សម្តេចតេជោប្រាប់ឲ្យពករខ្មែរត្រលប់មកផ្ទះវិញហើយត្រូវទៅរកលិខិតស្នាមនៅស្ថានទូត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ឋសភាបានផ្ញើរសារទៅកាន់ពលរដ្ឋខ្មែរធ្វើការនៅថៃ ហើយគ្មានលិខិតស្នាម ត្រូវទៅរកលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជា មានអនុព័ន្ធផ្នែការងារផងដែរ។

សម្តេចតេជោថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ឋសភានាព្រឹកថ្ងៃទី១៦ មិថុនានេះ។

សម្តេចតេជោបានបន្តថា ពលរដ្ឋខ្មែរគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាលទទួលយកទាំងអស់ ខាងកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។ មិនអាចទុកពលរដ្ឋខ្មែរឱ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលសម្តេច និងសម្តេចនាយករដ្ឋមន្ត្រី បង្ហោះសារពាក់ព័ន្ធពលករខ្មែរនៅ តែងមានការលើកឡើងពីបញ្ហាបំណុល។

សម្តេចតេជោ បានថ្លែងអំណរគុណ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដែលទទួលយកសំណូមពរ របស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល ឬបន្ធូរបន្ថយសម្រាប់ការបង់ធនាគាររបស់ពលរដ្ឋត្រឡប់មកកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុជួយសម្របសម្រួល ដល់ពលករខ្មែរដែលត្រឡប់មកវិញ៕

សម្តេចតេជោៈកម្ពុជាមិនខ្វះអាវុធធ្វើសង្រ្គាមឡើយ តែការចចារនិងអនុវត្តន៍ច្បាប់អន្តរជាតិជាជម្រើសសន្តិភាព

0

ដោយៈ រ៉ាយុទ្ឋ

    ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ឋសភាបានថ្លែងថា កម្ពុជា មិនខ្វះសព្វាវុធធ្វើសង្គ្រាមនោះឡើយ តែកម្ពុជាមិនចង់ធ្វើវ៉ៃនរណានោះឡើយ គឺត្រឹមការពារខ្លួនប៉ុណ្ណោះ ការចរចា និងការអនុវត្តច្បាប់អន្តរជាតិ គឺជាជម្រើសសន្តិភាព។

សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំព្រឹទ្ឋសភានាព្រឹកថ្ងៃទី១៦ មិថុនានេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ប្រទេសលើពិភពលោកនឹងគាំទ្រកម្ពុជា ក្នុងការប្រើយន្តការច្បាប់អន្តរជាតិ។

សម្តេចតេជោបញ្ជាក់ថា “មានតែចោរទេ ដែលខ្លាចតុលាការ បើបរិសុទ្ធ មិនខ្លាចតុលាការនោះឡើយ”។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកម៉ាឡេស៊ី និងសិង្ហបុរី ជាគំរូក្នុងការដោះស្រាយបញ្ហាវិវាទ ព្រំដែនជាមួយគ្នា តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រទេសនានាដែលស្រឡាញ់សន្តិភាព ហើយស្អប់សង្គ្រាម សូមគាំទ្រការប្តឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “កុំខ្លាចបើមានសុចរិតគ្រប់គ្រាន់។ សម្រាប់អ្នកមានអាថ៌កំបាំងនៅពីក្រោយ គឺមិនហ៊ានឡើងតុលាការនោះឡើយ”។

 

សម្តេចបន្តរំលឹកថា ជាការគាប់ជួនណាស់៦៣ឆ្នាំ កម្ពុជាបានយកឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយថ្ងៃដដែលម្សិលមិញ កម្ពុជា បានប្តឹងជាថ្មីទៅ ICJ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហេតុអ្វីកម្ពុជា ត្រូវឡើងទៅ ICJ? ទៅ ICJ ព្រោះកម្ពុជា និងថៃ មិនអាចរកការស្រុះស្រួលគ្នាលើតំបន់ទាំង៤ ប្រាសាទតាមាន់ធំ តាមាន់ធំ តាក្របី និងមុំ៣៕

