ដោយៈ សុផារី
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពី មូលហេតុនៃបញ្ហាកង្វះទឹកស្អាត នៅបូរីពិភពថ្មីឈូកវ៉ា២ ក្រោយមានការរអ៊ូរទាំ និងការស្នើសុំឱ្យមានការត្រួតពិនិត្យ ដោះស្រាយលើបញ្ហានេះ ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។
បុរីពិភពថ្មីឈូកវ៉ា២ ស្ថិតក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺជាគម្រោងលំនៅឋានរបស់អ្នកឧកញ៉ាហុង ពីវ ដែលមានប្រជាពលរដ្ឋរស់នៅជាច្រើនគ្រួសារ។ កន្លងមក ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីខាងលើនេះបានត្អូញត្អែរ និងស្វះស្វែងរកដំណោះស្រាយពីភាគីពាក់ព័ន្ធ រួមមាន ភាគីបុរី ម្ចាស់បុរី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាដើម។
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ឈ្មោះថា ស្រី យ៉ា បានប្រាប់គេហទំព័រ Property Area Asia នៅក្នុងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ថា កញ្ញាធ្លាប់បានរស់នៅក្នុងបុរីមួយនេះ កាលពីឆ្នាំ២០២១ មុននឹងបានផ្លាស់ប្តូរមករស់នៅក្នុងទីតាំងថ្មី កាលពីពេលថ្មីៗនេះ។ មូលហេតុធំបំផុត ដែលបណ្តាលឱ្យកញ្ញាសម្រេចចិត្តបែបនេះ ដោយសារតែកញ្ញាបាត់បង់ជំនឿ លើការដោះស្រាយបញ្ហាទឹកស្អាត នៅក្នុងបុរីពីសំណាក់ភាគីបុរី និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
កញ្ញាបានមានប្រសាសន៍ថា “តាមពិតទៅបញ្ហាខ្វះទឹកនៅទីនេះ កើតមានឡើងតាំងពី២ឆ្នាំមុនម្លេះ មិនមែនទើបតែកើតឥឡូវនេះនោះទេ។ តែមិនឃើញមានដំណោះស្រាយអ្វីច្រើននោះទេ”។កញ្ញាបន្តថា “ខាងបុរីបានដាក់ធុងស៊ឺតែនទឹកពណ៌ផ្ទៃមេឃ នៅក្នុងសួនច្បារដើម្បីឱ្យអ្នកនៅក្នុងបុរីទៅយកមកប្រើប្រាស់ ប៉ុន្តែវាមិនគ្រប់គ្រាន់ឡើយ”។
កញ្ញាស្រីយ៉ា បានបន្តថា “ខ្ញុំរស់នៅបែបនេះរយៈពេលជាង២ឆ្នាំហើយ ក្តៅក៏ក្តៅខ្លាំង ដោយយកធុងទឹកទៅបូមយកទឹក ពីស៊ឺតែនធំមកប្រើប្រាស់។ បញ្ហាធំ គឺគ្មានទឹកតែម្តង”។ កញ្ញាបន្តថា “ពេលខ្លះ ខ្វះទឹកសម្រាប់ធ្វើម្ហូបអាហារ ខ្ញុំត្រូវទិញទឹកស្អាតជាធុងៗ ដែលក្នុងមួយធុងមានតម្លៃ៤០០០ពាន់រៀល។ ពិបាករស់នៅណាស់ ខាតពេល ខាតលុយ”។
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ឈ្មោះថា Sorn Sokleng បានសរសេរនៅលើទំព័ររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ថា សម្រាប់អ្នករស់នៅក្នុងបុរីឈូកវ៉ា២ ប្រព័ន្ធទឹកបានដាច់ទឹកបីបួនខែមកហើយ ដោយពួកគាត់បានត្អូញត្អែថា ពួកគាត់ដាច់ងងុយសឹងរាល់យប់ ព្រោះពួកគាត់នៅរង់ចាំដណ្តើមគ្នាបូមទឹក ដែលដឹកមកចែកនៅក្នុងបុរី។
បុរសម្នាក់នោះបានសរសេរថា “ខាងខ្ញុំឈូកវ៉ា២ ដាច់ទឹកបីបួនខែហើយ ដាច់ងងុយសឹងរាល់យប់ តែពីរអាទិត្យនេះ គឺដាច់អត់ទាំងថ្ងៃ អត់ទាំងយប់ ម្នាក់ៗគ្រាន់តែឡានទឹកមកគឺទៅដណ្តើមគ្នា”។
