កម្មវិធីភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជាត្រូវបាន ដាក់ឲ្យដំណើរការ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ា បានអញ្ជើញចូលរួមជាអធិបតីក្នុង “ពិធីសម្ពោធភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកប្រាក់ ដាវីដរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអ៊ីហ្កូ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈការគាំទ្រ និងជំរុញសមត្ថភាពនាំចេញរបស់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ក្នុងវិស័យកសិកម្ម កសិកែច្នៃ និងផលិតផលបែបច្នៃប្រឌិត ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអឺរ៉ុប និងទីផ្សារអន្តរជាតិ។

ថ្លែងទៅកាន់អង្គពិធី លោកសំហេង បូរ៉ាបានបញ្ជាក់ថា ក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ក៏បានដាក់ឱ្យដំណើរការជាផ្លូវការផងដែរនូវគម្រោង Export Lab និង Agri-Innovation Lab ដែលគម្រោងនេះជាជំហ៊ានចាប់ផ្ដើមសំខាន់មួយ ក្នុងការគាំទ្រដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង ក្នុងទីផ្សារអន្តរជាតិ។

លោកបន្ថែមថា កម្មវិធីទាំងនេះ នឹងផ្តល់នូវការបណ្ដុះបណ្ដាលជំនាញផ្នែកអភិវឌ្ឍផលិតផល ការរៀបចំស្តង់ដារនាំចេញ ការផ្សាភ្ជាប់អាជីវកម្មទៅកាន់ទីផ្សារអឺរ៉ុប-អាស៊ាន និងផ្ដល់ការប្រឹក្សាផ្នែកបច្ចេកទេ​សដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា  នៅក្នុងវិស័យកសិកម្ម កសិកែច្នៃ និងវស័យគោលដៅជាច្រើនទៀត។

ជាមួយគ្នានេះ លោកសំហេង បូរ៉ា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងអាជីវកម្មនៅកម្ពុជា ចាប់យកឱកាសនេះ ដើម្បីជំរុញការអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ពង្រឹងនវានុវត្តន៍ និងពង្រីកសមត្ថភាពនាំចេញ ដោយផ្តោតលើការស្វែងយល់ទីផ្សារគោលដៅ ជាមួយការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធនានា ដើម្បីបង្កើនឱកាសចូលទៅក្នុងទីផ្សារអាស៊ាន និងពិភពលោក។

បន្ថែមពីនេះ លោករដ្ឋលេខាធិការក៏បានជំរុញឱ្យក្រុមហ៊ុន និងសហគ្រាសបង្កើនសមត្ថភាពបច្ចេកទេស ស្តង់ដារ និងការវេចខ្ចប់ផលិតផល ដើម្បីបង្កើតគំនិតថ្មី និងជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលជាជម្រើសសំខាន់ សម្រាប់ពង្រីកទីផ្សារនាំចេញ និងពង្រីកការទទួលស្គាល់កិត្តិនាម របស់ផលិតផលកម្ពុជា “Product of Cambodia” នៅលើឆាកអន្តរជាតិ៕

ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ មិនទាន់បានបំពេញតាមការសម្រេចពីគណៈកម្មការរបស់រដ្ឋាភិបាល

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីពាក់ព័ន្ឋបានបើកកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការ សម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ។

កិច្ចប្រជុំនេះមានការចូលរួមពីលោកសួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកមាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀង សម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងមានការចូលរួមពីតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យលើលទ្ធផលការងារដែលសម្រេចពីកិច្ចប្រជុំលើកទី៥ ពិនិត្យលើវឌ្ឍនភាពការងារដែលក្រុមហ៊ុនមិនទាន់បានបំពេញ តាមការសម្រេចពីគណៈកម្មការ និងពិនិត្យពិភាក្សា លើសំណើមួយចំនួន ដូចជា

១).សំណើដាំដើមត្នោត ពីតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លើបណ្តោយផ្លូវល្នឿនលឿន

២).សំណើដាំដើមឈើសងខាងផ្លូវពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

3).សំណើទិន្នន័យនិយាមការនៃគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

៤). សំណើផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងព្រឹត្តការណ៍នានានៅតាមស្ពានរំលងកាត់ទទឹងផ្លូវ របស់ក្រសួងទេសចរណ៍  និង

