ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អំពាវនាវឱ្យពលរដ្ឋរួបរួមគ្នាដើម្បីផ្ដល់ការគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ

0

(ព្រះវិហារ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បន្ដស្មារតីរួបរួមសាមគ្គីគ្នា ដើម្បីផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ ដើម្បីការពារធិបតេយ្យជាតិ និងបូរណភាពទឹកដី ដោយមិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រណាជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

នៅចំពោះមុខកងកម្លាំងជួរមុខ ពេលកំពុងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភជូនដល់តំបន់មុំបី ខេត្តព្រះវិហារ, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់អំពីជំហរម៉ឺងមាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើសមរភូមិ៣ គឺការទូត ច្បាប់ និងយោធា ដើម្បីការពារបូរណភាពទឹកដី។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានអះអាងថា មកទល់ពេលនេះ មានព័ត៌មានខ្លះមានចេតនាញុះញង់បំបាក់ ស្មារតីកងទ័ព រាជរដ្ឋាភិបាល ហើយធ្វើឲ្យប្រជាជន មហាជនខ្មែរ មានការមន្ទិលសង្ស័យទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការកែសម្រួលកងទ័ព និងការប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ។ ក្នុងន័យនេះ លោកពន្យល់ថា ជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាល ត្រូវបានបង្ហាញឡើងតាមរយៈការបង្កើតគណៈកម្មការ ក្នុងការរៀបចំឯកសារប្ដឹងទៅតុលាការ ICJ។

លោកបានសង្កត់ធ្ងន់ថា «ក្នុងនាមជាប្រជាពលរដ្ឋ ត្រូវផ្ដល់កម្លាំងចិត្តជាប្រចាំទៅដល់កម្លាំងប្រដាប់អាវុធនៅជួរមុខ ជាមួយរាជរដ្ឋាភិបាល តែក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ម៉ោងនេះប្រទេសជាតិយើង ពិតជាត្រូវការយើង ត្រូវការយើងឲ្យមានជំហររួម ទៅលើភាពស្របច្បាប់ ឆន្ទៈមុះមុត ការពារទឹកដីកម្ពុជាចេញពីអ្នកឈ្លានពាន ហើយគេមានបំណង់ គេញុះញង់ កែច្នៃ លាបពណ៌យ៉ាងណាក៏ដោយទឹកដីកម្ពុជា នៅតែជាទឹកដីកម្ពុជា ហើយដើម្បីមានភាពច្បាស់លាស់យើងទៅតុលាការឡាអេ មាសសុទ្ធ មិនខ្លាចភ្លើង ហេតុអីគេមិនហ៊ានទៅ បើសិនគេមិនព្រួយបារម្ភ គេមានភាពច្បាស់លាស់របស់គេ»

បើតាមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី, ភាពស្របច្បាប់ និងភាពសុចរិតរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដី ដូចការប្រកាសរបស់សម្ដេចមហាបវរធិបតី និងសម្ដេចតេជោ ក៏ធ្លាប់បានលើកជាបន្ដបន្ទាប់ដែរថា កម្ពុជា មិនត្រូវការដីអ្នកណាសូម្បីមួយមីល្លីម៉ែត្រ តែកម្ពុជាក៏មិនអនុញ្ញាតឲ្យប្រទេសណាមកយកដីកម្ពុជាសូម្បីមួយមីល្លីម៉ែត្រ ហើយកម្ពុជាត្រៀមខ្លួនគ្រប់សមរភូមិ គួបផ្សំនឹងយោធាដើម្បីការពារបូរណភាពទឹកដី។

លោកបានបន្ដទៀតថា ទោះបីយ៉ាងណាក៏ដោយ ត្រូវជឿជាក់ និងផ្ដល់កម្លាំងចិត្តលើវិធានការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងតែធ្វើដោយមត់ចត់ជាជំហ៊ាន មូលដ្ឋានការពារជាតិ មូលដ្ឋានការទូត និងមូលដ្ឋានច្បាប់ ហើយពលរដ្ឋត្រូវរកប្រភពចេញមកពីជំហររបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ យកជាមូលដ្ឋាននៃព័ត៌មានផ្លូវការ កុំឲ្យចាញ់បោកញុះញង់ ឬប្រភពផ្សេងៗដែលមិនច្បាស់លាស់។

