ដំណឹងល្អៈស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះនឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ

0

ដោយៈ គង់ សូរិយា

    ក្រចេះ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នាកាលពីថ្ងៃទី១៥ មិថុនា បានចុះពិនិត្យ

គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ដែលគិតរហូតមកទល់ពេលនេះសម្រេចបាន៧០,១០%ហើយ។

ការចុះពិនិត្យនេះ មានការចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ លោកជំទាវថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មន្រ្តីជំនាញ និងក្រុមហ៊ុនសាងសង់។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ តភ្ជាប់រវាងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ មានប្រវែង១៧៦១ម៉ែត្រ, ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៦ គីឡូម៉ែត្រ សម្រេចបាន៧០,១០%ហើយ ដែលក្នុងនោះ ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ សម្រេចបាន៩៦,៣២% ដោយគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ។

គម្រោងនេះ មានចំណុចចាប់ផ្ដើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលគម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧១ ផ្លូវជាតិលេខ៧១C ផ្លូវខេត្តលេខ៣៧១ ផ្លូវខេត្តលេខ៧៣ ផ្លូវខេត្តលេខ៧៦ និងផ្លូវជាតិលេខ៧៨។

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយគម្រោងទាំងមូលគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះដែរ ប្រសិនគ្មានការប្រែប្រួលនោះទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ នាខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។

ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។

គម្រោងនេះ ក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដ៏ទៃទៀត៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៨២,៩២ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃចន្ទម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៤ភាគរយដល់ត្រឹម៣៣៨៤,៣៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤៧ភាគរយដល់៣៤០១,២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៨នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,១៧ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

វិមានដ៏ធំមួយនៅគម្រោងលំនៅដ្ឋាន The Peak លើកោះហុងកុងប្រកាសដាក់លក់បញ្ចុះតម្លៃអស់២ភាគ៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការ​លក់​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យរបស់​ទីក្រុងហុងកុងនៃប្រទេសចិននៅតែបន្តជួបការលំបាក។ថ្មីៗនេះ វិមានដ៏ធំមួយក្នុងគម្រោង The Peak ត្រូវបានចុះបញ្ជីសម្រាប់ប្រកាសដាក់លក់បញ្ចុះតម្លៃចំនួន២ភាគ៣នៃតម្លៃសរុបកាលពីទិញដំបូង។

ផ្ទះកម្ពស់៣ជាន់ដែលស្ថិតលើផ្លូវ 12 Mount Kellett នៅគម្រោង Twelve Peaks នេះត្រូវបានដាក់លក់ក្នុងតម្លៃ៣៣០លានដុល្លារហុងកុង (ប្រមាណ៤២លានដុល្លារអាមេរិក) ដោយម្ចាស់បំណុល។នេះបើយោងតាមក្រុមហ៊ុន ​​Colliers ដែលជាភ្នាក់ងារលក់អចលនទ្រព្យ។

លោក Yip Yuen Sai បានទិញផ្ទះនេះពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sun Hung Kai Properties ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃ៤៥០លានដុល្លារហុងកុង។ លោក Yip ជាស្ថាបនិកក្រុមហ៊ុន Grandland Group ចុះបញ្ជីនៅទីក្រុងសុិនជិន (Shenzhen)។

បើទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន Grandland Group មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ដោយកាសែតហុងកុង South China Morning Post នោះទេ។

នៅទូទាំងទីក្រុងហុងកុង រាប់ចាប់ពីតំបន់គម្រោងលំនៅដ្ឋាន The Peak ដល់តំបន់ភាគខាងត្បូងក្រុងហុងកុង ក្រុមអ្នកមានបានជួបប្រទះបញ្ហាសាច់ប្រាក់ ដោយត្រូវបង្ខំចិត្តលក់ផ្ទះរបស់ពួកគេដើម្បីទូទាត់បំណុល។

ម្ចាស់អចលនទ្រព្យ ដែលជួបប្រទះវិបត្តិសាច់ប្រាក់ទាំងនោះកំពុងប្រកាសដាក់លក់ផ្ទះរបស់ពួកគេក្នុងអត្រាបញ្ចុះតម្លៃយ៉ាងច្រើន ដោយសារបន្ទុកខ្ពស់ក្នុងការទូទាត់អត្រាការប្រាក់ទៅលើប្រាក់កម្ចី។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបានរំពឹងថា ការលក់ និងតម្លៃអចលនទ្រព្យនឹងបន្តធ្លាក់ចុះ៕

