សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំក្រុមប្រឆាំងកុំញុះញង់ពលរដ្ឋរឿងបញ្ហាព្រំដែន, រាជរដ្ឋាភិបាលកម្ពុជា ចង់ដោះស្រាយបញ្ហានេះដោយសន្ដិវិធីបញ្ចៀសការបង្ហូរឈាម

0

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ដាំដល់ក្រុមអ្នកនយោបាយប្រឆាំង កុំព្យាយាមអុចអាលញុះញង់ប្រជាពលរដ្ឋលើបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រោះរាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈក្នុងការដោះស្រាយបញ្ហានេះដោយសន្ដិវិធី បញ្ចៀសការបង្ហូរឈាម ដើម្បីការពារបូរណភាពទឹកដី។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា», សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ចង់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយមិនបង្ហូរឈាមលើសមរភូមិ ទើបសម្រេចចិត្តក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ។

នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «សូមឲ្យបងប្អូនអ្នកនយោបាយមួយចំនួនគិតពីប្រយោជន៍ជាតិផង រដ្ឋាភិបាលធ្វើនេះដើម្បីជាតិយើងទាំងមូល ដើម្បីបូរណភាពទឹកដីរបស់យើង យើងចង់ឈ្នះក្ដីដោយមិនបង្ហូរឈាមនៅសមរភូមិ បានជាយើងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ)»។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី រំលឹកអ្នកនយោបាយប្រឆាំងថា កិច្ចការងារនេះ សូមទុកឱកាសឲ្យរាជរដ្ឋាភិបាល និងមន្រ្តីរួមគ្នាធ្វើការប្រកបដោយភាពទទួលខុសត្រូវ ដើម្បីប្រមូលផ្ដុំគ្នា ការពារផលប្រយោជន៍ស្របច្បាប់របស់កម្ពុជា ហើយតាមរយៈកិច្ចការនេះអ្នកនយោបាយប្រឆាំងមួយចំនួនមិនគួរឆ្លៀតចាប់យកផលប្រយោជន៍ បង្កើតជាភាពស្រពិចស្រពិលដល់ប្រជាពលរដ្ឋ បណ្ដាលឲ្យមានការភ័ន្ធច្រឡំនោះទេ។

ថ្លែងទៅកាន់អង្គវេទិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ក្រុមប្រឆាំងថា «បិទមាត់ខ្លះក៏គ្មានអ្នកណាថាគរដែរ» ហើយត្រូវទុកពេលវេលា ផ្ដល់កម្លាំងចិត្ត និងជំនឿចិត្តទៅកាន់កងទ័ពដែលនៅការពារព្រំដែន ដើម្បីប្រមូលផ្ដុំគ្នាការពារទុកជាមុនក្នុងករណី ភាគីម្ខាងទៀតផ្ទុះអាវុធ៕

ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានប្រកាសពីជោគជ័យដ៏ត្រចះត្រចង់នៃថ្ងៃកម្មវិធី “VIP LAND SELECTION DAY” របស់គម្រោង ជ្រោយចង្វារ ហ្គាដិន នៃទីក្រុងរណបជ្រោយចង្វារ

0

រាជធានីភ្នំពេញ, ថ្ងៃទី ១៣-១៤ ខែមិថុនា ឆ្នាំ២០២៥​ កន្លងទៅនេះ  – គម្រោង ជ្រោយចង្វារ ហ្គាដិន ដែលជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏លេចធ្លោរក្នុងរាជធានីភ្នំពេញ រីករាយនឹងប្រកាសពីភាពជោគជ័យនៃព្រឹត្តិការណ៍ថ្ងៃកម្មវិធីបើកលក់គម្រោងដីឡូតិ៍ជាផ្លូវការរបស់ខ្លួន គឺកម្មវិធី ‘VIP LAND SELECTION DAY’ ដែលបានប្រព្រឹត្តទៅនៅទីតាំងគម្រោង ក្នុងផ្ទះវីឡាគំរូរដ៏ស្រស់ស្អាតនៅចំកណ្តាលនៃទីក្រុងរណបជ្រោយចង្វារផ្ទាល់។