៥). សំណើជួយសម្រួលរថយន្ត ម៉ូតូកង់៣ ចតចាំដឹកអ្នកដំណើរនៅរង្វង់មូលច្រកចេញ បណ្តាញឱ្យមានភាពកកស្ទះ ពីអាជ្ញាធរមូលដ្ឋានខេត្តព្រះសីហនុ។  អង្គប្រជុំក៏បានពិភាក្សាអំពី ការពង្រឹងសុវត្ថិភាពចរាចរ​ណ៍​លើផ្លូវល្បឿនលឿន និងការកកស្ទះនៅច្រកកំពង់សីលា និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។

អង្គប្រជុំបាន ពិភាក្សាលើចំណុចនីមួយៗ ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយបានដាក់ចេញជាគោលការណ៍ណែនាំ និងសេចក្តីសម្រេច ដើម្បីអង្គភាពជំនាយ និង ក្រុមហ៊ុនអនុវត្តបន្ត ដើម្បីមានមូលដ្ឋានជាក់លាក់ ដោះស្រាយ និងឆ្លើយតប សំណើរពីស្ថាប័នពាក់ព័ន្ឋ ឲ្យបានឆាប់៕

ការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យនិយាមការព្រែកជីកហ្វូណនតេជោបានឈានដល់ទឹកដីខេត្តតាកែវហើយ

0

ដោយៈ ចំណាន

    តាកែវៈ ក្រុមមន្រ្តីថ្នាក់ជាតិ និងថ្នាក់ខេត្តបានបើកកិច្ចប្រជុំស្តីពីការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកលោកចាន់ តារា អនុរដ្ឋលេខាធិការនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក ក្រុមការងារបច្ចេកទេសសម្រាប់ទីតាំងភូមិសាស្រ្តខេត្តតាកែវ និងសមាសភាពមកពីរដ្ឋបាលសាលាខេត្ត រដ្ឋបាលសាលាស្រុក និងមន្ទីរពាក់ព័ន្ធ ដោយបានផ្តោតលើផែនការសកម្មភាព ចុះបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តព្រំប្រទល់ខេត្តកណ្តាល និងខេត្តតាកែវ រហូតដល់ព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត៕

សម្តេចតេជោៈកម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាសុំសិទ្ឋការពារទឹកដីនៅសេសសល់ប៉ុណ្ណោះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាសារដ៏រំជួលចិត្តមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់មកហើយ​ក្នុងប្រវត្តិសាស្ត្រ ហើយកម្ពុជាសុំសិទ្ធិត្រឹមការ​ពារទឹកដី ដែលនៅសល់ប៉ុណ្ណោះ ដោយមិនចង់បានដីរបស់នរណា​នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា កម្ពុជាគ្មានត្រូវការ​ទឹកដីអ្នកណាទេ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាក៏មិនទាមទារយកទឹកដីត្រឡប់មកវិញដែរ តែកម្ពុជាសុំរក្សាសិទ្ធិការពារទឹកដី​របស់ខ្លួនតែប៉ុណ្ណោះ មិនអាចឱ្យអ្នកណាផ្សេងមកដណ្តើមយកនោះទេ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជាបានធ្វើការចរចារជាមួយវៀតណាម ដើម្បីបានបោះបង្គោលព្រំដែនរួចជាស្រេច​ចំនួន៨៤%ទៅហើយ​ នៅសល់១៦%ទៀត កំពុងតែធ្វើការចរចារ ហើយភាគីទាំង២ គោរពគ្នាទៅវិញទៅមក។ កម្ពុជាជាមួយឡាវ បានចរចារបោះបង្គោលព្រំដែនចំនួន៨៦% ហើយនៅសល់១៤% ទៀតកំពុងមានការចរចារ ដោយមានការគោរពគ្នាទៅវិញទៅមកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដោយឡែកព្រំដែនកម្ពុជា-ថៃ រយៈពេល២៥ឆ្នាំហើយ គឺអត់ទាន់បានធ្វើអ្វីក្រៅពីដើររកប​ង្គោលតែប៉ុណ្ណោះ ហើយចំណុចរសើបទាំងប៉ុន្មាន បើមិនដោះស្រាយនោះទេ រឿងនេះវានឹងនៅតែបន្តទៀត។