រដ្ឋាភិបាល​វៀតណាមព្យាយាម​ទម្លាក់​តម្លៃ​ដី​ដើម្បី​ធ្វើ​ឱ្យ​លំនៅដ្ឋានកាន់តែ​មាន​តម្លៃសមរម្យ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាល​វៀតណាមបាន​ណែនាំ​ដល់​ក្រសួង និង​ស្ថាប័ន​ផ្សេងទៀត​ឱ្យ​កំណត់​ពី​មូលហេតុ​នៃ​ការកើនឡើង​តម្លៃ​អចលនទ្រព្យ និង​ស្នើ​វិធានការ​ដើម្បី​រក្សា​ស្ថិរភាព​។នេះបើយោងតាមការចុះផ្សាយដោយកាសែត Vnexpress។

រដ្ឋាភិបាល​វៀតណាមបានទទួលស្គាល់នៅក្នុងរបាយការណ៍ថ្មីៗនេះថា ទីផ្សារអចលនទ្រព្យវៀតណាមមិនទាន់មានការអភិវឌ្ឍន៍សមស្របទៅនឹងសក្តានុពលនៅឡើយទេ ដោយសារបញ្ហាប្រឈមមួយចំនួននៅតែបន្តអូសបន្លាយ។

បញ្ហាប្រឈមទាំងនោះមានដូចជាកង្វះខាតលំនៅដ្ឋានមានតម្លៃសមរម្យសម្រាប់ប្រជាជនវ័យក្មេង និងប្រជាជនមានប្រាក់ចំណូលទាប និងចំនួនផ្ទះវីឡា និងលំនៅដ្ឋានតម្លៃខ្ពស់ផ្សេងទៀតដ៏ច្រើនសម្បូរបែប។

ម៉្យាងទៀត តម្លៃលំនៅដ្ឋានក៏មានភាពខុសគ្នាស្រឡះជាមួយនឹងអំណាចនៃការទិញរបស់អ្នកទិញក្នុងគោលបំណងរស់នៅពិតប្រាកដ ខណៈការទិញស្តុកទុកវិនិយោគដើម្បីលក់យកផលចំណេញនៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើន។

រដ្ឋាភិបាលបានណែនាំឱ្យក្រសួង និងអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវកំណត់កត្តាមួយចំនួនដូចជាតម្លៃដី និងសម្ភារៈសំណង់ និងអត្រាការប្រាក់លើប្រាក់កម្ចី ដែលជាមូលហេតុចម្បងក្នុងការជំរុញឱ្យតម្លៃអចលនទ្រព្យនៅលើទីផ្សារមានការកើនឡើង។

ជាមួយគ្នានេះ ក្រសួង និងអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវបង្រ្កាបអង្គភាព និងបុគ្គលទាំងឡាយណា ដែលកេងប្រវ័ញ្ចលើការដេញថ្លៃដីដើម្បីបំប៉ោងតម្លៃដី ព្រោះការណ៍នេះអាចបង្កការរាំងស្ទះដល់ការអភិវឌ្ឍន៍លំនៅដ្ឋាន។

ការរៀបចំតាក់តែងផែនការត្រូវស្របតាមតម្រូវការជាក់ស្តែង ដោយធានាឱ្យមានការបែងចែកដីសមស្របសម្រាប់តម្រូវការពាណិជ្ជកម្មផ្សេងទៀត ដើម្បីធានាថា ដីនៅសល់គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន។

យោងតាមក្រសួងសំណង់វៀតណាមបានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៥ តម្លៃផ្ទះ និងតម្លៃដីបានកើនឡើងចន្លោះពី២០ភាគរយ ទៅ៤០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅតាមទីតាំងមួយចំនួនក្នុងប្រទេសនេះ៕

កំណើននៃការទិញដី និងលំនៅដ្ឋានដោយជនបរទេសក្នុងប្រទេសកូរ៉េ ខាងត្បូងកំពុងជំរុញឱ្យមានការស្នើបទប្បញ្ញត្តិតឹងរុឹង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនការទិញដីធ្លី និងលំនៅដ្ឋានដោយជនបរទេសនៅប្រទេសកូរ៉េខាងត្បូងបានជំរុញឱ្យមានការជជែកដេញដោល និងការអំពាវនាវឱ្យមានការរឹតបន្តឹងបទប្បញ្ញត្តិ។នេះបើយោងតាមការចុះផ្សាយដោយកាសែតកូរ៉េខាងត្បូង Korea Times។

រដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីលោក Lee jae-myung បានដាក់សំណើផ្លូវការមួយទៅកាន់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន ដោយជំរុញឱ្យក្រសួងដាក់ចេញជាផ្លូវការនូវបទប្បញ្ញត្តិទៅវិញទៅមក(Reciprocity)ក្នុងច្បាប់អចលនទ្រព្យ។

នៅក្នុងបរិបទនេះ​ ពាក្យ “Reciprocity”មានន័យសំដៅទៅលើបទប្បញ្ញត្តិទៅវិញទៅមក ដែលថា ប្រសិនបើប្រទេសណាមួយដាក់កម្រិត ឬហាមឃាត់មិនឱ្យពលរដ្ឋកូរ៉េទិញអចលនទ្រព្យ នោះកូរ៉េខាងត្បូងគួរតែដាក់កម្រិតដូចគ្នាលើពលរដ្ឋមកពីប្រទេសនោះ។

កម្មសិទ្ធិ​របស់ជនបរទេស​លើអចលនទ្រព្យ​នៅកូរ៉េ​ខាងត្បូងមាន​ការ​កើនឡើង​ជា​លំដាប់។គិតត្រឹមដំណាច់ឆ្នាំ២០២៤កន្លងទៅ ជនបរទេសកាន់កាប់ដីប្រមាណ២៦៨លានម៉ែត្រការ៉េ នៅក្នុងប្រទេសកូរ៉េខាងត្បូង កើនឡើង១,២ភាគរយធៀបនឹងឆ្នាំ២០២៣។

ជាមួយគ្នានេះ ចំនួន​លំនៅដ្ឋានជា​កម្មសិទ្ធិ​របស់​ជនបរទេស​ក៏​បាន​កើន​ឡើង៥,៤ភាគរយ​ដល់ចំនួន១០០.២១៦យូនីត​គិត​ត្រឹម​ដំណាច់​ខែ​មិថុនា ឆ្នាំ ២០២៣។

យោងតាមទិន្នន័យចុះបញ្ជីអចលនទ្រព្យរបស់តុលាការកំពូលកូរ៉េខាងត្បូងបានឱ្យដឹងថា ម្ចាស់ផ្ទះជាជនបរទេសចំនួន៨.៦៥៥នាក់បានជួលផ្ទះដែលពួកគេបានទិញ ទៅឱ្យអតិថិជនដទៃនៅចន្លោះខែមករារហូតដល់ខែឧសភា ឆ្នាំ២០២៥នេះ ដែលបង្ហាញពីការវិនិយោគយ៉ាងសកម្ម។

ការអំពាវនាវឱ្យមានច្បាប់កាន់តែតឹងរ៉ឹង ដោយសារការត្រួតពិនិត្យលើប្រតិបត្តិការទិញ-លក់-ជួលដោយជនបរទេសនៅមានកម្រិតនៅឡើយ។ ជាពិសេស ប្រទេសចិនបានហាមឃាត់ ឬដាក់កម្រិតយ៉ាងខ្លាំងមិនឱ្យពលរដ្ឋកូរ៉េខាងត្បូងទិញអចលនទ្រព្យនៅចិន។

ការណ៍នេះបានជំរុញឱ្យមានការស្នើចាត់វិធានការរឹតបន្តឹងដូចគ្នាទៅលើជនជាតិចិន ដែលចូលមកទិញអចលនទ្រព្យនៅកូរ៉េខាងត្បូង៕

កត្តាសំខាន់ៗចំនួន២ ជំរុញឱ្យតម្លៃលំនៅដ្ឋានក្នុងប្រទេសសិង្ហបុរីបន្តកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើទោះបីជាមានភាពមិនច្បាស់លាស់ពីពន្ធគយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងការថយចុះនៃការលក់ផ្ទះថ្មី គិតចាប់តាំងពីខែមេសាយ៉ាងណាក្តី ក៏តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងសិង្ហបុរីនៅតែបន្តមានការកើនឡើង។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានវាយតម្លៃថា កំណើននេះបណ្តាលមកពីកត្តាចំនួន២ ដូចជាកំណើនទ្រព្យសម្បត្តិរបស់ពលរដ្ឋសិង្ហបុរី និងការកើនឡើងនូវតម្លៃផ្ទះសាធារណៈ (Second-hand HDB) ប្រភេទទី២ ដែលសាងសង់ឡើងដោយរដ្ឋាភិបាលសិង្ហបុរី។

ម៉្យាងវិញទៀត បើទោះបីជាការលក់លំនៅដ្ឋាននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ អាចនឹងធ្លាក់ចុះ ដោយសារតែកង្វះទំនុកចិត្តរបស់អ្នកទិញយ៉ាងណាក្តី ក៏ប៉ុន្តែកត្តាទាំងពីរខាងលើត្រូវបានគេរំពឹងថា នឹងរក្សាភាពធន់របស់តម្រូវការ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ទំហំយូនីតលំនៅដ្ឋានក្នុងគម្រោងបើកដំណើរការថ្មីបានកើនឡើងជាលំដាប់។ និន្នាការនេះអាចបន្តកើតមាន ប្រសិនបើតម្លៃផ្ទះ HDB ប្រភេទទី២ បន្តកើនឡើងលឿនជាងតម្លៃផ្ទះរបស់ក្រុមហ៊ុនអចលនទ្រព្យឯកជន។

កាលពីត្រីមាសទី១ ឆ្នាំ២០២៥ តម្លៃផ្ទះ HDB ប្រភេទទី២ បានកើនឡើង១,៦ភាគរយធៀបនឹងត្រីមាស ទី៤ ឆ្នាំមុន ខណៈតម្លៃផ្ទះឯកជនបានកើនឡើងត្រឹមតែ០,៨ភាគរយប៉ុណ្ណោះ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills។

ការណ៍នេះអាចនាំឱ្យអ្នកអភិវឌ្ឍន៍ឯកជនដាក់បញ្ចូលយូនីតលំនៅដ្ឋានមានបន្ទប់គេងចំនួន៣បន្ថែមទៀតនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ពួកគេ។ ជាក់ស្តែង គម្រោង Lentor Central Residences និងគម្រោង The Orie ដែលមានយូនីតលំនៅដ្ឋានធំៗបានសង្កេតឃើញមានតម្រូវការខ្ពស់។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានព្រមានថា តម្រូវការយូនីតលំនៅដ្ឋានធំៗមានភាពប្រែប្រួលខុសៗគ្នាទៅតាមតំបន់នីមួយៗ។ ដូច្នេះ ការសិក្សាស្រាវជ្រាវឱ្យបានច្បាស់អំពីទីផ្សារនៅតែមានសារៈសំខាន់។

យ៉ាងណាមិញ តម្លៃលំនៅដ្ឋានរបស់ប្រទេសសិង្ហបុរីនៅតែត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅក្នុងត្រីមាសជាបន្តបន្ទាប់ខាងមុខ ដោយសារគម្រោងលំនៅដ្ឋាននានាជាច្រើនទៀត ដែលគ្រោងដាក់ឱ្យដំណើរការថ្មីអាចនឹងមានតម្លៃខ្ពស់ជាងមុន៕

ក្រោយបញ្ចប់កិច្ចប្រជុំ JBC, ភាគីកម្ពុជា-ថៃ ឯកភាពគ្នាលើរបៀបវារៈ ៤ចំណុចសំខាន់

0

(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ពេញមួយថ្ងៃ និងបន្តឈានដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥, ភាគីកម្ពុជា-ថៃ បានឯកភាពអនុម័តលើរបៀបវារៈ ៤ចំណុចសំខាន់ ដូចខាងក្រោម៖

ទី១៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTSC កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា

ទី២៖ ពិនិត្យ និងអនុម័តលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទីអ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃTOR)

ទី៣៖ ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្ដែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែន ដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់)

ទី៤៖ ពិភាក្សាលើសេចក្ដីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំលើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)។

សូមជម្រាបថា កិច្ចប្រជុំនេះ ភាគីកម្ពុជាបន្ដដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ៕

កម្ពុជា បង្ហាញលទ្ធផលផ្លូវការ នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ

0

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ក្រោយដំណើរការអស់រយៈពេលពីរថ្ងៃ នៅប្រទេសកម្ពុជា។

ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរបានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖

*ទី១៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប
*ទី២៖ ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)
*ទី៣៖ ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែងនៅចន្លោះទីតាំងពិតប្រាកដ នៃបង្គោលព្រំដែនដែលបានឯកភាពគ្នា(កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់)
*ទី៤៖ ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)។

នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា បានជម្រាបជូនសមភាគីថៃថា ដើម្បីជាប្រយោជន៍ធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ មិនលម្អៀង និងជាដំណោះស្រាយស្ថាពរសម្រាប់ប្រទេសទាំងពីរ ភាគីកម្ពុជា បានស្នើភាគីថៃចូលរួមជាមួយភាគីកម្ពុជា ក្នុងការនាំយកវិវាទព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការចាប់ផ្ដើមដំណើរការនីតិវិធី ច្បាប់ដោយឯករាជ្យម្ចាស់ការ ទោះបីជាភាគីថៃបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ។

លើសពីនេះទៀត ភាគីកម្ពុជា អះអាងបន្ថែមនៅចំពោះមុខភាគីថៃថា ចាប់ពីពេលនេះតទៅតំបន់ទាំង៤នេះ លែងជាប្រធានបទ ឬកម្មវត្ថុ នៃការពិភាក្សា និងដោះស្រាយនៅក្នុងក្របខណ្ឌគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ទៀតហើយ។

ជាមួយគា្ននេះ លោក ឡាំ ជា បានបញ្ជាក់ថា ក្រៅពីតំបន់ទាំងបួនដែលស្ថិតក្នុងបណ្តឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ភាគីកម្ពុជានៅតែប្រកាន់ជំហរ និងសុច្ឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ។

លោក ឡាំ ជា ក៏បានបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់យកនូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមាន ចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ ផែនទីមាត្រដ្ឋាន១/២០០,០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញ បារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។ ក្នុងន័យនេះ ភាគីកម្ពុជា បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមក ប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត។

កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព យោគយល់គ្នា ក្នុងស្មារតីពិភាក្សាគ្នាបើកចំហទៅវិញទៅមក និងប្រកបដោយភាពវិជ្ជមាន។ កិច្ចប្រជុំនេះ បានបញ្ចប់ការពិភាក្សាទាំងស្រុងលើរបៀបវារៈដែលបានឯកភាពគ្នា និងបានចុះហត្ថលេខាលើកំណត់ហេតុ ជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ភាគីទាំងពីរឯកភាពគ្នាគ្រោងជួបប្រជុំគ្នាសាជាថ្មី នៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕

 

តម្រូវការអចលនទ្រព្យឧស្សាហកម្មនៅតំបន់ភាគខាងកើតរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុីមានសន្ទុះខ្លាំង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL រំពឹងថា សក្ដានុពលទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅក្នុងរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីនឹងផ្លាស់ប្តូរ ស្របពេលមានការបណ្តាក់ទុនរួមគ្នា ការទិញយកដី និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ចម្រុះ។

ក្នុងនោះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានព្យាករណ៍ថា តំបន់ភាគខាងកើតរដ្ឋធានីហ្សាការតានឹងមានកំណើនតម្រូវការអចលនទ្រព្យឧស្សាហកម្ម ជាពិសេសពី វិស័យផលិតកម្ម និងរថយន្តអគ្គិសនី (EV) រហូតដល់ដំណាច់ឆ្នាំ២០២៥។

ការផ្គត់ផ្គង់អចលនទ្រព្យឧស្សាហកម្មថ្មីនៅរដ្ឋធានីនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ចំនួន០,៨លានម៉ែត្រការ៉េនៅឆ្នាំ២០២៧ខាងមុខ។ឥណ្ឌូនេសុីមានគោលបំណងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើនចូលក្នុងវិស័យផលិតកម្ម។

យោងតាមរបាយ​ការណ៍​របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បាន​បញ្ជាក់ឱ្យដឹងបន្ថែម​ថា សួន​ឧស្សាហកម្ម​នឹងត្រូវបានកែលម្អ​ឱ្យប្រសើរ​ឡើង​ក្នុងគោលបំណងដើម្បី​បំពេញ​តម្រូវ​ការ​ថ្មី។

ក្រុមហ៊ុនចិននានាបានស្វែងរកទីតាំងផលិតកម្ម ជាពិសេសការជួលរោងចក្រ ហើយឃ្លាំងទំនើបមួយចំនួនបានបំពេញតម្រូវការនេះប្រកបដោយជោគជ័យដោយផ្តល់នូវការកែតម្រូវ និងការកែប្រែចាំបាច់ដើម្បីបំពេញតាមតម្រូវការរបស់ក្រុមហ៊ុនទាំងនេះ។

តំបន់ភាគខាងកើតនៃទីក្រុងហ្សាការតាបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មរថយន្ត EV ដែលជំរុញឱ្យមានកំណើនតម្រូវការឃ្លាំង។ ការប្រកួតប្រជែងលើទីផ្សារមានសភាពកាន់តែខ្លាំងឡើងក្នុងចំណោមម្ចាស់ឃ្លាំង ឬម្ចាស់រោងចក្រមួយចំនួន៕

ទីផ្សារអចលនទ្រព្យហ្វីលីពីនបង្ហាញទិដ្ឋភាពទាំងបញ្ហាប្រឈម និងឱកាសវិនិយោគ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនបង្ហាញពីការប្រែប្រួល ដោយរួមមានទាំងបញ្ហាប្រឈម និងឱកាសនៅតាមផ្នែកនីមួយៗនៃទីផ្សារអចលនទ្រព្យ។

ក្នុងនោះ ទីផ្សារលំនៅដ្ឋានហ្វីលីពីនកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំ ជាពិសេសនៅទីក្រុងម៉ានីល (Metro Manila) ដែលមានខុនដូលក់មិនដាច់រាប់មុឺនយូនីត ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។

វិបត្តិទីផ្សារខុនដូ និងការកើនឡើងនៃអត្រាការិយាល័យទំនេរត្រូវបានគេរំពឹងថា នឹងនាំឱ្យតម្លៃដីនៅតាមតំបន់ពាណិជ្ជកម្មសំខាន់ៗ ដូចជា តំបន់ Makati និងតំបន់ BGC ជាដើមធ្លាក់ចុះចន្លោះពី២ភាគរយទៅ៥ភាគរយ។

យ៉ាងណាមិញ តម្រូវការខុនដូប្រណីត និងខុនដូខ្នាតធំបន្តមានស្ថិរភាព ខណៈពេលដែលផ្នែកទីផ្សារកណ្តាល និងតម្លៃសមរម្យកំពុងសង្កេតឃើញការកើនឡើងចំណាប់អារម្មណ៍របស់អ្នកទិញ ដោយសារតម្លៃដ៏គួរឱ្យទាក់ទាញ និងការសម្រួលលក្ខខណ្ឌនៃការទូទាត់។

ទីផ្សារការិយាល័យកំពុងប្រឈមមុខនឹងអត្រាទំនេរខ្ពស់ ដែលត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់អត្រា២២ភាគរយនៅទីក្រុងម៉ានីលនៅចុងឆ្នាំនេះ។កត្តានានាដូចជាការចាកចេញរបស់ក្រុមហ៊ុនហ្គេមអនឡាញបរទេស(POGOs) ការបំពេញការងារពីចម្ងាយ និងភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចបានចូលរួមចំណែកដល់និន្នាការនេះ។

ទោះបីជាយ៉ាងណា គេនៅតែសង្កេតឃើញមានឱកាសវិនិយោគ។ តួយ៉ាង តម្រូវការកំពុងផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុងម៉ានីល និងខេត្តនានាដូចជា ខេត្ត Bulacan ខេត្ត Pampanga ខេត្ត Cebu និងខេត្ត Davao ជាដើម ដោយសារតម្លៃសមរម្យ ហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង និងការបំពេញការងារពីចម្ងាយ។

បណ្តាអ្នក​អភិវឌ្ឍន៍​កំពុង​ឆ្លើយ​តប​,ដោយ​ចាប់​ផ្តើម​អភិវឌ្ឍន៍គម្រោង​អចលនទ្រព្យក្នុង​តំបន់​ទាំង​នេះ​ដើម្បី​បំពេញ​តម្រូវ​ការ​ដែល​កំពុង​កើន​ឡើង។

គំនិតផ្តួចផ្តើមផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាគម្រោងរបស់រដ្ឋាភិបាលក្រោមកម្មវិធី“Build Better More” កំពុងបង្កើនការតភ្ជាប់ និងភាពងាយស្រួល ដែលបានជំរុញឱ្យមានការចាប់អារម្មណ៍បន្ថែមទៀតនៅក្នុងតំបន់ជាយរដ្ឋធានី និងខេត្ត។

