រោងចក្រកែច្នៃឈើដាំថ្មីមួយបង្ហាញខ្លួននៅខេត្តព្រះសីហនុជាមួយទុនវិនិយោគជិត៥លានដុល្លារ

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ អនុគណៈកម្មាធិការ​វិនិយោគខេត្តព្រះសីហនុ ដឹកនាំដោយលោកឡុង ឌីម៉ង់ អភិបាលរងខេត្ត បានចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃឈើដាំ នៅស្រុកព្រៃនប់។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំ តំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំ បង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់)ខាងលើកាលពីចុងសប្តាហ៍មុន។

រោងចក្រនេះ មានទីតាំងស្ថិតនៅភូមិសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គម្រោងរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់)មានទុនវិនិយោគសរុបប្រមាណ៤,៦៩លានដុល្លារអាមេរិក។

លោកអភិបាលរង បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានា ដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាព ជួយសម្របសម្រួលនីតិវិធីមួយចំនួន ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរង់ចាំ ច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន។

ជាមួយគ្នានេះ លោកឡុង ឌីម៉ង់ក៏បានស្នើដល់វិនិយោគិនត្រូវអនុវត្តន៍ តាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារ ដល់ប្រជាពលរដ្ឋមូលដ្ឋាន និងជាពិសេសពលករ ដែលត្រឡប់មកពីប្រទេ​សថៃវិញ៕

សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បង្ហាញក្ដីបារម្ភអំពីកង្វះតម្លាភាពនៃការផ្ដល់កូតាអនុញ្ញាតឱ្យនាំត្រីចូលដែលធ្វើឱ្យត្រីឡើងថ្លៃនៅក្នុងទីផ្សារ

0

ដោយៈ សហការី

ភ្នំពេញៈ ដើម្បីការពារ និងជួយលើកកម្ពស់វារីវប្បកម្មនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេស។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចថា ត្រីដែលនឹងត្រូវបានអនុញ្ញាតឱ្យនាំចូលមកកម្ពុជា គឺជាប្រភេទត្រីដែលមិនមានការចិញ្ចឹម ឬមិនអាចផលិតនៅក្នុងស្រុកបាន ឬការផលិតនៅក្នុងស្រុកមិនអាចបំពេញតម្រូវការទីផ្សារជាក់ស្ដែងបាន រីឯអ្នកនាំចូលទៀតសោតត្រូវតែទិញត្រីផលិតក្នុងស្រុកឱ្យអស់ជាមុនសិន មុននឹងស្នើសុំការអនុញ្ញាតនាំចូលបន្ថែម ហើយការនាំចូលក៏ត្រូវអនុលោមទៅតាមបរិមាណដែលក្រសួងអនុញ្ញាត ប៉ុន្តែជាក់ស្តែងក្រសួងកសិកម្មហាក់មិនមានយន្តការតម្លាភាពដែលបញ្ជាក់អំពីលទ្ធភាព នៃការចិញ្ចឹមធនធានត្រីនៅក្នុងស្រុកនោះឡើយ។

សេចក្ដីសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជនកាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ សម្រាប់អ្នកប្រកបមុខរបរវារីវប្បកម្មនៅកម្ពុជា។

យោងតាមក្រសួងកសិកម្មឱ្យដឹងថា ផលវារីវប្បកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២៤ ទទួលបានប្រមាណ៣សែន២ម៉ឺនតោន ហើយកាលពីឆ្នាំ២០២០ កម្ពុជា ធ្លាប់នាំត្រីចូលចំនួនប្រមាណ ១ម៉ឺន ៧ពាន់ ៤០០តោន។

ទោះជាយ៉ាងណា សមាជិកសមាគអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបង្ហាញក្ដីបារម្ភចំពោះសេចក្ដីសម្រេចរបស់ក្រសួង ក្នុងការរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេសនេះ ដោយសមាគមបានលើកឡើងពីក្ដីកង្វល់ជុំវិញកង្វះតម្លាភាព នៃកូតាអនុញ្ញាតឱ្យនាំត្រីចូល ជាហេតុដែលអាចធ្វើឱ្យត្រីឡើងថ្លៃ ហើយការផ្គត់ផ្គង់ត្រីក្នុងស្រុកមិនគ្រប់តាមតម្រូវការជាក់ស្ដែង ដោយបង្កការលំបាកដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្ទាល់។

សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលជាអ្នកនាំចូលផ្គត់ផ្គង់ត្រីនៅកម្ពុជា បានសំណូមពរឱ្យក្រសួងកសិកម្មពិនិត្យមើលឡើងវិញនូវសេចក្ដីសម្រេច រឹតបន្តឹងការនាំត្រីចូលពីក្រៅប្រទេស ពីព្រោះកូតាអនុញ្ញាតឱ្យក្រុមហ៊ុននាំត្រីចូលតិចជាងចំនួនដែលខ្លួនបានស្នើសុំតាមទំហំតម្រូវការទីផ្សារ បានធ្វើឱ្យពួកគាត់មិនអាចផ្គត់ផ្គង់ទាន់តម្រូវការជាក់ស្ដែងនៅលើទីផ្សារ ដែលជាលទ្ធផលធ្វើឱ្យត្រីឡើងថ្លៃ និងទម្លាក់បន្ទុកបន្ថែមទៅលើពលរដ្ឋ។