សម្តេចប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានបញ្ជាក់ថា មិនមែនយកបញ្ហាការប្តឹងផ្តល់មួយនេះ ហើយបញ្ឈប់នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ លើគ្រប់វិស័យដែលមានរួចមកហើយនោះទេ រឿងក្តី គឺរឿងក្តី តែរឿងកិច្ច​សហប្រតិបត្តិការ នៅតែសហប្រតិបត្តិការ មិត្តភាពរវាងកម្ពុជា-ថៃ នៅតែមានដដែល៕

សារកក់ក្តៅៈ ឯកអគ្គរដ្ឋទូតចិនបញ្ជាក់ពីជំហរគាំទ្រភាពស្របច្បាប់របស់កម្ពុជា និងជួយប្រយុទ្ឋប្រឆាំងការគំរាមកំហែងពីខាងក្រៅ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា “ប្រទេសចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជាជានិច្ច ហើយចិនក៏នឹងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ”។

គេនៅចាំបានកាលពីប៉ុន្មានឆ្នាំមុន ពេលដែលវៀតណាមធ្លាប់ទាមទារអធិបតេយ្យភាព នាសមុទ្រចិនខាងត្បូងជាមួយចិន ដោយវៀតណាមអះអាងថាជាអធិបតេយ្យភាពរបស់ខ្លួន។

ឆ្លើយតបទៅនឹងបញ្ហានេះជាមួយវៀតណាម ចិនបានឆ្លើយតបទៅវិញថា “រាល់ទឹកដីដែលវៀតណាមមានសព្វថ្ងៃ គឺបានមកពីការទន្ទ្រានពីកម្ពុជាតែប៉ុណ្ណោះ។ វៀតណាមគ្មានប្រវត្តិជាម្ចាស់ទឹកដីណាមួយលើសមុទ្រខាងត្បូងនោះទេ”៕

តើគម្រោងសាងសង់អគារខ្ពស់កប់ពពក Trump Tower នៅទីក្រុងហូជីមិញ គ្រោងចំណាយទុន និងចាប់ផ្តើមនៅពេលណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់អគារខ្ពស់កប់ពពក Trump Tower នៅប្រទេសវៀតណាមត្រូវបានគេប៉ាន់ប្រមាណថា នឹងមានតម្លៃប្រហែល១ពាន់លានដុល្លារអាមេរិក ហើយការងារសាងសង់អគារ ដែលមានកម្ពស់យ៉ាងតិច៦០ជាន់អាចចាប់ផ្តើមនៅឆ្នាំក្រោយ។

យោងតាមកាសែត Reuters បានរាយការណ៍ឱ្យដឹងថា គម្រោងអគារ Trump Tower នេះកំពុងស្ថិតក្នុងដំណាក់កាលបឋមនៃការរៀបចំផែនការ។ អគារ Trump Tower នឹងក្លាយជាគម្រោងធំទី២ ដែលក្រុមហ៊ុន Trump Organization បោះវិនិយោគនៅក្នុងប្រទេសវៀតណាម។

បច្ចុប្បន្ន ប្រទេសសមាជិកអាស៊ានមួយនេះកំពុងចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការយកពន្ធលើការនាំចូលទំនិញវៀតណាមទៅកាន់អាមេរិកចំនួន៤៦ភាគរយ ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែមេសាកន្លងទៅ។

កាលពីពេលថ្មីៗនេះ លោក Eric Trump អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ Trump Organization បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមដើម្បីស្ទាបស្ទង់មើលទីតាំងសម្រាប់សាងសង់អគារ Trump Tower នៅក្នុងទីក្រុងហូជីមិញ និងដើម្បីចូលរួមពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានវាយកូនហ្គោលនៅភាគខាងជើងប្រទេសវៀតណាម។