ហេតុអ្វីទីផ្សារអចលនទ្រព្យជប៉ុនទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគបរទេស?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិនាពេលថ្មីៗនេះរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE លើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់តំបន់អាស៊ីបានបង្ហាញថា ប្រទេសជប៉ុនបានគ្របដណ្តប់ចំណែក៣៦ភាគរយនៃបរិមាណប្រតិបត្តិការសរុបទាំងអស់នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។

ជាមួយគ្នានេះ ប្រទេសជប៉ុនជាជម្រើសកំពូលសម្រាប់អ្នកវិនិយោគបរទេស ដែលមានវិនិយោគិនបរទេសចំនួន៨៦ភាគរយបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារអចលនទ្រព្យជប៉ុន។នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

ស្របពេលសហរដ្ឋអាមេរិកបច្ចុប្បន្នមិនសូវមានស្ថិរភាព ស្ថិរភាពនយោបាយរបស់ប្រទេសជប៉ុន គោលនយោបាយច្បាស់លាស់ និងទីផ្សារអចលនទ្រព្យដ៏រឹងមាំបានធ្វើឱ្យប្រទេសជប៉ុនអាចទាក់ទាញបណ្តាអ្នកវិនិយោគបរទេសបានកាន់តែច្រើន។

អត្រាការប្រាក់ទាប ការធ្លាក់ថ្លៃចុះរបស់ប្រាក់យ៉េន ការងើបឡើងវិញនូវអត្រាអតិផរណាបន្ទាប់ពីស្ថិតនៅទ្រឹងជាច្រើនទសវត្សរ៍ និងកត្តាទីតាំងភូមិសាស្ត្របានបង្កើនភាពទាក់ទាញរបស់ជប៉ុនក្នុងចំណោមវិនិយោគិន។

ប្រទេសជប៉ុន​អនុញ្ញាត​ឱ្យ​ជនបរទេស​អាចទិញ​អចលនទ្រព្យ​,ដោយ​គ្មាន​ការ​រឹតបន្តឹង។ ស្របពេលតម្លៃអចលនទ្រព្យ និងតម្លៃជួលលំនៅដ្ឋាននៅទីក្រុងតូក្យូបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ការទិញដោយជនបរទេសកំពុងទាក់ទាញការចាប់អារម្មណ៍។

យោងតាមការស្ទង់មតិកាលពីខែមីនាដោយក្រុមហ៊ុន Mitsubishi UFJ Trust and Banking បានរកឃើញថា ជនបរទេសគ្របដណ្តប់ចំណែកចន្លោះពី២០ភាគរយទៅ៤០ភាគរយ នៃការទិញអាផាតមុិនថ្មីសរុបនៅកណ្តាលទីក្រុងតូក្យូកាលពីឆ្នាំមុន៕

ដំណឹងល្អៈ បណ្តឹងរបស់កម្ពុជាលើវិវាទព្រំដែនជាមួយប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ហើយ

0

ដោយៈ គង់ សូរិយា

    ប្រទេសហូឡង់ៈ  នៅទីបំផុតបណ្តឹងកម្ពុជាលើបញ្ហាវុវាទព្រំដែនកម្ពុជា ថៃបានដល់ដៃតុលាការយុត្តិធ៌មអន្តរជាតិ(ICJ)នៅទីក្រុងឡាអេ ប្រទេសហូឡង់ហើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់តាមបណ្តាញសង្គមថា នៅថ្ងៃចន្ទ ទី១៦ មិថុនា ២០២៥ វេលាម៉ោង ១១៖៣០នាទីព្រឹក ម៉ោងនៅទីក្រុងឡាអេ ត្រូវនឹងម៉ោង៤៖៣០នាទីល្ងាច ម៉ោងនៅរាជធានីភ្នំពេញ លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហា​វិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកស្រី ស្រេង ធីតា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

