បណ្ឌិតគីម ហ៊ាងបង្ហាញពីដី២ប្រភេទដែលអ្នកវិនិយោគមានឱកាសចំណេញច្រើន

0

ដោយ: សុផារី

ភ្នំពេញ: លោកបណ្ឌិតគីម ហ៊ាងបានបែងចែកដីជា៤ ប្រភេទ ដូចជា ១. ដីកសិកម្ម ២ ដីសម្រាប់ទេសចរណ៍ ៣ ដីសម្រាប់ឧស្សាហកម្ម និង៤ ដីសម្រាប់លំនៅដ្ឋាន។

លោកឧកញ៉ាគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍​ឲ្យដឹងកាលពីសប្តាហ៍មុនថា ដីសម្រាប់កសិកម្ម ជាប្រភេទដីបម្រើដល់ការដាំដុះ។ លោកយល់ថា ប្រសិនបើទិញដីកសិកម្ម ដើម្បីចំណេញ គឺជាគំនិតខុសមួយ ព្រោះតែដីកសិកម្ម មានចំនួននិងទំហំធំណាស់។

លោកបន្តថា ដីសម្រាប់ទេសចរណ៍ ជាប្រភេទដីដែលអាចបម្រើដល់ វិស័យទេសចរណ៍ នៅតំបន់ដែលមានមនុស្សទៅកំសាន្តច្រើន ដូចជាភ្នំ ទន្លេ និងសមុទ្រ។ ដីទេសចរណ៍នៅជិតតំបន់ភ្នំ មិនងាយឡើងថ្លៃ ព្រោះជាទូទៅដីនៅតាមតំបន់ភ្នំ មានទំហំធំរាប់ហិចតា។ ដីសម្រាប់ទេសចរណ៍នៅជិតទន្លេនិងសមុទ្រ អាចឡើងថ្លៃ ព្រោះមានចំនួនតិច។

ចំណែក ដីដែលអាចចំណេញខ្ពស់ គឺដីឧស្សាហកម្ម និងដីសម្រាប់លំនៅដ្ឋាន។

ដីសម្រាប់ឧស្សាហកម្មគឺ ដីដែលអាចធ្វើរោងចក្រ សហគ្រាស។ វាជាប្រភេទដីឡើងថ្លៃ ដោយសារ ការសាងសង់រោងចក្រ នាំមកនូវលំហូរមនុស្ស នោះសកម្មភាពសេដ្ឋកិច្ចក៏មានច្រើន នោះដីប្រាកដជាឡើងថ្លៃ។

ដីលំនៅដ្ឋាន ជាប្រភេទដីដែលអាចសាងសង់លំនៅដ្ឋាន បុរី ជាដើម។ លោកថា ដីប្រភេទនេះឡើងថ្លៃជាប្រចាំ ហើយងាយស្រួលលក់ចេញវិញ ដោយទទួលបានប្រាក់ចំណេញខ្ពស់បំផុត។

លោកបញ្ជាក់ថា “ដីលំនៅដ្ឋាន ជាដីចំណេញ និងងាយលក់។ ចំណែ​កដីឧស្សា​ហកម្ម ក៏ចំណេញដែរ តែនៅចាញ់ដីលំនៅដ្ឋាន។ ដីទេសចរណ៍ ទាល់តែជាប់សមុទ្រ ជាប់ទន្លេ។ ដីកសិកម្មទិញហើយ៥ឆ្នាំ លក់មិនដាច់ទេ”។

លោកបន្តថា “ដីផ្លូវល្បឿនលឿន មិនត្រឹមតែមិនចំណេញទេ តែនឹងជាប់គាំង ព្រោះផ្លូវល្បឿនលឿន មិនអនុញ្ញាតឱ្យមានការឈប់សម្រាកឡើយ”។

ចំណែកដីនៅតំបន់ព្រលានយន្តហោះ លោកយល់ថា ការទិញដីសម្រាប់ចំណេញនៅក្នុងតំបន់នេះ មិនមែនជាគំនិតល្អទេ ព្រោះដង់ស៊ីតេប្រជាជនកម្ពុជា ដែលមានប្រមាណ៣លាននាក់ក្នុងក្រុងភ្នំពេញ ហើយព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានចម្ងាយប្រមាណ៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ម៉្យាងទៀត នៅជុំវិញតំបន់នោះ នៅមិនទាន់មានហេដ្ឋារចនាស ម្ព័ន្ធគ្រប់គ្រាន់ទេ។

លោកបណ្ឌិតគីម ហ៊ាងបានបន្តងា ដីនៅក្នុងតំបន់នោះមានទំហំធំណាស់ ដែលវាត្រូវការពេលវេលាប្រមាណ១០ ទៅ២០ឆ្នាំទៀត ដើម្បីបង្កើតដង់ស៊ីតេប្រជាជន និងអាជីវកម្មក្នុងស្រុកបាន។ នៅតាមប្រទេសអភិវឌ្ឍន៍ ប្រជាជន មិនចូលចិត្តទិញដី នៅជិតព្រលានយន្តហោះឡើយ ព្រោះរំខានដោយសារសម្លេង។

ដីក្រវាត់ក្រុងជាផ្លូវដែលធ្វើដំណើរ ដើម្បីរំដោះចរាចរណ៍ក្នុងក្រុង សម្រាប់ឡានធំៗ ធ្វើដំណើរបាន។ ដីក្រវាត់ក្រុង អាចឡើងថ្លៃដរាបណាមានដង់ស៊ីតេប្រជាជន។ ការទិញដីតាមតំបន់ក្រវាត់ក្រុង ជាគំនិតមិនខុស តែត្រូវការពេលវេលា ព្រោះដីក្រវាត់ក្រុងមានទំហំធំធេងណាស់។

ដីដែលចំណេញគឺដីដែលមានផ្សារ ក្រសួង មន្ទីររបស់រដ្ឋ ព្រោះ កន្លែងទាំងនោះមានមនុស្សទៅធ្វើការច្រើន ហើយត្រូវប្រាកដចិត្តថា ជាក្រសួងមន្ទីរដែលមានទំហំធំ ស្ថិតក្នុងទំហំដីមិនធំខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here