សាទរ! ក្រសួងពាណិជ្ជកម្មសហការជាមួយក្រុមជាតិ អន្តរជាតិនាំយកកសិផលខ្មែរពីខេត្តព្រះវិហារ មកលក់នៅរាជធានីភ្នំពេញ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ស្របពេលស្ថានភាពកសិផលខ្មែរ(ល្ពៅ) ជួបបញ្ហាទីផ្សារក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនជាតិ អន្តរជាតិធំៗ ដើម្បីទិញកសិផលខ្មែរពីខេត្តព្រះវិហារ មកលក់នៅរាជធានីភ្នំពេញ។

ក្រុមហ៊ុនដែលទទួលលក់ និងគាំទ្រផលិតផលខ្មែរ រួមមានក្រុមហ៊ុនជីប ម៉ុង(Chip Mong Mega Mall) ក្រុមហ៊ុនAEON Mallភ្នំពេញ ក្រុមហ៊ុនE Gets, និងមានការសម្របសម្រួលដឹកជញ្ជូនពីក្រុមហ៊ុនវីរៈ ប៊ុនថាំ និងក្រុមហ៊ុនមួយចំនួនទៀត។

តម្លៃល្ពៅខ្មែរ ដែលបានដឹកមកដល់រាជធានីភ្នំពេញ បានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាមួយតម្លៃល្ពៅសមរម្យបំផុតត្រឹម១០០០រៀលក្នុងមួយផ្លែ។

យោងតាមបណ្តាញទំនាក់ទំនងសង្គម របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ល្ពៅរបស់កសិករខ្មែរយើង មកពីខេត្តព្រះវិហារកំពុងតែត្រូវបានដឹកចេញ មកកាន់រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយនឹង ក្រសួងពាណិជ្ជកម្ម Ministry of Commerce ។

ក្នុងនេះដែរ ក្រុមហ៊ុនE-GetS បានជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីយកមកធ្វើសប្បុរសធម៌ ចែករំលែកជូនទៅមជ្ឈមណ្ឌល កុមារកំព្រា និងចាស់ជរាផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនChip Mong Retails បានបង្ហាញលើគេហទំព័ររបស់ខ្លួនថា តម្លៃត្រឹមតែ1000រៀលប៉ុណ្ណោះក្នុងមួយផ្លែ នៅផ្សារជីប ម៉ុង ស៊ុបភើម៉ាឃីត។

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រមូលទិញល្ពៅរាប់តោនពីកសិករខ្មែរក្នុងខេត្តព្រះវិហារ ដើម្បីជួយសម្រួលទុក្ខលំបាករបស់កសិ​ ករ​លើបញ្ហាទីផ្សារ ក្រោមការសហការជាមួយ ក្រសួងពាណិជ្ជកម្ម Ministry of Commerce។

ក្រុមហ៊ុនChip Mongបានឲ្យដឹងទៀតថា ក្នុងការរួមសហការជាមួយក្រសួងពាណិជ្ជកម្ម និងស្របពេលកំពុងមានមានបញ្ហាការបិទច្រកព្រំដែន ក្រុមហ៊ុន ជីប ម៉ុង បានប្រមូលទិញដំណាំល្ពៅខ្មែររាប់តោនពីកសិករខ្មែរក្នុងខេត្តព្រះវិហារ ដើម្បីយកមកលក់នៅក្នុងផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត និងចែកជូនអតិថិជនដោយឥតគិតថ្លៃ ធ្វើយ៉ាងណា អាចសម្រាលបន្ទុកដល់បងប្អូនប្រជាកសិករ ក៏ដូចជាបង្កើតចរន្តសេដ្ឋកិច្ចកម្ពុជា

អតិថិជនទាំងអស់អាចរកទិញល្ពៅធម្មជាតិ ដាំដុះដោយកសិករខ្មែរ ១០០ភាគរយបាន ពីគ្រប់សាខាទាំងអស់របស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ក៏ដូចជា ទទួលយកដោយឥតគិតថ្លៃ និងមួយផ្នែកទៀត សម្រាប់ចែកដល់បុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង។ គ្រប់អតិថិជនទាំងអស់ នឹងទទួលបានល្ពៅដោយឥតគិតថ្លៃចំនួន១ផ្លែ ដោយគ្រាន់តែធ្វើការចំណាយចាប់ពី១០ដុល្លារឡើង ទៅក្នុងមួយវិក្កយបត្រ ហើយក្នុងមួយវិក្កយបត្រទទួលបានត្រឹមតែ៣ផ្លែប៉ុណ្ណោះ។