សូមជម្រាបថា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការ ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះទៅសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។

លោក ហ៊ុន ម៉ានី ជំនួសមុខឲ្យគណៈប្រតិភូ ជាពិសេស ក្នុងនាមប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈដែលត្រូវបាននាំមកប្រគល់ជូននាពេលនេះ បានធ្វើការថ្លែងអំណរគុណ និងសម្តែងនូវការគោរពជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងការពារទឹកដី និងប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន៕

តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងគូឡាឡាំពួរសម្រេចបានកំណើនតិចតួច ខណៈមានការផ្គត់ផ្គង់លើសតម្រូវការ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតមកទល់ពេលនេះ តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅទីក្រុងគូឡាឡាំពួរ ដែលជារាជធានីរបស់ប្រទេសម៉ាឡេសុីកំពុងសម្រេចបានកំណើនតិចតួច ជាពិសេសនៅក្នុងផ្នែក និងទីតាំងមួយចំនួន។

នៅឆ្នាំ២០២៥នេះ តម្លៃផ្ទះជាប់ដី(Landed house)នៅតំបន់ Klang Valley ត្រូវបានព្យាករណ៍ថា នឹងកើនឡើង៤ភាគរយ។ ការកើនឡើងនេះបណ្តាលមកពីកត្តាមួយចំនួនដូចជា កង្វះដីធ្លីសម្រាប់ការអភិវឌ្ឍន៍ និងការកើនឡើងតម្លៃសំណង់។

ខុនដូប្រណីតមួយចំនួននៅក្នុងគម្រោងសំខាន់ល្បីៗដូចជា គម្រោង Desa ParkCity កំពុងសង្កេតឃើញមានការកើនឡើងថ្លៃ ដោយសារតែតម្រូវការពីអ្នកវិនិយោគបរទេស និងជនបរទេស។

ជាធម្មតា ខុនដូនៅក្នុងតំបន់កណ្តាលក្រុងគូឡាឡាំពួរ (KLCC) មានតម្លៃចាប់ពី១.៥០០រីងហ្គីតទៅ២.៥០០រីងហ្គីតក្នុងមួយហ្វីតការ៉េ។ចំណែក ខុនដូនៅតំបន់ជាយក្រុងដូចជា តំបន់ Setapak និងតំបន់ Sri Petaling មានតម្លៃសមរម្យជាង ជាមួយនឹងតម្លៃចាប់ពី៥០០រីងហ្គីតទៅ៨០០រីងហ្គីតក្នុងមួយហ្វីតការ៉េ។

រាជធានីមួយនេះបានប្រឈមមុខនឹងការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការ ដែលនាំឱ្យតម្លៃផ្ទះស្ថិតនៅទ្រឹង ឬធ្លាក់ចុះនៅក្នុងតំបន់មួយចំនួន។ ជាក់ស្តែង លំនៅដ្ឋានថ្មីប្រមាណ២៥.០០០យូនីតនៅទូទាំងប្រទេសម៉ាឡេសុីមិនទាន់លក់ដាច់នៅឡើយ ដោយទីក្រុងគូឡាឡាំពួរមានចំនួនលំនៅដ្ឋានលក់មិនដាច់ជាង៣.០០០យូនីត។

យោងតាមការសិក្សាបង្ហាញថា នាពេលបច្ចុប្បន្ន អ្នកទិញផ្ទះមានការប្រុងប្រយ័ត្ន ដោយមនុស្សជាច្រើនចាត់ទុកទីផ្សារបច្ចុប្បន្នជាទីផ្សាររបស់អ្នកទិញ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ ដែលនាំឱ្យអ្នកទិញមានប្រៀបជាងអ្នកលក់។ ក្រុមអ្នកជំនាញបានជំរុញឱ្យមានការទប់ស្កាត់ការទិញអចលនទ្រព្យក្នុងគោលបំណងវិនិយោគរយៈពេលខ្លី ដោយលើកឡើងពីបញ្ហាប្រឈមក្នុងការលក់ចេញវិញ(Resale)។