យោងតាមកាសែត Reuters បានឱ្យដឹងបន្តថា ក្រុមហ៊ុន Trump Organization នឹងគ្រប់គ្រងដំណើរការក្លឹបវាយកូនហ្គោល ខណៈក្រុមហ៊ុនដៃគូអចលនទ្រព្យ Kinhbac City ក្នុងស្រុករបស់វៀតណាមនឹងផ្តោតលើការអភិវឌ្ឍន៍អចលនទ្រព្យ ក្រោមទុនវិនិយោគចំនួន១,៥ពាន់លានដុល្លារ។

យោងតាមឯកសារពីអាជ្ញាធរទីក្រុងបានបង្ហាញថា អគារ Trump Tower នឹងត្រូវបានសាងសង់នៅតំបន់ Thu Thiem ដែលជាតំបន់កំពុងអភិវឌ្ឍន៍នៅចំកណ្តាលទីក្រុងហូជីមិញ ហើយមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មីមួយនឹងត្រូវបានសាងសង់នៅតំបន់នេះផងដែរ។

ទំហំនៃការវិនិយោគអាចមានទំហំទឹកប្រាក់លើសពី១ពាន់លានដុល្លារអាមេរិក ប្រសិនបើរដ្ឋាភិបាលវៀតណាមអនុញ្ញាតឱ្យក្រុមហ៊ុនរបស់គ្រួសារលោក ត្រាំ សាងសង់អគារ Trump Tower ក្នុងកម្ពស់លើសពី៦០ជាន់៕

អ្នកឧកញ៉ាសំ សុខនឿននឹងចូលរួមជាវាគ្មិនចែករំលែកក្នុងវេទិកា ធុរកិច្ចជំនាន់ថ្មី

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ផ្តើមចេញពីកូនកសិករ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនSAM SN Groupបានចាប់ផ្តើមអាជីព ក្នុងវិស័យអចលនទ្រព្យ និងក្លាយជាបុគ្គលលេចធ្លោមួយរូបក្នុងវិស័យនេះ។

ជាមួយនឹងការតស៊ូក្នុងជីវិត ឆ្លងកាត់ឧបសគ្គរាប់មិនអស់ ទម្រាំទទួលបានជោគជ័យនាពេលនេះ អ្នកឧកញ៉ាត្រូវបានសហគ្រិនខ្មែរអញ្ជើញចែករំលែកបទពិសោធន៍ និងទិដ្ឋភាពជំនួញក្នុងវេទិកា “ធុរកិច្ចជំនាន់ថ្មី” ដែលនឹងប្រារពធ្វើនៅថ្ងៃទី៦ មិថុនា ខាងមុខនេះ។

អ្នកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២ មិថុនានេះថា នេះជាកម្មវិធីដ៏ល្អ ក្នុងនាមយើងជាសហគ្រិនខ្មែរ ដែលអាចចែករំលែកទស្សន និងបទពិសោ​ធន៍ទាក់ទងអាជីវកម្មរបស់យើង ដល់សហគ្រិននិងអ្នកចូលរួមដទៃទៀត ដើម្បីពួកគេបានត្រៀមខ្លួន និងធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់ពួកគេមានការរីកចម្រើនប្រកបនិរន្តរភាព។

អ្នកឧកញ៉ាបានបន្តថា “កម្មវិធីនេះ នឹងជួយជម្រុញគាំទ្រដល់អាជីវករ ម្ចាស់អាជីវកម្មទាំងអស់អាចចូលរួម ដើម្បីទទួលបានចំណេះ​ដឹងពិត បទពិសោធន៍ពិតពីសហគ្រិនរបស់យើង”។ អ្នកឧកញ៉ាបន្តថា “កម្មវិធីនេះ ក៏ជាការផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ធ្វើជាសហគ្រិន មានបំណងចង់ទទួលបានបទពិសោធ​ន៍ថ្មីៗ អាចយកមកអនុវត្តន៍ ដើម្បីឲ្យអាជីវកម្មរបស់ខ្លួនមានស្ថេរភាព និងភាពរីកចម្រើន”៕

សម្តេចធិបតីបញ្ជាក់ពីជំហរម៉ឺងមាត់ក្នុងការប្តឹងទៅតុលាការICJនិងអំពាវនាវឲ្យជនរួមជាតិកុំបំបាក់ទឹកចិត្តកងទ័ព

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអះអាងជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិICJ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួ​យប្រទេសថៃ បើទោះបីថៃមិនព្រមឡើងទៅតុលាការICJ យ៉ាងណា​ក៏ដោយ។