កម្មវិធីថែមជូនពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅគ្រប់សាខារបស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត រហូតដល់អស់ពីស្តុក។

ក្រុមហ៊ុនChip Mong Retailsបានបញ្ជាក់ផងដែរថា ទ្វាររបស់ផ្សារទំនើបកូនខ្មែរមួយនេះ នៅតែបើកចំហ និងលើកទឹកចិត្តដល់បងប្អូនកសិករខ្មែរគ្រប់ទម្រង់ ក្នុងការដាំដុះ ការយកទំនិញរបស់ខ្លួនមកដាក់លក់ ក៏ដូចជាការបន្តរួមសហការ ដើម្បីធ្វើយ៉ាងណាអោយវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើន កាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាចផលិតក្នុងស្រុកបាន រហូតអាចជួយរួមចំណែកពង្រឹងទីផ្សារផលិតផលក្នុងស្រុក ឲ្យកាន់តែមានសន្ទុះគាំទ្រទ្វេឡើង បង្ហាញអោយឆាកអន្តរជាតិឃើញថា ខ្មែរអាចធ្វើបានហើយ។

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក៕

 

កោះឬស្សីកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនខ្មែរ និងបារាំង មិនដូចពាក្យចចាមអារ៉ាមថា វៀតណាមចូលគ្រប់គ្រងទេ

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ កោះឬស្សី ក្នុងខេត្តព្រះសីហនុ កំពុងដំណើរសាងសង់ និងអភិវឌ្ឍជារមណីដ្ឋាន (RESORT) ដោយក្រុមហ៊ុនរបស់ខ្មែរមួយ និងក្រុមរបស់ប្រទេសបារាំងមួយ បន្ទាប់ពីទទួលបានការ​អនុញ្ញាត​ពីរាជរដ្ឋាភិបាល។

មកដល់ពេលនេះមានការអភិវឌ្ឍយ៉ាងច្រើន និងកំពុងទទួលបានការទាក់ទាញ ប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ជាច្រើនកុះករ នាំគ្នាទៅលេងកម្សាន្តជាលក្ខណៈគ្រួសារ ជាលក្ខណៈក្រុមហ៊ុន និងជាលក្ខណៈឯកជនជាហូរហែរ ជាពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិនានា។

លោក ឆាយ សុធី ប្រធានផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធន​ធានមនុស្សនៃក្រុមហ៊ុន EVERSPRING RESORT នៅលើ “កោះឫស្សី” បានឱ្យដឹងថា ប្រតិបត្តិការនៃរមណីដ្ឋាននៅលើ កោះឫស្សីនេះ គឺប្រព្រឹត្តិទៅជាធម្មតា ហើយក៏កំពុងទទួលបានភ្ញៀវជាជនជាតិខ្មែរ មកពីគ្រប់ទិសទីតាមបណ្តាខេត្ត ជាពិសេសមកពីទីក្រុងភ្នំពេញ មកពីក្រុងព្រះសីហនុ មានទាំងជនជាតិខ្មែរ ជនជាតិចិន និងជនបរទេសផ្សេងៗទៀត មកជាហូរហែរ។

លោកបន្ថែមទៀតថា រមណីដ្ឋាននៅលើកោះឫស្សីនេះ បានប្រតិបត្តិការទៅជាធម្មតា ជាពិសេសមានភ្ញៀវច្រើននៅចុងសប្តាហ៍ និងថ្ងៃបុណ្យទានផ្សេងៗ ដែលភ្ញៀវទាំងអស់ មានទៅលេង​ជាលក្ខណៈគ្រួសារ ជាលក្ខណៈក្រុមហ៊ុន និងជាលក្ខណៈឯកជន មកបន្តជាហូរហែរផងដែរ។

ដោយឡែក លោក គឹម ចាន់ ចៅសង្កាត់រាម បានឱ្យដឹងដែរថា ស្ថានភាពនៅលើកោះឫស្សីនេះ កំពុងអំណោយផលល្អ ហើយមានក្រុមហ៊ុនចំនួន២ កំពុងអភិវឌ្ឍមានក្រុមហ៊ុនរបស់ខ្មែរមួយ និងក្រុមហ៊ុន​របស់បារាំងមួយ កំពុងអភិវឌ្ឍនិងដំណើរការ ទទួលភ្ញៀវទេសចរ ដែលភ្ញៀវទេសចរណ៍ មកលេងលើកោះឫស្សីនេះភាគច្រើន ជាជនជាតិខ្មែរ។