ក្នុងបរិបទនេះ រាជធានីគូឡាឡាំពួរផ្តល់ឱកាសសម្រាប់អ្នកវិនិយោគក្នុងការទិញបានអចលនទ្រព្យក្នុងតម្លៃប្រកួតប្រជែង ជាពិសេសនៅក្នុងតំបន់ដែលមានការផ្គត់ផ្គង់លើសតម្រូវការ។ ទោះជាយ៉ាងណា អ្នកទិញគួរពិចារណាលើផែនការរយៈពេលវែង និងយល់ដឹងពីបញ្ហាប្រឈមដែលអាចកើតមានក្នុងការលក់ចេញបន្ត។

ក្រុមអ្នកជំនាញក៏បានជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍ងាកទៅរកការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ និងការធ្វើយ៉ាងណាឱ្យការអភិវឌ្ឍន៍ស្របតាមតម្រូវការទីផ្សារជាក់ស្តែង ដើម្បីអាចកាត់បន្ថយហានិភ័យដែលទាក់ទងនឹងការផ្គត់ផ្គង់លើសតម្រូវការ៕

ក្រុមហ៊ុនចិនធំមួយបោះទុនវិនិយោគជាង៦០លានដុល្លារសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ដំបូងគេនៅក្រុងបាវិត

0

ដោយៈ គង់ សូរិយា

    ស្វាយរៀងៈ ជាដំណឹងរីករាយមួយ ក្រុមហ៊ុនYUNYA Hotel Co.,Ltd ដែលមាន​លោក ​SHEN LeiLei ជាតំណាងមកពីខេត្តជើជាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន បានសម្រេចបោះទុនសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ជាលើកដំបូងនៅក្រុងបាវិត ខេត្តស្វាយរៀង។

ព័ត៌មាននេះ ត្រូវបានលើកឡើង ដោយលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

លោកបានឱ្យដឹងថា សណ្ឋាគារលំដាប់ផ្កាយ៥ ក្រោមទុនវិនិយោគជាង៦០លានដុល្លារ នឹងលេចរូបរាងនៅទឹកដីក្រុងបាវិត នាពេលឆាប់ៗខាងមុខនេះ។

ការបញ្ជាក់របស់លោកបានធ្វើឡើង ក្នុងឱកាសដែលលោក តំណាងឱ្យលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចុះពិនិត្យទីតាំងគម្រោងស្នើសុំវិនិយោគសាងសង់​ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ របស់ក្រុមហ៊ុនYUNYA Hotel Co.,Ltd ក្រោមទុនវិនិយោគជាង៦០លានដុល្លារ។

កម្មវុធីនេះក៏មានការអញ្ជើញចូលរួម ពីក្រុមការងារអន្តរក្រសួងដឹកនាំដោយ​លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង នៃគណ:កម្មាធិការវិនិយោគ​កម្ពុជា​ផងដែរ។

លោកសរ សុដានី បានថ្លែងថា បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក ប៉េង​ ពោធិ៍សា​ គម្រោងវិនិយោគជាច្រើន កំពុងកើនឡើងជាបន្តបន្ទាប់។ ជាមួយគ្នានេះ គម្រោងវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មាន២៨០បន្ទប់ ៧០វីឡា មានភោជនីយដ្ឋាន ស្ទីម​សូណា ផ្សារទំនើប និងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះនៅលើទឹកដី​ ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថា តាមរយៈគម្រោងវិនិយោគនេះ អាចបង្កើតឱកាសការងារជូនបងប្អូន ប្រជាពលរដ្ឋជាង៥០០កន្លែង ហើយនេះជាការរួមចំណែកយ៉ាងធំធេង ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕

 

ការសិក្សា: តំបន់ពាណិជ្ជកម្មធំៗទាំង៥នៅទីក្រុងម៉ានីលរបស់ហ្វីលីពីនមានតម្លៃជួលការិយាល័យប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំនេះ តំបន់ដែលមានតម្លៃជួលការិយាល័យថ្លៃបំផុតនៅរដ្ឋធានីម៉ានីល (Manila) របស់ប្រទេសហ្វីលីពីនត្រូវបានប្រមូលផ្តុំភាគច្រើននៅចំកណ្តាលទីក្រុង ដូចជា តំបន់ពាណិជ្ជកម្មកណ្តាល (CBDs)ជាដើម។

