ឯកអគ្គរដ្ឋទូតចិនបន្តអះអាងថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួមគ្រប់រដូវកាល

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកវ៉ាង វិនប៊ីន បានអះអាងថា ចិននិងកម្ពុជាជាមិត្តដែនថែប និងជាសហគមន៍វាសនារួមគ្រប់រដូវកាល។

លោកបានសរសសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីរាត្រីថ្ងៃទី១៥ សីហាថា ចិននិងកម្ពុជា តែងតែគាំទ្រនិងជួយគ្នាទៅវិញទៅមក។ ភាគីចិនគាំទ្រកម្ពុជា ក្នុងការរក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

លោកបញ្ជាក់ថា “រីករាយក្នុងការសហការជាមួយកម្ពុជា ដើម្បីបង្កើនតួនាទីរបស់គណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល​ចិន-កម្ពុជា ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រដែលមានវិស័យអាទិភាពទាំង៦”ឱ្យបានសម្បូរបែប និងជំរុញសមិទ្ធផលគួរឱ្យកត់សម្គាល់បន្ថែមទៀតសម្រាប់”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង”ច្រករបៀងត្រីនិងអង្ករ” ធ្វើឱ្យកិច្ចសហប្រតិបត្តិការចិន-កម្ពុជាក្លាយជាផលប្រយោជន៍ កាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍន៍និងវិបុលភាពក្នុងតំបន់”៕

ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន៧ប្រទេស ចុះទៅពិនិត្យជាក់ស្ដែងនៅតំបន់ប៉ោយប៉ែត ទីដែលទាហានថៃយកគ្រឿងចក្រមកឈូសឆាយ និងរាយលួសបន្លា (គោលដៅទី៣)

0

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍នៅតំបន់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទីដែលយោធាថៃបានយកគ្រឿងចក្រមកឈូសឆាយ និងរាយលួសបន្លា ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

តម្លៃជួលការិយាល័យនៅទីក្រុងស៊ីដនីក្នុងប្រទេសអូស្ត្រាលីកើនឡើង ខណៈផលចំណេញពីការវិនិយោគស្ថិតនៅទ្រឹង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យការិយាល័យក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៅទីក្រុងស៊ីដនីរបស់ប្រទេសអូស្ត្រាលីបានជួបប្រទះការលំបាក ខណៈអត្រាការិយាល័យទំនេរបានកើនឡើងពី១២,៨ភាគរយដល់ក្នុងរង្វង់១៣,១ភាគរយនៅត្រីមាសទី២ ឆ្នាំ២០២៥។

នៅត្រីមាសទី២ ទំហំការិយាល័យថ្មីចំនួន៣៣.៧៣០ម៉ែត្រការ៉េកំពុងត្រូវបានស្ថាបនាបន្ថែមទៀត ដោយក្នុងនោះ រួមមានអគារការិយាល័យ“1 Martin Place” ទំហំ១៤.០០០ម៉ែត្រការ៉េ និងអគារ“30 The Bond”ទំហំ១៩.៧៣០ម៉ែត្រការ៉េ។

តម្លៃជួលការិយាល័យលំដាប់ Premium ក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៅទីក្រុងស៊ីដនី បានកើនឡើង៨,៨ភាគរយក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ដល់ទំហំទឹកប្រាក់់ចំនួន៨៩០ដុល្លារអូស្ត្រាលី (ប្រមាណ៥៨១ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងមួយឆ្នាំ ឬស្មើនឹង៤៨,៤ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

តម្លៃជួលការិយាល័យកម្រិត A បានកើនឡើងក្នុងរង្វង់៣,៨ភាគរយក្នុងត្រីមាសទី២ ដល់ទំហំទឹកប្រាក់ចំនួន៧២០ដុល្លារអូស្ត្រាលី (ប្រមាណ៤៧០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងមួយឆ្នាំ ឬស្មើនឹង៣៩,២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cushman & Wakefield បានឱ្យដឹងថា ផលចំណេញពីការវិនិយោគលើទីផ្សារការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាលក្នុងទីក្រុងស៊ីដនីបានស្ថិតក្នុងសភាពទ្រឹងក្នុងអត្រាចន្លោះពី៧,២៥ភាគរយទៅ៨ភាគរយចាប់តាំងពីត្រីមាសទី៤ ឆ្នាំមុន៕ប្រភព: Cushman& Wakefield៕