ទាក់ទងនឹងកោះឬស្សី នេះដែរ ជុំវិញបញ្ហាដែលមានក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា “កោះឬស្សី ត្រូវបានវៀតណាមគ្រប់គ្រង។

 លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកប្រកាសច្រានចោល លើការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត និងបានបញ្ជាក់ថា កោះឫស្សីនេះ ជាកោះមួយដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ឲ្យក្រុមហ៊ុនចំនួន២ យកទៅធ្វើការវិនិយោគ ហើយអភិវឌ្ឍន៍ទៅជារមណីដ្ឋាន។

លោក ឡុង ឌីម៉ង់ បានបន្ថែមថា សព្វថ្ងៃនេះមានក្រុមហ៊ុនរបស់ខ្មែរមួយបានសាងសង់នឹងអភិវឌ្ឍចប់ហើយ កំពុងដំណើរការប៉ែកខាងជើងនៃកោះ ដោយឡែកប៉ែកខាងត្បូង គឺជាការវិនិយោគដោយ​ក្រុមហ៊ុនបារាំងមួយ និងបានដាក់ឱ្យដំណើរការ និងកំពុងទទួលបានការសាទរច្រើន ដែលមានជាប្រភេទរមណីដ្ឋាន សណ្ឋាគារលំដាប់ខ្ពស់ និងជាប្រភេទផលិតផល ទេសចរណ៍ដ៏ល្អ របស់ខេត្តព្រះសីហនុផងដែរ៕

កំណើននៃតម្រូវការអចលនទ្រព្យឧស្សាហកម្មនៅប្រទេសហ្វីលីពីនជំរុញឱ្យមានការទិញដីធ្លី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឧស្សាហកម្ម​នៅប្រទេសហ្វីលីពីនកំពុង​បង្កើនការទិញ​ដីធ្លី ​និង​ការ​ដំឡើងគ្រឿង​បរិក្ខារ​ផ្សេងៗដើម្បី​បំពេញ​តាម​សភាពការណ៍វិវត្តន៍នៃតម្រូវការ​របស់បណ្តា​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស។

លោក Ricardo F. Lagdameo ប្រធានក្រុមហ៊ុនអចលនទ្រព្យ Damosa Land, Inc. (DLI) បានទទួលស្គាល់ពីសារៈសំខាន់នៃការរក្សាការប្រកួតប្រជែង ដោយគិតគូរពីការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពឃ្លាំង និងរោងចក្រ។

ក្រុមហ៊ុននេះគ្រោងនឹងបន្តបោះទុនវិនិយោគក្នុងការធ្វើទំនើបកម្មគ្រឿងបរិក្ខារ និងពង្រីកទីតាំង ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដី។

យោងតាមក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ប្រទេសហ្វីលីពីនអាចប្រឈមមុខនឹងការបាត់បង់ឱកាសដើម្បីទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្ម ដោយសារតែការផ្គត់ផ្គង់ឃ្លាំង និងរោងចក្រនៅមានកម្រិត និងមានសភាពចាស់មិនទាន់សម័យ។

ក្រុមហ៊ុន CBRE បានព្យាករណ៍ថា ប្រទេសហ្វីលីពីននឹងទទួលបានការផ្គត់ផ្គង់អចលនទ្រព្យឧស្សាហកម្មថ្មីបន្ថែមចំនួន៧៩.៦៦៩ម៉ែត្រការ៉េនៅឆ្នាំ២០២៥នេះ ដោយភាគច្រើននៃការផ្គត់ផ្គង់ឃ្លាំង និងរោងចក្រនាពេលខាងមុខមានទីតាំងនៅទីក្រុង Laguna ទីក្រុង Cavite និងទីក្រុង Batangas ។

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្មបានលើកឡើងថា បច្ចុប្បន្ននេះ បណ្តាវិនិយោគិនទូទាំងពិភពលោកកំពុងស្វែងរកមជ្ឈមណ្ឌលផលិតកម្មជាយុទ្ធសាស្ត្រដែលអាចគាំទ្រដល់កំណើនរយៈពេលវែង។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Aboitiz InfraCapital បានលើកឡើងថា បច្ចុប្បន្ននេះ អ្វីដែលបណ្តាអ្នកវិនិយោគសកលត្រូវការ រួមមានដូចជា ភាពច្បាស់លាស់ និរន្តរភាព និងល្បឿននៃទីផ្សារ។

