តើសេដ្ឋកិច្ចអាមេរិក និងសេដ្ឋកិច្ចចិនមានសុខភាពដូចម្តេចគិតមកទល់ពេលនេះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងប្រទេសចិនមានសារៈសំខាន់ខ្លាំង ខណៈប្រទេសទាំង២នេះ ជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខ១ និងលេខ២។ សហរដ្ឋអាមេរិក និងចិនមានដៃគូពាណិជ្ជកម្មជុំវិញពិភពលោក ដែលធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចមានភាពប្រទាក់ក្រឡាគ្នា។

ទី១: សហរដ្ឋអាមេរិក

កាលពីត្រីមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ០,៣ភាគរយ បន្ទាប់ពីសម្រេចបានកំណើន២,៤ភាគរយកាលពីត្រីមាសទី៤ ឆ្នាំមុន។

ធនាគារកណ្តាលអាមេរិកបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២៥ ពី១,៧ភាគរយមកនៅត្រឹម១,៤ភាគរយ និងកំណើនក្នុងរង្វង់១,៦ភាគរយនៅឆ្នាំ២០២៦ខាងមុខ។

អត្រាអតិផរណានៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលកំពុងស្ថិតក្នុងរង្វង់ចន្លោះពី៣ភាគរយទៅ៣,១ភាគរយសម្រាប់ឆ្នាំ២០២៥នេះ ដែលលើសពីគោលដៅ២ភាគរយរបស់ធនាគារ Fed ។ អត្រាអតិផរណាតម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើងដល់ចន្លោះពី២,៤ភាគរយទៅ២,៨ភាគរយ ដោយសារពន្ធគយ និងតម្លៃថាមពល។

អត្រាភាពអត់ការងារធ្វើនៅសហរដ្ឋអាមេរិកបានស្ថិតក្នុងរង្វង់៤,២ភាគរយកាលពីខែឧសភា ដោយត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់៤,៥ភាគរយ នៅចុងឆ្នាំ២០២៥។នេះបើយោងតាមធនាគារ Fed។

ធនាគារកណ្តាលអាមេរិកបានបន្តរក្សាអត្រាការប្រាក់ឱ្យនៅថេរចន្លោះពី៤,២៥ភាគរយទៅ៤,៥ភាគរយនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ។ ការ​ព្យាករ​ណ៍បង្ហាញ​ថា ធនាគារនេះនឹងអាចកាត់​បន្ថយ​អត្រា​ការ​ប្រាក់​ចំនួន​២លើកនៅ​ក្នុង​ឆ្នាំ២០២៥។

កំណើនសេដ្ឋកិច្ចអាមេរិកប្រឈមភាពងាយរងគ្រោះទៅនឹងអត្រាពន្ធគយ កង្វល់ភូមិសាស្ត្រនយោបាយ អត្រាអតិផរណាខ្ពស់ និងភាពមិនច្បាស់លាស់របស់បណ្តាក្រុមហ៊ុនសាជីវកម្មនានា។

ក្រុមសេដ្ឋវិទូបានព្រមានថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចស្ថិតនៅទ្រឹង រួមជាមួយនឹងអត្រាអតិផរណា ដែលនៅតែមានកម្រិតខ្ពស់។

ជនាគារកណ្តាលអាមេរិកកំពុងរង់ចាំសញ្ញាច្បាស់លាស់មុនពេលបន្ធូរបន្ថយអត្រាការប្រាក់ ដោយអាចចាប់ផ្តើមនៅខែកញ្ញា ប្រសិនបើអតិផរណាថយចុះ ដោយមិនបង្កផលប៉ះពាល់ដល់ទីផ្សារការងារ។

ទី២: ប្រទេសចិន

នៅត្រីមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចចិនបានកើនឡើង៥,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលត្រូវបានជំរុញដោយការនាំចេញ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការឧបត្ថម្ភធនគាំទ្រដល់ការទិញទំនិញ ដែលអាចប្រើប្រាស់បានរយៈពេលយូរ។