ខាងក្រោមនេះជាតំបន់ទាំង៥ ដែលមានតម្លៃជួលការិយាល័យខ្ពស់ជាងគេនៅទីក្រុងម៉ានីលដោយសារទីតាំងយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធទំនើប និងតម្រូវការខ្ពស់ពីក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍។

ទី១: តំបន់ Makati Prime

តំបន់ Makati Prime រួមមានអគារការិយាល័យ ដែលបន្តរក្សាបានតម្លៃជួល និងតម្រូវការខ្ពស់ ដោយសារទីតាំងយុទ្ធសាស្ត្រ។ការជួលការិយាល័យនៅតំបន់ Makati Prime មានតម្លៃជាមធ្យមចំនួន១.២៨៩ប៉េសូ(ប្រហែល២៣,១ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ទី២: តំបន់ Makati CBD

តំបន់ Makati CBD នៅតែជាតំបន់ដែលមានតម្លៃជួលការិយាល័យថ្លៃបំផុតនៅទីក្រុងម៉ានីល ដោយមានអគារការិយាល័យសំខាន់ល្បីៗនៅតាមបណ្តោយវិថី Ayala Avenue។ការជួលការិយាល័យនៅតំបន់នេះមានតម្លៃជាមធ្យមចំនួន១.២៥៦ប៉េសូ(ប្រហែល២២,៥១ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ទី៣: តំបន់ Taguig (BGC)

តំបន់ Taguig ឬហៅថា Bonifacio Global City
(BGC) ឈរនៅរៀងទី២ ដោយផ្តល់ជូននូវការអភិវឌ្ឍន៍អគារការិយាល័យទំនើប ដែលទាក់ទាញអ្នកជួលលំដាប់ខ្ពស់។ការជួលការិយាល័យនៅតំបន់ Taguig មានតម្លៃជាមធ្យមចំនួន១.២៥០ប៉េសូ(ប្រហែល២២,៤១ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ទី៤: តំបន់ Quezon City

តំបន់ Quezon City មានតម្លៃជួលការិយាល័យក្នុងអត្រាទាបជាងបន្តិចបើធៀបនឹងតំបន់ Makati និងតំបន់ Taguig ដោយទាក់ទាញដល់ក្រុមហ៊ុនអាជីវកម្ម ដែលស្វែងរកទីតាំងដែលមានទាំងគុណភាព និងមានតម្លៃសមរម្យ។ការជួលការិយាល័យនៅតំបន់នេះមានតម្លៃជាមធ្យមចំនួន១.២០៨ប៉េសូ(ប្រហែល២១,៦៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ទី៥: តំបន់ Bay Area (Pasay)

តំបន់ Bay Area មានតម្លៃជួលការិយាល័យប្រកបដោយភាពប្រកួតប្រជែង ដោយមានផ្សារទំនើបខ្នាតយក្ស SM Mall of Asia បម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់។ការជួលការិយាល័យនៅតំបន់នេះមានតម្លៃជាមធ្យមចំនួន៩៧២ប៉េសូ(ប្រហែល១៧,៤២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ៕

ប្រមុខកម្ពុជា បារាំងកំពុងរៀបចំផែនទីបង្ហាញផ្លូវដើម្បីលើកកម្ពស់ទំនាក់ទំនងឈានទៅកម្រិតដៃគូយុទ្ធសាស្ត្រ

0

(នីស, បារាំង)៖ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង ក្នុងឱកាសអញ្ជើញចូលរួម​សន្និសីទ​លើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួបនោះ លោកប្រធានាធិបតីបារាំង បានសម្តែងក្តីសោមនស្ស​រីក​រាយ​ដែលបានទទួលសម្តេចបវរធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀតនៅប្រ​ទេស​បារាំង និងបានគូសបញ្ជាក់ថា លោកនឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។

