វៀតណាម ស្វះស្វែងកៀរគរទុនវិនិយោគបរទេសជិត ១០ពាន់លានដុល្លារ ដើម្បីស្ថាបនាប្រព័ន្ធផ្លូវរថភ្លើងក្រោមដីនៅហូជីមិញ

0

ដោយ សុខុម

ហូជីមិញ: រដ្ឋាភិបាលវៀតណាម កំពុងស្វះស្វែងកៀរគរទុនវិនិយោគបរទេសរហូតដល់៨ពាន់លានដុល្លារអាមេរិក ដើម្បីស្ថាបនាផ្លូវរថភ្លើងក្រោមដី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅទីក្រុងហូជីមិញ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃសុក្រ ទី១០ ធ្នូ នេះឱ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដីស្ថិតទាំងនេះស្ថិតក្នុងបញ្ជីគម្រោងសាធារណៈដែលត្រូវបានអនុម័ត ហើយកំពុងស្វះស្វែងកៀរគរការវិនិយោគពីបរទេសសម្រាប់រយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

រដ្ឋាភិបាលវៀតណាម កំពុងស្វះស្វែងកៀរគរទុនវិនិយោគ៤,៥៧ពាន់លានដុល្លារអាមេរិក សម្រាប់ស្ថាបនាខ្សែរថភ្លើងក្រោមដីលេខ៤ ប្រវែង៣៦,២គីឡូម៉ែត្រដែលលាតសន្ធឹងក្នុងសង្កាត់១ សង្កាត់៣ សង្កាត់៤ សង្កាត់៧ សង្កាត់១២ សង្កាត់ Gò Vấp និងសង្កាត់ Nhà Bè ដែលជាតំបន់មានប្រជាជនរស់នៅច្រើនជាងគេក្នុងទីក្រុងដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងត្បូងមួយនេះ។ ទន្ទឹមនេះរដ្ឋាភិបាលក៏នឹងត្រូវការទុនវិនិយោគ១,៤៨ពាន់លានដុល្លារអាមេរិក បន្ថែមទៀតសម្រាប់ដំណាក់កាលទី២ នៃការស្ថាបនាខ្សែរថភ្លើងក្រោមដីលេខ២ ផងដែរ។

ទីក្រុងនេះគ្រោងនឹងស្ថាបនាផ្លូវរថភ្លើងក្រោមដីសរុបចំនួន៨ខ្សែ ធ្វើយ៉ាងណាឱ្យមានប្រព័ន្ធរថភ្លើងក្រោមដីដែលមានលក្ខណៈពេញលេញ និងទំនើប ដើម្បីរួមបង្កើនសមត្ថភាពផ្នែកសេវាដឹកជញ្ជូនសាធារណៈក្នុងទីក្រុងនេះ។

បច្ចុប្បន្នគម្រោងខ្សែភ្លើងក្រោមដីលេខ១ កំពុងស្ថិតក្រោមដំណើរការស្ថាបនាជាមួយជំនួយអភិវឌ្ឍន៍ផ្លូវការ និងមូលនិធិពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយតាមកាមរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។

រដ្ឋាភិបាលវៀតណាម ក៏កំពុងស្វះស្វែងកៀរគរការវិនិយោគលើគម្រោងផ្លូវដែក និងផ្លូវថ្នល់ជាច្រើនទៀតក្នុងទីក្រុងនេះ និងបណ្ដាខេត្តក្បែរនោះផងដែរ។

ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រដ្ឋាភិបាលវៀតណាម សង្ឃឹមថានឹងអាចស្វែងរកបានវិនិយោគិនបរទេសសម្រាប់គម្រោងចំនួន១៥៧លើវិស័យជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្ម គម្រោងកែច្នៃទឹកសម្អុយ និងកាកសំណល់ ព្រមទាំងវិស័យផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here