ទោះជាយ៉ាងណា ការប្រើប្រាស់ឯកជននៅមិនទាន់មានភាពរឹងមាំ ដោយបន្តមានកម្រិតទាបជាងមុនផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ដោយសារអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន។

អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចចិននឹងថយចុះសន្សឹមៗពីអត្រា៤,៧ភាគរយក្នុងឆ្នាំ២០២៥ មកនៅត្រឹម៤,៣ភាគរយនៅឆ្នាំ២០២៦។

សូចនាករអតិផរណានានា ដូចជា តម្លៃទំនិញប្រើប្រាស់នៅតែមានកម្រិតទាប និងអាចធ្លាក់ចុះដល់បន្ទាត់អវិជ្ជមាន។ការណ៍នេះបង្ហាញថា ប្រទេសចិននៅតែប្រឈមមុខនឹងវិបត្តិបរិត្តផរណា។

កាលពីខែឧសភា ទិន្នផលឧស្សាហកម្មនៅប្រទេសចិនបានកើនឡើង៥,៨ភាគរយ ថយចុះបើធៀបនឹងកំណើន៦,១ភាគរយនៅខែមេសា។ ចំណែក ការលក់រាយបានកើនឡើង៦,៤ភាគរយធៀបនឹងខែឧសភា ឆ្នាំ២០២៤ ដែលត្រូវបានជំរុញដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិន។

យោងតាមការស្ទង់មតិជាផ្លូវការបានបង្ហាញថា អត្រាភាពអត់ការងារធ្វើក្នុងទីក្រុងបានបានធ្លាក់ចុះដល់៥ភាគរយ កាលពីខែឧសភា ឆ្នាំ២០២៥ ធៀបនឹងអត្រា៥,១ភាគរយក្នុងខែមេសា។

វិបត្តិក្នុងវិស័យ​អចលន​ទ្រព្យ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​តូចៗ​នៅ​តែ​បន្តអូស​ទាញមិនឱ្យកំណើនសេដ្ឋកិច្ចចិនអាចស្ទុះទៅមុខលឿន។

ជាមួយគ្នានេះ ការសន្សំសំចៃខ្ពស់ កំណើនចំនួនប្រជាជនវ័យចំណាស់ និងកំណែទម្រង់នៅមានកម្រិត អាចជះផលប៉ះពាល់កំណើនសេដ្ឋកិច្ចចិនក្នុងរយៈពេលវែង។ គោលនយោបាយពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក​ក៏អាច​នឹង​ជះឥទ្ធិពលលើ​ការ​នាំ​ចេញ​ទំនិញចិនផងដែរ។

ជារួម កំណើនសេដ្ឋកិច្ចចិននៅតែមានភាពរឹងមាំ ដោយសារមានវិធានការជំរុញពីរដ្ឋាភិបាល និងការនាំចេញ។ ប៉ុន្តែការប្រើប្រាស់ឯកជននៅមានសភាពយឺតយ៉ាវ។ វិស័យអចលនទ្រព្យស្ថិតនៅក្រោមភាពតានតឹង ហើយបញ្ហារចនាសម្ព័ន្ធរយៈពេលវែងធ្វើឱ្យសេដ្ឋកិច្ចចិនដើរយឺត៕

ក្រុមហ៊ុនវិនិយោគខ្នាតយក្ស Blackstone សម្រុកទិញអគារការិយាល័យបញ្ចូលក្នុងផលបត្ររបស់ខ្លួន ស្របពេលទីផ្សារដាំក្បាលចុះដល់បាត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបុត្រសម្ព័ន្ធអចលនទ្រព្យរបស់ក្រុមហ៊ុនមេខ្នាតយក្ស Blackstone បានទិញភាគហ៊ុននៅក្នុងអគារការិយាល័យចំនួនពីរនៅទីក្រុង Bellevue ក្នុងរដ្ឋ Washington ដែលត្រូវបានជួលដោយក្រុមហ៊ុន Meta Platforms។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ម្ចាស់ក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Shorenstein Investment Advisers បានសម្រេចលក់ភាគហ៊ុននៃអគារចំនួនពីរ ដែលមានឈ្មោះថា អគារ Blocks 5 និងអគារ Blocks 6 ដល់មូលនិធិរបស់ក្រុមហ៊ុន Blackstone Real Estate។