លោកប្រធានាធិបតីបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹក​នាំ​​របស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការ​គាំទ្រ​ដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានអរគុណលោកប្រធានាធិបតី ដែល​បាន​ទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងសម្តែងក្តីរីករាយ​ដែលបានជួបលោកប្រធានាធិបតីជាថ្មីទៀត។ សម្តេចមហាបវរធិបតី បាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី ដែលផ្តល់ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី​២០ ក្នុងឆ្នាំ២០២៦។

ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចមហាបវរធិបតី បានសម្តែងការពេញ​ចិត្ត​ចំពោះ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងបារាំង ព្រមទាំងបាន​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំ​ឯក​សារ​ផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើក​កម្រិត​នៃទំនាក់​ទំនងកម្ពុជា-បារាំង ជា «ដៃគូយុទ្ធសាស្ត្រ»។

សម្តេចមហាបវរធិបតី និងលោកប្រធានាធិបតី បានពិភាក្សាអំពីការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួនរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិ និងសន្តិ​សុខ ថាមពល និងវប្បធម៌ ជាដើម។

លោកប្រធានាធិបតីបារាំង នឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រ​សួង​ពា​ណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ លោកប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់ថា ពិភព​លោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជា​ក្នុងវិស័យ​បោសសម្អាត​មីន។ រដ្ឋាភិបាលបារាំងនឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចមហាបវរធិបតី និងលោកប្រធានា​ធិបតី បានពិភាក្សាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងវិស័យអាទិភាពមួយ​ចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣២២,១៧ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៨ភាគរយដល់ត្រឹម៣៣៣៨,២៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៩ភាគរយដល់៣៣៥៩,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩,៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៩,១៦ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,១០ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕

អាផាតមុិនខ្នាតធំមួយនៅអគារខ្ពស់កប់ពពកក្នុងទីក្រុងសុីដនីរបស់អូស្ត្រាលីគ្រោងលក់ចេញក្នុងតម្លៃជាង៥២លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនហ្គេម និងការកម្សាន្ត Crown Resorts ឈានជិតដល់កិច្ចព្រមព្រៀងលក់ផ្ទះ Penthouse ក្នុងអគារខ្ពស់កប់ពពករបស់ខ្លួននៅទីក្រុងស៊ីដនីក្នុងតម្លៃ៨០លានដុល្លារអូស្ត្រាលី(ប្រមាណ៥២,២លានដុល្លារអាមេរិក) តិចជាងការរំពឹងទុកដំបូង។ នេះបើយោងតាមកាសែត Australian Financial Review (AFR)។

កាសែត AFR បានរាយការណ៍ថា អតិថិជនក្នុងស្រុកមួយរូបជិតនឹងទិញបានផ្ទះ Penthouse មានបន្ទប់គេងចំនួន៦ នៅជាន់ទី៨១ នៃអគារ One Barangaroo កម្ពស់២៧១ម៉ែត្រស្ថិតក្នុងទីក្រុងសុីដនីរបស់ប្រទេសអូស្ត្រាលី។

ផ្ទះទំហំ៨.៦០០ហ្វីតការ៉េនេះត្រូវបានដាក់លក់នៅលើទីផ្សារចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលអគារ One Barangaroo ត្រូវបានបញ្ចប់ការសាងសង់។ ដើមឡើយ អគារនេះត្រូវបានរចនាឡើងសម្រាប់ទាក់ទាញជនជាតិចិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ប៉ុន្តែ ទោះជាយ៉ាងណា ការរំពឹងទុកនោះបានរលាយបាត់ទៅវិញ ស្របពេលទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចចិនបានជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ ដែលជាហេតុនាំឱ្យពលរដ្ឋចិនមានការប្រុងប្រយ័ត្ន មុនពេលសម្រេចចិត្តទៅទិញផ្ទះនៅក្រៅប្រទេស។

បន្ទាប់ពីជួបការលំបាកក្នុងការលក់ តម្លៃផ្ទះខាងលើត្រូវបានបញ្ចុះ១០ភាគរយ មកនៅត្រឹម៩០លានដុល្លារអូស្ត្រាលីក្នុងឆ្នាំ២០២៤។ លុះមកដល់ពេលបច្ចុប្បន្ន ផ្ទះនេះត្រូវបានរាយការណ៍ថា នឹងលក់ចេញក្នុងតម្លៃ៨០លានដុល្លារអូស្ត្រាលី ឬមានន័យថា បញ្ចុះតម្លៃអស់ចំនួន១០ភាគរយទៀត៕

