ដោយ សុខុម
ហុងកុង: ភាគហ៊ុនក្នុងក្រុមហ៊ុនចិន Evergrande Group បានហក់ឡើងខ្ពស់រហូតដល់ទៅជាង៨%គួរឱ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃអង្គារ ទី២៨ ធ្នូ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សដែលជំពាក់បំណុលរុំកោះមួយនេះអះអាងថា ខ្លួនបានពន្លឿនការងារសាងសង់បានច្រើនគួរសមជាលើកដំបូង។
នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ ទី២៦ ធ្នូ មហាសេដ្ឋី Hui Ka Yan ដែលជាប្រធានក្រុមហ៊ុន Evergrande បានប្ដេជ្ញាប្រគល់ផ្ទះជូនអតិថិជនឱ្យបានចំនួន៣៩.០០០យូនីតនៅក្នុងខែធ្នូ នេះ បើធៀបនឹងចំនួនផ្ទះតិចជាង១០.០០០យូនីត ដែលខ្លួនប្រគល់ជូនអតិថិជនក្នុងខែនីមួយៗសម្រាប់រយៈពេល៣ខែមុននេះ។
ជាមួយនឹងបំណុលគរដូចភ្នំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន មួយនេះកំពុងប្រឈមការខកខានសងបំណុលច្រើនបំផុតមិនធ្លាប់មាននៅក្នុងសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ ហើយបាននិងកំពុងប្រវេប្រវាប្រមែប្រមូលសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម និងភាគហ៊ុនដើម្បីដោះបំណុល។
ក្រុមហ៊ុននេះបានខកខានទូទាត់ថ្លៃគូប៉ុងនៅបរទេសតាមពេលវេលាកំណត់ ដែលមានតម្លៃ៨២,៥លានដុល្លារអាមេរិក កាលពីដើមខែនេះ ហើយការខកខាននេះអាចនឹងរីករាលដាលកាន់តែធំលើបំណុលសញ្ញាប័ណ្ណអន្តរជាតិរហូតដល់ទៅប្រមាណ១៩ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុននេះ។
ទន្ទឹមនេះក្រុមហ៊ុន Evergrande មានគូប៉ុងថ្មីដែលដល់ពេលត្រូវទូទាត់សងកាលពីថ្ងៃអង្គារ ទី២៨ ធ្នូ ចំនួន២៥៥លានដុល្លារអាមេរិក។
គិតត្រឹមថ្ងៃអង្គារ ដដែល ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានហក់ឡើង៧,៤%នៅក្នុងការជួញដូរដោយមួយភាគហ៊ុនមានតម្លៃ១,៥៩ដុល្លារហុងកុង ខណៈសន្ទស្សន៍ផ្សារភាគហ៊ុនហុងកុង Hang Seng បានធ្លាក់ថ្លៃ០,៤%៕