កម្មវិធី VIP LAND SELECTION DAY នេះបានទាក់ទាញអ្នកវិនិយោគ និងអតិថិជនដែលរង់ចាំឳកាសទិញដីសម្រាប់សាងសង់ផ្ទះវីឡាប្រណិតក្នុងក្ដីស្រមៃ មកចូលរួមយ៉ាងច្រើន កុះករ។ ការផ្ដល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ បានធ្វើអោយអតិធិជនជាច្រើនរង់ចាំកក់នូវប្លង់ដីដែលខ្លួនពេញចិត្តយ៉ាងអន្ទះសារ​​ និង​ជ្រើសរើសយកប្លង់ដីលំនៅឋានដ៏មានសក្តានុពល។បរិយាកាសពោរពេញដោយភាពរំភើបរីករាយ នៅពេលដែលអតិថិជនរបស់ខ្លួនទទួលបាននូវតម្លៃដ៏ពិសេស និង ភាពជោគជ័យក្នុងការវិនិយោគលើគម្រោងដីឡូតិ៍ថ្មី នាពេលអនាគតដ៏ឆាប់ខាងមុខនេះ។

លោកស្រី មាន ដាវិន តួនាទីជាប្រធានផ្នែកលក់នៃគម្រោងទីក្រុងរណបជ្រោយចង្វារផ្ទាល់ បានថ្លែងថា៖ “នាងខ្ញុំពិតជារំភើបចិត្តយ៉ាងខ្លាំងចំពោះការឆ្លើយតប នៃតម្រូវការរបស់អតិថិជននាសេដ្ឋកិច្ចពេលបច្ឋប្បន្ន ដោយ

ទិន្នន័យសន្ទុះនៃការគាំទ្រយ៉ាងច្រើនពីអតិថិជនទាំងចាស់ និងអតិថិជនថ្មីរបស់យើង។ ” លោកស្រី បានបង្ហើបបន្ថែមទៀតថា ‘គម្រោងជ្រោយចង្វារ ហ្គាដិន នឹងគិតគូរទៅលើការបើកលក់ជាប្រភេទដីឡូតិ៍ ទាំងប្រភេទខ្នាតផ្ទះវីឡា និងប្រភេទខ្នាតផ្ទះអាជីវកម្ម វគ្គក្រោយៗបន្តបន្ទាប់ទៀត បន្ទាប់ពីបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជន ដើម្បីឆ្លើយតបទៅកាន់អតិថិជនដែលស្វែងរកការរួមបញ្ចូលគ្នានៃភាពងាយស្រួលក្នុងការវិនិយោគដ៏ឆ្លាតវៃ និងការរស់នៅក្នុងគម្រោងដែលស្ថិតចំកណ្ដាលទីក្រុងភ្នំពេញ គួបផ្សំនិងសម្រស់ធម្មជាតិ និងបរិយាកាសបរិសុទ្ធអមទៅដោយទន្លេទាំងសងខាង សូមបញ្ជាក់បន្ថែមផងដែរថា នៅក្នុងគម្រោងជ្រោយចង្វារហ្គាដិនមាន ប្រភេទផ្ទះវីឡាទំនើបៗដូចជា វីឡាទោល វីឡាភ្លោះ វីឡាអាជីវកម្ម និងអគារពាណិជ្ជកម្មដែលកំពុងទទួលបានការពេញចិត្ត និងគាំទ្រជាច្រើនពីសំណាក់អតិថិជនផងដែរ។​​​ ​

ភាពជោគជ័យនៃថ្ងៃកម្មវិធី VIP LAND SELECTION DAY  គឺជាសញ្ញាសម្គាល់ដ៏សំខាន់សម្រាប់គម្រោងជ្រោយចង្វារ ហ្គាដិន ដែលបញ្ជាក់ពីជំហររបស់ខ្លួនជាជម្រើសវិនិយោគ និងលំនៅឋានឈានមុខគេនៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ដោយសារតែតម្រូវការខ្ពស់ និងចំនួនប្លង់ដែលនៅសល់មានកំណត់ ដូចនេះអតិថិជនដែលចាប់អារម្មណ៍សូមលើកទឹកចិត្តឱ្យទាក់ទងក្រុមការងារផ្នែកលក់ដោយផ្ទាល់សម្រាប់ឱកាស និងការសាកសួរព័ត៌មានលម្អិត និងការផ្ដល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់ ។

ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 011 885 865 | 086 885 895 | 089/093 822​ ​009

វិបត្តិក្នុងវិស័យអចលនទ្រព្យចិននៅតែជាក្តីកង្វល់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការធ្វើអត្ថាធិប្បាយនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីចិនលោក Li Qiang ស្តីពីការស្តារវិស័យអចលនទ្រព្យ និងការបង្កើនវិធានការគាំទ្រ ត្រូវបានគេវាយតម្លៃថា ជាការបង្ហាញនូវក្តីកង្វល់របស់ទីក្រុងប៉េកាំងចំពោះវិស័យអចលនទ្រព្យ ដែលធ្លាប់ជាសសរស្តម្ភសេដ្ឋកិច្ចសម្រាប់ប្រទេសចិន។

ក្រុមអ្នកវិភាគលើកឡើងថា ដោយសារមិនមានដំណោះស្រាយអាចបញ្ចប់វិបត្តិនេះបានភ្លាមៗ ទីក្រុងប៉េកាំងបានបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះផលប៉ះពាល់លើទំនុកចិត្តអ្នកទិញ និងតម្រូវការក្នុងស្រុក ខណសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅ។

កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋ ដែលបានកោះប្រជុំដោយលោក Li Qiang កាលពីថ្ងៃសុក្រសប្តាហ៍មុនបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្ថែមទៀតលើការគាំទ្រទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា កិច្ចប្រជុំបានគូសបញ្ជាក់ពីតម្រូវការក្នុងការបង្កើនប្រសិទ្ធភាពបន្ថែមទៀតនូវគោលនយោបាយដែលមានស្រាប់ និងបង្កើនការរួមផ្សំគ្នាជាប្រព័ន្ធនៃការអនុវត្តដើម្បីជំរុញតម្រូវការ និងកាត់បន្ថយហានិភ័យ។

ជាពិសេស រដ្ឋាភិបាលនឹងត្រួតពិនិត្យឱ្យបានហ្មត់ចត់ចំពោះគម្រោងដែលកំពុងដំណើរការ និងការផ្គត់ផ្គង់ដី ហើយគម្រោងកែលម្អទីក្រុងនឹងទទួលបាននូវជំនួយហិរញ្ញប្បទានបន្ថែមទៀត។

កិច្ចប្រជុំនេះសង្កត់ធ្ងន់លើគោលដៅបញ្ឈប់ការធ្លាក់ចុះ និងស្តារស្ថិរភាពនៃវិស័យអចលនទ្រព្យចិនឡើងវិញ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិរបស់រដ្ឋាភិបាលចិនបានបង្ហាញថា តម្លៃផ្ទះនៅក្នុងទីក្រុងធំៗចំនួន៧០ របស់ប្រទេសចិន បានធ្លាក់ចុះ០,២ភាគរយកាលពីខែឧសភា បើធៀបនឹងការធ្លាក់ចុះ០,១ភាគរយនៅក្នុងខែមេសា។

លោក Yan Yuejin អនុប្រធានវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ E-House China ក្នុងទីក្រុងសៀងហៃបានអះអាងថា“ការធ្លាក់ចុះនេះជាសញ្ញាដាស់តឿនឱ្យមានការប្រុងប្រយ័ត្ន”។

លោក Yan Yuejin បានបញ្ជាក់បន្ថែមថា “ទិន្នន័យខាងលើនេះអាចជាសូចនាករដំបូងបង្ហាញថា ប្រសិទ្ធភាពនៃវិធានការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលចិនថយចុះ”។

វិធានការគាំទ្រទាំងនោះរួមមាន ការចាក់បញ្ចូលសាច់ប្រាក់ងាយស្រួល ដើម្បីបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចី ការផ្តល់មូលនិធិដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ការកាត់បន្ថយអត្រាការប្រាក់ ការបង្កើនការផ្តល់ប្រាក់កម្ចីទិញផ្ទះ និងការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះច្រើនយូនីត៕

វិនិយោគិនឥណ្ឌាមកពី២១ក្រុមហ៊ុនសិក្សាឱកាសវិនិយោគ លើវិស័យចំនួន៤នៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ បណ្តាអ្នកធុរកិច្ចឥណ្ឌា មកពីក្រុមហ៊ុនចំនួន២១ បានកំពុងសម្លឹងឱកាសវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំ និងបច្ចេកវិទ្យា។