រដ្ឋាភិបាលចិនងាកទៅប្រើប្រាស់កម្មវិធីមូលនិធិសន្សំចំនួន១,៥ទ្រីលានដុល្លារ ដើម្បីជំរុញទីផ្សារលំនៅដ្ឋាន

0

ដោយ: គង់ លាងហួរ
ប៉េកាំង: រដ្ឋាភិបាលរបស់ប្រទេសចិនកំពុងងាកទៅប្រើប្រាស់កម្មវិធីមូលនិធិសន្សំចំនួន១០,៩ទ្រីលានយ័ន(ប្រមាណ១,៥ទ្រីលានដុល្លារអាមេរិក) ក្នុងគោលបំណងផ្តល់កម្ចីទិញផ្ទះដើម្បីជំរុញគាំទ្រដល់ទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក ជំនួសឱ្យការស្វែងរកប្រាក់កម្ចីពីធនាគារ។

កម្មវិធីមូលនិធិសន្សំរបស់រដ្ឋាភិបាលចិនបានក្លាយជាប្រភពដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ទិញផ្ទះ ជាពិសេស ស្របពេលធនាគារនានាកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ មុនពេលសម្រេចចិត្តផ្តល់កម្ចីដល់អតិថិជន។ កាលពីឆ្នាំមុន រដ្ឋាភិបាលចិនបានផ្តល់កម្ចីទិញផ្ទះចំនួន៨,១ទ្រីលានយ័ន។តួលេខនេះមានចំនួនច្រើនជាងទំហំប្រាក់កម្ចី ដែលផ្តល់ដោយធនាគារ។

លោកស្រី Chen Wenjing នាយកស្រាវជ្រាវនៃក្រុមហ៊ុន China Index Holdings Ltd បានលើកឡើងថា “កញ្ចប់មូលនិធិខាងលើនេះជាកត្តានាំមុខគេក្នុងចំណោមគោលនយោបាយផ្សេងទៀតក្នុងគោលដៅដើម្បីគាំទ្រដល់ទីផ្សារលំនៅដ្ឋាន”។

លោកស្រី Chen Wenjing បានមានប្រសាសន៍ឱ្យដឹងបន្តថា “ទីផ្សារលំនៅដ្ឋានបានទទទួលរងសម្ពាធជាយូរ ហើយរដ្ឋបាលក្នុងតំបន់មូលដ្ឋានជាច្រើនបានប្រើប្រាស់គោលនយោបាយនេះ ដើម្បីកាត់បន្ថយបន្ទុកលើកម្ចីទិញផ្ទះ”។

រដ្ឋាភិបាលចិនបានយកលំនាំកម្មវិធីនេះពីប្រទេសសិង្ហបុរីកាលពី៣០ឆ្នាំមុន។ កម្មវិធីនេះតម្រូវឱ្យទាំងនិយោជិត និងនិយោជកបង់វិភាគទានប្រចាំខែទៅក្នុងមូលនិធិ ដែលត្រូវបានប្រើដើម្បីផ្តល់ប្រាក់កម្ចីទិញផ្ទះក្នុងអត្រាការប្រាក់ទាបជាងធនាគារ។

កន្លងមក ប្រធានាធិបតីចិនលោក សុី ជីនពីង បានប្តេជ្ញាស្តារទីផ្សារអចលនទ្រព្យឡើងវិញ និងទប់ទល់នឹងបញ្ហាប្រឈមមកពីខាងក្រៅ ស្របពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជាពិសេសការដោះដូរពាណិជ្ជកម្ម។

សារៈសំខាន់របស់កម្មវិធីមូលនិធិសន្សំកំពុងកើនឡើង ស្របពេលធនាគារនានានៅប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងប្រឈមមុខនឹងបញ្ហាដូចជា ការថយចុះនៃប្រាក់ចំណេញ និងការកើនឡើងនូវបំណុលអាក្រក់៕

តើរដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូងមានគោលនយោបាយដូចម្តេចទាក់ទងនឹងវិស័យអចលនទ្រព្យ?

