ដោយ៖ សុធារី
ភ្នំពេញ៖ សកម្មភាពក្នុងវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានបង្ហាញពីកំណើនវិនិយោគចាប់តាំងពីអំឡុងឆ្នាំ២០០៤ ហើយរហូតមកដល់បច្ចុប្បន្នអចលនទ្រព្យត្រូវបានចាត់ទុកជាវិស័យស្នូលមួយក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញរំហូរវិនិយោគពីបរទេស និងការបង្កើតឱកាសការងារដល់ប្រជាជននៅកម្ពុជា។
កាលពី២០ឆ្នាំមុន ការវិនិយោគអចលនទ្រព្យភាគច្រើនមានតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ បើតាមទិន្នន័យពីក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក់ស្តែងក្នុងអំឡុងឆ្នាំ២០០៤ ការវិនិយោគក្នុងវិស័យអចលនទ្រព្យរាជធានីនៅភ្នំពេញមានទំហំទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារប៉ុណ្ណោះ។ ទំំហំទឹកប្រាក់នេះបានកើនឡើងជាបន្តបន្ទាប់ ក្នុងឆ្នាំ២០១៩ ពោលគឺមុនពេលការផ្ទុះឡើងជំងឺកូវីដ-១៩ ការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសំណង់សម្រេចបានទុនវិនិយោគជាង១១ពាន់លានដុល្លារ។
ការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ បានស្រូបទាញកម្លាំងពលកម្មជំនាញក្នុងទីផ្សារការងារនៅកម្ពុជា ស្របពេលតម្រូវការពីវិស័យសំខាន់ៗផ្សេងទៀតចាប់ផ្តើមថមថយ ឬផ្តល់ឱកាសរីកចម្រើនតិចជាងមុន។ អ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្សមើលឃើញថា ឱកាសរីកចម្រើនក្នុងទីផ្សារការងារសម្រាប់សិស្ស និស្សិត មានការប្រែប្រួលពីអំឡុងពេលមួយ ទៅពេលមួយស្របតាមការវិវត្តជាក់ស្តែងនៃសេដ្ឋកិច្ច។
យោងតាមរបាយការណ៍ស្តីពីអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបង្ហាញថា ចំនួនប្រជាជនមានការងារធ្វើនៅកម្ពុជាចំនួនប្រមាណ៧លាន៩សែននាក់ ហើយជាងពាក់កណ្តាលនៃប្រជាជនមានការងារធ្វើ គឺមានអាយុចន្លោះពី២០ទៅ៣០ឆ្នាំ ខណៈដែលប្រាក់ឈ្មួលមធ្យមប្រចាំខែរបស់និយោជិតពីការងារចម្បងរបស់ពួកគេរកចំណូលបានពី៧៦ទៅ៧៥០ដុល្លារ។
របាយការណ៍ដដែលរកឃើញថា បុគ្គលិកបម្រើការងារក្នុងវិស័យអចលនទ្រព្យទទួលបានប្រាក់ឈ្មួលប្រចាំខែខ្ពស់ជាងគេ ដែលជាមធ្យមទទួលបានជាង ៥២០ ដុល្លារអាមេរិកក្នុងមួយខែ ខណៈដែលបុគ្គលិកបម្រើការងារក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងទទួលបាន ៣៥០ ដុល្លារក្នុងមួយខែ។ សកម្មភាពការងារអលនទ្រព្យ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ស្ថិតក្នុងវិស័យសេវាកម្ម ដែលវិស័យនេះបង្កើតឱកាសការងារដល់ប្រជាជនជាង ៣លាន១សែននាក់ វិស័យឧស្សាហកម្ម ២លាន១សែននាក់ និងកសិកម្មជាង២លាន៦សែននាក់។
របាយការណ៍នេះមិនបានពន្យល់ និងកំណត់ប្រភេទការងារក្នុងសកម្មភាពវិស័យអចលនទ្រព្យនោះទេ។ តែបើតាមអ្នកជំនាញក្នុងវិស័យនេះបានបញ្ជាក់ថា សកម្មភាពការងារក្នុងវិស័យអចលនទ្រព្យត្រូវបានបែងចែកទៅតាមប្រភេទផ្សេងៗគ្នាដូចជាផ្នែកបម្រើសេវាកម្មទិញ លក់ និងជួល (ឬហៅថាភ្នាក់ងារអចលនទ្រព្យ) ផ្នែកវាយតម្លៃអចលនទ្រព្យ គ្រប់គ្រង (property management) និងបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ (real estate developer) ជាដើម។
របាយការណ៍អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩ បានបង្ហាញថា សកម្មភាពក្នុងវិស័យអចលនទ្រព្យបង្កើតឱកាសការងារជាង២ម៉ឺន៥ពាន់នាក់ ឬស្មើនឹង ០,៣ ភាគរយនៃចំនួនប្រជាជនមានការងារធ្វើសរុប។សកម្មភាពហិរញ្ញវត្ថុ និងធនារ៉ាប់រង មានចំនួនប្រមាណ១១ម៉ឺន៤ពាន់នាក់ ខណៈដែលសកម្មភាពអង្គការ និងអង្គភាពក្រៅប្រទេសមានប្រមាណ៧ពាន់នាក់។