តាមរយៈវេទិកាធុរកិច្ច ដែលរៀបចំដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញ ចូលរួមជាវាគ្មិនពីសំណាក់ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យបណ្ឌិតសុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស លោក ទិត រិទ្ធិពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ, លោក Rajeev Singh Tyagi អគ្គនាយកសភាពាណិជ្ជកម្មឥណ្ឌា, លោក Babulal Parihar ប្រធានសភាពាណិជ្ជកម្មឥណ្ឌា និងលោក Sandeep Majumdar។

វាគ្មិនទាំងអស់ បានលើកឡើងសក្ដានុពល របស់ប្រទេសកម្ពុជាលើវិស័យសំខាន់ៗខាងលើ ដែលសុទ្ធសឹងតែជាសសរស្ដម្ភ សម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជា។

ប្រទេសឥណ្ឌា និងកម្ពុជា បានចែករំលែកទំនាក់ទំនងយ៉ាងស៊ីជម្រៅ ដែលកសាងឡើងលើទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងស្មារតី ជាពិសេសតាមរយៈព្រះពុទ្ធសាសនា និងបេតិកភណ្ឌរួមគ្នានៃប្រាសាទអង្គរវត្ត។ យូរៗទៅភាពជាដៃគូរបស់ពួកគេ បានរីកចម្រើនតាមរយៈកិច្ចសហប្រតិបត្តិការនយោបាយ ពាណិជ្ជកម្ម និងការគាំទ្រការអភិវឌ្ឍ។

ឥណ្ឌាបានជួយដល់ប្រទេសកម្ពុជា ក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការកសាងសមត្ថភាព ខណៈក្រុមហ៊ុនឥណ្ឌាកំពុងស្វែងរកវិស័យដូចជាវាយនភណ្ឌ បច្ចេកវិទ្យា និងឱសថ។ ប្រទេសទាំងពីរសហការគ្នាក្នុងវេទិកាអាស៊ាន និងតំបន់ លើកកម្ពស់សន្តិភាព និងវិបុលភាព។ គោលនយោបាយ “កិច្ចការបូព៌ា” របស់ឥណ្ឌា និងការចូលរួមក្នុងតំបន់របស់កម្ពុជា បន្តពង្រឹងចំណងនេះ ជំរុញការគោរពគ្នាទៅវិញទៅមក កំណើនសេដ្ឋកិច្ច និងភាពជាដៃគូរយៈពេលវែងរវាងប្រជាជាតិទាំងពីរ។

ប្រទេសទាំងពីរ បានចែករំលែកទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ និងរីកចម្រើនដោយពាណិជ្ជកម្ម និងការវិនិយោគបង្កើតមូលដ្ឋានគ្រឹះនៃភាពជាដៃគូ។ ឥណ្ឌានាំចេញឱសថ គ្រឿងចក្រ និងវាយនភ័ណ្ឌ ខណៈកម្ពុជាផ្តល់សម្លៀកបំពាក់ កៅស៊ូ និងផលិតផលកសិកម្ម។

ប្រទេសឥណ្ឌាបានពង្រីក ការគាំទ្រតាមរយៈកម្ចីទន់ ជំនួយ និងគំនិតផ្តួចផ្តើមក្នុងហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការអភិវឌ្ឍជំនាញ។ កិច្ចព្រមព្រៀង ដូចជាDTAA និងសន្ធិសញ្ញាវិនិយោគទ្វេភាគីជំរុញឱ្យមានការចូលរួមផ្នែកសេដ្ឋកិច្ចបន្ថែមទៀត។ ជាមួយនឹងកម្លាំងការងារ  វ័យក្មេង និងទីតាំងអាស៊ានជាយុទ្ធសាស្ត្រ កម្ពុជាផ្តល់ឱកាសអាជីវកម្មឥណ្ឌាក្នុងវិស័យវាយនភណ្ឌ អាយធី កសិកម្ម ឱសថ និងការអប់រំផងដែរ៕

ដំណឹងល្អៈកម្ពុជាត្រៀមបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅ ចក្រភពអង់គ្លេស

