សារកក់ក្តៅៈ ប្រធានាធិបតីបារាំងអាចជួយសម្របសម្រួលឯកសារដល់ភាគីកម្ពុជា ថៃដើម្បីដោះស្រាយជម្លោះព្រំដែន

0

ដោយៈ និស្ស័យ

    ប៉ារីសៈ លោកប្រធានាធិបតីបារាំង លោក Emmanuel MACRON បានអះអាងថា បារាំងអាចជួយសម្របសម្រួលផ្តល់ឯកសារដល់ភាគីកម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន ក្នុងករណីចាំបាច់។

ការបញ្ជាក់បែបនេះ បានធ្វើឡើង ក្នុងជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងនីស ប្រទេសបារាំង។ នេះបើតាម លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានសង្ខេបអំពីលទ្ធផល នៃរបស់សម្តេចបវរធិបតី ទៅកាន់ទីក្រុងនីសប្រទេសបារាំង ដោយលោកអះអាងថា សម្តេចបានជួបជាមួយមេដឹកនាំមួយចំនួន ជាពិសេសប្រធានាធិបតីបារាំង។

លោកបញ្ជាក់ថា ក្នុងជំនួបជាមួយមេដឹកនាំបណ្តាប្រទេសជាមិត្ត និងដៃគូរបស់កម្ពុជា ជាពិសេសប្រធានាធិបតីបារាំង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដែលជំហរនេះ សម្តេចក៏បានបញ្ជាក់ប្រាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីពេលថ្មីៗនេះផងដែរ។

លោកហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បន្ថែមថា យ៉ាងហោចណាស់ ជាមួយប្រធានាធិបតីបារាំង ជាការពិតសម្តេចបានលើកឡើងពីរឿងរ៉ាវបច្ចុប្បន្នរវាងកម្ពុជា និងថៃ ប៉ុន្តែខ្ញុំសូមឡើងយ៉ាងទទូចថា សម្តេចបវរធិបតី លើកឡើងពីបញ្ហាកម្ពុជាថៃ នៅចំពោះមុខ​ប្រធានាធិបតីបារាំងម៉ាក្រុង ដើម្បីបញ្ជាក់ពីគោលជំហររបស់ ប្រទេសកម្ពុជាតែប៉ុណ្ណោះ គ្មានឡើយគោលដៅផ្សេងៗ។

គោលជំហរ៤ចំណុចរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់កន្លងមកក្នុងនោះរួមមានដូចជា ទី១ កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃទី២ ការសម្រេចចិត្តរបស់កម្ពុជា ដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន នៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី

ទី៣ បន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌ​សីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ និងទី៤៖ បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។

លោកហ្សង់ បានបញ្ជាក់ទៀតថា សម្តេចបវរធិបតី លើកឡើងពីបញ្ហាទាំងនេះ ចំពោះមុខប្រធានាធិបតីម៉ាក្រុង គឺដើម្បីតែគោលដៅមួយគត់ នោះគឺបញ្ជាក់ពីគោលជំហររបស់ប្រទេសកម្ពុជា នៅក្នុងរឿងរ៉ាវហ្នឹង មិនមែនសម្រាប់គោលដៅអីផ្សេងទេ ម្ល៉ោះហើយយើងក៏មិនបានទន្ទឹងរង់ចាំចម្លើយបញ្ជាក់ច្បាស់ ពីប្រធានាធិបតីម៉ាក្រុងដែរ យ៉ាងណាក៏ដោយ ខ្ញុំសូមអះអាងថា ប្រធានាធិបតីបារាំងម៉ាក្រុង បានថ្លែងបញ្ជាក់ថា​ “បារាំងអាចជួយសម្រួល ជាអាទិ៍តាមរយៈការផ្តល់ឯកសារ ឯកសារនេះឬឯកសារនោះ ដល់ភាគីទាំងពីរ​ ដល់ថៃផងដល់កម្ពុជាផង បើសិនជាមានការចាំបាច់”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួម ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ ដែលធ្វើឡើង នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥៕

គំរោងវិនិយោគថ្មីចំនួន១២មានទុន១២៨លានដុល្លារត្រូវបាន លើកយកមកពិនិត្យ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីបាន“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៩ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង។

កិច្ចប្រជុំនាថ្ងៃទី១២ មិថុនានេះ បានដឹកនាំដោយលោកជា វុទ្ឋី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើ​ញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១២៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៤,៦ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន១១គម្រោង (ផលិតគ្រឿងសង្ហារិម និងសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ផលិតសម្ភារៈប្រើប្រាស់ ដូចជាកំប៉ុងទឹក ប្រអប់ ចាន ស្លាបព្រា សម ចង្កឹះ ទុយោបឺត ជើងទ្រកំប៉ុង ក្រដាសជូតមាត់, ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ខារអំបោះ និងជ្រលក់ពណ៌, ផលិតផលិតផលធ្វើអំពីការកាវ, ផលិតបំពង់ទីបដែក, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតនុយសិប្បនិម្មិត និងសម្ភារៈស្ទូចត្រីគ្រប់ប្រភេទ, បង្កើតកសិដ្ឋានចិញ្ចឹម និងភ្ញាស់កូនមាន់ ទា, ផលិតខ្សែភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈអគ្គិសនី, និងផលិតសម្ភារៈក្មេងលេង និងសត្វចិញ្ចឹម) និងវិស័យទេសចរណ៍ចំនួន១គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២៨០បន្ទប់)។

គម្រោងវិនិយោគទាំង១២ បានបោះទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ស្វាយរៀង កំពត កំពង់ឆ្នាំង និងកំពង់ធំ៕

ផ្តើមឧត្តមភាពថ្មីនៃគោលដៅទេសចរណ៍ចម្រុះឥតគូប្រៀបក្នុងប្រទេសកម្ពុជាជាមួយ Arjuna រីសត និងស៉្បាដ៏ប្រណីត