ប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះជាច្រើននាក់ បានសម្តែងនូវការត្អូញត្អែរស្រដៀងគ្នា និងចោទជាសំណួរថា ក្រៅពីត្រូវរង់ចាំរហូតដល់រោងចក្រធ្វើហើយ តើភាគីពាក់ព័ន្ធមិនមានដំណោះស្រាយអ្វី ជួយសម្រាលទុក្ខលំបាកខ្លះទេឬ?។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា មូលហេតុនៃបញ្ហាកង្វះទឹកស្អាត ដោយសារចាប់តាំងពីដើមឆ្នាំ២០២២មក ការរីករាលដាលនៃជំងឺកូវីដ-១៩ មានការថមថយ បានធ្វើឱ្យរំហូរចូលប្រជាពលរដ្ឋ ក៏ដូចជា ការវិនិយោគវិស័យសំណង់តូច-ធំ វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ឥតឈប់ឈរ ពីមួយ ថ្ងៃទៅមួយថ្ងៃ ដែលជាហេតុនាំឱ្យ មានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់លើសពីសមត្ថភាពផលិត។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាតនេះ បាននឹងកំពុងពន្លឿនការងារសាងសង់ រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលនឹងគ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការផលិតទឹកស្អាតក្នុងឆ្នាំ២០២៣ ហើយអាចផលិតទឹកស្អាតបានបន្ថែម ប្រមាណ ៤០០.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ លើសមត្ថភាពផលិតដែលមានស្រាប់ ៦០០.០០០ម៉ែត្រថ្ងៃ។
ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអះអាងថា ដើម្បីបិទបញ្ចប់ នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីឆ្នាំ២០២៣តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិតទឹកស្អាតសរុប១.០០០.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលមានបញ្ហាកង្វះទឹកស្អាត សម្រាប់ប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មី ឈូកវ៉ា២នេះ ក្រុមការងាររបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ បានដឹកជញ្ជូនទឹកស្អាត ទៅបំពេញធុងទឹក សម្រាប់ចែកចាយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅតំបន់នោះអាចទៅយកទឹកមកប្រើប្រាស់បានផងដែរ។
គណនីម្នាក់ទៀត ដែលប្រើប្រាស់ឈ្មោះហ្វេសប៊ុកថា Nut Nareth បានសរសេរផងដែរ ស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) គួរតែធ្វើការព្យាករណ៍ពីកំណើនប្រជាជន និងតម្រូវការទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន ហើយរៀបចំធ្វើប្រពន្ធ័បណ្តាញទុយោរទឹកស្អាតឱ្យបានមុន និងទាន់ពេលវេលា ដើម្បីកុំឱ្យមានការខ្វះខាតទឹកកើតឡើងបាន។
លោកលើកឡើងថា “ចំពោះបញ្ហាទឹកមិនចេញនៅឈូកវ៉ា២នេះ កើតឡើង២-៣ឆ្នាំមកហើយ។ ម្យ៉ាងទៀត បើដឹងថាកន្លែងនឹងខ្វះទឹកប្រើប្រាស់ហើយ គួរតែបង្វែរទឹកពីកន្លែង ឬបណ្តាញផ្សេង យកមកប្រើប្រាស់សិន ហើយអាចឱ្យដំណើរការ និងដាច់ទឹកត្រឹមតែ២-៣ថ្ងៃ នឹងមានទឹកប្រើមកវិញ”។
លោកសរសេរបន្តថា “នោះមិនបង្កជាបញ្ហាខ្លាំងឡើយ តែនេះការអត់ទឹកប្រើកើតមានរយៈពេល១ ទៅ២អាទិត្យនិងរាប់ខែជាប់គ្នាហើយ។ ចេញពីធ្វើការងារហើយ ត្រូវទៅរងចាំដឹកទឹកយកមកប្រើនៅផ្ទះទៀត ដោយត្រូវចំណាយពេល៣-៤ម៉ោងទៀត ព្រោះអ្នកមកចាំយកទឹកច្រើនគ្នា តើគួរយល់អារម្មណ៍បែបនេះទេ?”។
លោកស្នើសុំ និងសង្ឃឹមថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានដំណោះស្រាយឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន៕