ការបញ្ជាក់ជាថ្មីរបស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងសមាជជាលើកដំបូង ជជែកអំពីប្រព័ន្ធ​គាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដោះស្រាយតាមផ្លូវតុលាការអន្ដរជាតិ ដើម្បីកុំឲ្យប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធដាក់គ្នា និងធ្លាក់ចូលអន្ទាក់របស់ក្រុមជ្រុលនិយម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងច្បាស់ៗថា ដោយសារភាពមិនច្បាស់លាស់អំពីបញ្ហាព្រំដែន ក៏ដូចជា MoU ឆ្នាំ២០០០។ បើទោះបីជាភាគីថៃ មិនឯកភាពជាមួយយើង នៅក្នុងយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្ដឹង ICJ ដើម្បីបញ្ចប់បញ្ហា និងពន្លត់បញ្ហានេះ តែម្ដងកុំឲ្យមានបញ្ហាស្រពិចស្រពិលគ្នា ពិសេសការធ្លាក់ចូលក្នុងការបំផុសរុញច្រាន ដោយក្រុមជ្រុលនិយមមួយក្ដាប់តូច នៅក្នុងប្រទេសថៃ និងកម្ពុជា ដែលអាចឈានទៅដល់ការផ្ទុះអាវុធ និងការប្រឈមមុខដាក់គ្នា។

សម្ដេចមហាបវរធិបតីបានបញ្ជាក់ទៀតថា “បើទោះបីជាកម្ពុជា ព្យាយាមដោះស្រាយដោយសន្ដិវិធី តាមយន្ដការបច្ចេកទេស និងផ្អែកលើមូលដ្ឋានច្បាប់អន្ដរជាតិ ប៉ុន្ដែកម្ពុជារក្សាសិទ្ធិ ក្នុងការការពារបូរណ​ភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាមានការប៉ុនប៉ង់រំលោភ ដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ”។

តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ក៏ទើបបានបញ្ជាក់ថា ក្រោយពីត្រឡប់ពីបំពេញ​បេសក​កម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយ​ថ្នាក់​ដឹក​នាំកងទ័ពនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការ​ណ៍​ពីសភាព​ការណ៍​ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដូចអ្វីដែលសម្តេចបានបញ្ជាក់​នាពេលកន្លងទៅ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិ​វិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល​។

ឈរលើស្មារតីខាងលើនេះ សម្តេចមហាបវរធិបតី បានបញ្ជាឱ្យគណៈ​កម្ម​ការ​​ព្រំដែនចម្រុះ (JBC) កម្ពុជាធ្វើកិច្ចការចំនួនពីរដូចខាងក្រោម ទី រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និង​បន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង​ប្រទេស​ទាំងពីរ។

ទី២ ត្រៀមដាក់ចូលក្នុងរបៀបវារៈ សម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធ នឹងការ​យក​​​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅ​តុលា​ការ​យុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ដោយសារ​ក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតា​មាន់​ធំ ប្រាសាទតាមាន់តូច មានសកម្មភាពជាបន្ត​បន្ទាប់​របស់ក្រុមជ្រុល​និយម ​មួយចំនួនតូច បានបំផុសចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែល​អាចឈានទៅការប្រឈម​មុខដាក់គ្នាសារជាថ្មី​នៅពេល​ខាងមុខ។

សម្តេចធិបតីបង្ហាញសុទិដ្ឋិនិយមថា ភាគីទាំងពីរនិងអាចធ្វើការជាមួ​យគ្នា ដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទ នៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន នៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។

បើទោះបីជាយ៉ាងណា សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាម ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាម ឈ្លានពានបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់កំលាំងកងទ័ព។

ក្នុងសមាជិករដ្ឋសភា-ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ខ្មែរ គ្រប់និន្នាការបញ្ឈប់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តទ័ព។

សម្តេចមហាបវរធិបតីបានថ្លែងថា “រាជរដ្ឋាភិបាលមាន​លទ្ធ​ភាពគ្រប់គ្រាន់ ក្នុងការផ្តត់ផ្គង់កងទ័ពនៅព្រំដែន ប៉ុន្តែការជួយគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ព”។