0

ក្រុងព្រះសីហនុ – ខែមិថុនា ឆ្នាំ 2025 — JHL Collection មានមោទកភាពជាខ្លាំងនូវសមិទ្ធផលនៃការពង្រីក និងពាំនាំយីហោរបស់ខ្លួនមកកាន់ឆាកអន្តរជាតិជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូងរបស់ Arjuna រីសត និងស៉្បា​ ដែលបានបើកដំណើរការកាលពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2025។ ការសាងសង់និងរៀបចំរបស់ Arjuna រីសត និងស៉្បា​ ទទួលបានការបំផុសគំនិតដោយរឿងព្រេងនិទាន Arjuna និងដំណើររាជវង្សសាវតាខ្មែរ។ Arjuna រីសត និងស៉្បា​ ជាសណ្ឋាគារផ្កាយប្រាំក្នុងយុគសម័យថ្មីដែលមានភាពប្រណីត​ ស្រស់បំព្រង និងរំលេចដោយវប្បធម៌ចម្រុះរះនៅលើឆ្នេរសមុទ្រកម្ពុជា។ ទីតាំងនៅក្នុងរីសត Kampong Dewa ជាគោលដៅប្រណីតរួមបញ្ចូលគ្នាដំបូងគេក្នុងខេត្តព្រះសីហនុដែលលើសពីសណ្ឋាគារធម្មតា Arjuna រីសត និងស៉្បាគឺជាគោលដៅពិសេសមួយសម្រាប់អតិថិជនគ្រប់ៗរូប។

ភ្ញៀវ​អាច​ទទួល​បាន​បទពិសោធន៍​សេវាកម្ម​សណ្ឋារគារផ្កាយ​ប្រាំ​លំដាប់​អន្តរជាតិ​ដែល​បញ្ចូល​ទៅ​នឹង​វប្បធម៌​ដ៏​កក់ក្តៅ​ និង​បេះដូង​របស់​ប្រទេស​កម្ពុជា

អ្នកនាង Rina Mariani អ្នកគ្រប់គ្រងទូទៅនៃ Arjuna រីសត និងស៉្បា បានមានប្រសាសន៍ថា “ការ​រចនា Arjuna រីសត និងស៉្បា គឺជាការរួមបញ្ចូលគ្នានូវភាពអស្ចារ្យ និងភាពដែលគួរឱ្យស្ញប់ស្ញែងនៃសាវតាររាជវង្សខ្មែរជាមួយនឹងការរចនាដ៏ប្រណីតបែបសហសម័យ។ គ្រប់ចំនុចលម្អិតទាំងអស់ រាប់ចាប់ពីសិល្បៈនៃក្បាច់រចនា និងស្ថាបត្យកម្មនៃរីសតទាំងមូល រួមបញ្ចូលជាមួយនឹងបទពិសោធន៍ភ្ញៀវ​គ្រប់រូបត្រូវបានធ្វើឡើងដើម្បីនាំអ្នកទស្សនាចូលទៅក្នុងពិភពមួយដ៏អស្ចារ្យ។ ការស្នាក់នៅនីមួយៗត្រូវបានរៀបចំដោយបដិសណ្ឋារកិច្ចលំដាប់ប្រទេសដែលធានាបាននូវបទពិសោធន៍ដ៏វិសេសវិសាលជូនទៅកាន់អតិថិជន”។

ដំណើរ​នៃការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ក៏កំពុង​រង់​ចាំ​លោកអ្នកនៅ​ភោជនីយដ្ឋាន និង​បារ Angkasa នៅជាន់ទី 23។​ ភោជនីយដ្ឋាន និង​បារ Angkasa នឹងផ្តល់នូវបទពិសោធន៍នៃការទទួលទានអាហារដ៏ពិសេសជាមួយនឹងទិដ្ឋភាពផ្ទៃសមុទ្រដ៏ធំ រួមជាមួយទេសភាពទីក្រុងដ៏ស្រស់ស្អាត ដែលផ្តល់នូវអារម្មណ៏​ និងរសជាតិសម័យ និងបុរាណលាយបញ្ចួលគ្នា។ ភ្ញៀវ​ទាំងអស់ក៏អាចទទួលបាននូវបទពិសោធន៍នៃ​កម្មវិធី​ភ្លក់​រសជាតិ​ស្រា​ស ដែលជា​កម្មវិធី​ដែលមានជា​ការ​និទាន​រឿង​វប្បធម៌បុរាណដែលធ្វើឱ្យ​ការ​ជួប​គ្នារបស់ភ្ញៀវទទួលបាននូវបទពិសោធន៍ដែលគួរឱ្យចងចាំ។

សណ្ឋាគារនេះត្រូវដែលមាន Sky Pool & Bar ដ៏ធំទូលាយដែលអាចមើលឃើញទេសភាពនៃឆ្នេរសមុទ្រល្វឹងល្វើយនៃខេត្តព្រះសីហនុ

 សម្រាប់បទពិសោធន៍នៃការទទួលទានអាហារបែបឯកជនដ៏ពិសេសវិញ ភោជនីយដ្ឋាន Wang Long Chinese Royal Restaurant (珑中国皇家餐厅) ដែលជាភោជនីយដ្ឋានបែបប្រពៃណីចិនដែល​រួមបញ្ចូលជាមួយ នឹងភាពស៊ីវិល័យ។ រីករាយជាមួយម្ហូបចិនលំដាប់កំពូលនៅក្នុងបន្ទប់ទទួលទានឯកជនដ៏ធំទូលាយ តុបតែងដោយផ្ទៃខាងក្នុងដ៏ប្រណីត និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ ដែលគ្រប់គ្រងដោយលោក Du Yinluo ដែលជាអ្នកជំនាញផ្នែកសិល្បៈអាហារចិន និងការគ្រប់គ្រងបដិសណ្ឋារកិច្ចដែលបានទទួលការសរសើរពីអន្តរជាតិជាច្រើន រួមទាំងពានរង្វាន់ Red Dot Design Award ដ៏ល្បីល្បាញពីប្រទេសអាល្លឺម៉ង់ផងដែរ។