ក្រុមហ៊ុន Blackstone នឹងកាន់កាប់ចំណែកភាគហ៊ុនចំនួន៤០ភាគរយនៅក្នុងអគារនីមួយៗ ហើយអគារទាំងពីរនេះមានតម្លៃសរុបបញ្ចូលគ្នាចំនួន៥៤៥លានដុល្លារអាមេរិក។ នេះបើយោងតាមប្រភពសុំមិនបញ្ចេញអត្តសញ្ញាណ ព្រោះនេះជាព័ត៌មានលម្អិតឯកជន។

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កមួយនេះបាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងទិញអគារការិយាល័យបន្ថែមទៀត ដោយផ្តោតលើអគារថ្មីៗ ដែលមានតម្រូវការជួលខ្លាំង។ កាលពីខែមករា ប្រធានក្រុមហ៊ុន Blackstone លោក Jon Gray បានលើកឡើងថា ទីផ្សារការិយាល័យបានធ្លាក់ចុះដល់បាត។

កាលពីដើមខែមិថុនានេះ មូលនិធិរបស់ក្រុមហ៊ុន Blackstone Real Estate បានទិញភាគហ៊ុននៅក្នុងអគារខ្ពស់កប់ពពក 1345 Avenue of the Americas ក្នុងសង្កាត់ Manhattan នៃទីក្រុងញូវយ៉ក។

ទីក្រុង Bellevue បានទទួលអត្ថប្រយោជន៍ពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកយក្សដូចជាក្រុមហ៊ុន Amazon ក្រុមហ៊ុន Meta Platforms របស់បណ្តាញសង្គម Facebook និងក្រុមហ៊ុន Salesforce ដែលបានជួលការិយាល័យនៅក្នុងតំបន់នោះ។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ ​​CBRE Group បានឱ្យដឹងថា អត្រាទំនេរការិយាល័យនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលរបស់ទីក្រុង Bellevue មានចំនួន១៩ភាគរយ បើធៀបនឹងអត្រាទំនេរការិយាល័យនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលរបស់ទីក្រុង Seattle ចំនួន៣៣ភាគរយ៕

ប្រមុខការពារជាតិកម្ពុជាៈភាគីថៃបានបំពានMOUឆ្នាំ២០០០ចំនួន៦៩៥លើក

0

ដោយៈ គង់ សូរិយា

    ត្បូងឃ្មុំៈ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអះអាងថា ភាគីថៃបានបំពានកម្ពុជា និងបំពានលើអនុស្សារណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MoU 2000) ចំនួន៦៩៥ករណីមកហើយ ក្នុងនោះរាប់ទាំងការធ្វើផ្លូវ និងល្បាតតាមព្រំដែន។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ សីហានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ការបំពាន MoU ឆ្នាំ២០០០ គឺថៃជាអ្នកបំពានលើសពីកម្ពុជាដាច់តែម្តង។

នាយឧត្តមសនីយ៍បានបញ្ជាក់ថា “យើងបានចងក្រង យើងមានឯកសារ ភស្ដុតាងទាំងអស់ ថៃបានឈ្លានពាន ឬមិនគោរពនូវMoU ឆ្នាំ២០០០”។ លោកបន្ថែមថា “យើងសរុបមកជាបណ្ដោះអាសន្ន មានចំនួន៦៩៥ករណី ដែលបំពានទៅលើMoU ឆ្នាំ២០០០ ហើយនៅមានការធ្វើផ្លូវ និងល្បាតដោយមិនជូនដំណឹងមកភាគីកម្ពុជា”