សម្តេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ៗថា “ខ្ញុំសូមអំពាវនាវបន្ត និងរួមគ្នា ក្នុងការលើកទឹកចិត្តកងកម្លាំង ហើយពេលជាមួយគ្នា ក៏ខ្ញុំសុំអំពាវនាវសាជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បើទោះមាននិន្នាការណាក៏ដោយ សូមកុំធ្វើសកម្មភាពណា ដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជាយើង

សម្តេចបានបញ្ជាក់ទៀតថាពេលនេះ ជាពេលដែលប្រទេសជាតិយើងទាំងមូលត្រូវរួមគ្នា ដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារទឹកដីរបស់យើង ជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើង ដើម្បីការពារទឹកដី”។សម្តេចបន្តថា “រឿងនយោបាយ យើងនិយាយពេលផ្សេង ប៉ុន្តែនិយាយអ្វីដែលប៉ះពាល់ដល់ទឹកចិត្ត និងស្មារតីរបស់បងប្អូន សុំលុបទៅ”។

សម្តេចបន្ថែមថា “មិនមែនពេលកេងចំណេញ នយោបាយផ្ទៃក្នុង ប្រឆាំងគ្នាឯងនោះទេ ប៉ុន្តែជាពេលមូលមតិគ្នា មូលចិត្ត មូលគំនិតរួមគ្នា ព្រោះអ្វីដែលជាហានិភ័យ គឺទឹកដី និងជីវិតបងប្អូន”៕

សម្តេចតេជោៈបញ្ហាជម្លោះព្រំដែនបើមិនប្តឹងទៅICJប្រើពេលរាប់រយឆ្នាំទៀតក៏ដោះស្រាយមិនចេញដែរ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា បញ្ហាជម្លោះព្រំដែន បើមិនប្តឹងទៅភាគីអន្តរជាតិទេ ប្រើពេលរាប់សិបរាប់រយឆ្នាំទៀត ក៏ដោះស្រាយមិនចប់ដែរ។

សម្តេចបញ្ជាក់ថា “បើទោះបីជាកម្ពុជា ជ្រើសយកការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិICJក៏ដោយ ក៏កម្ពុជាមិនបោះបង់ចោលយន្តការចរចានោះឡើយ។ កម្ពុជានឹងគោរពរាល់ការសម្រេច របស់តុលា​ការយុត្តិធម៌អន្តរជាតិ”។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសសមាជរដ្ឋសភា-ព្រឹទ្ធសភា ដែលធ្វើឡើង នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបបួលថៃទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការទុកមុខទុកមាត់ឱ្យគ្នា។ សម្តេចបានប្រកាសរង់ចាំមើលថា តើភាគីថៃមានលេសអ្វី មិនឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ? បើរកលេសមិនឡើង ទៅតុលាការយុត្តិធម៌អន្តរជាតិទេនោះ មានន័យថា ថៃមានកិច្ចកលនៅពីក្រោយបញ្ហានេះ។

សម្តេចបានបញ្ជាក់ច្បាស់ៗថា “យើងបបួលបែបនេះ វាជាការគួរសមរបស់យើង ហើយវាមិនមែនតែបញ្ហាកម្ពុជាទេ បើតាមយើងដឹងមានប្រទេសជាច្រើនបបួលគ្នាបែបនេះ ដូចករណីសិង្ហបុរី និងម៉ាឡេស៊ី គេក៏បបួលគ្នាទៅដែរ”។

តាមរយៈបណ្តាញសង្គមនាយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងបបួលថៃ នាំយកបញ្ហានៅប្រាសាទតាមាន់ធំ ប្រាសា​ទតាមាន់ធំ តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ការប្រកាសអំពីគម្រោងដោះស្រាយ តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិនេះ បានធ្វើឡើងបន្ទាប់ពី កងទ័ពថៃ បានចូលមកបាញ់សម្លាប់ ទាហានកម្ពុជាម្នាក់ ដែលឈរជើងការពារព្រំដែន នៅចំណុចព្រំដែនតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បង្កឱ្យមានការប្រឈមមុខគ្នាជាថ្មីរវាងកងទ័ពកម្ពុជា-ថៃ។

