ក្រុមហ៊ុន ERA សម្ពោធការិយាល័យកណ្ដាលដ៏ធំសម្បើម​នៅកោះពេជ្រ

0

ដោយ៖​សុធារី

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យអន្ដរជាតិ ERA នៅថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១នេះ បានសម្ពោធដាក់ឲ្យដំណើរការការិយាល័យកណ្តាលរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្ដរជាតិ ERA បានឲ្យដឹងថា ការសម្ពោធការិយាល័យកណ្ដាល ដែលជាការិយាល័យទី៣នេះ ជាសក្ខីភាពមួយបង្ហាញថា ក្រុមហ៊ុនទទួលបានការរីកចម្រើនខ្លាំង តាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះ។

លោកអគ្គនាយកបានបន្តថា ERA បានទិញប្រេនឆាយពីប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៨ ហើយ ERA ជាប្រេនអន្ដរជាតិមួយ ដែលបច្ចុប្បន្នមាន ៣៧ប្រទេសជុំវិញពិភពលោក ដោយមានជាង២២០០ ការិយាល័យ ព្រមទាំងមានសមាជិកភ្នាក់ងារលក់ជាង៤ម៉ឺននាក់។

លោកបានបន្ថែមទៀតថា ក្នុងរយៈពេល៥ឆ្នាំនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយបើទោះបីជាជួបប្រទះនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានៅតែបន្តកើនឡើង ដែលនៅតែជាឱកាសដ៏ល្អសម្រាប់វិស័យអចលនទ្រព្យ។

បើតាម លោក ខន គង្គារ ខុនដូជាផ្នែកសំខាន់មួយនៃវិស័យអចលនទ្រព្យ ដែលយើងឃើញថា កំពុងទទួលការចាប់អារម្មណ៍ខ្ពស់ពី ហើយការទិញលក់ខុនដូនឹងនៅតែបន្តការរីកចម្រើន ទោះបីជាយើងលំបាកខ្លះដោយជំងឺកូវីដ១៩ ក៏ដោយ។

លោកអគ្គនាយក មានជំនឿយ៉ាងមុតមាំទៅលើឆ្នាំ២០២២នេះ សម្រាប់វិស័យខុនដូនៅប្រទេសកម្ពុជា កាន់តែមានការរីកចម្រើនមួយកំរិតថែមទៀត ហើយលោកអរគុណទៅដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការទប់ស្កាត់ និងការជំរុញដល់ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងបានសឹងតែ១០០% នៅកម្ពុជា ហើយនេះជាលទ្ធផលមួយដែលល្អ ដែលលោកមានឱកាសសម្រាប់ប្រារព្ធពិធីជួបជុំអតិថិជនតែម្ដង ដោយសារតែមានការចូលរួមចំណែកចង់ខ្លាំងពីរាជរដ្ឋាភិបាល។

លោកសង្ឃឹមថា វិស័យខុនដូនៅប្រទេសកម្ពុជានៅតែបន្តការរីកចម្រើន ហើយលោកអះអាងថា ERA គឺជាជម្រើសដ៏ល្អក្នុងការផ្ដល់សេវាកម្ម ដល់អតិថិជនឲ្យមានទំនុកចិត្តខ្លាំងបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here