ទីក្រុងហូជីមិញគ្រោងដាក់ដេញថ្លៃដីឡូតិ៍ចំនួន៦កន្លែង ដើម្បីកៀរគរទំហំទឹកប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អាជ្ញាធរក្រុងហូជីមិញនៃប្រទេសវៀតណាមគ្រោងនឹងកៀរគរទំហំទឹកប្រាក់ចំនួនជាង២៥,៤ទ្រីលានដុង (ប្រមាណ១ពាន់លានដុល្លារអាមេរិក) ដោយគ្រោងដាក់ដេញថ្លៃលក់ដីចំនួន៦កន្លែងនៅក្នុងតំបន់ Thu Duc និងតំបន់ Thu Thiem ។

ជាពិសេស នៅតំបន់ Thu Thiem ផែនការវាយតម្លៃដីសម្រាប់អភិវឌ្ឍន៍គម្រោងទីក្រុង Thu Thiem Eco Smart City ត្រូវបានដាក់ជូនទៅកាន់អាជ្ញាធរ ដោយរំពឹងថា នឹងអាចទទួលបានទំហំទឹកប្រាក់ចំនួន១៦,២ទ្រីលានដុងពីការដេញថ្លៃ។

ដីឡូតិ៍មួយទៀតនៅក្នុងសង្កាត់ An Phu ដែលមានទំហំជិត១៥ហិកតា ត្រូវបានស្នើឡើងសម្រាប់ការដេញថ្លៃដើម្បីសាងសង់គម្រោងផ្លូវមួយខ្សែ ដោយរំពឹងថា នឹងរកប្រាក់ចំណូលពីការដេញថ្លៃបានចំនួន៣,៤៩ទ្រីលានដុង។

ជាមួយគ្នានោះ អាជ្ញាធរក៏បានកំណត់តម្លៃដីទំហំ៨២៨ម៉ែត្រការ៉េក្នុងទំហំទឹកប្រាក់ប្រហែល១៩ពាន់លានដុងនៅក្នុងគម្រោងលំនៅដ្ឋាន Nam Phan។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែតវៀតណាម Vnexpress។

លើសពីនេះទៀត ដីឡូតិ៍ចំនួន៣កន្លែងនៅក្នុងតំបន់ Thu Thiem ត្រូវបានស្នើសម្រាប់ការដាក់ដេញថ្លៃ ដែលមានតម្លៃសរុបបញ្ចូលគ្នាចាប់ពី៥,៧ទ្រីលានដុង។ សរុបមក ប្រាក់ចំណូលសរុបពីការដេញថ្លៃដីឡូត៍ទាំង៦កន្លែងអាចមានទំហំចំនួន២៥,៤ទ្រីលានដុង។

ដី ដែលបានដាក់លក់ដេញថ្លៃទាំងនេះនឹងត្រូវបានអភិវឌ្ឍន៍ទៅជាគម្រោងអចលនទ្រព្យលំនៅដ្ឋានពហុមុខងារ តំបន់ពាណិជ្ជកម្ម ការអប់រំ និងវប្បធម៌៕

តើកង្វះសាច់ប្រាក់របស់បណ្តាក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សអាចជះផលប៉ះពាល់ដល់ទីផ្សារលំនៅដ្ឋានហុងកុងឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារវាយតម្លៃឥណទាន S&P Global Ratings អះអាងថា វិបត្តិកង្វះសាច់ប្រាក់របស់ក្រុមហ៊ុន New World Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេបំផុតមួយនៅទីក្រុងហុងកុងនៃប្រទេសចិន អាចជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទិញ និងនាំឱ្យតម្លៃផ្ទះធ្លាក់ចុះ។

