កម្មវិធីភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជាត្រូវបាន ដាក់ឲ្យដំណើរការ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ា បានអញ្ជើញចូលរួមជាអធិបតីក្នុង “ពិធីសម្ពោធភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកប្រាក់ ដាវីដរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអ៊ីហ្កូ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈការគាំទ្រ និងជំរុញសមត្ថភាពនាំចេញរបស់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ក្នុងវិស័យកសិកម្ម កសិកែច្នៃ និងផលិតផលបែបច្នៃប្រឌិត ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអឺរ៉ុប និងទីផ្សារអន្តរជាតិ។

ថ្លែងទៅកាន់អង្គពិធី លោកសំហេង បូរ៉ាបានបញ្ជាក់ថា ក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ក៏បានដាក់ឱ្យដំណើរការជាផ្លូវការផងដែរនូវគម្រោង Export Lab និង Agri-Innovation Lab ដែលគម្រោងនេះជាជំហ៊ានចាប់ផ្ដើមសំខាន់មួយ ក្នុងការគាំទ្រដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង ក្នុងទីផ្សារអន្តរជាតិ។

លោកបន្ថែមថា កម្មវិធីទាំងនេះ នឹងផ្តល់នូវការបណ្ដុះបណ្ដាលជំនាញផ្នែកអភិវឌ្ឍផលិតផល ការរៀបចំស្តង់ដារនាំចេញ ការផ្សាភ្ជាប់អាជីវកម្មទៅកាន់ទីផ្សារអឺរ៉ុប-អាស៊ាន និងផ្ដល់ការប្រឹក្សាផ្នែកបច្ចេកទេ​សដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា  នៅក្នុងវិស័យកសិកម្ម កសិកែច្នៃ និងវស័យគោលដៅជាច្រើនទៀត។

ជាមួយគ្នានេះ លោកសំហេង បូរ៉ា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងអាជីវកម្មនៅកម្ពុជា ចាប់យកឱកាសនេះ ដើម្បីជំរុញការអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ពង្រឹងនវានុវត្តន៍ និងពង្រីកសមត្ថភាពនាំចេញ ដោយផ្តោតលើការស្វែងយល់ទីផ្សារគោលដៅ ជាមួយការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធនានា ដើម្បីបង្កើនឱកាសចូលទៅក្នុងទីផ្សារអាស៊ាន និងពិភពលោក។

បន្ថែមពីនេះ លោករដ្ឋលេខាធិការក៏បានជំរុញឱ្យក្រុមហ៊ុន និងសហគ្រាសបង្កើនសមត្ថភាពបច្ចេកទេស ស្តង់ដារ និងការវេចខ្ចប់ផលិតផល ដើម្បីបង្កើតគំនិតថ្មី និងជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលជាជម្រើសសំខាន់ សម្រាប់ពង្រីកទីផ្សារនាំចេញ និងពង្រីកការទទួលស្គាល់កិត្តិនាម របស់ផលិតផលកម្ពុជា “Product of Cambodia” នៅលើឆាកអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here