ដើម្បីគាំទ្រដល់គោលដៅនិរន្តរភាពនៃទីផ្សារអចលនទ្រព្យ បណ្តាអ្នកអភិវឌ្ឍន៍ក៏រួមបញ្ចូលផងដែរនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ ប្រព័ន្ធត្រួតពិនិត្យថាមពល និងទឹក ការគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព និងហេដ្ឋារចនាសម្ព័ន្ធបៃតង៕

តើអគារខ្ពស់ជាងគេបង្អស់នៅតំបន់អាសុី និងខ្ពស់បំផុតទី២ លើពិភពលោក Merdeka 118 មានចំណុចពិសេសអ្វីខ្លះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារខ្ពស់កប់ពពក Merdeka 118 នៅក្នុងទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី មានលក្ខណៈពិសេសជាច្រើន រួមទាំងផ្នែកស្ថាបត្យកម្ម និងតំណាងនិមិត្តរូប។អគារ Merdeka 118 ជាអគារខ្ពស់ជាងគេបំផុតនៅតំបន់អាសុី ដោយបានវ៉ាដាច់អគារ Shanghai Tower នៅទីក្រុងសៀងហៃរបស់ប្រទេសចិន។

លើសពីនេះ អគារ Merdeka 118 ក៏ជាប់ឈ្មោះជាអគារខ្ពស់ជាងគេបំផុតទី២នៅលើពិភពលោកផងដែរ បន្ទាប់ពីអគារ Burj Khalifa នៅទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។អគារ Merdeka 118 មានកម្ពស់៦៧៨,៩ម៉ែត្រ។

អគារនេះត្រូវបានសាងសង់នៅជិតកីឡដ្ឋាន Stadium Merdeka ដែលជាទីតាំងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ព្រោះប្រទេសម៉ាឡេស៊ីបានប្រកាសឯករាជ្យនៅកីឡដ្ឋាននេះកាលពីឆ្នាំ១៩៥៧។ ពាក្យ“Merdeka” ជាភាសាម៉ាឡេមានន័យថា “ឯករាជ្យ”។

តួខ្លួនរបស់អគារនេះត្រូវបានរចនាឡើងដើម្បីប្រៀបប្រដូចទៅនឹងការលើកដៃរបស់លោក Tunku Abdul Rahman ដែលជានាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនៃពិធីប្រកាសឯករាជ្យ។

អគារ Merdeka 118 បានទទួលវិញ្ញាបនបត្របញ្ជាក់ពីភាពជាអ្នកដឹកនាំក្នុងការរចនាថាមពល និងបរិស្ថាន (LEED) និងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភាពបៃតង GreenRE របស់ប្រទេសម៉ាឡេស៊ី។ អគារនេះដាក់បញ្ចូលបច្ចេកវិទ្យាអគារឆ្លាតវៃ ប្រព័ន្ធសន្សំសំចៃថាមពល និងការប្រមូលស្តុកទុកទឹកភ្លៀង។

អគារ Merdeka 118 រួមមានសណ្ឋាគារប្រណីត Park Hyatt និងបន្ទប់ការិយាល័យ ដែលត្រូវបានជួលមួយចំណែកធំទៅឱ្យក្រុមហ៊ុនរដ្ឋ Permodalan Nasional ព្រមទាំងមានហាងលក់រាយ កន្លែងសង្កេតការណ៍នៅកំពូលអគារ និងមជ្ឈមណ្ឌលវប្បធម៌ ដូចជាវិចិត្រសាលជាដើម។

រូបរាងអគារនេះត្រូវបានយកតាមលំនាំសិល្បៈ និងសិប្បកម្មប្រពៃណីរបស់ម៉ាឡេស៊ី។ អគារនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីការរីកចម្រើន ភាពជឿជាក់ និងអត្តសញ្ញាណវប្បធម៌របស់ប្រទេសម៉ាឡេស៊ី។

អគារ Merdeka 118 មិនត្រឹមតែមានកម្ពស់ខ្ពស់ប៉ុណ្ណោះទេ។ ប៉ុន្តែ អគារនេះក៏ជានិមិត្តរូបនៃការបង្ហាញមោទនភាពជាតិ ការរចនាប្រកបដោយនិរន្តរភាព និងមហិច្ឆតាស្ថាបត្យកម្មរបស់ម៉ាឡេសុីក្នុងយុគសម័យទំនើបផងដែរ៕