ក្រុមហ៊ុនយក្ស New World Development បានស្នើសុំពន្យារពេលការទូទាត់អត្រាការប្រាក់លើមូលបត្របំណុល ដោយបង្កឱ្យមានការព្រួយបារម្ភអំពីហានិភ័យ។ កាលពីខែមុន ក្រុមហ៊ុននេះបានធ្វើឱ្យអ្នកវិនិយោគមានការភ្ញាក់ផ្អើល ដោយមិនបានសងបំណុលចំនួន៣៤៥លានដុល្លារអាមេរិកទាន់ពេលវេលា។

ទីភ្នាក់ងារ S&P បានលើកឡើងថា ការពន្យាពេលលើការទូទាត់អត្រាការប្រាក់ជាបញ្ហា ដែលអ្នកវិនិយោគមួយចំនួនកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ការណ៍នេះអាចជះផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុង ដោយអង្រួនទំនុកចិត្តរបស់អ្នកទិញ។

ទីភ្នាក់ងារ S&P បានព្យាករណ៍ថា តម្លៃផ្ទះនៅទីក្រុងហុងកុងអាចនឹងធ្លាក់ចុះចន្លោះពី៥ភាគរយ ទៅ៧ភាគរយនៅឆ្នាំនេះ ប្រសិនសេណារីយ៉ូដ៏អាក្រក់បំផុតកើតឡើង។ប៉ុន្តែ ប្រសិនបើសេណារីយ៉ូមានសភាពធម្មតា តម្លៃផ្ទះត្រូវបានគេរំពឹងថា នឹងស្ថិតនៅទ្រឹង។

យោងតាមរបាយ​ការណ៍​របស់​រដ្ឋបាល​ក្រុងហុងកុងចេញផ្សាយកាល​ពី​ខែ​ឧសភាបាន​បង្ហាញ​ថា​ តម្លៃ​ផ្ទះ​នៅក្នុង​ទីក្រុង​ហុងកុង​បាន​កើន​ឡើងជាលើកដំបូងក្នុង​​រយៈពេល៤ខែ ដោយកើនឡើងចំនួន០,៣៥ភាគរយ​កាលពីខែមេសាកន្លងទៅ។

ទីភ្នាក់ងារ S&P បានអះអាងទៀតថា បណ្តាអ្នកអភិវឌ្ឍន៍ហុងកុង រួមទាំងក្រុមហ៊ុនយក្ស Sun Hung Kai Properties និងក្រុមហ៊ុនយក្ស Henderson Land,កំពុងប្រកួតប្រជែងគ្នាដើម្បីប្រមូលសាច់ប្រាក់ដោយបញ្ចុះតម្លៃផ្ទះក្នុងគម្រោងលំនៅដ្ឋានថ្មីៗរបស់ពួកគេក្នុងគោលដៅទាក់ទាញអតិថិជន៕

ភាពតានតឹងពាណិជ្ជកម្មធ្វើឱ្យទីផ្សារអចលនទ្រព្យពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាពមិនច្បាស់លាស់ពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកអាចជះផលប៉ះពាល់លើទីផ្សារអចលនទ្រព្យពិភពលោក។ប៉ុន្តែ ក្រុមអ្នកជំនាញបានអះអាងថា ឱកាសវិនិយោគនៅតែមានក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Chad Phillips ប្រធានផ្នែកអចលនទ្រព្យសកលនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Nuveen បានកត់សម្គាល់ថា តម្លៃអចលនទ្រព្យនៅទូទាំងពិភពលោកបានដាំក្បាលចុះប្រហែល១៦ភាគរយចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់នៅឆ្នាំនោះ។
យ៉ាងណាមិញ លោក Chad Phillips យល់ឃើញថា ការ​ធ្លាក់​ចុះ​នេះ​ជួយកាត់​បន្ថយ​ហានិភ័យ និង​រក្សា​ទីផ្សារ​អចលន​ទ្រព្យ​ឱ្យ​កាន់​តែ​មានភាពរឹង​មាំ បើ​ទោះ​បី​ជា​មាន​ការ​ព្រួយ​បារម្ភ​ផ្នែក​សេដ្ឋកិច្ច​ទូទាំងពិភពលោកយ៉ាងណាក្តី។