 

ភ្ញៀវក៏អាចសម្រាកនៅ Sky Lounge ដែលជាកន្លែងលំហែដ៏ទំនើប និងមានផាសុខភាព ទីធ្លាទូលំទូលាយ ក្នុងនោះផងដែរ ទម្រង់សិល្បៈដ៏ស្រស់ស្អាតក៏ត្រូវបានដាក់បង្ហាញ រៀបចំ និងតុបតែងយ៉ាងប្រណីត។ Sky Lounge លាក់ខ្លួនមួយនេះឆ្លុះមើលឃើញទិដ្ឋភាព​ពីជាន់ក្រោមដល់ពិដានប្រដាប់ដោយគ្រឿងសង្ហារិមដ៏ប្រណីតពន្លឺព័ទ្ធជុំវិញ​​​រួមជាមួយ​នឹងស្រាក្រឡុកធ្វើដោយដៃដែលផ្តល់នូវបទពិសោធន៍បែប “បន្ទប់ទទួលភ្ញៀវនៅលើមេឃ” ដ៏ប្រណីត និងល្អបំផុតសម្រាប់ការទទួលទានស្រាក្រឡុកពេលថ្ងៃលិច ឬការជួបជុំគ្នានាពេលយប់។

Sky Loungeជាកន្លែងសម្រាកលំហែដ៏ទំនើបមួយដែលអតិថិជនអាចសម្រាកលំហែដោយប្រណីតភាពដែលផ្តល់នូវទីកន្លែងជជែកគ្នាលេងជាមួយ និងភេសជ្ជៈត្រជាក់ៗរួមជាមួយទេសភាពដែលជាទីគយគន់

Sky Pool & Bar ដែលស្ថិតនៅជាន់លើបង្អស់នៃសណ្ឋាគារជាកន្លែងពិសេសដែលអាចបង្ហាញនូវទេសភាពដែលមិនអាចប្រៀបផ្ទឹមបាននៅក្រុងព្រះសីហនុ។ នៅពេលថ្ងៃ​ Sky Pool & Bar ក៏មាននូវអាងទឹកដែលមើលឃើញនូវជើងមេឃ​ និងទេសភាពផ្ទៃសមុទ្រដ៏ធំ ​​គ្មានការរំខាន និងទេសភាពទីក្រុងដ៏មមាញឹកនៅពេលយប់។ នៅពេលព្រះអាទិត្យរៀបអស្តង្គត ទីកន្លែងនេះនឹងផ្លាស់ប្តូរអារម្មណ៏ភ្ញៀវជាមួយនឹងការបំភ្លឺពន្លឺជុំវិញ ការរចនាដ៏ស្រស់បំព្រង និងសេវាកម្មចម្រាញ់បញ្ចូលគ្នាសម្រាប់បទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ មិនថាសម្រាប់ការស្វែងរកភាពស្ងប់ស្ងាត់បែបផាសុខភាពនាពេលថ្ងៃ ឬការជួបជុំគ្នានៅពេលល្ងាចក្តី Sky Pool & Bar គឺជាគោលដៅដែលភ្ញៀវត្រូវទៅទស្សនាដោយខានពុំបាន។

បន្ទប់ស្វីតធំទូលាយ​សរុបចំនួន 236ដែលបំពាក់ដោយបរិក្ខារ​ទំនើប

កាស៊ីណូលំដាប់ពិភពលោក Kampong Dewa  ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញដល់ភ្ញៀវអន្តរជាតិ ដោយមានបំពាក់នូវម៉ាស៊ីនអេឡិចត្រូនិចទំនើបទាន់សម័យនៅក្នុងបរិយាកាសលេងកម្សាន្តល្អផ្តាច់មុខគេ។ ក្នុងនាមជាផ្នែកមួយនៃគម្រោងស្នូលរបស់ Kampong Dewa Resorts ដ៏ធំទូលាយ អតិថិជនក៏អាចទន្ទឹងរង់ចាំការសាងសង់ថ្មីៗដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនពី Khayangan Beach Club សណ្ឋាគារលំដាប់ Herloom និង Residence រួមទាំង Theme Park ដ៏ទំនើប រួមជាមួយមជ្ឈមណ្ឌលសន្និបាត Bima Hotel & Convention Center និងវិចិត្រសាលផ្សារទំនើបដ៏រស់រវើក ដែលទាំងអស់នេះត្រូវបានរចនាឡើងដើម្បីដាក់ទីតាំង Kampong Dewa Resorts ជាគោលដៅកម្សាន្តឈានមុខគេរបស់ប្រទេសកម្ពុជា។

 

Arjuna រីសត និងស៉្បា ក៏ផ្តល់ជូននូវគ្រឿងបរិក្ខារយ៉ាងទូលំទូលាយ រួមទាំងមជ្ឈមណ្ឌលសុខភាព ​(Arjuna Spa by Sandjong) កន្លែងហាត់ប្រាណ (The Workout) កន្លែងប្រជុំ និងសេវាកម្មផ្សេងៗ ដែលត្រូវបានកែសម្រួលឡើងដើម្បីលើកកម្ពស់ទៅដល់គ្រប់ទិដ្ឋភាពនៃបទពិសោធន៍ និងតម្រូវការរបស់ភ្ញៀវ។ ស្វែងយល់បន្ថែមពី Arjuna រីសត និងស៉្បា នៅទីនេះ

 

ការសម្ពោធជាលក្ខណៈអន្តរជាតិនេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ JHL Collection ចំពោះការច្នៃប្រឌិត ការរចនាដែលជំរុញដោយវប្បធម៌ និងឧត្តមភាពក្នុងបដិសណ្ឋារកិច្ច។ ចំពោះការបន្ថែមចុងក្រោយបំផុតទៅលើកម្នើនផលប័ត្ររបស់ក្រុម គំរូក្រមហត្ថលេខារបស់យីហោ Arjuna គឺ៖ ពន្លឺក្នុងបដិសណ្ឋារកិច្ច