សម្តេចមហាបវរធិបតី បានបញ្ជាក់ទៀតថា “កម្ពុជាមិនដក​ថយ​ទេ ពាក់ព័ន្ធការស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយ​ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី”។ សម្តេចបន្ថែមថា “រាជរដ្ឋា​ភិបាល​នឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការ​ទទួល​ខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍​ជាតិ និងប្រជាជនខ្មែរ”៕

តំបន់លំនៅដ្ឋាននៅជាយក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីប្រែក្លាយជាតំបន់ពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅតំបន់ជាយក្រុង Bangsar និងទីក្រុងរណប Petaling Jaya របស់រាជធានីគូឡាឡាំពួរនៃប្រទេសម៉ាឡេសុី គេបានសង្កេតឃើញថា អគារលំនៅដ្ឋានជាច្រើនត្រូវបានប្រែក្លាយទៅជាអចលនទ្រព្យពាណិជ្ជកម្មដូចជា ការិយាល័យ។

និន្នាការនេះបានកើតមានឡើង ដោយសារការពង្រីកទីក្រុង និងចរាចរណ៍បានធ្វើឱ្យផ្ទះទាំងនោះមិនសូវមានភាពអំណោយផលល្អសម្រាប់ការរស់នៅ ជាពិសេសផ្ទះស្ថិតនៅជាប់ផ្លូវមមាញឹក។

ផ្ទះនៅតាមដងផ្លូវសំខាន់ៗនៅតំបន់ជាយក្រុង Bangsar និងទីក្រុងរណប Petaling Jaya បានបង្កជាភាពទាក់ទាញសម្រាប់ការបង្កើតអាជីវកម្មនានាដូចជា បន្ទប់តាំងបង្ហាញ និងភោជនីយដ្ឋានជាដើម ដោយសារអ្នកបើកបរអាចក្រឡេកឃើញយ៉ាងងាយស្រួល នៅពេលធ្វើដំណើរ។

លោក Prem Kumar នាយកគ្រប់គ្រងក្រុមហ៊ុន Firdaus & Associates Group of Companies បានលើកឡើងថា តម្រូវការបង្កើតអាជីវកម្មនៅតំបន់លំនៅដ្ឋានទាំងនេះបានជំរុញឱ្យមានការប្រែក្លាយលំនៅដ្ឋានទៅជាប្រភេទអចលនទ្រព្យពាណិជ្ជកម្ម។

លោក Stanley Toh នាយកប្រតិបត្តិក្រុមហ៊ុន Laurelcap Sdn Bhd បានលើកឡើងថា នេះជាអត្ថប្រយោជន៍ពិសេសសម្រាប់អាជីវកម្ម និងសហគ្រិនលក្ខណៈគ្រួសារ ដែលពួកគេភាគច្រើនពឹងផ្អែកលើឱកាសបែបនេះដើម្បីបង្កើតប្រាក់ចំណូល និងកសាងជីវភាពរស់នៅប្រកបដោយនិរន្តរភាព។

លោក Stanley Toh បានបន្ថែមថា ការប្រែក្លាយលំនៅដ្ឋានទៅជាតំបន់ពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញភាពជាសហគ្រិនក្នុងស្រុក និងគាំទ្រដល់ប្រជាជនម៉ាឡេសុីវណ្ណៈកណ្តាលដែលកំពុងកើនឡើង។

លោក Toh បានបញ្ជាក់បន្ថែមថា នៅក្នុងទីក្រុងរណប Petaling Jaya អចលនទ្រព្យទាំងនេះត្រូវបានលក់ក្នុងតម្លៃយ៉ាងតិច៣លានរីងហ្គីត(ប្រហែល៧០៧.៩៦៥ដុល្លារ) ជាមួយអត្រាផលចំណេញត្រឡប់មកវិញពីការជួលចន្លោះពី៥,៥ភាគរយទៅ៦,៥ភាគរយ៕

តម្លៃជួលអាផាតមុិននៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉កហក់ឡើងដល់កម្រិតខ្ពស់ថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអាផាតមុិននៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់មួយទៀតកាលពីខែឧសភា ហើយត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ស្របពេលរដូវកាលប្រកួតប្រជែងរបស់ទីផ្សារមកដល់។