លោក Vincent Chew អ្នកជំនាញគ្រប់គ្រងផលបត្រនៃក្រុមហ៊ុន PGIM Real Estate បានអះអាងថា ការផ្គត់ផ្គង់អចលនទ្រព្យស្ថិតនៅក្រោមការគ្រប់គ្រង ហើយអត្រាគ្របដណ្តប់ការប្រើប្រាស់មានកម្រិតខ្ពស់។

ទោះបីជាភាពមិនច្បាស់លាស់អាចជះផលប៉ះពាល់ដល់ទស្សនវិស័យរយៈពេលខ្លីយ៉ាងណាក្តី ក៏ប៉ុន្តែលោក Chew នៅតែជឿជាក់ថា វានឹងមិនអាចបញ្ឈប់ការងើបឡើងវិញរបស់ទីផ្សារនោះទេ។

លោក Chew បានបង្ហាញទំនុកចិត្តថា “ឆ្នាំ២០២៥នេះ នឹងក្លាយជាពេលវេលាដ៏ល្អដើម្បីចាប់ផ្តើមការវិនិយោគថ្មី”។

ទន្ទឹមនឹងនោះ តំបន់អាសុីប៉ាសុីហ្វិកត្រូវបានគេចាត់ទុកថា ជាតារាកំពុងរះ ក្នុងបរិបទមួយដែលទីផ្សារពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់។ ក្នុងនោះ ក្រុមអ្នកជំនាញបានសម្លឹងឃើញឱកាសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសផ្នែកលំនៅដ្ឋាន ភស្តុភារ និងការថែទាំសុខភាព។

យោងតាមលោក Hamish MacDonald ប្រធានក្រុមហ៊ុនអចលនទ្រព្យ BlackRock ប្រចាំតំបន់អាសុីប៉ាសុីហ្វិក បានឱ្យដឹងថា តំបន់នេះមានសក្តានុពលនៃការវិនិយោគដ៏គួរឱ្យទាក់ទាញ ជាពិសេសនៅក្នុងផ្នែកដែលកំពុងអភិវឌ្ឍន៍៕

មហាវិថី ស៊ី ជីនពីងតម្លៃ២៧៣លានដុល្លារមានសារៈសំខាន់ ដូចម្តេចសម្រាប់ការសមាហរណកម្មផ្ទៃក្នុងប្រទេស?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោក លឹម ស៊ីដេនីន បានដឹកនាំក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសក្រសួង ក្រុមការងារបច្ចេកទេសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន (WACC) ក្រុមការងារបច្ចេកទេសក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ចុះពិនិត្យ និងធ្វើការប្រគល់-ទទួលបញ្ចប់សុពលភាពការងារថែទាំផ្លូវ មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ក្នុងរយៈពេលធានាពីរឆ្នាំ។

បេសកកម្មចុះត្រួតពិនិត្យនេះ គឺដើម្បីពិនិត្យឡើងវិញនូវការងារថែទាំផ្លូវ ការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ ដើម្បីប្រគល់-ទទួលបញ្ចប់សុពលភាព ដោយក្រុមការងារបានបែងចែក ជាបីក្រុមសំខាន់ៗ គឺ ក្រុមត្រួតពិនិត្យផ្លូវ ក្រុមត្រួតពិនិត្យស្ពាន និងលូ និងក្រុមត្រួតពិនិត្យបរិក្ខារសុវត្ថិភាពផ្លូវថ្នល់។

ក្រោយពីក្រុមការងារជំនាញបានត្រួតពិនិត្យរួចរាល់ នៅរសៀលថ្ងៃដដែល លោករដ្ឋលេខាធិការ បានអញ្ជើញដឹកនាំក្រុមការងារប្រជុំវាយតម្លៃ និងបានឯកភាពធ្វើការបញ្ចប់សុពលភាព ការងារថែទាំមហាវិថី ស៊ី ជីនពីង ជាផ្លូវការ។