រដ្ឋមន្រ្តីពាណិជ្ជកម្មជម្រុញទាក់ទាញការពង្រីកពាណិជ្ជកម្មនិងទាក់ទាញអ្នកធុរកិច្ចកូរ៉េមកកម្ពុជា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកជំទាវចម និម្មលបានជម្រុញឲ្យអ្នកធុរកិច្ចកម្ពុជា កូរ៉េធ្វើការរួមគ្នា ដើម្បីលើកកំពស់ពាណិជ្ជកម្ម និងការជម្រុញអ្នកធុរកិច្ចកូរ៉េមកវិនិយោគនៅមកម្ពុជា។

លោកជំទាវបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ “Mini-Korea Brand & Entertainment Expo (KBEE)២០២៥នៅរាជធានីភ្នំពេញ។

ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីលោក Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណកូរ៉េប្រចាំកម្ពុជា ឧកញ៉ា គួច ផេង​ អនុប្រធានសហពាណិជ្ជកម្មកម្ពុជា​ លោក Koo Bonkyung អគ្គនាយកតំបន់សម្រាប់ទ្វីបអាស៊ីអាគ្នេយ៍និងអូសេអានី នៃទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) ព្រមទាំងមន្រ្តីពាក់ព័ន្ឋ។

លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង បានយ៉ាងល្អប្រសើរ ប្រកបដោយភាពចម្រុះ រស់រវើក និងសម្បូរបែប ព្រមទាំងបានថ្លែងអំណរគុណផងដែរ ចំពោះការជ្រើសយកកម្ពុជា ជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍នេះឡើង។

លោកជំទាវរដ្ឋមន្ត្រីបានបន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន​ ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ការផ្លាស់ប្តូរប្រពៃណី វប្បធម៌ ក្នុងស្មារតីលើកកម្ពស់មិត្តភាព ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ។

លើសពីនេះ ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏នឹងបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាព​រួមគ្នា លើផ្នែកពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ផងដែរ។

លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរដូចជា ទី១- បន្តជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្ម ឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ជាពិសេ​សក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅកូរ៉េ ដូចជា៖ កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថលជាដើម។

ទី២- បន្តលើកទឹកចិត្តឱ្យវិស័យឯកជន នៃប្រទេសទាំងពីរ ចូលរួមក្នុងកម្មវិធីនានា ទៅតាមកាលវិភាគនីមួយៗឱ្យបានច្រើនកុះករ និងជាពិសេសចាប់យកឱកាសនានាឱ្យបានជាអតិបរមា ក្នុងការឈានទៅចាប់ដៃគូសហការក្នុងការធ្វើធុរកិច្ច និងវិនិយោគ ព្រមទាំងទាញយកប្រយោជន៍ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កិច្ច-ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលប្រទេសយើងទាំងពីរជាសមាជិក ដើម្បីជួយជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

ទី៣- បន្តលើកទឹកចិត្តឱ្យទីភ្នាក់ងារ ជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ ពិនិត្យលទ្ធភាពចាប់ដៃគូសហការជាមួយ ក្រុមការងារជំរុញការនាំចេញ និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំជាកម្មវិធីRoadshow សិក្ខាសាលាផ្សព្វផ្សាយអំពីតម្រូវការផលិតផល/សេវាកម្មនៅទីផ្សារកូរ៉េ-កម្ពុជា និងនីតិវិធីនាំចូលនានា ជំនួបផ្គូរផ្គងធុរកិច្ច និងកម្មវិធីតាំងពិព័រណ៍រួមគ្នាជាដើម ដើម្បីបន្តនិងពង្រីកវិសាលភាព ក្នុងការបង្កើតឱកាសដល់វិស័យឯកជនទាំងពីរ៕

រដ្ឋាភិបាលចិនលើកទឹកចិត្តដល់ការលក់លំនៅដ្ឋានដែលសាងសង់រួចរាល់ ដើម្បីកាត់បន្ថយកំណើននៃគម្រោងជាប់គាំង

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនកំពុងលើកទឹកចិត្តឱ្យបណ្តារដ្ឋបាលមូលដ្ឋាន និងបណ្តាអ្នកអភិវឌ្ឍន៍ផ្តោតលើការលក់អាផាតមុិនដែលសាងសង់រួចរាល់ ជំនួសឱ្យការលក់អាផាតមុិនបែប (Pre-sale) ដើម្បីកាត់បន្ថយហានិភ័យនៃគម្រោងជាប់គាំង និងស្តារទីផ្សារអចលនទ្រព្យឡើងវិញ។

ការលើកទឹកចិត្តនេះមានគោលបំណងបង្កើនការលក់ចំនួនអាផាតមុិនដែលសាងសង់រួចរាល់។ តួយ៉ាង ទីក្រុង Xinyang ស្ថិតក្នុងខេត្ត Henan នៅភាគកណ្តាលនៃប្រទេសចិនបានប្រកាសថា “អ្នកអភិវឌ្ឍន៍ត្រូវដាក់លក់លំនៅដ្ឋានថ្មី ដែលបញ្ចប់ការសាងសង់រួចរាល់ ជំនួសឱ្យការលក់អាផាតមុិនបែប (Pre-sale)”។

វិស័យ​អចលនទ្រព្យចិនបន្តជួបប្រទះបញ្ហាប្រឈម ខណៈគោលនយោបាយពន្ធ​គយរបស់​សហរដ្ឋអាមេរិក​ក៏​បង្កការគំរាម​កំហែង​ដល់​សេដ្ឋកិច្ច​ចិនផង​ដែរ។ ខណៈប្រសិទ្ធភាពនៃវិធានការជំរុញទីផ្សារអចលនទ្រព្យកាលពីឆ្នាំ២០២៤ កំពុងធ្លាក់ចុះ រដ្ឋាភិបាលចិនកំពុងព្យាយាមចាក់បញ្ចូលសន្ទុះថ្មីដល់ទីផ្សារលំនៅដ្ឋាន។

ការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្តចិនបានប្រកាសកាលពីខែមេសាថា “កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើង ដើម្បីស្តារទីផ្សារអចលនទ្រព្យឱ្យមានស្ថិរភាព និងទប់ស្កាត់មិនឱ្យទីផ្សារបន្តធ្លាក់ចុះ ព្រមទាំងលើកកម្ពស់ការបង្កើតគម្រូថ្មីសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យ”។

ជាទូទៅ អតិថិជននៅក្នុងប្រទេសចិនតែងចុះកិច្ចសន្យាទិញអាផាតមុិន និងចាប់ផ្តើមទូទាត់ប្រាក់កក់ មុនពេលអគារអាផាតមុិនទាំងនោះត្រូវបានសាងសង់រួចរាល់ ឬគេហៅថា ការលក់បែប Pre-sale។

បណ្តាអ្នកអភិវឌ្ឍន៍អាចទទួលបានសាច់ប្រាក់យ៉ាងលឿនតាមរយៈការលក់ Pre-sale ហើយពួកគេអាចបង្វិលសាច់ប្រាក់ទាំងនោះដើម្បីបោះទុនវិនិយោគលើគម្រោងថ្មីៗបន្ថែមទៀត។

ប៉ុន្តែ បណ្តាអ្នកអភិវឌ្ឍន៍បានជួបប្រទះវិបត្តិសាច់ប្រាក់ ក្រោយពេលរដ្ឋាភិបាលចិនបានរឹតបន្តឹងច្បាប់ផ្តល់ហិរញ្ញប្បទានលើអចលនទ្រព្យនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដើម្បីទប់ស្កាត់ពពុះក្នុងទីផ្សារអចលនទ្រព្យ។

លុះមកដល់ឆ្នាំ២០២២ គម្រោងអចលនទ្រព្យជាច្រើនបានជាប់គាំង ហើយអតិថិជនភាគច្រើនមិនទទួលបានផ្ទះទាន់កាលកំណត់ឡើយ៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងៈ តម្លៃដីធ្លីនៅជុំវិញតំបន់ភ្នំប្រសិទ្ឋនឹងងើបឡើងក្រោយលេចចេញផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកជំនាញដីធ្លី និងមានឥទ្ឋិពលលើវិស័យអចលនទ្រព្យ បានលើកឡើងដោយសុទិដ្ឋិនិយមពីតម្លៃដីធ្លី នៅតំបន់ជុំវិញភ្នំប្រសិទ្ឋនឹងងើបឡើង ខណៈគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលត្រូវបានបង្ហើបឲ្យដឹង។

លោកថ្លែងបែបនេះ ក្រោយគេហទំព័រPropertyarea.asiaបានបង្ហោះព័ត៌មានធំមួយ កាលពីថ្ងៃទី២០ មិថុនា ដែលរដ្ឋាភិបាលគ្រោងចំណាយទុន៣០លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់រមណីយដ្ឋានភ្នំប្រសិទ្ឋ ជាតំបន់លំហែរកាយកម្រិតខ្ពស់នាពេលខាងមុខ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ពេលលោកបានដឹងព័ត៌មាននេះ គឺពិតជាល្អណាស់ ហើយលោកគាំទ្រផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ព្រោះតំបន់ភ្នំប្រសិទ្ឋ បើសិនជាអភិវឌ្ឍន៍ជាតំបន់លំហែរកាយកម្រិតខ្ពស់ នឹងទាក់ទាញមនុស្សទៅលេងកំសាន្តច្រើន និងជម្រុញឲ្យតំបន់នេះ មានការអភិវឌ្ឍយ៉ាងសកម្ម។