ប្រមុខការទូតកម្ពុជា-ថៃ និងចិន ជួបពិភាក្សាគ្នា ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០

0

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន៕

រដ្ឋាភិបាលម៉ាឡេសុីប្រកាសសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យចំនួន១លានយូនីតចាប់ពីឆ្នាំ២០២៦

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេសុីលោក Anwar Ibrahim បានប្រកាសកាលពីពេលថ្មីៗនេះថា លំនៅដ្ឋានដែលមានតម្លៃសមរម្យសរុបចំនួនមួយលានយូនីតនឹងត្រូវបានសាងសង់ឡើងដោយរដ្ឋាភិបាល អាជ្ញាធររដ្ឋ និងអ្នកអភិវឌ្ឍន៍ឯកជននៅចន្លោះឆ្នាំ២០២៦ និងឆ្នាំ២០៣៥។

គម្រោងខាងលើនេះមានគោលបំណងដើម្បីផ្តល់ឱ្យប្រជាជនម៉ាឡេស៊ីកាន់តែច្រើននូវលទ្ធភាពក្នុងការទទួលបានលំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងផាសុកភាព។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Edgeprop Malaysia។

លោក Anwar ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះនឹងត្រូវអនុវត្តតាមរយៈកម្មវិធីជាច្រើនរួមមាន កម្មវិធី Residensi MADANI កម្មវិធីជំនួយសាងសង់ផ្ទះថ្មី កម្មវិធីលំនៅដ្ឋានតម្លៃសមរម្យ និងកម្មវិធីផ្សេងទៀត។

លោក Anwar បានមានប្រសាសន៍ឱ្យដឹងថា “រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការធានានូវលទ្ធភាពទទួលបានលំនៅដ្ឋានប្រកបដោយគុណភាព តម្លៃសមរម្យ និងបរិយាបន្ន ដោយបន្ថែមថា គិតត្រឹមឆ្នាំ២០២៥នេះ លំនៅដ្ឋានចំនួន១៨០.០០០យូនីតត្រូវបានសាងសង់បញ្ចប់រួចរាល់ហើយ”។

ជាមួយគ្នានោះ លំនៅដ្ឋានតម្លៃសមរម្យចំនួន២៣៥.០០០យូនីតផ្សេងទៀតកំពុងត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់។

ទោះជាយ៉ាងណា លោក Anwar បានទទួលស្គាល់ថា បញ្ហារចនាសម្ព័ន្ធ ដូចជាភាពមិនស៊ីសង្វាក់គ្នារវាងការផ្គត់ផ្គង់ និងតម្រូវការលំនៅដ្ឋាន ក៏ដូចជាការកើនឡើងនៃតម្លៃអចលនទ្រព្យហួសពីលទ្ធភាពរបស់ប្រជាជនម៉ាឡេសុី នៅតែបន្តបង្កជាបញ្ហាប្រឈម៕ប្រភព: The Edgeprop Malaysia៕

ប្រទេសចិនបន្តបង្កើនការវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់អាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ប្រទេសចិនកំពុងបន្តជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណងដើម្បីបង្កើនការដោះដូរពាណិជ្ជកម្មរបស់ខ្លួនជាមួយតំបន់អាស៊ាន ស្របពេលមានភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

ជាក់ស្តែង ក្រុមហ៊ុនរដ្ឋចិនមួយបានបើកការដ្ឋានពង្រីកកំពង់ផែ Muara ដែលជាកំពង់ផែធំជាងគេបំផុតរបស់ប្រទេសប្រ៊ុយណេ។ នៅពេលការពង្រីកបញ្ចប់រួចរាល់ សមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែមួយនេះនឹងកើនឡើងដល់ចំនួន៥០០.០០០ TEU។នេះ​បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃប្រទេសប្រ៊ុយណេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា គម្រោងខាងលើនេះមានដើមទុនវិនិយោគសរុបចំនួន២ពាន់លានយ័ន (ប្រមាណ២៧៨លានដុល្លារអាមេរិក) ដែលគ្រោងនឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ២០២៧ខាងមុខ។