មហាវិថីស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងបានសម្ពោធជានិមិត្តរូបប្រសិទ្ធនាមឈ្មោះជា “មហាវិថី ស៊ី ជីនពីង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងសរុប៥២,៩៨ គីឡូម៉ែត្រ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្ត រាជធានីភ្នំពេញប្រវែង១៧,៧៧គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្ត ខេត្តកណ្តាល ប្រវែង៣៥,២១ គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ ដោយក្នុងនោះរួមមាន ផ្លូវមេប្រវែង៤៧,៦០គីឡូម៉ែត្រ ក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក  និងផ្លូវខ្នែងតភ្ជាប់ប្រវែង ៥,៣៧ គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ អេស៊ី។

គម្រោងនេះបានរួមបញ្ចូល នូវការសាងសង់ស្ពានវែងឆ្លងកាត់ទន្លេបាសាក់ចំនួន២កន្លែង ប្រវែងសរុប៩៩៦ម៉ែត្រ ដែលក្នុងនោះ ស្ពានខាងកើតមានប្រវែង៦៣០ម៉ែត្រ និងស្ពានខាងលិច មានប្រវែង ៣៦៦ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្រ្តកោះអន្លង់ចិន និងត្រូវបានប្រសិទ្ធនាមថាជា “ស្ពានមិត្តភាពកម្ពុជា-ចិន កោះអន្លង់ចិន”។

បន្ថែមពីលើនេះ គម្រោងនេះក៏បានសាងសង់ផងដែរ នូវស្ពានរំលង ឬស្ពានអាកាស(Flyover) ចំនួន ២កន្លែង ប្រវែងសរុប៥៦៤ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១ ស្ពានរំលងប្តូរ​ទិស(Interchange) ចំនួន២កន្លែង ប្រវែងសរុប៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ និងស្ពានមធ្យម និងខ្លីចំនួន ១១កន្លែង ប្រវែងសរុប៥៦៨ម៉ែត្រ និងការរៀបចំទីតាំងសម្រាប់រថយន្តបត់ត្រឡប់ក្រោយ(U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

គម្រោងនេះ ចំណាយថវិកាសរុបប្រមាណ២៧៣ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ហើយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថវិកាបដិភាគ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករផ្សេងៗ។

មហាវិថី ស៊ី ជីនពីង នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយបន្ថែមទៀតរបស់កម្ពុជាបើនិយាយជារួម និងរបស់រាជធានីភ្នំពេ​ញ និងខេត្តកណ្តាលបើនិយាយដោយឡែក ដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗរួមមាន ដូចជា៖ មួយផ្នែកតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ២ និងមួយផ្នែកទៀត តភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងតភ្ជាប់ជាមួយមហាវិថីឈ្នះ-ឈ្នះខាងលិច(ផ្លូវទំនប់កប់ស្រូវ) ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ស្ពានព្រែកព្នៅ និងមហាវិថីឈ្នះ-ឈ្នះខាងកើត រហូតទៅដល់ផ្លូវជាតិលេខ៦ ព្រមទាំងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវមួយចំនួនផ្សេងទៀត៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៨៤,០៤ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង១,២៤ភាគរយដល់ត្រឹម៣.៤២៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,៤ភាគរយដល់៣៤៥០,២០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,២១ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៩២ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

ហេតុផលអ្វីខ្លះដែលដីធ្លីនៅតែមានឱកាសវិនិយោគសម្រាប់អនាគត?