0

ដោយ: គង់ លាងហួរ
សេអ៊ូល: ស្របពេលប្រទេសកូរ៉េខាងត្បូងទទួលបានប្រធានាធិបតីថ្មីមកពីគណបក្សប្រជាធិបតេយ្យលោក Lee Jae Myung គោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាលមុន អាចនឹងត្រូវបានកែប្រែ ក្នុងនោះរួមទាំងគោលនយោបាយទាក់ទងនឹងអចលនទ្រព្យផងដែរ។

ជាក់ស្តែង តំបន់ ដែលសម្បូរក្រុមអ្នកមាននៅក្នុងរដ្ឋធានីសេអ៊ូល ដូចជាសង្កាត់ Gangnam សង្កាត់ Seocho សង្កាត់ Songpa និងសង្កាត់ Yongsan អាចប្រឈមមុខនឹងច្បាប់ប្រតិបត្តិការតឹងរ៉ឹងជាងមុន ដោយតម្រូវឱ្យមានការស្នើសុំការអនុញ្ញាតពីក្រុមប្រឹក្សាមូលដ្ឋានសម្រាប់ការទិញអាផាតមុិនរហូតដល់ខែកញ្ញា ឆ្នាំ២០២៥។

អ្នកដែលអាចទទួលបានការអនុញ្ញាត ត្រូវតែជាអ្នកទិញក្នុងគោលបំណងរស់នៅជាចម្បង។ ការផ្តល់ប្រាក់កម្ចីទិញផ្ទះក៏នឹងត្រូវបានរឹតបន្តឹងផងដែរ ជាពិសេសចំពោះអ្នកដែលមានអចលនទ្រព្យច្រើនកន្លែង ឬយូនីត។

វិធានការទាំងនេះមានគោលបំណងទប់ស្កាត់មិនឱ្យតម្លៃលំនៅដ្ឋាននៅទីក្រុងសេអ៊ូលហក់ឡើងកប់ពពក និងកាត់បន្ថយសកម្មភាពទិញអចលនទ្រព្យស្តុកទុកដើម្បីលក់យកផលចំណេញ។

លោក Lee បានប្តេជ្ញាថា នឹងសាងសង់ផ្ទះចំនួន៣,១លានយូនីត ក្នុងនោះរួមមានការសាងសង់ផ្ទះចំនួន៤៨០.០០០យូនីតនៅទីក្រុងសេអ៊ូល ជាមួយនឹងចំណែក៣០ភាគរយត្រូវបានផ្តល់អាទិភាពទៅឱ្យអ្នកទិញវ័យក្មេង និងអ្នកទិញផ្ទះលើកដំបូង។

ក្នុងចំណោមនោះ ផ្ទះចំនួន១លានយូនីតនឹងក្លាយជាផ្ទះជួលសាធារណៈរយៈពេលវែង ដែលមានតម្លៃជួលក្រោមទីផ្សារសម្រាប់រយៈពេល៣០ឆ្នាំ ដែលនឹងកើនឡើងយ៉ាងគំហុកបើធៀបនឹងគោលដៅបច្ចុប្បន្ន។ ការជំរុញការផ្គត់ផ្គង់នេះនឹងរក្សាស្ថិរភាពតម្លៃ និងបង្កើនលទ្ធភាពទទួលបានផ្ទះស្នាក់នៅ។

លោក Lee ក៏បានស្នើ​ដាក់ពន្ធ​ថ្មីមួយលើកម្មសិទ្ធិ​ដីធ្លីសាធារណៈ​ ដែលស្រដៀង​នឹង​ពន្ធ​លើតម្លៃ​ដី។ លោក​ក៏​បាន​តស៊ូ​មតិ​លើ​ការ​បន្ធូរ​បន្ថយ​ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ពលរដ្ឋដែលមានផ្ទះតែមួយកន្លែង និង​ការ​បញ្ចុះ​ពន្ធ​លើការផ្ទេរ​ជា​បណ្ដោះ​អាសន្ន ដើម្បី​លើក​ទឹកចិត្ត​ឱ្យ​មានការដាក់លក់​ផ្ទះ​បន្ថែមទៀត។