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហាបានបន្តថា វាជារឿងគួរឲ្យអស់សំណើចដែលក្នុងកិច្ចប្រជុំJBC កន្លងទៅភាគីថៃ បានចោទប្រកាន់កម្ពុជាថា បំពានMoU ឆ្នាំ២០០០។ អ្វីដែលថៃចោទកម្ពុជាបំពាននោះ ដូចជាការធ្វើស្រែលើសព្រំដែន និងឡើងច្រៀងលើប្រាសាទតាមាន់ជាដើម ខណៈថៃខ្លួនឯងបំពានកម្ពុជាដាច់តែម្ដង។

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបន្ថែមទៀតថា “ភាគីថៃតែងទាមទារចង់បានសន្ដិភាព និងមិនចង់មានបញ្ហាជាមួយកម្ពុជា ព្រមទាំងបានចាត់ទុកថា ការដាក់ទ័ពរបស់គេមកព្រំដែនដើម្បីការពារ”។ លោកបន្តថា “ដូច្នេះកម្ពុជាពង្រាយកម្លាំងទ័ព ក៏ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពដូចគ្នា”៕

សូមគាំទ្រៈសម្តេចតេជោអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជាស្វាគមន៍មកគង់នៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភាកម្ពុជា បានចូលរួមអបអរសាទរ ជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា។

សម្តេចតេជោបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី២០ មិថុនានេះថា ខ្ញុំសូមអរគុណនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរស សម្រាប់លោកឪស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ។

សម្តេចបានបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា រឿងលោកឪស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ”។

ម្យ៉ាងទៀតរឿងលោកឪស៊ុច ក៏មិនជារឿងថ្មីនោះដែរ ព្រោះខ្លួនខ្ញុំក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ។

នៅពេលទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការយើងមានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអ៊ីន និងស្វាមី បានមកទទួលទានអាហារនៅផ្ទះខ្ញុំ។

មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់ខ្ញុំបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយខ្ញុំដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ។

មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំ រវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញ ដោយការបែកធ្លាយនូវការសន្ទនា តាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយ ដែលមានកំហឹងចំពោះការប្រមាថមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រីកម្ពុជាថាគ្មានវិជ្ជាជីវៈ៕

 

 

អាផាតមុិនចំនួន១៣៨យូនីតនៅគម្រោងលំនៅដ្ឋានថ្មីមួយលើកោះហុងកុងលក់ដាច់អស់ក្នុងរយៈពេល៧ម៉ោង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់អាផាតមុិនជុំទី១នៅគម្រោងលំនៅដ្ឋាន Deep Water Pavilia ដែលសាងសង់ដោយក្រុមហ៊ុន New World Development ត្រូវបានលក់ដាច់អស់ក្នុងតម្លៃទាបបំផុតក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។

អាផាតមុិនទាំង១៣៨យូនីតនៅគម្រោងក្នុងសង្កាត់ Wong Chuk Hang នេះត្រូវបានលក់អស់ក្នុងរយៈពេល៧ម៉ោងនៃការបើកដំណើរការ ដោយទទួលបានទឹកប្រាក់សរុបចំនួន១,៥៣ពាន់លានដុល្លារហុងកុង (ប្រមាណ១៩៦លានដុល្លារអាមេរិក)។នេះបើយោងតាមការដកស្រង់ដោយកាសែត South China Morning Post។

ដោយឡែក កាសែត Bloomberg បានរាយការណ៍ថា អាផាតមុិនទាំងអស់នោះមានបន្ទប់គេងចាប់ពី២បន្ទប់ទៅ៤បន្ទប់ និងមានតម្លៃចន្លោះពី៨,៥លានដុល្លារហុងកុងទៅ៣៧,២លានដុល្លារហុងកុង ក្នុងមួយយូនីត ឬមានតម្លៃជាមធ្យមប្រហែល២៨.៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដែលនេះជាតម្លៃទាបបំផុតសម្រាប់ផ្ទះថ្មីក្នុងតំបន់ខាងលើ។