 

អំពី Arjuna Resort & Spa

Arjuna Resort & Spa គឺជាសណ្ឋារគារលំដាប់ផ្កាយប្រាំដែលត្រូវបានសាងសង់ឡើងដោយការបំផុសគំនិតមកពីរឿងព្រេងនៃ Arjuna និងមរតករាជវង្សខ្មែរដែលផ្តល់ជូននូវភាពប្រណីត និងបទពិសោធន៍បដិសណ្ឋារកិច្ចដ៏អស្ចារ្យ។ ដោយមានចំងាយត្រឹម 30 នាទី ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និង 10នាទី ពីឆ្នេរអូត្រេះ Arjuna មានបន្ទប់ធំទូលាយ និងបន្ទប់ស្វីតសរុបចំនួន 236 រួមទាំងបន្ទប់ Penthouse កាស៊ីណូលំដាប់ពិភពលោក កន្លែងស្ប៉ា និងកន្លែងទទួលទានអាហារលំដាប់កំពូលដែលទាំងអស់នេះត្រូវបានរៀបចំឡើងសម្រាប់អ្នកដំណើរ ភ្ញៀវអាជីវកម្ម ភ្ញៀវទេសចរណ៍ និងអ្នកស្វែងរកលំហែកាយនានា។

អំពី​ JHL Collection

បង្កើតឡើងក្នុងឆ្នាំ 2020 JHL Collection គឺជាក្រុមហ៊ុនគ្រប់គ្រងផ្នែកបដិសណ្ឋារកិច្ចឈានមុខគេដែលប្តេជ្ញាក្នុងការ​បង្កើតបទពិសោធន៍ប្លែកអារម្មណ៍សម្រាប់ភ្ញៀវតាមរយៈសណ្ឋាគារប្រណីតនានាក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសផ្សេងៗទៀត។ ក្រុមហ៊ុនបាននឹងកំពុងបើកដំណើរការសណ្ឋាគារនានាក្នុងទីក្រុងតង់ហ្គឺរ៉ាង ​(Tangerang)​​ ទីក្រុង​បូហ្គោ​ (Bogor)​ ទីក្រុងបាលី (Bali) និងប្រទេសកម្ពុជា ក្រោមម៉ាកយីហោទាំងប្រាំរបស់ខ្លួនរួមមាន៖ JHL Solitaire, Episode, Herloom, JSI Resort និង Noema Resort។ ម៉ាកយីហោនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែត្រូវបានឈរក្រោមគោលដៅរួមមួយ គឺការស្វែងរកឧត្តមភាពផ្នែកបដិសណ្ឋារកិច្ច។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.jhlcollection.co.id

 

សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទង៖

Arjuna រីសត & ស្ប៉ា

Fadhlan Karim – នាយកផ្នែកលក់ និងទីផ្សារ

ទូរស័ព្ទ៖ +855 34 933999

WhatsApp៖ +62 8121031745

តេលេក្រាម: Fadhlan Karim

អីម៉ែល: [email protected]

 

មន្រ្តីកម្ពុជា អឺរ៉ុបពិភាក្សាលើកិច្ចសហប្រតិបត្តិការអភិឌ្ឍន៍សេដ្ឋកិច្ច

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាជាមួយមន្រ្តីអឺរ៉ុប ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុប និងកម្ពុជា។

កិច្ចពិភាក្សាកាលពីសប្តាហ៍មុននេះ បានដឹកនាំដោយលោករ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ សហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និហលោកស្រីបណ្ឌិត Laima Liucija Andrikienė សមាជិកានៃ European Court of Auditors និងមានការចូលរួមពីលោកIgor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងមន្ត្រីជាន់ខ្ពស់ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។

គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សា អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងកម្ពុជា និងសហភាពអឺរ៉ុប ក៏ដូចជាផ្លាស់យោបល់ និងបទពិសោធន៍ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាពិសេសទាក់ទងនឹងការប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការប្រកបដោយស័ក្តិសិទ្ធិភាព៕

អ្នកជំនាញបង្ហាញពីគន្លឹះមួយចំនួនសម្រាប់ពិចារណាក្នុងការដោះ បញ្ហាបំណុល

0

ដោយៈ ហាក់ គីមថុង

ភ្នំពេញៈ បញ្ហាបំណុលជារឿងឈឺក្បាលបំផុត សម្រាប់មនុស្សស្ទើរតែគ្រប់គ្នា ខណៈសេដ្ឋកិច្ចបាន និងកំពុងមានបញ្ហាទាំងពិភពលោក និងកម្ពុជា។

លោកហាក់ គីមថុងអ្នកជំនាញអចលនទ្រព្យមួយរូប ដែលបានបញ្ចប់ការសិក្សានៅបរទេស បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីថ្ងៃទី១១ មិថុនាថា ថ្ងៃនេះខ្ញុំមានគន្លឹះមួយចំនួនសម្រាប់បងប្អូនដែលកំពុងជួបបញ្ហាបំណុល។

លោកបញ្ជាក់ថា “កុំទាន់អស់សង្ឃឹម! ខ្ញុំដឹងថាវាលំបាក ហើយសម្ពាធទាំងនោះ អាចធ្វើឲ្យយើងបាក់ទឹកចិត្ត ប៉ុន្តែសូមចាំថា បំណុលមិនមែនជាទីបញ្ចប់ឡើយ។ វាគ្រាន់តែជាឧបសគ្គមួយ ដែលយើងអាចជំនះបាន”។

តើធ្វើដូចម្តេចទើបអាចដោះខ្លួនពីបំណុលបាន?