លោកបញ្ជាក់ថា “តំបន់ភ្នំប្រសិទ្ឋ ជាតំបន់រមណីយដ្ឋានវប្បធ៌ម ធម្មជាតិតាំងពីដើមមក និងមានភាពល្បីល្បាញ ប៉ុន្តែក្រោយមកមានការបង្កើតតំបន់ទេសចរណ៍ថ្មីៗច្រើន បានធ្វើឲ្យចំនួនភ្ញៀវទៅទស្សនាតំបន់នេះថយចុះ”។ លោកបន្តថា “នៅពេលរដ្ឋាភិបាលចំណាយទុនវិនិយោគដ៏ធំនាពេលខាងមុខនេះ នឹងធ្វើឲ្យមនុស្សទៅលេងច្រើន ហើ​យនៅពេលមានមនុស្សទៅលេងច្រើន សេដ្ឋកិច្ចនៅមូលដ្ឋាននឹងរីកចម្រើនជាមួយគ្នាផងដែរ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានហៅសកម្មភាពបែបនេះ ជាការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលផលប្រយោជន៍សេដ្ឋកិច្ច ទទួលបានពីសេវាកម្មលំហែរកម្សា​ន្ត ការហូបចុក និងនិងការស្នាក់នៅ ពិសេ​សវានឹងធ្វើឲ្យតម្លៃដីធ្លីនឹងកំរើកឡើងវិញ ប៉ុន្តែវាឡើងកម្រិតណាអាស្រ័​យស្ថានភាពជាក់ស្តែង ប៉ុន្តែច្បាស់ណាស់វានឹងកើនឡើង៕

កម្ពុជាជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានសហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីរៀបចំសិក្ខាសាលាស្តីពីការជំរុញការវិនិយោគបៃតង ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។

ពិធីនេះបានប្រារពធ្វើក្រោមអធិបតីភាព លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន, អ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធប្រមាណ៨០រូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្ហាញពីគោលគំនិតនៃក្របខណ្ឌសួនឧស្សាហកម្មបៃតង (Eco-Industrial Park – EIP) និងពិភាក្សាអំពីគោលនយោបាយ និងបទប្បញ្ញត្តិអាទិភាព ក្នុងការជំរុញការវិនិយោគបៃតង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។

លោកបណ្ឌិត សរ សិនិរ៉ា បានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជំរុញកំណើនឧស្សាហកម្មនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ និងរួមបញ្ចូលកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល។

ជាការកត់សម្គាល់ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់២៣% ទៅ២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ២០២២ ដល់ ២០២៤ កន្លងទៅ។

ក្នុងទិដ្ឋភាពវិនិយោគ លោកបានលើកឡើងពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដែលជំរុញ និងលើកទឹកចិត្តការវិនិយោគបៃតង ដែលរួមមានការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យា ដែលរួមចំណែកដល់ការបន្សុំា និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា ជាដើម៕

សម្តេចធិបតីៈរយៈពេល៥ខែកម្ពុជាទាក់ទាញទុនវិនិយោគបានប្រមាណ៤២០០លានដុល្លារ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល ៥ខែឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន២៩០គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤.២ពាន់លានដុល្លារអាមេរិក។

ចំនួននេះបានកើនឡើងជាង១១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដោយកាលពីឆ្នាំមុនចំនួនគម្រោងមានចំនួន ១៣៧ គម្រោងស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង១.៤ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៥២%។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ បានប្រមាណ២.៩៥លាននាក់ កើនឡើង ១១.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការថ្លែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំរប​ស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គី។

សម្តេចមហាបវរធិបតីបានលើកឡើងថា កំណើននៃគម្រោងវិនិយោគ និងភ្ញៀវទេសចរនេះ បង្ហាញឱ្យឃើញពីការទុកចិត្តលើស្ថិរភាព និងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា សន្តិសុខសង្គមដែលធានាបាននូវសុខសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ ហើយរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថែទាំសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគីជាច្រើន ដែលបានជួយបើកច្រកទីផ្សារបានកាន់តែទូលាយ ក្នុងនោះយើងមានទីផ្សារអាស៊ាន ដែលមានប្រជាជនសរុបជាង៦៦២លាននាក់ ហើយកម្ពុជាក៏មានទីផ្សារនៃបណ្តាប្រទេសជាសមាជិកRCEP ដែលមានប្រជាជនសរុបប្រមាណជាង ២,៣ពាន់លាននាក់។