អាផាតមុិនទាំងនោះមានតម្លៃថោកជាងតម្លៃអាផាតមុិននៅគម្រោង Blue Coast របស់ក្រុមហ៊ុន CK Asset Holdings ក្នុងរង្វង់ប្រហែល៤,៥ភាគរយ។ ការបញ្ចុះតម្លៃរបស់ក្រុមហ៊ុន New World Development បានជំរុញឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

គម្រោងលំនៅដ្ឋាន Deep Water Pavilia ត្រូវបានសាងសង់ដោយក្រុមហ៊ុន New World Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលរបស់គ្រួសារមហាសេដ្ឋីត្រកូល Cheng ក្នុងតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន។

យោងតាមលោក Louis Chan Wing-kit នាយកប្រតិបត្តិទីភ្នាក់ងារអចលនទ្រព្យ Centaline បានឱ្យដឹងថា គម្រោងនេះបានទាក់ទាញទាំងអ្នកទិញក្នុងគោលបំណងរស់នៅ និងអ្នកទិញក្នុងគោលបំណងវិនិយោគ ដោយសារផ្ទះមានតម្លៃថោក និងមានទីតាំងល្អស្ថិតនៅជិតស្ថានីយ៍រថភ្លើងដ៏ធំ។

លោក Sammy Po Siu-ming នាយកប្រតិបត្តិក្រុមហ៊ុន Midland Realty ប្រចាំទីក្រុងហុងកុង និងម៉ាកាវ បានបញ្ជាក់ថា ចំនួន៤០ភាគរយនៃអ្នកទិញអាផាតមុិននៅគម្រោង Deep Water Pavilia ជាអ្នកវិនិយោគដែលស្វែងរកប្រាក់ចំណូលពីការជួល ខណៈចំនួន៦០ភាគរយទៀតជាអ្នកទិញដើម្បីរស់នៅ៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៧០,៤ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦៤ភាគរយដល់ត្រឹម៣៣៤៨,៧០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,៣២ភាគរយដល់៣៣៦៣,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៨,៥៨ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៩១ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

ដំណឹងល្អៈ រដ្ឋាភិបាលគ្រោងចំណាយទុន៣០លានដុល្លារអភិវឌ្ឍន៍តំបន់ភ្នំប្រសិទ្ឋជារមណីយដ្ឋានទេសចរណ៍និងលំហែរកម្រិតខ្ពស់

0

ដោយៈ ស៊ីវ ម៉េង

    កណ្តាលៈ ប្រសិនជាមិនមានការប្រែប្រួលទេនោះ រដ្ឋាភិបាលនឹងចំណាយទុនចំនួន៣០លានដុល្លារ ដើម្បីអភិវឌ្ឍន៍នៅតំបន់ជុំវិញរម​ណីយដ្ឋានភ្នំប្រសិទ្ឋ ជារមណីយដ្ឋានលំហែរកាយកម្រិតខ្ពស់។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា លោកបានចូលរួមកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ ដើម្បីរៀបចំកញ្ចប់ថវិកាលើការវិនិយោគ លើលំហសាធារណៈ សួនច្បារ និងការអភិវឌ្ឈនៅជុំវិញរមណីយដ្ឋានភ្នំប្រសិទ្ឋ ស្ថិតក្នុងខេត្តកណ្តាល។

លោកបញ្ជាក់ថា “គំរោងនេះ នឹងមានការរៀបចំសួនច្បារ កន្លែងលេងកម្សាន្ត និងសាងសង់ប៉មខ្ពស់មូយ ដែលអាចឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឡើងទៅញាំអាហារ និងគយគន់ទិដ្ឋភាពជុំវិញនេះ ព្រមទាំងស្រូបយកខ្សល់អាកាសបរិសុទ្ឋ”។