ឆ្លើយនឹងសំណួរថា “បើសិនជាបបួលថៃហើយគេមិនទៅ តើកម្ពុជាធ្វើយ៉ាងម៉េច? សម្តេចមានប្រសាសន៍ថា ទោះបីជាគេមិនទៅ ក៏កម្ពុជានៅតែប្តឹងទៅ ICJ ដដែល”។

សម្តេចបានបញ្ជាក់ជូនពលរដ្ឋកម្ពុជា និងពលរដ្ឋថៃ ឱ្យបានដឹងថា បើសិនជាយើង មិនពឹងពាក់តុលាការយុត្តិធម៌អន្តរជាតិ ឱ្យដោះស្រាយនោះទេ ជម្លោះបែបនេះនឹងបន្តរាប់រយឆ្នាំទៀត ដោះមិនចប់នោះទេ។ មូលហេតុដែលមិនចប់នេះ ដោយសារតែរដ្ឋាភិបាល នៃប្រទេសនីមួ​យៗ មិនអាចដកថយចេញពីចំណុច ដែលខ្លួនប្រកាន់ឥរិយាបថបានទេ។ ប្រសិនបើដកថយចេញពីចំណុចនេះ ប្រជាជនរបស់ខ្លួន នឹងស្តីបន្ទោស។

សម្តេចលើកឡើងថា ការចរចារវាងប្រទេសទាំងពីរ បានធ្វើឡើងអស់រយៈពេលជាង២៥ឆ្នាំហើយ ដោយក្នុងនោះ សម្តេចក៏បានប្រើពេលជាង២៣ឆ្នាំ តាំងពីMOU ឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២៣ ក្នុងពេលដែលសម្តេចធ្វើជានាយករដ្ឋមន្រ្តី។ រហូតដល់រដ្ឋាភិបាល អាណត្តិថ្មី ក៏ចរចាបានបន្ត២ឆ្នាំទៀត​ គឺនៅតែដោះស្រាយមិនបាន សូមបីតែប្រជុំ JBC ក៏ប្រជុំមិនបានផង។

សម្តេចបានបង្ហាញអំពីការឈឺចាប់ ដែលបាត់បង់យុទ្ធជនខ្មែរម្នាក់ ត្រូវបានទាហានថៃ ចូលមកបាញ់សម្លាប់លើទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា។

សម្តេចរំលឹកថា សម្តេច និងសម្តេចទៀ បាញ់ បានដឹងច្បាស់អំពីរឿងនេះ ដែលចំណុចនេះ កម្ពុជាបានកាន់កាប់តាំងពីឆ្នាំ១៩៨៨ ពេលនោះតំបន់នោះ គឺជាតំបន់ដែលខ្មែរក្រហមឈរជើង ដាក់អាវុធច្រើនណាស់នៅតំបន់នេះ។

សម្តេចបានបញ្ជាក់បន្ថែមថា រឿងអ្វីដែលមកដល់ពេលនេះ មកទាមទារឱ្យយើងដកកងទ័ពចេញ ការចរចាការពិតបានឯកភាពគ្នាអស់ហើយ ស្រាប់តែមេបញ្ជាការយោធភូមិភាគទី២របស់ថៃ ធ្វើលិខិតទៅមេបញ្ជាការកងទ័ពជើងគោកថៃ ហើយមេទ័ពជើងគោកថៃ ក៏បានបញ្ជូ​នមកមេទ័ពជើងគោលកម្ពុជា ដោយស្នើឱ្យដកកងទ័ព២០០ម៉ែត្រ”។

សម្តេចបានបញ្ជាក់បន្តទៀតថា ចំពោះបញ្ហានេះ លោក អាភីស៊ីត វេចាជីវ៉ា អតីតនាយករដ្ឋមន្រ្តីថៃ ធ្លាប់បានស្នើម្តងហើយចំពោះមុខសម្តេចនៅមុខប្រធានាធិបតីឥណ្ឌូណេស៊ី ដែលធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំ២០១១ ដោយស្នើឱ្យសម្តេចដកកងទ័ពចេញ ពីប្រាសាទព្រះវិហារ ដែលពេលនោះសម្តេចបានតបទៅវិញថា “ឯកឧត្តម ខ្ញុំមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្ញុំបានទេ ផ្ទុយទៅវិញឯកឧត្តមទេ ដែលត្រូវតែដកកងទ័ពរបស់ឯកឧត្តមចេញពីប្រាសាទព្រះវិហារ”។

