ដោយ សុខុម
បាងកក: ភាពមិនប្រាកដប្រជា ដែលបង្កឡើងដោយសារវិធានការទប់ស្កាត់ការរីករាលដាល វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង កំពុងបំបាក់ទឹកចិត្តបណ្ដាម្ចាស់សណ្ឋារគារ ដែលសង្ឃឹមថានឹងបានចំណេញប្រាក់ អំឡុងរដូវកាលទេសចរណ៍ ដែលមានមនុស្សធ្វើដំណើរកម្សាន្តច្រើនបំផុតប្រចាំឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃសៅរ៍ ទី២៥ ធ្នូ នេះ។
លោក Daecha Tangsin នាយករងប្រតិបត្តិនៃសណ្ឋាគារ Ramada Plaza Bangkok Menam Riverside បានថ្លែងកាលពីស ប្តាហ៍មុនថា “ស្ថានភាពសណ្ឋាគារ នៅតែប្រឈមភាពមិនប្រាកដប្រជា ទោះបីជាបើកប្រទេសឡើងវិញ កាលពីខែវិច្ឆិកា និងឈានចូលដល់រដូលកាលបុណ្យក្ដី។ ចំនួនភ្ញៀវទេសចរន្តរជាតិ មិនកើនឡើងច្រើននោះទេ ជាពិសេសក្រោយផ្ទុះការរីករាលដាលវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង”។
ក្នុងពេលជាមួយគ្នានេះ ខណៈការប្រារព្ធពិធីអបអរឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី នៅកន្លែងជាច្រើនត្រូវបានលុបចោល ភ្ញៀវទេសចរក្នុងស្រុកមានការព្រួយបារម្ភកាន់តែខ្លាំង ដោយខ្លាចរអាក្នុងការចេញក្រៅ ដើម្បីអបអរសប្បាយ។
សណ្ឋាគារ Ramada Plaza Bangkok Menam Riverside ទទួលបានភ្ញៀវស្នាក់ នៅត្រឹមតែ៣០%ប៉ុណ្ណោះ សម្រាប់រដូវកាលបុណ្យឆ្លងឆ្នាំថ្មីនេះ ខណៈសណ្ឋាគារ ស្ថិតនៅតាមបណ្ដោយដងទន្លេផ្សេងៗទៀតទទួលបានភ្ញៀវស្នាក់នៅ ចន្លោះប្រមាណពី៣០% ទៅ៥០%។
លោក Daecha Tangsin លើកឡើងថា តម្រូវការរៀបចំប្រជុំ អង្គសន្និបាត និងពិព័រណ៍អន្តរជា តិមិនទាន់ត្រលប់មកវិញនៅឡើយទេ ប៉ុន្តែសណ្ឋាគារនៅតែមានកិច្ចប្រជុំក្នុងស្រុក សិក្ខាសាលា និងអាពាហ៍ពិពាហ៍។
លោកបានបន្ថែមទៀតថា ប្រសិនបើប្រទេសថៃ អាចគ្រប់គ្រងការរីករាលដាលវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង បាននៅត្រឹមខែមករា ដើមឆ្នាំ២០២២ នោះភ្ញៀវទេសចរមកពីតំបន់អាស៊ី ដោយមិនរាប់បញ្ចូលប្រទេសចិន អាចនឹងត្រលប់មកវិញអំឡុង ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅខែកុម្ភៈ។
លោក Thienprasit Chaiyapatranun អនុប្រធានសមាគមសណ្ឋាគារថៃ (Thai Hotels Association (THA)) បានថ្លែងថា អត្រាភ្ញៀវស្នាក់នៅជាមធ្យម នៅតាមសណ្ឋាគារនានា ក្នុងក្រុងបាងកក នាពេលបច្ចុប្បន្នគឺមានប្រមាណចន្លោះពី៣០%ទៅ៤០%។
អនុប្រធានសមាគមសណ្ឋាគារថៃ រូបនេះបានគូសបញ្ជាក់ថា ទីផ្សារអន្តរជាតិ បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារវិធានការយ៉ាងតឹងរ៉ឹងនៅក្នុងការទប់ស្កាត់ការរីករាល វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ក្នុងប្រទេសថៃ ក៏ដូចជានៅបណ្ដាប្រទេសផ្សេងទៀត៕ Bangkok Post៕