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ទីផ្សារដីធ្លី នៅតែជាផ្នែកសំខាន់មួយ ដែលមានសក្តានុពល សម្រាប់វិនិយោគនាពេលអនាគត និងមានឱកាសទទួលបានផលចំណេញត្រលប់ខ្ពស់ពីការវិនិយោគ។

អគ្គនាយកគេហទំព័រ Propertyarea.asia និងជាប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១១ មិថុនាថា វាមិនមែនជាការចៃដន្យនោះទេ ដែលដីធ្លីនៅតែជាផ្នែកសំខាន់ ក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែវាមានហេតុផលជាច្រើន ដែលមនុស្សជាច្រើន នៅតែសម្លឹងនិងចាប់យកឱកាសក្នុងទីផ្សារ។

លោកបានពន្យល់ថា ហេតុផលនោះ គឺដោយសារកត្តាជាច្រើនដូចជា

ទី១ ដីធ្លីនៅតែមានតម្រូវការ សម្រាប់វិស័យឧស្សាហកម្ម និងការអភិវឌ្ឍគំរោងផ្សេងៗ

ទី២ ដីធ្លីនៅតែជាមូលដ្ឋានចាំបាច់សម្រាប់ប្រជាពលរដ្ឋ ដែលពួកគេមានតម្រូវការសម្រាប់ការសាងសង់ផ្ទះ និងធ្វើការអភិវឌ្ឍសម្រាប់ដំណាំកសិកម្ម​ និងកសិឧស្សាហកម្ម។

ទី៣ ដីធ្លីមិនកើតកូននោះទេ ប៉ុន្តែមនុស្សកើតកូនជាប្រចាំ ដែលធ្វើឲ្យចរន្តនៃការទិញ លក់នៅតែកើតមានជាស្វ័យប្រវត្តិ

ទី៤ ដីធ្លីនៅតែមានតម្រូវការសម្រាប់អ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិ ហើយវាតែងតែកើនតម្លៃ និងមានសកម្មភាពទីញ លក់ នៅពេលរដ្ឋាភិបាលអភិវឌ្ឍទៅដល់

ទី៥ ដីធ្លីសុទ្ឋតែអាចបង្កើតលុយបាននៅក្នុងនោះ ទោះអ្នកមិនលក់ចេញក៏ដោយ ក៏៏វាអាចទាញលុយចេញបាន សំខាន់តើអ្នកយកវាមកប្រើប្រាស់លើទិដ្ឋភាពបែបណា ដីរបស់អ្នកមានទំហំប៉ុណ្ណា និងអាចកែច្នៃបានបែបណា ដើម្បីបង្កើតតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ច។

លោកយិន លាងគង់បានបន្តថា “ការរីកចម្រើនផ្នែកដីធ្លី មានឥទ្ឋិពលយ៉ាងណាសម្រាប់ជីវិត? គឺពិតជាមាន និងអាចបង្កើតផលប្រ​យោ​ជន៍បានគ្រប់ពេល ប៉ុន្តែអ្វីសំខាន់តើអ្នកចេះ ទាញយកប្រយោជន៍ពីវាបានដោយវិធីសាស្រ្តណាប៉ុណ្ណោះ”៕

សម្តេចតេជោបង្ហាញការឆ្លើយតបចំពោះភាគីថៃ លើការបិទព្រំដែន ជាឯកតោភាគី

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាចនៅព្រឹកថ្ងៃទី១៣ មិថុនានេះបានលើកឡើងថា បើភាគីថៃមិនព្រមបើកច្រកព្រំដែន ដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៦ចំណុច។

ចំណុចទាំង៦នោះ មានខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា យប់ម៉ិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាច ទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើលើ៦ចំណុច ដូចជាទី១ ប្រកាសបិទឈប់ទិញទំនិញថៃ មកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។

ទី២ ត្រៀមទិញទំនិញដែលភាគច្រើន ជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជន ទាំងក្នុងស្រុក និងក្រៅស្រុក។ ទី៣ បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាល ក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។

ទី៤ ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករ ដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។

ទី៥ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន និងទី៦បណ្តាខេត្តនៅជិតព្រំដែន ត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។

សម្តេចបញ្ជាក់ទៀតថា “បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ”។

ជាមួយគ្នានេះ សម្តេចបានថ្លែងអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយម ដូចជា បាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃ ដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕

 