    លោកហាក់ គីមថុងបានសរសេរថា ខ្ញុំមិនមែនជាអ្នកដែលធ្លាប់ជំពាក់បំណុលវ័ណ្ឌកនោះទេ។ នេះក៏ដោយសារតែ ចំណេះដឹងហិរញ្ញវត្ថុ ការប្រយ័ត្នប្រយែង និងភាពមិនលោភលន់ និងហ៊ានធ្វើហួសប្រមាណនឹងសមត្ថភាព។ ប៉ុន្តែខ្ញុំបានឃើញ និងបានស្តាប់នូវរឿងរ៉ាវជាច្រើន ពីអ្នកដែលបានឆ្លងកាត់បទពិសោធន៍ជូរចត់នេះ ដោយជោគជ័យ។

ពួកគេបានបង្ហាញខ្ញុំថា ការដោះបំណុលទាមទារនូវភាពអត់ធ្មត់ ផ្នត់គំនិតវិជ្ជមាន និងការតាំងចិត្តដ៏មុតមាំ។ គោលគំនិតល្អៗដែលខ្ញុំបានទទួលពីអ្នក ដែលធ្លាប់ជួបស្ថានភាពនេះ អ្នកធ្លាប់ដោះខ្លួនចេញរួច និងអ្នកដែលមានបទពិសោធន៍ច្រើន ខ្ញុំសូមយកមកចែករំលែកជូនបងប្អូនដូចខាងក្រោម៖

១. ទទួលស្គាល់ និងប្រឈមមុខ

ជំហានដំបូងគឺការ ទទួលស្គាល់ការពិត។ កុំគេចវេសពីបញ្ហាបំណុលរបស់អ្នក។ អង្គុយចុះ ហើយពិនិត្យមើលបំណុលទាំងអស់ដែលអ្នកមានថា តើជំពាក់គេប៉ុន្មាន ជំពាក់អ្នកណាខ្លះ និងការប្រាក់ប៉ុន្មាន។ ការដឹងច្បាស់ពីស្ថានភាពរបស់អ្នក នឹងជួយអ្នករៀបចំផែនការបានត្រឹមត្រូវ។

២. កុំខ្ចីបំណុលបន្ថែមដើម្បីសងបំណុលចាស់

សូមកុំខ្ចីលុយបន្ថែម ដើម្បីយកទៅសងបំណុលផ្សេងទៀតឲ្យសោះ! នេះជាកំហុសដ៏ធំមួយ ដែលអាចធ្វើឲ្យបន្ទុករបស់អ្នកកាន់តែធ្ងន់ធ្ងរឡើងជាលំដាប់។ វាប្រៀបដូចជាការបន្ថែមភ្លើងទៅលើគំនរចំបើងដែលកំពុងឆេះស្រាប់។ ការធ្វើបែបនេះ នឹងបង្កើនទាំងចំនួនបំណុល និងការប្រាក់ ដែលធ្វើឲ្យអ្នកកាន់តែពិបាកដោះខ្លួន។ សូមផ្តោត លើការរកវិធីសងបំណុលដែលមានស្រាប់ ដោយមិនបង្កើនវាឡើយ។

៣. កំណត់គោលដៅជាក់លាក់

នៅពេលដែលអ្នកដឹងច្បាស់ពីចំនួនបំណុលហើយ សូមចាប់ផ្តើម កំណត់គោលដៅជាក់លាក់។ តើអ្នកចង់ដោះបំណុលមួយណាមុនគេ?តើអ្នកមានលទ្ធភាពសងប៉ុន្មានក្នុងមួយខែ? កុំព្យាយាមដោះទាំងអស់ក្នុងពេលតែមួយ។ សូមជ្រើសរើសបំណុលណា ដែលមានការប្រាក់ខ្ពស់ជាងគេ ឬបំណុលណាដែលធ្វើឲ្យអ្នកព្រួយបារម្ភជាងគេ រួចចាប់ផ្តើមដោះស្រាយបំណុលនោះមុនគេ។ ការធ្វើបែបនេះ នឹងផ្តល់កម្លាំងចិត្តឲ្យអ្នកបន្តដំណើរទៅមុខ។

៤. រៀបចំផែនការចំណាយ និងសន្សំ

ដើម្បីដោះបំណុល អ្នកត្រូវ រៀបចំផែនការចំណាយរបស់អ្នកឲ្យបានល្អិតល្អន់។ កាត់បន្ថយការចំណាយមិនចាំបាច់ ហើយរកវិធីសន្សំប្រាក់បន្ថែម។

៥. ពិចារណាលក់ទ្រព្យសម្បត្តិដែលមិនចាំបាច់

ខ្ញុំយល់ថាវាពិបាក ក្នុងការលក់ទ្រព្យសម្បត្តិ ដែលអ្នកបានខិតខំរក។ ប៉ុន្តែសូមគិតពិចារណាដោយប្រុងប្រយ័ត្នអំពី ការលក់ទ្រព្យសម្បត្តិខ្លះ ឬទាំងអស់ ដើម្បីយកថវិកាទៅដោះស្រាយបំណុល។

ឧទាហរណ៍ រថយន្តទំនើបដែលចំណាយច្រើន លើការថែរទាំ គ្រឿងអលង្ការ ដី ឬអចលនវត្ថុ ដែលមិនទាន់មានគម្រោងអភិវឌ្ឍន៍ដើម្បីបង្កើនចំណូល និងវត្ថុផ្សេងៗទៀត។

ការអោបទុកទ្រព្យទាំងនោះ រហូតដល់ស្ថានភាពធ្ងន់ធ្ងរ អាចធ្វើឲ្យអ្នកបាត់បង់ឱកាសល្អៗ ក្នុងការដោះស្រាយបំណុលតាំងពីដំបូង ហើយធ្វើឲ្យការកើនរហូត ដល់លែងមានលទ្ធភាពសងវិញ ហើយពេលនោះទោះជាចង់លក់ទ្រព្យសង វាយឺតពេលទៅហើយ។ ជួនកាល ការលះបង់មួយចំនួននៅពេលនេះ នឹងនាំមកនូវសេរីភាព និងភាពស្ងប់ចិត្តនៅពេលអនាគត។