សម្តេចបានបន្តថា “​នេះមិនមែនជាការបំផុស ឱ្យមានកំហឹងនោះទេ តែជារឿងអធិបតេយ្យជាតិ”៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអះអាងថាឆ្នាំ២០២៥ជាពេលវេលា ល្អគួរវិនិយោគលើដីធ្លី

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ជាអ្នកជំនាញជើងចាស់ ពីភ្នាក់ងារធម្មតា រហូតក្លាយជាអ្នកអភិវឌ្ឍន៍លេចធ្លោមួយរូប លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានអះអាងថា ឆ្នាំ២០២៥ ជាពេលវេលាល្អសម្រាប់វិនិយោគលើដីធ្លី។

    លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៣ ធ្នូកន្លងមកថា ស្ថានភាពក្នុងវិស័យអចលនទ្រព្យ ពិសេសដីធ្លីបានធ្លាក់ដល់ចំណុចបាតទៅហើយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យតម្លៃដីធ្លីបានធ្លាក់ចុះទាប។ ហេតុនេះ ការវិនិយោគលើវិស័យដីធ្លីជាពេលល្អ ព្រោះបើរង់ចាំដល់ឆ្នាំ២០២៦ ២០២៧តម្លៃដីនឹងកើនឡើង អ្នកណាក៏ទិញ វាមិនមានឱកាសរកផលចំណេញបានច្រើននោះទេ។

    លោកឧកញ៉ាបានពន្យល់ថា នៅពេលលោកដូណាល់ ត្រាំជាប់ឆ្នោត លោកបានប្រកាសពីការបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែននិងសង្រ្គាមរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ហេតុនេះ ពិភពលោកនឹងមិនមានបញ្ហាអ្វីទៀតនោះទេ។ ចំណែកស្ថានភាពក្នុងស្រុក មានអ្នកមានច្រើនណាស់ បានយកលុយទៅដាក់ធនាគារ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយពួកគេទទួលបានអត្រាការប្រាក់ល្អ ប៉ុន្តែថ្មីៗនេះ ធនាគារនានាបានបញ្ចុះអត្រាការប្រាក់បញ្ញើរមកនៅទាប។

    លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ហេតុនេះ បើះអត្រាការប្រាក់ពីធនាគារផ្តល់ជូនអតិថិជន ឬអ្នកដាក់ប្រាក់បញ្ញើរមានចន្លោះពី៤ទៅ៥ភាគរយ នឹងមានអ្នកយកប្រាក់មកទិដីធ្លីឡើងវិញច្រើន ទោះ​ជាអត្រាកំណើនតម្លៃដីធ្លីមិនខ្ពស់ជាងមុន តែមានអត្រាចំណេញច្រើនជាងយកប្រាក់ទុកនៅធនាគារ។

    លោកបញ្ជាក់ថា “បញ្ហាក្នុងទីផ្សារដីធ្លី និងអចលនទ្រព្យដទៃទៀត មិនមែនរឿងទុន ឬកង្វះសាច់ប្រាក់ទេ តែបញ្ហាគឺទំនុកចិត្តនៅក្នុងទីផ្សារ”។លោកបន្ថែមថា “ទីផ្សារដីធ្លីនៅឆ្នាំ២០២៥ នឹងមានភាពប្រសើរ ហើយវាជាឱកាសដែលអ្នកវិនិយោគ គួរចាប់យកឲ្យបានទាន់ពេលវេលា ព្រោះដីធ្លីនៅមាមតម្លៃល្អ និងអាចចចារបានជាមួយម្ចាស់ដី”។

    តាមការសិក្សារបស់ក្រុមហ៊ុនអន្តរជាតិមួយបានបង្ហាញថា តម្លៃដីធ្លីនៅកម្ពុជាក្នុងចន្លោះឆ្នាំ២០២៣ ២០២៤ បានធ្លាក់ចុះក្នុងរង្វង់ជិត៤០ភាគរយ៕