លោកបានបង្ហើបឲ្យដឹងបន្តថា បង្គោលអង់តែនទូរទស្សន៍ទួលគោក បច្ចុប្បន្ននេះ នឹងរើទៅកាន់តំបន់ភ្នំប្រសិទ្ឋនាពេលខាងមុខ ខណៈផែនការនេះ ដើរស្របគ្នានឹងទីតាំងមួយចំនួនទៀត ដែលរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានគ្រោងរៀបចំឡើង ដើម្បីបំរើផលប្រយោជន៍សាធារណៈ និងលើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលគ្រោងរៀបចំលំហរ សាធារណៈនៅតាមទីក្រុងសំខាន់ៗទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋហាត់ប្រាណ ថែរសុខភាព ដោយសារបច្ចុប្បន្ន អ្នកមានជំងឺទឹកនោមផ្អែមមានប្រមាណ១លាននាក់ ដែលពួកគេចំណាយតែម្នាក់៥០ដុល្លារក្នុងមួយខែ ក៏ពួកគេត្រូវចំណាយ៥០លានដុល្លារដែរ។

លោកបន្តថា “រដ្ឋាភិបាលបាននិងកំពុងគិតគូរវិនិយោគ លើលំហឬសាធារណៈ ដើ​ម្បីបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងកាត់បន្ថយជំងឺមិនឆ្លងរបស់ប្រជាពលរដ្ឋ”។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោក   យិន លាងគង់ ដែលបានតាមដានការវិវត្តន៍នៃសេដ្ឋកិច្ច សង្គមកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៩ មិថុនាបានគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាល ដោយលោកចាត់ទុកការអភិវឌ្ឍ នៅតំបន់ភ្នំប្រសិទ្ឋ មានគោលដៅគាប់ប្រសើរជាច្រើន ដូចជា ទី១ ពង្រីកផែនការជម្រុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ផ្សារភ្ជាប់រាជធានីភ្នំពេញ ជាមួយក្រុងឧត្តុងម៉ែជ័យ ទី២ ដើម្បីជម្រុញនិងទាក់ទាញប្រជាពលរដ្ឋទៅរស់នៅតំបន់ភាគខាងជើងច្រើន ដើម្បីកាត់បន្ថយការកកស្ទះ នៅក្នុងរាជធានីភ្នំពេញ ស្របពេលបច្ចុប្បន្នតំបន់ភ្នំប្រសិទ្ឋ មិនសូវមានប្រជាពលរដ្ឋរស់នៅច្រើនទេ។

ទី៣ ជាការធ្វើសមាហរណកម្មរមណីយដ្ឋាន ដែលមានស្រាប់ ជាមួយផែនការថ្មី ដែលមានភាពបន្ស៊ីគ្នាលើបរិស្ថាន និងសេដ្ឋកិច្ច សង្គម។

លោកយិន លាងគង់បានបន្តថា ការសម្រេចចិត្តវិនិយោគលើលំហរសាធារណៈ សួនច្បារ និងកន្លែងកម្សាន្តនានា ជាការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកកំពស់សុខមាលភាពប្រជាពលរដ្ឋផង ការកម្សាន្តផង និងរូមចំណែកកាត់បន្ថយជំងឺមិនឆ្លងរបស់ប្រជាពលរដ្ឋផងដែរ៕

ក្រុមការងាររដ្ឋនិងផ្នែកឯកជនក្នុងវិស័យទេសចរណ៍បើកកិច្ចប្រជុំក្រោមទិសស្លោក “ទាំងអស់គ្នាដើម្បីទេចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសហប្រធានផ្នែកឯកជនបានបើកកិច្ចប្រជុំ ក្នុងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម មហាគ្រួសារវិស័យទេសចរណ៍ រួបរួមសាមគ្គីគ្នា ក្រោមទិសស្លោក “ទាំងអស់គ្នាដើម្បីទេសចរណ៍, ទេសចរណ៍ដើម្បីទាំងអស់គ្នា”។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមក្របខណ្ឌសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការទី៣ (កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន) កាលពី ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការដាក់ចេញវិធានការគន្លឹះ ដើម្បីជំរុញសន្ទុះវិស័យទេសចរណ៍ ព្រមទាំងធានានិរន្តភាព និងភាពធន់នៃវិស័យទេសចរណ៍ទៅនឹងវិបត្តិ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ មន្រ្តីពាក់ព័ន្ឋ និងតំណាងវិស័យឯកជនដឹកនាំដោយលោកឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម “ខ” លោកគឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ប្រធាន និងតំណាងសមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមតាមប្រព័ន្ធ Zoom ពីសំណាក់លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សរុបចំនួន៦០រូប៕

បញ្ហាប្រឈមចំនួន៦ចំណុចត្រូវបានលើកឡើងក្នុងកិច្ចប្រជុំក្រុមការងាររដ្ឋនិងវិស័យឯកជន

0

ដោយៈ និស្ស័យ

ភ្នំពេញៈ ក្រុមមន្រ្តី និងតំណាងផ្នែកឯកជន បានបើកកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំកាលពីថ្ងៃទី១៩ មិថុនាកន្លងមកនេះ បានធ្វើឡើងអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឧកញ៉ា ម៉ុង រិទ្ធិថា សហប្រធានក្រុមការងារ “ក” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុសហប្រធានក្រុមការងារ “ក” ផ្នែកឯកជន តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តំណាងសមាគមវិនិយោគិនកម្ពុជា តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា តំណាងសមាគមវារីវប្បកម្មនៅកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ “ក” ផ្នែកឯកជនមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់  ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជន ពាក់ព័ន្ធថ្មីៗបន្ថែមទៀត ទាក់ទងនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនចំនួនរួមមាន ទី១ សំណើសុំឱ្យធនាគារជាតិនៃកម្ពុជាបន្ធូរបន្ថយនីតិវិធី ដល់ការកែច្នៃកសិផលក្នុងស្រុក ទី២ សំណើសុំឱ្យក្រសួងពាក់ព័ន្ធ ជួយរកទីផ្សារដល់ការកែច្នៃកសិផលក្នុងស្រុក ទី៣ ការផ្គូរផ្គង រវាងអ្នកទទួលទិញផលិតផលកសិកម្ម និងអ្នកផ្គត់ផ្គង់ដោយផ្ទាល់ ទី៤ ផលពិបាកក្នុងការទទួលបានកម្ចី ពីធនាគារសហគ្រាសធុនតញច និងមធ្យមសម្រាប់វិស័យកសិកម្ម ។

ទី៥ ការដាក់លក់ផលិតផលក្នុងស្រុក ក្នុងផ្សារទំនើបមាននីតិវិធីច្រើន និងស្មុគស្មាញ  និងទី៦ សំណើសុំបន្តសុពលភាពការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យកសិកម្ម រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕

ខេត្តបាត់ដំបងត្រៀមរៀបចំ “ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង” ឆ្នាំ២០២៥

0

ដោយៈ និស្ស័យ

    បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោកសុខ លូអភិបាលនៃគណៈអភិបាលខេត្តបាន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥។

កិច្ចប្រជុំនេះ ក៏បានត្រួតពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ នាពេលឆាប់ៗខាងមុខនេះ។

ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ នេះគ្រោងរៀបចំឡើងរយៈពេលមួយសប្តាហ៍ពេញ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ និងមានប៊ូហ្វេទុរេនបាត់ដំបង រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះផងដែរ។

រដ្ឋបាលខេត្តអំពាវនាវសូមបងប្អូនភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ អោយបានច្រើនកុះករ៕