សម្តេចធិបតីហ៊ុន ម៉ាណែតបញ្ជាក់ជំហរម៉ឺងម៉ាត់ជាមួយក្រុម ជ្រុលនិយមថៃ

0

ដោយៈ សហសេវិក

    ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ជំហរយ៉ាងម៉ឺងមាត់ ជាមួយក្រុមជ្រុលនិយមថៃ ដែលបានធ្វើសកម្មភាពយ៉ាងគឃ្លើនមកលើកម្ពុជា។

សម្តេចបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនថា កន្លងមកក្រុមជ្រុលនិយមថៃ ដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អ៊ីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៊ីនធើណែតអី បើកម្ពុជាមានអ៊ីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។

សម្តេចបញ្ជាក់ថា “ខ្ញុំតែងបានអំពាវនាវ កុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត”។ សម្តេចបន្ថែមថា“តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៊ីនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះ ដោយធ្វើតាមទំនើងចិត្ត”។

សម្តេចបានបញ្ជាក់ថា “បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែ​ភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ”។

សម្តេចបន្តថា កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរ ត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះ សុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕

 

កម្ពុជា​កំពុង​បង្កើនការ​ទាក់ទាញភ្ញៀវ​ទេសចរណ៍បរទេស ខណៈអាកាសយានដ្ឋានថ្មីដ៏ធំគ្រោងបើកដំណើរការឆាប់ៗខាងមុខ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជា​កំពុង​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ទាក់ទាញភ្ញៀវ​ទេសចរណ៍បរទេស​កាន់តែច្រើនឡើងឱ្យចូល​មក​ទស្សនា​ប្រទេសរបស់ខ្លួន។ជាក់ស្តែង កម្ពុជាកំពុងអភិវឌ្ឍន៍ភាពជាដៃគូជាមួយបណ្តាខេត្តនានារបស់ប្រទេសចិន។

ឆ្នាំ២០២៥ ត្រូវបានប្រកាសថា ជាឆ្នាំទេសចរណ៍ចិន-កម្ពុជា ហើយកាលពីពេលថ្មីៗនេះ ក្រុមទេសចរណ៍ចិនដំបូងគេ ដែលមានមនុស្ស១.០០០នាក់បានធ្វើដំណើរពីទីក្រុង Wuxi ខៃខេត្តជាំងស៊ូ មកដល់ទីក្រុងភ្នំពេញ។

ទន្ទឹមនឹងនោះ កម្ពុជាគ្រោងបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានចម្ងាយ២០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញក្នុងខែកញ្ញាខាងមុខ ដោយចំណាយដើមទុនវិនិយោគអស់១,៥ពាន់លានដុល្លារ។

យោងតាមក្រុមហ៊ុនបារាំង VINCI ដែលកំពុងគ្រប់គ្រងអាកាសយានដ្ឋានចំនួន៣ នៅកម្ពុជាបានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភពលោក ហើយនឹងអាចផ្ទុកយន្តហោះធំៗលើពិភពលោកដូចជា យន្តហោះ Airbus A380-800 និងយន្តហោះ Boeing 747-800 ជាដើម។ ជើងហោះហើរត្រង់ពីអឺរ៉ុប និងតំបន់ឆ្ងាយៗផ្សេងទៀត អាចនឹងដំណើរការចាប់ពីឆ្នាំក្រោយ។

កម្ពុជា​មិន​មានគោលនយោបាយ​លើកលែង​ទិដ្ឋាការដូចបណ្តាប្រទេសជិតខាងនោះទេ។ជាធម្មតា ទិដ្ឋាការអេឡិចត្រូនិករបស់កម្ពុជាសម្រាប់វិស្សមកាលរយៈពេល៣០ថ្ងៃមានតម្លៃ៣៩ដុល្លារ ហើយការលើកលែងថ្លៃសេវាអនុវត្តន៍ចំពោះតែដៃគូក្នុងតំបន់អាស៊ានប៉ុណ្ណោះ។