កំណែទម្រង់ទាំងអស់នេះមានគោលបំណងរារាំងការទិញទុកលក់ចំណេញ និងបន្ធូរបន្ថយបន្ទុកលើអ្នកទិញផ្ទះក្នុងគោលបំណងរស់នៅពិតប្រាកដ៕

ការសិក្សាថ្មី: ក្រុមហ៊ុនទូទាំងពិភពលោកគ្រោងនឹងពង្រីកទំហំការិយាល័យថ្មីបន្ថែមជាង១០០លានហ្វីតការ៉េ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានរកឃើញថា បណ្តាក្រុមហ៊ុនជាច្រើនលើពិភពលោកនៅតែបន្តជឿជាក់លើអនាគតទីផ្សារការិយាល័យ ទោះបីជាមានភាពមិនច្បាស់លាស់ជាសកលយ៉ាងណាក្តី។

ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់អចលនទ្រព្យសកល Knight Frank បានធ្វើការស្ទង់មតិទៅលើថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យប្រមាណ៣០០នាក់ ដែលគ្រប់គ្រងលើអគារការិយាល័យសរុបទំហំជាង៦៥០លានហ្វីតការ៉េនៅទូទាំងពិភពលោក។

យោងតាមលទ្ធផលបង្ហាញថា ចំនួនជាង៥០ភាគរយនៃអ្នកចូលរួមការស្ទង់មតិបានអះអាងថា ពួកគេមានគម្រោងពង្រីកទំហំការិយាល័យក្នុងរយៈពេល៣ឆ្នាំទៅ៥ឆ្នាំខាងមុខ ដោយបន្ថែមទំហំការិយាល័យប្រហែល១០៤លានហ្វីតការ៉េទៅក្នុងផលបត្រ។

ផែនការពង្រីកបានកើតមានឡើង ស្របពេលក្រុមហ៊ុននានាព្យាយាមកសាងភាពធន់ ក្នុងបរិបទមួយដែលមានភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យា។

នៅក្នុងការស្ទង់មតិដដែលរបស់ក្រុមហ៊ុន Knight Frank អ្នកឆ្លើយសំណួរបានលើកឡើងថា “កត្តាធំបំផុតទី១ ដែលជះឥទ្ធិពលដល់ផែនការពង្រីកការិយាល័យរបស់ពួកគេក្នុងរយៈពេល៣ឆ្នាំទៅ៥ឆ្នាំខាងមុខស្ថិតនៅត្រង់ការស្វែងរកតុល្យភាពរវាងកំណើន ការច្នៃប្រឌិត និងការគ្រប់គ្រងការចំណាយ”។

កត្តា​ធំ​បំផុតទី​២ ដែលជះឥទ្ធិពលដល់ផែនការពង្រីកការិយាល័យរបស់ពួកគេក្នុងរយៈពេល៣ឆ្នាំទៅ៥ឆ្នាំខាងមុខ ​រួមមានភាព​មិន​ប្រាកដ​ប្រជា និង​ភាព​ប្រែប្រួលនៃបរិយាកាស​អាជីវកម្ម​​។ សង្គ្រាម​ពាណិជ្ជកម្ម និង​ភាព​តានតឹង​ផ្នែក​នយោបាយ​ក៏​ជា​កង្វល់​ដ៏​ធំ​ផង​ដែរ​ ដោយ​ឈរ​នៅ​លំដាប់​ទី​៤។

បើទោះបីជាមានការព្រួយបារម្ភទាំងនេះក្តី ក្រុមហ៊ុនជាច្រើនបានជ្រើសរើសពង្រីកការិយាល័យ ជំនួសឱ្យការកាត់បន្ថយទំហំការិយាល័យ។ ក្នុងចំណោមអ្នកចូលរួមការស្ទង់មតិដែលមានគម្រោងពង្រីកការិយាល័យរបស់ពួកគេ ក្រុមហ៊ុនចំនួន២៧ ត្រូវបានគេរំពឹងថា នឹងបង្កើនទំហំការិយាល័យរបស់ពួកគេជាង២០ភាគរយ៕