ជាមួយគ្នានេះ ធនាគារកណ្តាលហ្វីលីពីន បាននិងកំពុងបន្ធូរបន្ថយអត្រាការប្រាក់ជាបណ្តើរៗ ដែលអាចជួយជំរុញទំនុកចិត្តទីផ្សារ និងសកម្មភាពវិនិយោគ។

ម៉្យាងទៀត បណ្តាវិនិយោគិនក៏អាចពិចារណាលើការធ្វើពិពិធកម្មផលបត្រដោយស្វែងរកឱកាសវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យឧស្សាហកម្ម ដូចជាឃ្លាំងឬរោងចក្រ និងអចលនទ្រព្យបដិសណ្ឋារកិច្ច ដូចជាសណ្ឋាគារ ដែលកំពុងបង្ហាញសញ្ញាងើបឡើងវិញ៕

ការសិក្សាថ្មី: ទំនុកចិត្តរបស់អ្នកជួលអចលនទ្រព្យនៅទូទាំងតំបន់អាសុីប៉ាសុីហ្វិកបានធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាថ្មីរបស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE ដែលចងក្រងឡើងចន្លោះពីខែឧសភាដល់ខែមិថុនានេះ បានបង្ហាញថា ទំនុកចិត្តអ្នកជួលការិយាល័យ និងអចលនទ្រព្យឧស្សាហកម្មនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកបានធ្លាក់ចុះ។

នៅក្នុងផ្នែកការិយាល័យ ភាពមិនប្រាកដប្រជានៃបរិយាកាសធុរកិច្ចសកលបាននាំឱ្យមានការថយចុះនៃសកម្មភាពជួល ជាមួយការសាកសួរតិចជាងមុន។ យោងតាមការស្ទង់មតិបានរកឃើញថា ចំនួន២៤ភាគរយ នៃអ្នកឆ្លើយតបបានសង្កេតឃើញការធ្លាក់ចុះនូវតម្លៃជួលការិយាល័យនៅក្នុងត្រីមាសទី២ ឆ្នាំនេះ កើនឡើងពីចំនួន១៦ភាគរយនៅក្នុងត្រីមាសមុន។

ទន្ទឹមនឹងនេះដែរ គេសង្កេតឃើញមានតែអ្នកឆ្លើយតបចំនួន២៦ភាគរយប៉ុណ្ណោះ ដែលបានរាយការណ៍ពីការកើនឡើងនៃតម្លៃជួលការិយាល័យ ធ្លាក់ចុះពីចំនួន៣៨ភាគរយនៅក្នុងត្រីមាសទី១ មុនពេលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពន្ធបដិការនៅក្នុងខែមេសា។

នៅក្នុងផ្នែកអចលនទ្រព្យឧស្សាហកម្ម និងភស្តុភារ គេសង្កេតឃើញថា ការធ្លាក់ចុះភាគច្រើនបានបណ្តាលមកពីប្រទេសចិន ខណៈការចាប់អារម្មណ៍របស់អ្នកជួលបានធ្លាក់ចុះយ៉ាងខ្លាំង។ ក្រុមហ៊ុន CBRE វាយតម្លៃថា ការណ៍នេះដោយសារតែអ្នកជួលមានការប្រុងប្រយ័ត្នជាងមុន ស្របពេលមានភាពតានតឹងពាណិជ្ជកម្ម។

តម្លៃជួលអចលនទ្រព្យឧស្សាហកម្មនៅប្រទេសចិនត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនទាបបំផុត ដោយសារការលើកទឹកចិត្តក្នុងទីផ្សារនៅតែបន្តកើនឡើង។ ចំណាប់អារម្មណ៍របស់អ្នកវិនិយោគក្នុងការពង្រីកទំហំនៃការជួលអចលនទ្រព្យក៏បានថយចុះផងដែរ ដោយសារមនុស្សជាច្រើនកំពុងព្យាយាមរក្សាទ្រព្យសម្បត្តិរបស់ពួកគេក្នុងអំឡុងពេលមានភាពមិនច្បាស់លាស់នេះ។

ការស្ទង់មតិខាងលើរបស់ក្រុមហ៊ុន CBRE ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ដោយផ្អែកលើការឆ្លើយតបពីអ្នកចូលរួមចំនួន៥១៧នាក់ នៅទូទាំងតំបន់អាសុីប៉ាសុីហ្វិក ដែលមានជំនាញផ្នែកទីផ្សារជួលអចលនទ្រព្យ៕