បច្ចុប្បន្ន តំបន់អាស៊ានកាន់តែមានសារៈសំខាន់ជាយុទ្ធសាស្រ្តចំពោះប្រទេសចិន ស្របពេលទីក្រុងប៉េកាំងមានសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ប្រទេសចិនអាចងាកទៅពឹងផ្អែកលើការនាំចេញទំនិញទៅកាន់ទីផ្សារអាស៊ាន ដើម្បីប៉ះប៉ូវផលប៉ះពាល់ពីការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក។

យោងតាមទិន្នន័យពីអាជ្ញាធរគយនៃប្រទេសចិនបានបង្ហាញថា ការនាំចេញទំនិញរបស់ប្រទេសចិនទៅកាន់បណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា“អាស៊ាន”បានហក់ឡើងក្នុងរង្វង់១៦,៦ភាគរយកាលពីខែកក្កដា។

ដោយឡែក ការនាំចេញទំនិញរបស់ប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកបានដាំក្បាលចុះជាង២០ភាគរយនៅខែកក្កដា ឆ្នាំ២០២៥ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើននៃការនាំចេញទំនិញរបស់ប្រទេសចិនទៅកាន់តំបន់អាស៊ានបានក្លាយជាប្រភពនៃក្តីបារម្ភរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធមកលើរដ្ឋាភិបាលនានានៅតំបន់អាស៊ានឱ្យបង្ក្រាបលើការក្លែងបន្លំដើមកំណើតទំនិញ៕ប្រភព: SCMP៕

ការដោះស្រាយជម្លោះដីធ្លីនៅលើកំណាត់ផ្លូវជាតិលេខ៤ប្រវែង៤គីឡូម៉ែត្របានបញ្ចប់ហើយ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ តាមរយៈវប្បធម៌សន្ទនា​ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពង្រួបពង្រួម និងផ្សះផ្សារ ដើម្បីបញ្ចប់វិវាទជូន បងប្អូនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី នៅទីតាំងដីក្នុងភូមិសាស្ត្រភូមិគិរីវន្ត និងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (ពីគីឡូម៉ែត្រលេខ១៥០ ដល់គីឡូម៉ែត្រលេខ១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤)។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចូលរួមជាអធិបតីដោះស្រាយវិវាទនេះបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៤ សីហាកន្លងមកនេះ។

តាមរយៈការសម្របសម្រួលនេះ គូភាគី បានស្រុះស្រួលទទួលយកការដោះស្រាយ ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ចូលរួម និងសហការ ដើម្បីប្រែក្លាយពីទីតាំងមានទំនាស់ ទៅជាដីដែលមានសក្តានុពល និងមានគុណតម្លៃសេដ្ឋកិច្ច​ (កាន់កាប់ស្របច្បាប់ រស់នៅស្រួល ប្រកបរបរចិញ្ចឹមជីវិតបាន តាមការរៀបចំនគរូបនីយកម្មទំនើប និងជាទំនុកចិត្តដល់កូនចៅជំនាន់ក្រោយ)។

ករណីនេះ ក៏បានបង្ហាញឱ្យឃើញនូវដំណោះស្រាយ សម្រាប់វិវាទប្រភេទអ្នកមានប័ណ្ណអត់ដី និងអ្នកមានដីអត់ប័ណ្ណ៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបន្តធ្លាក់ថ្លៃចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានបន្តធ្លាក់ថ្លៃចុះ ស្របពេលក្រុមអ្នកវិនិយោគបង្ហាញសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក(Fed) នឹងកាត់បន្ថយអត្រាការប្រាក់ក្នុងរង្វង់០,២៥ភាគរយនៅខែកញ្ញាខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៦ភាគរយដល់៣៣៦៦,៣៧ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៣៥៤,៤២ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៨ភាគរយដល់៣៤១៧,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៦នាទីព្រឹកដូចគ្នា។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៧,៧១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៧,៨៤ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕

ទីផ្សារអចលនទ្រព្យបដិសណ្ឋារនៅហ្វីលីពីនរំពឹងទទួលបានសន្ទុះវិជ្ជមាន ខណៈប្រទេសនេះនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាពជាម្ចាស់ផ្ទះរបស់ប្រទេសហ្វីលីពីនសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២៦ ត្រូវបានគេរំពឹងថា នឹងជួយជំរុញទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចរបស់ប្រទេសនេះ ជាពិសេសឧស្សាហកម្ម MICE ដែលរួមមាន កិច្ចប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងការតាំងពិពណ៌។

ក្រុមអ្នកជំនាញបានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងផ្សព្វផ្សាយភាពទាក់ទាញសម្រាប់ម៉ាកយីហោសណ្ឋាគាររបស់ហ្វីលីពីននៅលើឆាកអន្តរជាតិ និងប្រែក្លាយប្រទេសហ្វីលីពីនជាគោលដៅសម្រាប់ការធ្វើដំណើរក្នុងគោលបំណងអាជីវកម្ម និងការកម្សាន្ត។

ប្រទេសហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៦។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនទៅកាន់គោលដៅសំខាន់ៗដូចជា រដ្ឋធានិម៉ានីល និងទីក្រុងសេប៊ូ(Cebu)។

ប្រសិនបើការរៀបចំព្រឹត្តិការណ៍ទាំងនេះទទួលបានជោគជ័យ នោះការណ៍នេះអាចបង្កើតនូវអត្ថប្រយោជន៍រយៈពេលវែង និងអាចជំរុញឱ្យមានការចូលមកទស្សនា និងដើរកំសាន្តនៅប្រទេសហ្វីលីពីនម្តងទៀត (Repeat visit) និងការចែករំលែកនូវបទពិសោធន៍វិជ្ជមានពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត(Word of Mouth)។

លោក Agnes Pacis អនុប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន SM Hotels & Convention បានអះអាងថា “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៦ នឹងជំរុញឱ្យហ្វីលពីនដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្ម MICE ហើយយើងនឹងសាងសង់សណ្ឋាគារជាច្រើនក្នុងរយៈពេល៥ឆ្នាំខាងមុខ”៕ប្រភព: Business World៕

ក្រសួងដែនដីប្រកាសអ្នកជំនាញពាក់ព័ន្ឋនឹងការសិក្សាទីក្រុងចូលរួមប្រកួតប្រជែងរចនារង្វង់មូលទីក្រុងកោះពេជ្រ និងកោះនរាឱ្យទៅជា “បេះដូងរាជធានី”

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កាលពីថ្ងៃទី១៤ សីហាបានចេញសេចក្តីប្រកាស ដោយអញ្ជើញអ្នកជំនាញពាក់ព័ន្ឋចូលរួមប្រកួតប្រជែង រចនារង្វង់មូលទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា។

សេចក្តីប្រកាសដែលបានបង្ហោះ លើបណ្តាញទំនាក់ទំនងរបស់ក្រសូងបានបញ្ជាក់ថា សូមអញ្ជើញ ស្ថាបត្យករ និងនគរូបនីយករ សេដ្ឋកិច្ចវិទូទីក្រុង សាស្ត្រាចារ្យ និស្សិតស្ថាបត្យកម្ម និងនគរូបនីយវិទ្យា សំណង់និងរចនា និស្សិតសិក្សាជំនាញរៀបចំដែនដី និងរដ្ឋបាលដីធ្លី និង អ្នកជំនាញពាក់ព័ន្ធនឹងការសិក្សាទីក្រុង ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ចូលរួមប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីប្រែក្លាយទីតាំងកោះនរា ឱ្យទៅជា “បេះដូងរាជធានី”។

ក្រសូងនឹងចាប់ផ្តើមទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥៕