ដោយៈ ជេស៊ីកា
ភ្នំពេញៈ ផ្លូវលេខ៥៩៨ ឬផ្លូវជា សុផារ៉ាបាននិងកំពុងវិបត្តន៍ខ្លួនបណ្តើរៗ ដោយប្រែក្លាយពីផ្ទៃបឹងល្ហល្ហេវ មកក្លាយជាតំបន់អភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្មបណ្តើរៗ (CBD) ។
បច្ចុប្បន្នមានគំរោងបុរីជាច្រើនបាន និងកំពុងបង្ហាញ និងត្រៀមបង្ហាញវត្តមាននៅលើផ្លូវនេះ ដែលមួយផ្នែកនៃផ្លូវនេះ ស្ថិតនៅក្នុងខ័ណ្ឌសែន សុខ និងមួយផ្នែកទៀត ស្ថិតក្នុងខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកយិន លាងគង់ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល និងជាសហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានតាមដានការវិវត្តន៍នៃសេដ្ឋកិច្ចសង្គម និងអចលនទ្រព្យនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៦ ធ្នូកន្លងមកថា វត្តមានផ្សារទំនើបជីប ម៉ុង បុរីប៉េង ហួត បុរីវិមានភ្នំពេញ ដែលបាននិងកំពុងពង្រីកវត្តមាននៅតំបន់នេះ បាន និងកំពុងទាក់ទាញអ្នកមានជីវភាពមធ្យមឡើង ចូលទៅរស់នៅតំបន់នេះកាន់តែច្រើន។
លោកបន្តថា “ឥទ្ធិពលនៃផ្សារទំនើប EAON Mall2 និងបុរីជាច្រើននៅតំបន់នេះ ដែលភាគច្រើនអ្នករស់នៅក្នុងបុរីទាំងនោះ ជាអ្នកមានជីវភាពមធ្យមឡើង បាននិងកំពុងធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មបណ្តើរៗ”។ លោកបន្តថា “វត្តមានក្រសួងសាធារណៈការ ក្រសួងរៀបចំដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ឋជាច្រើនទៀត កំពុងឆ្ពោះទៅកាន់តំបន់ទំនប់កប់ស្រូវ ឬបឹងតាមោឃបាន និងកំពុងធ្វើឲ្យតំបន់ផ្លូវលេខ៥៩៨ក្លាយជាចំណុចឆ្លងកាត់ដ៏រសរវើក”។
លោកយិន លាងគង់បានបន្តថា ខណៈកាលពី១០ឆ្នាំមុនដីនៅតាមផ្លួវលេខ៥៩៨ ជាដីដែលមានតម្លៃត្រឹមចន្លោះ ៥០ទៅ១០០ដុល្លារ ប៉ុន្តែបច្ចុ ប្បន្នដីនៅជាប់ផ្លូវនេះ មានតម្លៃកើនឡើងដល់ចន្លោះពី៨០០ ទៅ១៣០០ដុល្លាររួចទៅហើយ ក្នុងមួយម៉ែត្រការ៉េ។
លោកបន្តថា វត្តមានផ្សារទំនើបជីប ម៉ុង និងផ្សារតូចៗជាច្រើនទៀត និងភោជនីយដ្ឋានលំដាប់ខ្ពស់បាន និងកំពុងបង្ហាញវត្តមាននៅលើផ្លូវនេះ វានឹងផ្តល់នូវសក្តានុពលកាន់តែធំធេង និងរុញឃ្លាំងលក់គ្រឿងយន្ត ម៉ាស៊ីនរថយន្ត និងសម្ភារៈបរិក្ខាមួយចំនួនចេញពីតំបន់នេះ នៅពេលឆាប់ៗខាងមុខនេះ។
តាមការសង្កេតជាក់ស្តែង បច្ចុប្បន្នការរីកចម្រើននៃសេដ្ឋកិច្ចសង្គម កំនើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ នឹងធ្វើឲ្យខ័ណ្ឌសែនសុខ និងខ័ណ្ឌឬស្សីកែវក្លាយជាតំបន់អភិវឌ្ឍន៍ សកម្មភាពពាណិជ្ជកម្មកាន់តែសកម្ម និងរសរវើកនាពេលអនាគត។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solutions បានបង្ហាញថា ចំនួនប្រជាពលរដ្ឋចូលមករស់នៅក្នុងរាជធានីភ្នំពេញ នឹងកើនឡើងដល់៤,៥ ទៅ៥លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ ដែលពេលនោះបែបផែន នៃការរស់នៅរបស់ប្រជាជនក្នុងទីក្រុងនេះ នឹងផ្លាស់ប្តូរយ៉ាងឆាប់ រហ័ស៕