ដោយៈសុខុម
បាងកក: សង្កាត់ “ថុនប៊ូរី” (Thon Buri) បានជាប់ចំណាត់ថ្នាក់ជាតំបន់ត្រូវប៉ាន់បំផុត សម្រាប់គម្រោងខុនដូ ក្នុងទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីការពង្រីកគម្រោងផ្លូវរថភ្លើង MRT Blue Line រត់កាត់ចំតំបន់នេះ។ នេះបើយោងតាម Terra Media and Consulting ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងផ្ដល់ប្រឹក្សាផ្នែកអចលនទ្រព្យ។
លោកស្រី Sumitra Wongpakdee នាយកគ្រប់គ្រងក្រុមហ៊ុន Terra Media and Consulting បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០២០ មក ខ្សែរថភ្លើង MRT Blue Line ជួយសម្រួលបានច្រើននូវការធ្វើដំណើរពីតំបន់ថុនប៊ូរី ទៅកាន់កន្លែងធ្វើការនានា ក្នុងសង្កាត់ស៊ីឡុម (Silom) សង្កាត់សាថន (Sathon) និងសង្កាត់សុខុមវីត (Sukhumvit)។
លោកស្រីបន្ថែមទៀតថា “ខ្សែរថភ្លើង MRT Blue Line បានធ្វើឱ្យតំបន់ថុនប៊ូរី ស្ថិតនៅកៀកសង្កាត់ពាណិជ្ជកម្មកណ្តាលក្រុង ជាងទីតាំងផ្សេងៗទៀត”។ លោកស្រីបន្តថា “ថុនប៊ូរី បានវ៉ាឈ្នះ Ratchada-Rama 9-Phetchaburi ដែលជាតំបន់ត្រូវប៉ាន់លេខ១ សម្រាប់គម្រោងខុនដូកាលពីឆ្នាំមុន”។
សម្រាប់ផ្ទះកម្ពស់ទាប សង្កាត់បាងណា (Bang Na) គឺជាទីតាំងដែលមានតម្រូវការខ្លាំងបំផុត នៅពេលក្រុងបានពង្រីក ទៅភាគខាងកើតនៃក្រុងបាងកក។
ទីតាំងនេះក៏ជាតំបន់មួយ ដែលមានទីតាំងស្ថិតនៅជិត បណ្ដុំឃ្លាំង ដែលបាន និងកំពុងកើនឡើងតម្រូវការ ដោយសារអាជីវកម្មអនឡាញមានសន្ទុះកើនឡើងផងដែរ។
ការស្រាវជ្រាវទីផ្សារនេះ ត្រូវបានធ្វើឡើងដោយសារព័ត៌មាន Terrabkk.com ចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃទី៣០ វិច្ឆិកា ដោយអ្នកឆ្លើយសំណួរចំនួន១.០០០នាក់ ដែលមានប្រាក់ចំណូលប្រចាំខែយ៉ាងតិច១២.០០០បាត (៣៦០ដុល្លារអាមេរិក) បង្ហើបប្រាប់ថា ពួកគេមានបំណងទិញខុនដូក្នុងពេល៣ឆ្នាំទៀត។
ក្នុងចំណោមអ្នកឆ្លើយទាំងអស់ ចំនួន៤២%មានប្រាក់ចំណូលប្រចាំខែចន្លោះពី១២.០០០បាត (៣៦០ដុល្លារអាមេរិក) ទៅ៣៥.០០០បាត (១.០៥០ដុល្លារអាមេរិក) ហើយ៤៧%ជាអ្នកនៅលីវ មិនទាន់មានគ្រួសារ។
ក្រុមអ្នកឆ្លើយដែលមានអាយុពី២៧ ឆ្នាំដល់៤០ឆ្នាំ (Gen Y) មានចំនួន៥១% ហើយក្រុមអ្នកឆ្លើយ ដែលមានអាយុពី៤១ឆ្នាំ ដល់៥៥ឆ្នាំ (Gen X) មានចំនួន៣៧%៕ Bangkok Post៕