទាត់សងទាំងបំណុលក្នុងស្រុក និងបំណុលក្រៅប្រទេស។

Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុត និងស្អុយឈ្មោះបំផុតដែលជាប់ផុងក្នុងវិបត្តិនេះ ដោយត្រដាបត្រដួសខ្លាំងជាច្រើនខែមកហើយនៅក្នុងការប្រមែប្រមូលដើមទុន ដើម្បីសងបំណុលរបស់ខ្លួនដែលគរដូចភ្នំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក។

ហើយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះក្រុមហ៊ុន Fitch Ratings បានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Evergrande បានខកខានសងបំណុលជាលើកដំបូងលើថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលជាង១,២ពាន់ដុល្លារអាមេរិក។

ក្រុមហ៊ុន Fitch Ratings ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនអចលនទ្រព្យចិន មួយទៀតឈ្មោះ Kaisa ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន ក៏បានខកខានក្នុងការសងបំណុល៤០០លានដុល្លារអាមេរិក លើថ្លៃសញ្ញាប័ណ្ណរបស់ខ្លួនផងដែរ៕ AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here