0

ដោយៈ គង់ សូរិយា

    ទីក្រុងឡុងដ៏ៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅចក្រភពអង់គ្លេស។

គំរោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នឹងមានទីស្នាក់ការនៅទីក្រុងឡុងដ៍ និងទីក្រុងប៊ើមិនហែម នៃចក្រភពអង់គ្លេស ក្នុងគោលបំណង ដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនអង់គ្លេស។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយ លោកជំទាវទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស ដើម្បីជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចខាងលើ។

ជាមួយគ្នានេះ លោកជំទាវឯកអគ្គរាជទូត បានសម្តែងនូវទឹកចិត្តរីករាយ និងគាំទ្រក្នុងការបង្កើត មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅចក្រភពអង់គ្លេស ដើម្បីជំរុញធុរជន វិនិយោគិនអង់គ្លេស មកធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ក៍ដូចជាជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសឱ្យមានការកើនឡើងជាបន្តបន្ទាប់ នាពេលអនាគតខាងមុខ៕

អ្នកជំនាញៈរាជធានី ខេត្តចំនួន៥មានសកម្មភាពទិញ លក់ ដីធ្លីច្រើនជាងគេ

0

ដោយៈ និស្ស័យ

    ភ្នំពេញៈអ្នកជំនាញអចលនទ្រព្យ ដែលធ្វើសកម្មភាពយ៉ាងសកម្មក្នុងវិស័យនេះបានលើកឡើងថា រាជធានី ខេត្តចំនួន៤ បច្ចុប្បន្ននេះមានសកម្មភាពទិញ លក់ដីធ្លីច្រើនជាងគេ។

អគ្គនាយកក្រុមហ៊ុនLucky Realty លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៧ មិថុនានេះថា សកម្មភាពទិញ លក់ដីធ្លីច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ មាននៅក្នុងខេត្តកណ្តាល ស្ថិតនៅតំបន់ជ្រៃធំ ក្រុងសំពៅពូន មាននៅក្រុងបាវិត ខេត្តស្វាយរៀង តាកែវ និងខេត្តកំពង់ស្ពឺ។

លោកបន្តថា “សកម្មភាពទិញ លក់ដីទាំងនោះ មិនផ្តោតលើប្រាក់ចំណេញទេ តែជាការទិញមានគោលបំណងពិតប្រាកដ”។ លោ​កបន្តថា “ការបង្កើតតំបន់ឧស្សាហកម្មថ្មីៗ បានធ្វើឲ្យចរន្តរទិញ លក់ដីធ្លីក្នុងវិស័យនេះ មានភាពលេចធ្លោជាងគេ”។

ជាមួយគ្នានេះ អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាអភិបាលនៃក្រុមហ៊ុនSAM SN Groupបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា តំបន់ដែលស្ថិតនៅផ្លូវជាតិសំខាន់ៗ ងាយស្រួលក្នុងការតភ្ជាប់ការដឹកជញ្ជូនទៅកាន់កំពង់ផែ និងតំបន់មានកំលាំងពលកម្មច្រើនមានការទិញ លក់ដីធ្លីសម្រាប់ការបង្កើតរោងចក្រ សហគ្រាស​នានាច្រើន។

លោកបន្តថា “វិស័យឧស្សាហកម្ម បាននិងកំពុងទាក់ទាញការវិនិយោគខ្លាំង ដោយសារការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា”៕

ប្រមុខកាទូតកម្ពុជាពន្យល់ពីបញ្ហាព្រំដែនកម្ពុជា ថៃដល់បណ្តាឯកអគ្គរដ្ឋទូត រាជទូតនៃបណ្តាប្រទេសជាមិត្ត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រមុខកាទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញបណ្តាឯកអគ្គរាជទូត ឯកអគ្គ​រដ្ឋទូតប្រទេសជាមិត្តប្រចាំកម្ពុជា មកពន្យល់បកស្រាយរឿងពិតជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានជំនួបជាមួយអង្គទូតបរទេសប្រចាំកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ។

ជំនួបនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

ដំណឹងល្អៈស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះនឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ

0

ដោយៈ គង់ សូរិយា

    ក្រចេះ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នាកាលពីថ្ងៃទី១៥ មិថុនា បានចុះពិនិត្យ

គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ដែលគិតរហូតមកទល់ពេលនេះសម្រេចបាន៧០,១០%ហើយ។

ការចុះពិនិត្យនេះ មានការចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ លោកជំទាវថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មន្រ្តីជំនាញ និងក្រុមហ៊ុនសាងសង់។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ តភ្ជាប់រវាងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ មានប្រវែង១៧៦១ម៉ែត្រ, ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៦ គីឡូម៉ែត្រ សម្រេចបាន៧០,១០%ហើយ ដែលក្នុងនោះ ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ សម្រេចបាន៩៦,៣២% ដោយគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ។

គម្រោងនេះ មានចំណុចចាប់ផ្ដើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលគម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧១ ផ្លូវជាតិលេខ៧១C ផ្លូវខេត្តលេខ៣៧១ ផ្លូវខេត្តលេខ៧៣ ផ្លូវខេត្តលេខ៧៦ និងផ្លូវជាតិលេខ៧៨។

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយគម្រោងទាំងមូលគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះដែរ ប្រសិនគ្មានការប្រែប្រួលនោះទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ នាខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។

ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។

គម្រោងនេះ ក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដ៏ទៃទៀត៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៨២,៩២ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃចន្ទម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៤ភាគរយដល់ត្រឹម៣៣៨៤,៣៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤៧ភាគរយដល់៣៤០១,២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៨នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,១៧ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

វិមានដ៏ធំមួយនៅគម្រោងលំនៅដ្ឋាន The Peak លើកោះហុងកុងប្រកាសដាក់លក់បញ្ចុះតម្លៃអស់២ភាគ៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការ​លក់​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យរបស់​ទីក្រុងហុងកុងនៃប្រទេសចិននៅតែបន្តជួបការលំបាក។ថ្មីៗនេះ វិមានដ៏ធំមួយក្នុងគម្រោង The Peak ត្រូវបានចុះបញ្ជីសម្រាប់ប្រកាសដាក់លក់បញ្ចុះតម្លៃចំនួន២ភាគ៣នៃតម្លៃសរុបកាលពីទិញដំបូង។

ផ្ទះកម្ពស់៣ជាន់ដែលស្ថិតលើផ្លូវ 12 Mount Kellett នៅគម្រោង Twelve Peaks នេះត្រូវបានដាក់លក់ក្នុងតម្លៃ៣៣០លានដុល្លារហុងកុង (ប្រមាណ៤២លានដុល្លារអាមេរិក) ដោយម្ចាស់បំណុល។នេះបើយោងតាមក្រុមហ៊ុន ​​Colliers ដែលជាភ្នាក់ងារលក់អចលនទ្រព្យ។

លោក Yip Yuen Sai បានទិញផ្ទះនេះពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sun Hung Kai Properties ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃ៤៥០លានដុល្លារហុងកុង។ លោក Yip ជាស្ថាបនិកក្រុមហ៊ុន Grandland Group ចុះបញ្ជីនៅទីក្រុងសុិនជិន (Shenzhen)។

បើទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន Grandland Group មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ដោយកាសែតហុងកុង South China Morning Post នោះទេ។

នៅទូទាំងទីក្រុងហុងកុង រាប់ចាប់ពីតំបន់គម្រោងលំនៅដ្ឋាន The Peak ដល់តំបន់ភាគខាងត្បូងក្រុងហុងកុង ក្រុមអ្នកមានបានជួបប្រទះបញ្ហាសាច់ប្រាក់ ដោយត្រូវបង្ខំចិត្តលក់ផ្ទះរបស់ពួកគេដើម្បីទូទាត់បំណុល។

ម្ចាស់អចលនទ្រព្យ ដែលជួបប្រទះវិបត្តិសាច់ប្រាក់ទាំងនោះកំពុងប្រកាសដាក់លក់ផ្ទះរបស់ពួកគេក្នុងអត្រាបញ្ចុះតម្លៃយ៉ាងច្រើន ដោយសារបន្ទុកខ្ពស់ក្នុងការទូទាត់អត្រាការប្រាក់ទៅលើប្រាក់កម្ចី។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបានរំពឹងថា ការលក់ និងតម្លៃអចលនទ្រព្យនឹងបន្តធ្លាក់ចុះ៕