សម្តេចបញ្ជាក់ទៀតថា “ទីផ្សារទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើម សម្រាប់ផលិតកម្ម និង ការផ្គត់ផ្គង់ទំនិញ ផលិតផលសេវាកម្ម ពីបណ្ដារោងចក្រសហគ្រាសរបស់វិនិយោគិនគ្រប់រូប”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បរិយាកាសដ៏អំណោយផលនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឱ្យការវិនិយោគទាំងក្នុង និ ក្រៅប្រទេស ទទួលបានផ្លែផ្កាគាប់ប្រសើរ តាមរយៈគោលនយោបាយវិនិយោគ ប្រកបដោយភាពបត់បែន ជាមួយនឹងការលើកទឹកចិត្ត និងការការពារដល់ផលប្រយោ​ជន៍វិនិយោគិន៕

តម្លៃផ្ទះនៅរដ្ឋធានីធំៗរបស់បណ្តាប្រទេសអាសុីហក់ឡើងខ្លាំងលើសកំណើនតម្លៃជាមធ្យមទូទាំងប្រទេស

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋានក្នុងទីក្រុងសេអ៊ូលបានកើនឡើងដល់ចំនួនជាង៤ដងនៃតម្លៃផ្ទះជាមធ្យមនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដោយសរបញ្ជាក់ពីគម្លាតខុសគ្នារវាងការចំណាយលើការរស់នៅ និងវិសមភាពនៃអតិផរណា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារកណ្តាលកូរ៉េ។

គម្លាតរវាងកំណើនតម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងសេអ៊ូល និងកំណើននៃតម្លៃជាមធ្យមថ្នាក់ជាតិ បានស្ថិតក្នុងរង្វង់៦៩,៤ភាគរយ។នេះជាគម្លាតធំបំផុតបើធៀបនឹងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន (G7)។

ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ តម្លៃផ្ទះនៅទីក្រុងសេអ៊ូលបានហក់ឡើង១១២,៣ភាគរយ ខណៈដែលតម្លៃលំនៅដ្ឋានជាមធ្យមថ្នាក់ជាតិបានកើនឡើងត្រឹមតែ៤២,៩ភាគរយប៉ុណ្ណោះ។

ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ២ ដោយមានគម្លាតចំនួន៤៩,៨ភាគរយរវាងកំណើនតម្លៃលំនៅដ្ឋាននៅទីក្រុងប៉េកាំង និងកំណើនតម្លៃលំនៅដ្ឋានជាមធ្យមថ្នាក់ជាតិ។ ប្រទេសជប៉ុនមានគម្លាតចំនួន២៨,១ភាគរយរវាងកំណើនតម្លៃលំនៅដ្ឋាននៅទីក្រុងតូក្យូ និងកំណើនតម្លៃលំនៅដ្ឋានជាមធ្យមទូទាំងប្រទេស។

ប្រទេសកាណាដាមានគម្លាត២៤,៥ភាគរយរវាងរវាងកំណើនតម្លៃលំនៅដ្ឋាននៅទីក្រុង Toronto និងកំណើនតម្លៃលំនៅដ្ឋានជាមធ្យមថ្នាក់ជាតិ។ ប្រទេសអូស្រ្តាលីមានគម្លាតត្រឹមតែ៩,៨ភាគរយរវាងកំណើនតម្លៃលំនៅដ្ឋាននៅទីក្រុងសុីដនី និងកំណើនតម្លៃលំនៅដ្ឋានជាមធ្យមទូទាំងប្រទេស។

យ៉ាងណាមិញ គម្លាតអវិជ្ជមានត្រូវបានគេមើលឃើញនៅសហរដ្ឋអាមេរិក។ ទីក្រុងញូវយ៉កបានបង្ហាញពីគម្លាតពិន្ទុដក១៦,៣ភាគរយ ហើយទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេសមានគម្លាតពិន្ទុដក១៩,១ភាគរយ។

តួលេខខាងលើនេះមានន័យថា កំណើនតម្លៃផ្ទះនៅទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍មានកម្រិតទាបជាងកំណើនតម្លៃជាមធ្យមនៅទូទាំងប្រទេស៕