៦. ស្វែងរកជំនួយ និងការលើកទឹកចិត្ត

អ្នកមិនមែននៅម្នាក់ឯងទេ! សូម ស្វែងរកជំនួយពីអ្នកដែលអ្នកទុកចិត្ត ដូចជាក្រុមគ្រួសារ មិត្តភក្តិឬអ្នកជំនាញហិរញ្ញវត្ថុ។ ការនិយាយប្រាប់ពួកគេពីបញ្ហារបស់អ្នក អាចជួយឲ្យអ្នកទទួលបានដំបូន្មានល្អៗ និងការលើកទឹកចិត្ត។ មានរឿងរ៉ាវជាច្រើនដែលខ្ញុំបានឮថា ការនិយា​យជាមួយអ្នកដទៃ បានធ្វើឲ្យអ្នកជាប់បំណុល មានអារម្មណ៍ធូរស្រាល និងមានកម្លាំងចិត្តបន្តប្រឈមមុខ។

៧. គិតវិជ្ជមាន និងអត់ធ្មត់

ផ្លូវនៃការដោះបំណុល មិនមែនងាយស្រួលនោះទេ។ វាទាមទារនូវ ភាពអត់ធ្មត់ និងផ្នត់គំនិតវិជ្ជមាន។ នឹងមានពេលដែលអ្នកមានអារម្មណ៍អស់សង្ឃឹម ឬចង់បោះបង់ចោល។ ប៉ុន្តែសូមចាំថា រាល់ការខិតខំប្រឹងប្រែងរបស់អ្នក មិនថាច្រើនឬតិច សុទ្ធតែជាជំហានមួយឆ្ពោះទៅរកសេរីភាព។ រីករាយជាមួយជ័យជម្នះតូចៗ ដែលអ្នកសម្រេចបាន។

ឧទាហរណ៍ ការសងបំណុលបានមួយផ្នែកតូច ក៏ជាជោគជ័យមួយដែរ។

កុំបាក់ទឹកចិត្ត!

រឿងរ៉ាវដែលខ្ញុំបានឮ បានបង្ហាញថា មនុស្សជាច្រើនបានឆ្លងកាត់ការលំបាកនេះ ហើយពួកគេបានជោគជ័យ។ ពួកគេបានប្រាប់ខ្ញុំថា អ្វីដែលសំខាន់បំផុត គឺ ការតាំងចិត្តមិនបោះបង់។

ខ្ញុំជឿជាក់ថា អ្នកក៏អាចធ្វើបានដែរ! សូមចាប់ផ្តើមថ្ងៃនេះ ដោះម្តងមួយៗ ហើយអ្នកនឹងភ្ញាក់ផ្អើល ចំពោះសមត្ថភាពរបស់ខ្លួនឯង។ នៅពេលដែលអ្នកដោះបំណុលបាន អ្នកនឹងមានអារម្មណ៍ធូរស្រាល ឯករាជ្យ និងមានអំណាចលើជីវិតហិរញ្ញវត្ថុរបស់អ្នក៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៥៣,២៦ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦៤ភាគរយដល់ត្រឹម៣៣៧៤,៦៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,៥៦ភាគរយដល់៣៣៩៥,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៨,៤ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៦៣ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕

រដ្ឋាភិបាលគ្រោងវិនិយោគលំហរសាធារណៈដើម្បីលើកកំពស់ សុខភាពប្រជាពលរដ្ឋ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំំណង់គ្រោងវិនិយោគលំហរសាធារណៈ(សួនច្បារ) ដើ​ម្បីលើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់បានមាមប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចុប្ប​ន្នជំងឺមិនឆ្លងបានកើតមានច្រើនលើប្រជាពលរដ្ឋខ្មែរ ដោយជំងឺលើសសម្ពាធឈាមបានកើនដល់១លាននាក់ ហេតុនេះបើសិនជាពួកគាត់ព្យាបាលសុខភាព ចំណាយម្នាក់ត្រឹម៥០ដុល្លារ ពួកគាត់ចឹងចំណាយរហូតដល់៥០លានដុល្លារអាមេរិក ចំនួននេះមិនទាន់គិតពីអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងដទៃទៀតនៅឡើយ។

លោកបន្តថា ហេតុនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការលើកកំពស់សុខមាលភាពសាធារណៈ ដោយវិនិយោគលំហរសាធារណៈ  ដែលអាចប្រជាពលរដ្ឋដើរកំសាន្ត និងហាត់ប្រា​ណ”។ លោកបន្តថា “រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី បាននិងកំពុងគីតលើការងារធំៗជាច្រើន ដែលពេលខ្លះ លោកពិបាកចិត្តផងដែរ ខ្លាចធ្វើមិនបាន ព្រោះផែនការរបស់សម្តេចធំណាស់”។

លោកសាយ សំអាល់បានបន្តទៀតថា លើសពីនេះ រដ្ឋាភិបាលក៏បាននិងកំពុងគិតគូរដល់និរន្តរភាពទន្លេសាយ ដែលទន្លេរនេះបានផ្តល់ចំណូលដល់សេដ្ឋកិច្ច២០០០លានដុល្លារក្នុងមួយឆ្នាំ។ ហេតុនេះបើយើងភ្លេចគិតពីបញ្ហានេះ វានឹងជាកំហុសធំមួយក្នុងប្រវត្តិសាស្រ្ត៕

គំរោងវិនិយោគតម្លៃប្រមាណ៧០០០លានដុល្លារត្រូវបានអមុម័តនៅខេត្តព្រះសីហនុចាប់តាំងពីដើមឆ្នាំ២០២៤ដល់បច្ចុប្បន្ន

