ដោយ សុផារី
ភ្នំពេញ ៖ មុននឹងចាប់ផ្ដើមធ្វើអាជីវកម្មឬវិនិយោគលើអ្វីមួយ ដើមទុនពិតជាសំខាន់គ្រាន់តែអាជីវកម្មខ្លះត្រូវការដើមទុនតិច អាជីវកម្មខ្លះទៀតត្រូវការដើមទុនច្រើន ហើយអាជីវកម្មខ្លះទៀត គឺត្រូវតែការសមត្ថភាពចំណេះដឹង គឺសំខាន់ជាងដើមទុនទៅទៀត។ ចុះសម្រាប់វិស័យអចលនទ្រព្យវិញ ដើម្បីវិនិយោគបានគួរចាប់ផ្ដើមពីដើមទុនប៉ុន្មានឡើងទៅ?
លោកប៊ុន សម្ផស្ស អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបនៅកម្ពុជាបានឱ្យដឹងថា ការវិនិយោគ អចលនទ្រព្យ វាមិនទាមទារត្រូវតែមានដើមទុនច្រើន ដើមទុនទាំងដុលនោះទេ។ លោកឱ្យដឹងថា លោកចង់ឃើញអ្នកធ្វើការចំណាកស្រុក ពីស្រុកកំណើតទៅរកការងារនៅស្រុកផ្សេង ដោយសន្សំដើមទុនមួយខែ១០ភាគរយ២០ភាគរយ ទៅតាមលទ្ធភាពរបស់ខ្លួនដើម្បីទុកជាដើមទុនសម្រាប់វិនិយោគនិងផ្លាស់ប្តូរជីវភាពរបស់ខ្លួន ។
លោកបន្តថា បើនៅប្រទេសអភិវឌ្ឍន៍វិញការវិនិយោគ មួយចំនួនគេអាចចាប់ផ្ដើមពីទុនត្រឹមតែ៦០ដុល្លារឬក៏១០០ដុល្លារអាមេរិកឡើងទៅក៏បានដែរ ពោលគឺដើមទុនរបស់គេតិចមែន ប៉ុន្តែវាត្រូវការសមត្ថភាព ចំណេះដឹងលើការចាត់ចែងសាច់ប្រាក់។
ចំណែកប្រទេសកម្ពុជា ការវិនិយោគអចលនទ្រព្យគឺត្រូវការទាមទារឱ្យមានដើមទុនធំៗ ដូចជាការវិនិយោគលើដីធ្លី ដីឡូតិ៍ ដីជាប្លង់ៗជាដើម។ លោកថា ”ជាបទពិសោធន៍របស់ខ្ញុំ រឿងដើមទុន វានឹងមាននៅតាមក្រោយនៅពេលដែលយើងមានចំណេះដឹង មានបទពិសោធន៍ច្បាស់លាស់”។
លោកបញ្ជាក់ថា ដើម្បីបង្កើនទ្រព្យរបស់យើងនៅពេលខាងមុខ យើងគួរតែយកតែ១០ភាគរយនៃចំណូលរបស់ខ្លួនប៉ុណ្ណោះ ទៅវិនិយោគក្នុងវិស័យអចលនទ្រព្យ ហើយទុននេះ ក៏ធានាថានឹងមិនប៉ះពាល់ ដល់ចរន្តសាច់ប្រាក់របស់យើងប្រចាំថ្ងៃ ទើបការវិនិយោគរបស់យើងមានអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព។
លោក ង៉ែត ជូ អ្នកជំនាញនៃវិស័យហិរញ្ញវត្ថុនិងជាអ្នកវិនិយោគលើអចលនទ្រព្យមួយរូបនៅកម្ពុជា ក៏បានលើកឡើងផងដែរថា ការចាប់ផ្ដើមវិនិយោគមិនចាំបាច់ទាល់តែមានដើមទុនធំៗនោះទេ។ យើងអាចចាប់ផ្ដើមជាមួយនឹងតិច ដោយការសន្សំប្រាក់ខែ ប្រាក់ចំណូលរបស់ខ្លួនមួយចំនួន ដើម្បីទុកវិនិយោគទៅលើអ្វីដែលជាចំណូលចិត្តនិងជំនាញរបស់យើង។
ការវិនិយោគអាចជាការវិនិយោគចូលហ៊ុនគ្នា និងការវិនិយោគដាច់តែឯង។ ការវិនិយោគចូលគ្នាបើសិនជាខាតគឺមិនសូវច្រើនទេ ហើយបើចំនេញក៏មិនចំណេញច្រើនដែរ ព្រោះមានគ្នាត្រូវបែងចែក ចំណែកការវិនិយោគតែឯងបើចំណេញគឺចំណេញតែឯង បើខាតគឺខាតច្រើនដូចគ្នា៕