ការជួលអាផាតមុិននៅសង្កាត់ Manhattan មានតម្លៃជាមធ្យមចំនួន៤.៥៧១ដុល្លារអាមេរិកក្នុងមួយខែកាលពីខែឧសភា។នេះបើយោងតាមក្រុមហ៊ុនវាយតម្លៃ Miller Samuel និងឈ្មួញកណ្តាលអចលនទ្រព្យ Douglas Elliman ។

តួលេខខាងលើនេះជាតម្លៃ​បំបែកកំណត់ត្រា​លើកទី​៣ ដែល​សម្រេច​បាន​ក្នុង​រយៈពេល​៤ខែ​កន្លង​មក និងបាន​កើនឡើងលើស​តម្លៃ​ខ្ពស់​បំផុតពីមុន​ចំនួន៧១ដុល្លារ​អាមេរិក។

អ្នកជួលអាផាតមុិនអាចប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយសារតម្រូវការនឹងកើនឡើង ខណៈសិស្ស និងនិស្សិតដែលបានបញ្ចប់ការសិក្សាថ្មីៗបានសម្រុកចូលមកក្នុងទីក្រុងញូវយ៉ក។

ក្រៅពីកត្តាទាំងនេះ ម្ចាស់អគារអាផាតមុិនត្រូវបានគេរំពឹងថា នឹងដំឡើងតម្លៃបន្ថែមទៀតដើម្បីអាចរ៉ាប់រងការចំណាយរបស់ពួកគេ ក្រោមច្បាប់ស្តីពីការចំណាយលើការជួលអាផាតមុិនដោយយុត្តិធម៌ ដែលហាមឃាត់មិនឱ្យម្ចាស់អគារទាមទារថ្លៃសេវាកម្រៃជើងសារពីអ្នកជួលថ្មី។

លោក Jonathan Miller ប្រធានក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel បានលើកឡើងថា “យើងនឹងសង្កេតឃើញការកើនឡើង និងប្រតិកម្មរហ័សចំពោះច្បាប់ថ្មីនេះ។តម្លៃជួលអាផាតមុិននឹងហក់ឡើងកាន់តែខ្ពស់ជាងមុន”៕

ការដោះស្រាយគំរោងអភិវឌ្ឍន៍អចលនទ្រព្យសម្រេចបាន១០៩ គំរោងហើយ

0

ដោយៈស៊ីវ ម៉េង

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា មានគំរោងអភិវឌ្ឍន៍អចលនទ្រព្យ បុរី ដីឡូត័ចំនួន១០៩គំរោងបានបញ្ចប់ការដោះស្រាយជាស្ថាបពរហើយ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពី ដើមខែមិថុនា នេះថា មានគំរោងបុរី លំនៅដ្ឋាន និងដីឡូត័ចំនួន១៥៩គំរោងមានបញ្ហា រវាងអ្នកអភិវឌ្ឍន៍និងប្រជាពលរដ្ឋ ដែលក្រសួងបាននិងកំពុងខិតខំដោះស្រាយបញ្ចប់ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។

លោកបញ្ជាក់ថា “ប្រជាពលរដ្ឋខ្លះបានសន្សំលុយទិញផ្ទះ ក្នុងជីវិតពួកគេ ប៉ុន្តែពួកគេមិនបានផ្ទះ តើពួកគេមានអារម្មណ៍បែបណា ទាំងយើងទាំងគេ អញ្ចឹងហើយ ទើបយើងខិតខំដោះស្រាយជូនប្រជាពលរដ្ឋ ដោយយើងឈរខាងប្រជាពលរដ្ឋ”។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់បានបន្តថា ហេតុដូច្នេះដើម្បីកុំឲ្យការផ្គត់ផ្អង់លើសតម្រូវការ និងមានបញ្ហា ក្រសួងនឹងផ្តល់ទិន្នន័យទៅអ្នកអភិវឌ្ឍន៍ឲ្យបានដឹងថា មួយឆ្នាំកម្ពុជាត្រូវការលំនៅដ្ឋានប៉ុន្មានម៉ឺនខ្នង ដើម្បីពួកគាត់អភិវឌ្ឈន៍មកបំពេញតាមតម្រូវការ និងទីផ្សារជាក់ស្តែង។