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានអនុម័តគម្រោងចំនួន២៩៦ ​ដែលមានទុនវិនិយោគ ប្រមាណ៧ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីចំនួន៥៣,២០៥កន្លែង។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងអង្គសិក្ខាសាលាមួយ ដែលមានការចូលរួមពីអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត និងមន្រ្តីពាក់ព័ន្ឋរួមទាំងអ្នកវិនិយោគផងដែរ។

ក្នុងចំណោមគំរោងទាំងនោះ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តច្រើនជាងគេ គឺគម្រោងអគារជាប់គាំងចំនួន១៣១ ស្មើនឹង៤៤ភាគរយ។ គម្រោងវិនិយោគថ្មីចំនួន១៣០ ស្មើនឹង៤៤ភាគ រយ គម្រោងពង្រីកចំនួន២៤ ស្មើនឹង៨ភាគរយ និងគម្រោងមានស្រាប់ចំនួន១១ ស្មើនឹង៤ភាគរយ។ លើទិដ្ឋភាពវិស័យគម្រោងប្រមា​ណ៩៤ភាគរយ ប្រមូលផ្តុំក្នុងវិស័យចំនួន៣ គឺវិស័យអចនទ្រព្យចំនួន ១១៨គម្រោង វិស័យទេសចរណ៍មចំនួន៩៨គម្រោង និងវិស័យឧស្សា​ហកម្មចំនួន៦១គម្រោង។ គម្រោងប្រមាណ៦,៤ភាគរយផ្សេងទៀត ឬ ១៩គម្រោង មាននៅក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។

លោកបន្តថា ទន្ទឹមនេះក្នុងវិស័យឧស្សាហកម្ម ក្រុមការងារបានផ្តល់គោលការណ៍លើកទឹកចិត្ត ដល់គម្រោងសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន៤ មានទុនវិនិយោគសរុបចំនួនប្រមាណ ១១០លានដុល្លារអាម៉េរិក ហើយរំពឹងថា នឹងបង្កើតការងារថ្មីចំនួន ១៥,២២០កន្លែង។

លោកហ៊ាន សាហ៊ីបបានបន្តថា កន្លងមកលេខាធិការនៃក្រុមការងារ បានធ្វើការសិក្សាលើទិដ្ឋភាព នៃការអនុវត្តគម្រោងបានរកឃើញថា រហូតមកដល់បច្ចុប្បន្នទុនវិនិយោ​គជាក់ស្តែង ដែលបានអនុវត្តរួចមានប្រមាណ២,៤៤ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣៥ភាគរយ នៃទុនវិនិយោគសរុបដែលទទួលបានការអនុម័ត។

លោកបន្តថា “ខ្ញុំសូមលើកទឹកចិត្តលោក លោកស្រីលើកឡើងនូវបញ្ហាប្រឈម ក្នុងការអនុវត្តគោលការណ៍លើកទឹកចិត្ត ក្រោមវិសាលភាពកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងស្វែងយល់ឱ្យកាន់តែច្បាស់ នូវគោលការណ៍លើកទឹកចិត្តផ្នែកពន្ធដារ និងនីតិវិធីនៃការលើកលែងពន្ធអចលនទ្រព្យ ព្រមទាំងចូលរួមផ្សព្វផ្សាយដល់វិនិយោគិនផ្សេងទៀត ដើម្បីទទួលការលើកទឹកចិត្តវិនិយោគដោយឥតគិតថ្លៃ ឬសាកសួរព័ត៌មានបន្ថែមនៅការិយាល័យ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ”៕

អ្នកជំនាញៈភាគខាងជើងរាជធានីចាប់ផ្តើមមានសកម្មភាព អភិវឌ្ឍន៍កាន់តែច្រើន

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ អ្នកជំនាញជើងចាស់ និងបានក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយរូប បានលើកគឡើងថា តំបន់ភាគខាងជើងរាជធានី កំពុងបង្ហាញសក្តានុពល និងអភិវឌ្ឍន៍បណ្តើរៗឡើងវិញហើយ។

អគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisal លោកឧកញ៉ានួន រិទ្ឋីបាមមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា តំបន់ភាគខាងជើងរាជធានីភ្នំពេញ ចាប់ផ្តើមមានសកម្មភាពអភិវឌ្ឍន៍បណ្តើរៗហើយ ដួចជាតំបន់បឹងតាមោឃ តំបន់កប់ស្រូវ ទីក្រុងសំរោង និងលេចចេញនូវ គំរោងអភិវឌ្ឍលំនៅដ្ឋានលំដាប់ខ្ពស់ និងលំដាប់មធ្យមមួយចំនួន។

លោកបន្តថា “សកម្មភាពអភិវឌ្ឍន៍នេះ បាននិងកំពុងជម្រុញឲ្យទីផ្សារមានការរីកចម្រើនបណ្តើរៗ ស្របតាមផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសកាលពីពេលថ្មីៗនេះ ឲ្យរដ្ឋបាលក្រុងភ្នំពេញ​រក្សាដីទំហំ៧០ហិកតា ដើម្បីអភិវឌ្ឈន៍ជាសួនច្បារ និងលំហរសាធារណៈសម្រាប់បំរើការកម្សាន្តរបស់ប្រជាពលរដ្ឋនៅបឹងទំនប់កប់ស្រូវ ឬបឹងតាមោឃ។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងជាអ្នកវិភាគអចលនទ្រព្យមួយរូបដ៏លេចធ្លោ និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការរីកចម្រើនបានងាកមកកាន់ ភាគខាងជើងរាជធានីភ្នំពេញ ដោយ​សារភាពប្រសើរឡើង នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាល ការរីកចម្រើនផ្នែកនគរូបនីយកម្ម ការមកដល់នៃក្រសួង មន្ទីរនានារបស់រដ្ឋាភិបាលមកកាន់តំបន់នេះ។

