ដោយសុខុម
ភ្នំពេញ: យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកាលពីខែសីហា កន្លងទៅឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុញ្ញាតឱ្យក្រុមហ៊ុនស្ថាបនាផ្លូវដែកចិន China Railway ធ្វើការសិក្សាលទ្ធភាពស្ថាបនាផ្លូវដែករវាងរាជធានីភ្នំពេញ និងក្រុងបាវិត ក្នុងខេត្តស្វាយរៀង។
ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែកដ៏ធំរបស់មហាយក្សចិន មួយនេះមានទំហំទុនវិនិយោគប៉ុន្មាន មានបុត្រសម្ព័ន្ធប៉ុន្មាន និងមានប្រវត្តិបែបណា?
ក្រុមហ៊ុន China Railway ដែលមានការិយាល័យកណ្ដាលនៅសង្កាត់ហៃទៀន (Haidian) ក្រុងប៉េកាំង ប្រទេសចិន គឺជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន ដែលមានបុត្រសម្ព័ន្ធរហូតដល់ទៅ២១ ហើយកាលពីមុនវាធ្លាប់ជាផ្នែកមួយក្រសួងផ្លូវដែកដែលពេលនេះលែងមានទៅហើយ។
កាលពីមុនក្រុមហ៊ុននេះថែមទាំងមានកងកម្លាំងប៉ូលិស ការិយាល័យរដ្ឋអាជ្ញា និងប្រព័ន្ធតុលាការផ្ទាល់ខ្លួនទៀតផង។ នាយកដ្ឋានប៉ូលិសផ្លូវដែកនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះនៅឡើយ។ កងកម្លាំងប៉ូលិសផ្លូវដែកនេះគឺជាសេវាស៊ីវិលនៃក្រសួងសន្តិសុខសាធារណៈ ប៉ុន្តែពួកគេនៅតែបើកប្រាក់ខែ និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះ។
*ប្រវត្តិក្រុមហ៊ុន
ដំបូងឡើយក្រុមហ៊ុននេះត្រូវបានបង្កើតឡើងជាក្រសួងនៅថ្ងៃទី១៩ ឆ្នាំ១៩៥០ ហើយក្រោយមកបានវិវឌ្ឍខ្លួនទៅជាក្រុមហ៊ុននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ដោយដាក់ឈ្មោះថា China Railway Corporation។
ក្រោយមកទៀត នៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុន China Railway Corporation ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញដោយដាក់ឈ្មោះថ្មីថា China State Railway Group Co., Ltd ក្រោមច្បាប់ស្ដីពីសាជីវកម្មរបស់ប្រទេសចិន រហួតមកទល់បច្ចុប្បន្ន។
គិតត្រឹមឆ្នាំ២០១៧ ក្រុមហ៊ុន China Railway បានផ្ដល់សេវាដឹកជញ្ជូនទំនិញតាមរថភ្លើងទៅកាន់ទីក្រុងចំនួន១៥នៅអឺរ៉ុប រួមទាំងទីក្រុងអេស្ប៉ាញ Madrid និងទីក្រុងអាល្លឺម៉ង់ Hamburg ព្រមទាំងសេវាសាកល្បងទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីស្ទង់មើលតម្រូវការផងដែរ។
យោងតាមសារព័ត៌មាន Statista ដែលបានចុះផ្សាយកាលពីឧសភា ឆ្នាំ២០២១ ឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ក្រុមហ៊ុន China Railway Group មានទ្រព្យសកម្មសរុបប្រមាណ១,២ទ្រីលានយ័ន (ជាង១៨៨ពាន់លានដុល្លារអាមេរិក) ហើយតម្លៃទ្រព្យសកម្មទាំងនេះបានបន្តកើនឡើងជាលំដាប់ចាប់តាំងពីពេលនោះមក៕