លោកបន្តថា ជាមួយគ្នានេះ ក្រសួងកំពុងរៀបចំ និងលើកទឹកចិត្តឲ្យមានការសាងសង់អាគារស្អាតៗនៅកម្ពុជា ពិសេសទីក្រុងភ្នំពេញ ដើម្បីលើកកំពស់សោភ័ណភាពផង និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ៕

ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC ត្រៀម ប្រកាសបើកលក់ដីឡូតិ៍ខ្នាតវីឡា និងខ្នាតអាជីវកម្ម ជាប់ផ្លូវរដ្ឋ នៅក្នុងគម្រោងជ្រោយចង្វារ ហ្គាដិន ក្នុងពេលឆាប់ៗនេះ

0

ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា Overseas Cambodian Investment Corporation (OCIC)​ ត្រៀមប្រកាសបើកលក់ជាផ្លូវការ ដីឡូតិ៍ខ្នាតវីឡា និងដីឡូតិ៍ខ្នាតអាជីវកម្ម ជាប់នឹងផ្លូវរដ្ឋ ក្នុងពេលឆាប់ៗនេះ។ ដីឡូតិ៍គម្រោង​ជ្រោយចង្វារហ្គាដិន ដែលស្ថិតក្នុងគម្រោងទីក្រុងរណបជ្រោយចង្វារ មានតម្លៃចាប់ពី $8x,xxx (ប្រាំបីម៉ឺនដុល្លារ) ជាងឡើងទៅ។ សម្រាប់អតិថិជន ២០នាក់ ដំបូង នឹងទទួលបានប្រូម៉ូសិនពិសេស រួមទាំងកាដូថែមជូនជាច្រើនពីក្រុមហ៊ុនផងដែរ។

គម្រោងដីឡូតិ៍នេះ អភិវឌ្ឍឡើងដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យ ដែលផ្តល់នូវភាពបត់បែន តម្លៃល្អ និងឱកាសពិសេសសម្រាប់អតិថិជនទទួលបានគេហដ្ឋានក្នុងក្តីសុបិន។ លើសពីនេះអតិថិជនក៏អាចទទួលគោលការណ៍បង់ប្រាក់ជាច្រើនជម្រើសជាមួយធនាគារកាណាឌីយ៉ា ភីអិលស៊ី ដែលផ្តល់ភាពងាយស្រួលក្នុងបរិបទសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរនាពេលបច្ចុប្បន្ន។

អតិថិជននឹងទទួលបានជម្រើសដីឡូតិ៍សម្រាប់សង់ផ្ទះវីឡា ផ្ទះអាជីវកម្ម ឫ សង់ជាទីតាំងការិយាល័យ រួមផ្សំជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ និងសេវាកម្មសំណង់ប្រកបដោយជំនាញ ដើម្បីជួយអតិថិជនសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។

ជាទីតាំងដ៏ល្អនៅក្នុងតំបន់ជ្រោយចង្វារ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សទីតាំងជាប់ផ្លូវរដ្ឋ គម្រោងនេះផ្សារភ្ជាប់ទៅផ្លូវ ព្រែកតាសេក ឆ្ពោះត្រង់ទៅផ្លូវ សម្តេច ជាស៊ីម និងវិមានឈ្នះឈ្នះ ដែលផ្ដល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងភ្ជាប់ទៅកាន់ទីតាំងសំខាន់ៗក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះទីតាំងគម្រោងប្រមូលផ្តុំដោយ ផ្សារ សាលារៀនជាតិ-អន្តរជាតិ មន្ទីរពេទ្យ ស្ថាប័នឯកជន និងស្ថាប័នរដ្ឋធំជាច្រើនផងដែរ។

លក្ខណៈពិសេសនៃគម្រោងដីឡូតិ៍ជ្រោយចង្វារហ្គាដិន រួមមាន:

  • ដីឡូតិ៍ខ្នាតវីឡា៖ ផ្ដល់ជូននូវទំហំដីធំទូលាយ ស័ក្តិសមបំផុតសម្រាប់ការសាងសង់លំនៅឋានប្រណិត វីឡាប្រណិតៗ ដែលផ្ដល់នូវបរិយាកាសស្ងប់ស្ងាត់ និងផាសុកភាពសម្រាប់ការរស់នៅដល់អតិថិជន។
  • ដីឡូតិ៍ខ្នាតអាជីវកម្ម៖ មានទីតាំងអំណោយផលសម្រាប់សាងសង់ផ្ទះអាជីវកម្ម ហាងទំនិញ សាលារៀន ឬការិយាល័យ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។
  • ហេដ្ឋារចនាសម្ព័ន្ធទំនើប៖ គម្រោងនេះនឹងបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធពេញលេញ រួមមាន ប្រព័ន្ធផ្លូវថ្នល់ដែលមានគុណភាពខ្ពស់ ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកស្អាត ដែលធានាបាននូវភាពងាយស្រួលសម្រាប់ការរស់នៅ និងប្រតិបត្តិការអាជីវកម្ម។
  • ទីតាំងយុទ្ធសាស្ត្រ៖ ស្ថិតនៅក្នុងបេះដូងនៃទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍ មានសក្ដានុពលខ្ពស់ ព្រមទាំងមានគម្រោងធំៗ ជាច្រើនកំពុងលេចចេញជារូបរាង ជាពិសេសតភ្ជាប់ទៅផ្លូវជាតិ 6A។

ប្រធានគ្រប់គ្រងផ្នែកលក់ជាន់ខ្ពស់គម្រោងទីក្រុងជ្រោយចង្វារ ជឿជាក់យ៉ាងមុតមាំថា គម្រោងដីឡូតិ៍ជ្រោយចង្វារហ្គាដិន នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជនដែលកំពុងស្វែងរកដីសម្រាប់ការវិនិយោគ សាងសង់លំនៅឋាន ឬពង្រីកអាជីវកម្ម ដោយសារតែតម្លៃសមរម្យ ទីតាំងល្អបំផុត និងមានសក្ដានុពល ជាពិសេសអតិថិជនអាចសាងសង់សំណង់ទៅតាមតម្រូវការអតិថិជន។

ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 011 885 865, 089|093 822​ 009

ក្រុមហ៊ុនចិនថ្មីៗចំនួន៥មកសិក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ

0

ដោយៈ ម៉ាណា

    ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគចំនួន៥ក្រុមហ៊ុន មកពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសក្សាពីលទ្ឋភាពនិងោកាសវិនិយោគនៅខេត្តព្រះសីហនុ។

ក្រុមអ្នកធុរកិច្ចចិន ត្រូវបានដឹកនាំដោយលោក Tang Choayang ប្រធានក្រុមហ៊ុន Guangwang Integrated Housing Co., Ltd ជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់លំនៅឋាន ផ្ទះចល័ត និងផ្ទះលំហែកាយ ក្នុងបំណង សិក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីពង្រីកទីផ្សារក្នុងតំបន់។

ក្រុមហ៊ុនខាងលើ បានចូលរួមវេទិកាជំរុញវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

ដោយមានការចាប់អារម្មណ៍ ពីសក្តានុពលនៅខេត្តព្រះសីហនុ ទើបក្រុមហ៊ុនរបស់ពួកគាត់ បានសម្រេចចិត្តមកសិក្សាដោយផ្ទាល់ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀត និងឈានទៅដល់ការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ។

ទាំងនេះគឺជាលទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគមកកាន់ ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែកគឺនៅខេត្តព្រះសីហនុ។ ដោយត្រឹមតែរយៈពេល១សប្តាហ៍ បន្ទាប់ពីការធ្វើវេទិកា គឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើ នពីសំណាក់វិនិយោគិនចិន មកធ្វើការសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់។

តាមរយៈជំនួបរវាងលោកអភិបាលខេត្តព្រះសីហនុ និងលោក អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក អភិបាលខេត្តជាំងស៊ូ បានបញ្ជាក់ថាឯកឧត្តមបានណែនាំ ដល់មន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ ឱ្យដឹកនាំប្រតិភូអ្នកវិនិយោគចិនចំនួន៥០ក្រុមហ៊ុន ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះផងដែរ៕