បើទោះបីជាកម្ពុជាមិនមានគោលនយោបាយលើកលែងទិដ្ឋាការក្តី ក្រុមប្រតិបត្តិករ​ទេសចរណ៍​ចិន​អះអាងថា “គ្មាន​បញ្ហា​នោះទេ​ ព្រោះ​ជើងហោះហើរ សណ្ឋាគារ និង​ថ្លៃចំណាយលើការរស់នៅ​ក្នុងប្រទេសកម្ពុជាសុទ្ធតែមានតម្លៃសមរម្យ”។

ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសចំនួន២,៤លាននាក់ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង១៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ការមកដល់របស់ជនជាតិចិនបានកើនឡើងចំនួន៤៩ភាគរយ ខណៈចំនួន​ភ្ញៀវទេសចរណ៍​អឺរ៉ុបភាគច្រើនមកពីប្រទេសអង់គ្លេស និង​បារាំង៕

អ្នកវិនិយោគម៉ាកាវបង្កើតសហគមន៍លំនៅដ្ឋានខ្នាតយក្សមួយដើម្បីទាក់ទាញប្រជាជនហុងកុងចូលនិវត្តន៍

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែតហុងកុង South China Morning Post បានរាយការណ៍ថា អ្នកវិនិយោគមួយរូបមកពីទីក្រុងម៉ាកាវកំពុងកំណត់គោលដៅលើប្រជាជនហុងកុងចូលនិវត្តន៍ ជាមួយនឹងការបើកដំណើរការគម្រោងលំនៅដ្ឋានប្រណីតថ្មីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Greater Bay Area របស់ប្រទេសចិន។

លោក Amber Li ស្ថាបនិកសហគមន៍ Serensia Woods បានមានប្រសាសន៍ឱ្យដឹងថា “យើងសង្កេតឃើញមានការខ្វះខាតនូវជម្រើសនៃលំនៅដ្ឋានសម្រាប់អ្នកចូលនិវត្តន៍ និងរបៀបរស់នៅដែលមានគុណភាពខ្ពស់សម្រាប់ពួកគេនៅក្នុងទីក្រុងហុងកុង”។

សហគមន៍ Serensia Woods ស្ថិតនៅលើកោះមួយនៅក្នុងទីក្រុងក្វាងទុងជិតទីក្រុងម៉ាកាវ រួមមានសណ្ឋាគារ១៣៣បន្ទប់ អគារលំនៅដ្ឋានចំនួន៤ ដែលមានផ្ទះសរុប៣០០យូនីត អគារមជ្ឈមណ្ឌលសុខភាពចំនួន២ និងមជ្ឈមណ្ឌលស្ប៉ាចំនួនមួយ។ គម្រោងសហគមន៍នេះមានតម្លៃ២ពាន់លានយ័ន (ប្រមាណ២៧៨,៤លានដុល្លារអាមេរិក) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនយក្សម៉ាកាវ HN Group ។

សហគមន៍ Serensia Woods មានទំហំ១៣៥.០០០ម៉ែត្រការ៉េ កំពុងបំពេញតម្រូវការរបស់ប្រជាជនហុងកុងដែលមានវ័យចំណាស់ ជាមួយនឹងផ្ទះល្វែងដែលមានតម្លៃចាប់ពី១០លានដុល្លារហុងកុង(ប្រមាណ១,៣លានដុល្លារអាមេរិក)ក្នុងមួយយូនីត។

ក្នុងចំណោមផ្ទះសរុបទាំង៣០០យូនីតនៅក្នុងសហគមន៍ Serensia Woods យើងនឹងដាក់លក់ផ្ទះប្រមាណ២០០យូនីតក្នុងពេលឆាប់ៗនេះ ហើយក្នុងនោះផ្ទះចំនួន៨យូនីតនឹងត្រូវបានដាក់លក់ក្នុងតម្លៃទាបសមរម្យ៕