កត្តានេះបានបង្ហាញថា វិស័យអចលនទ្រព្យនៅមានវិសាលភាពធំធេងក្នុងការបង្កើតឱកាសការងារជាច្រើនបន្ថែមទៀតដល់យុវជនកម្ពុជា ស្របពេលដែលក្រុមហ៊ុនផ្តល់សេវាកម្មក្នុងវិស័យនេះបានពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លូន ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការរំហូរវិនិយោគនៅពេលខាងមុខ។
លោក ប៉ូ អ៊ាវគង់ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance លោកបានមានប្រសាសន៍ថា ទាក់ទងនឹងអត្រាប្រាក់ចំណូលរបស់អ្នកធ្វើការក្នុងវិស័យអចលនទ្រព្យបែងចែកតាមប្រភេទសេវាកម្ម ដោយលោកបែងចែកចេញជាពីរប្រភេទ តាមប្រភេទការងារនិងចរិតលក្ខណៈនៃការបំពេញការងារ។
តាមចរិតលក្ខណៈនៃការងារ លោកបែងចែកជា២ ប្រភេទ ១. សម្រាប់អ្នកដែលធ្វើការក្នុងវិស័យអចលនទ្រព្យដែលប្រឹងប្រែងខ្លាំង challenge ខ្លាំង គាត់អាចមានប្រាក់ចំណូលខ្ពស់ឬខ្ពស់ជាងអ្នកធ្វើការក្នុងវិស័យផ្សេងៗទៀត ឧទាហរណ៍ប្រភេទផ្នែកលក់ដូចគ្នា។ ២. ប្រសិនបើគាត់មិនបានបំពេញគ្រប់លក្ខខណ្ឌ មិនមាន challenge ប្រាក់ខែរបស់ពួកគាត់មានលក្ខណៈស្របាក់ស្របាលនឹងអ្នកធ្វើការក្នុងវិស័យផ្សេងៗដែរ។
បើបែងចែកតាមប្រភេទការងារ លោកបែងចែកចេញជាពីរប្រភេទ ១. សម្រាប់ក្រុមទីមួយជាក្រុមដែលទទួលបានប្រាក់ខែ fixed ឧទាហរណ៍ អ្នកវាយតម្លៃអចលនវត្ថុ។ ទោះយ៉ាងណាក្តី ក្រុមនេះក៏អាចមានឱកាសក្នុងការវិនិយោគដោយខ្លួនឯងបានផងដែរ។ ២. ក្រុមភ្នាក់ងារ (Agency) មានក៏ការទទួលបានកម្រៃមិនច្រើននោះទេ ប៉ុន្តែទទួលបានប្រាក់កម្រៃជើងសារ។ ប្រសិនបើគាត់ប្រឹងប្រែង នោះគាត់នឹងទទួលបានចំណូលច្រើនតាមរយៈការប្រឹងប្រែង។
ទោះជាយ៉ាងណាក្តី លោកថា “វាជាអាជីពមួយដែលផ្ដល់ឱកាសដល់អ្នកធ្វើការសម្រាប់អ្នកចូលចិត្តការប្រកួតប្រជែង សម្រាប់អ្នកដែលតស៊ូក្នុងវិជ្ជាជីវៈនេះ។ ប្រសិនបើគាត់ប្រឹងប្រែង គាត់មានឱកាសច្រើន។”
លោកព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Zillion Holding បានលើកឡើងថា ការវិនិយោគក្នុងវិស័យនេះមិនទាន់គ្រប់ដណ្តប់ទូទាំងប្រទេសនៅឡើយ ដែលកត្តានេះនឹងបង្កើតឱ្យមានតម្រូវការធនធានមនុស្សដែលមានជំនាញជាច្រើនទៀត ដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យនៅពេលខាងមុខ។លោកបានលើកឡើងថា .”អចលនទ្រព្យនៅមានសក្តានុពលច្រើនណាស់ ហើយបេសកម្មរបស់យើងនឹងបង្កើតឱកាសការងារទៅដល់មូលដ្ឋាន ដែលនេះជាការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។”
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ក៏បានលើកឡើងថា ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមានសមាជិក១២០ក្រុមហ៊ុន ដែលចម្រុះដោយក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ក្រុមហ៊ុនវាយតម្លៃផ្នែកអចលនវត្ថុ និងក្រុមហ៊ុនមានជំនាញគ្រប់គ្រងអគារធំៗ។ អ្នកធ្វើការក្នុងវិស័យអចលនទ្រព្យមានឱកាសច្រើនទាំងការអភិវឌ្ឍចំណេះជំនាញ និងឱកាសនៃការសាងភាពមានបាន។
លោកបញ្ជាក់ថា “ជំនាញអាជីពក្នុងវិស័យអចលនទ្រព្យ មិនត្រឹមតែអាចធ្វើការសម្រាប់ទីផ្សារក្នុងស្រុកនោះទេ តែក៏អាចឱ្យយើងប្រឡូកក្នុងទីផ្សារអន្តរជាតិនៅទូទាំងសកលលោកផងដែរ។”
ទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេសដែលបានចាក់បញ្ជូលទៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៩ មានចំណែកដល់ទៅ ១ភាគ៣ នៃផលិតផលក្នុងស្រុកសរុប (GDP)។ កំណើននេះរួមចំណែកដ៏សំខាន់ក្នុងការបង្កើតឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជា៕