លោកបន្តថា “កត្តាប្រជាសាស្រ្តដើរតួនាទីសំខាន់ផងដែរ ដោយលំហូរប្រជាពលរដ្ឋមករស់នៅតំបន់នេះកាន់តែច្រើន ព្រោះការរស់នៅកាន់តែងាយស្រួលសម្រាប់ពួកគេ”។ លោកបន្តថា “ការបើកទ្វារផ្សារទំនើបអ៊ីអនម៉ល២ ផ្សារម៉ាក្រូ គំរោងខុនដូ អាផាតម៉ិន និងផ្សារទំនើបដទៃទៀត កំពុងជម្រុញឲ្យតំបន់ភាគខាងជើង កាន់តែរីកចម្រើននាពេលអនាគត”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា តំបន់នេះជាតំបន់មានភាពប្រទាក់ក្រឡា ជាមួយបណ្តាញផ្លូវជាតិនានា ដូចជា ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦អា ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ហេតុនេះការធ្វើដំណើរកាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋ”៕

តើសេដ្ឋកិច្ចកម្ពុជាប្រឈមបញ្ហាអ្វីខ្លះបានជាធនាគារពិភពលោកព្យាករណ៍ទម្លាក់កំណើន?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្នុងរលកនៃនិន្នាការសកល សេដ្ឋកិច្ចកម្ពុជាក៏កំពុងប្រឈមការលំបាកផងដែរ ដោយធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករ បន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម៤.០% ក្នុងឆ្នាំនេះ។

ធនាគារនេះក៏បានបន្ទាបការព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម៤.៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំ​រវាង​បញ្ហា​ប្រឈមសកល និងក្នុងស្រុក រួមមាន ស្ថាន​ភាពមិនប្រាកដ​ប្រជា​សកល ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការ​រឹតបន្តឹង​នៃវដ្តឥណទាន។

កាលពីខែមេសា ឆ្នាំ២០២៥ តាមរយៈរបាយការណ៍របស់ខ្លួន ធនាគារ World Bank ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនក្នុងអត្រា៥.៥% ក្នុងឆ្នាំ២០២៥។

ធនាគារពិភពលោក ​លើកឡើងដូច្នេះ ​នៅ​ក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា​ “ពុះពារ ភាព​មិន​ប្រាកដប្រជា” ដែលមានផ្នែក​ផ្តោតសំខាន់មួយ​ ក្រោមចំណងជើងថា “ការពង្រឹងចំណូលសម្រាប់​អនាគតកម្ពុជា”

ធនាគារពិភពលោកបានឲ្យដឹងទៀតថា ការនាំចេញដ៏ស្វាហាប់​ និងការងើបឡើងវិញជាបណ្តើរៗ នៃការប្រើប្រាស់ឯកជន បាន​រួមចំណែក​ច្រើន​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា រក្សា​បាន​ភាពធន់ ទោះបីជាមានភាពមិនប្រាកដ​ប្រជា​សកលកើនឡើងក៏ដោយ។

ជាមួយគ្នានេះ ធនាគារពិភពលោកបានផ្តល់អនុសាសន៍ថា ដើម្បីរក្សាបាន​កំណើននៅ​ក្នុង​បរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវ​ផ្តោតលើការ​ប្រឹង​ប្រែង ​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប​​ និងការបង្កើតបរិយាកាសអំណោយផល សម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។

លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា “ការធ្វើពិពិធកម្មសេដ្ឋកិច្ច មានសារៈសំខាន់ សម្រាប់កម្ពុជា ក្នុងការរក្សាកំណើនឱ្យ​មាន​ចីរភាព​ និងការបង្កើតការងារ ចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសដោយ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ ឱ្យ​ហួសពីការពឹងផ្អែកលើវិស័យ​សំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញ​ការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត”។

លោកស្រីបានបន្ថែមថា កំណែទម្រង់ប្រាក់ចំណូលអាចជួយ​គាំទ្រ ដល់ការធ្វើ​ឱ្យ​បរិយាកាសអាជីវកម្ម មាន​ភាពកាន់តែ​ប្រសើរឡើង ហើយបង្កើតលំហ​សារពើពន្ធមួយ ​សម្រាប់ការវិនិយោគសំខាន់ៗទៅលើ​មូលធន​មនុស្ស និងហេដ្ឋារចនាសម្ព័ន្ឋ។

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១.៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀប​ទៅនឹង​រយៈពេលដូចគ្នា​ក្នុង​ឆ្នាំមុន​។ សេវាកម្មទេសចរណ៍បានកើនឡើង១៦.១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិតនៅ​ក្នុង​ឆ្នាំ២០១៩ ក៏ដោយ។

ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ ដូចមាន​ជា​ភស្តុតាងស្រាប់ ​នូវការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ។

កំលាំងចលករមកពីខាងពក្រៅប្រទេសវិញ ការកើនឡើងនៃប្រាក់បញ្ជូនពីបរទេស និងចំណូលពីទេសចរណ៍ បានជួយ​ទូទាត់ប៉ះប៉ូវ​ដល់​ឱន​ភាពពាណិជ្ជកម្ម ដែលកំពុងកើនឡើងដែរ​ ដោយទុនបម្រុងបានកើនដល់២៤.៧ពាន់លានដុល្លារអាមេរិក។

កំណើនសាច់​ប្រាក់កំពុង​ចរាចរណ៍ បានកើនឡើងដល់១៩.០% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារលក្ខខណ្ឌរូបិយវត្ថុមាន​អំណោយផល។ អតិផរណាបានកើនឡើងបន្តិចដល់៣.៧% ភាគច្រើនដោយសារតម្លៃអាហារ ក្នុងពេល​ដែលគុណភាពទ្រព្យសកម្ម ​ក្នុង​វិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយ​កម្ចីមិនដំណើរការ កើន​​សមាមាត្រ​កាន់​តែ​ខ្ពស់ជាង​មុន៕