ក្រុមសមាជិកសមាគមបានបង្ហើបឱ្យដឹងថា ការកំណត់កូតាដែលក្រុមហ៊ុនអាចនាំត្រីចូលបាន ក្នុងចំនួនជាក់លាក់កំណត់ដោយក្រសួង គឺតិចជាងចំនួនដែលអ្នកនាំចូលបាន ស្នើសុំតាមតម្រូវការទីផ្សាររបស់ខ្លួន ព្រោះទាល់តែសុំតាមចំនួនដែលក្រសួងកំណត់ ទើបគេអនុញ្ញាត តែបើសុំក្នុងចំនួនដែលក្រសួងកំណត់ គឺស្មើនឹងយល់ព្រមបាត់ទីផ្សាររបស់ខ្លួន ហើយបើរក្សាទីផ្សារខ្លួន គឺត្រូវដឹកចូលលើសចំនួនដែលក្រសួងអនុញ្ញាត នោះត្រូវប្រឈមផ្លូវច្បាប់ ហើយនៅពេលដែលពួកយើងខ្ញុំលែងនាំចូលបាន ពេលនោះទីផ្សារនាំចូលត្រី នឹងត្រូវក្រឡុកដោយក្រុមអាជីវករថ្មីហើយ ព្រោះដោយសារតែតាមការពិតគឺប្រជាកសិករក្នុងស្រុក មិនទាន់មានលទ្ធភាពចិញ្ចឹមផ្គត់ផ្គង់តម្រូវការទីផ្សារបាននៅឡើយទេ ហើយវាក៏នឹងធ្វើឱ្យត្រីនៅក្នុងស្រុកឡើងថ្លៃផងដែរ។

សរុបមក បណ្ដាក្រុមហ៊ុននាំត្រីចូលបានស្នើសុំក្រសួងកសិកម្មអនុញ្ញាតឱ្យនាំត្រីចូលក្នុងចំនួនសមស្រប សម្រាប់បំពេញតម្រូវការទីផ្សារដែលទទួលការបញ្ជាទិញ ដោយហ៊ានធានាថាផ្តល់អាទិភាពជួយប្រមូលទិញផលិតផល ដែលចិញ្ចឹមបានក្នុងស្រុកក្នុងតម្លៃទីផ្សារ តែបើក្រសួងនៅតែកំណត់ចំនួនបែបនេះ ក្រុមហ៊ុនហ៊ានដឹកចូលគឺខុសច្បាប់ បំពានសេចក្ដីសម្រេចរបស់ក្រសួង ទោះដើម្បីរក្សាទីផ្សាររបស់ខ្លួនក្តី នោះប្រាកដជាខុសច្បាប់ តែបើមិនដឹកចូលគឺបាត់បង់ទីផ្សារ ស្មើនឹងចែកទីផ្សារឱ្យក្រុមហ៊ុនខុសច្បាប់ផ្សេងៗទៀតយ៉ាងអយុត្តិធ៌ម។

ទាក់ទិននឹងក្ដីកង្វល់ ដែលខ្លាចការនាំត្រីចូលពីក្រៅប្រទេសជោរជន់នៅក្នុងស្រុកខ្លាំងពេក ដែលជះផលប៉ះពាល់ដល់អ្នកប្រកបរបរវារីវប្បកម្មនៅកម្ពុជា សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបញ្ជាក់ថា សមាគមរីករាយនឹងជួយប្រមូលទិញត្រី និងផលិតផលវារីវប្បកម្មផ្សេងៗទាំងអស់នៅកម្ពុជា ស្របតាមគោលការណ៍របស់ក្រសួងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ ស្របពេលដែលកម្ពុជា កំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខនេះ។

ដូចនេះ សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលជាក្រុមហ៊ុននាំចូលផ្គត់ផ្គង់ត្រី សង្ឃឹមយ៉ាងមុតមាំថា ក្រសួងកសិកម្ម និងថ្នាក់ដឹកនាំនឹងគិតគូរពីបញ្ហានេះឡើងវិញ ដោយក្ដីអនុគ្រោះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យឯកជន។

ជាចុងក្រោយ ក្រុមហ៊ុនដែលជាសមាជិកទាំងអស់នៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ក៏ស្នើសុំឱ្យក្រសួងកសិកម្មជួយចង្អុលបង្ហាញថា ប្រភេទត្រីណាខ្លះដែលកំពុងនាំចូលពេលបច្ចុប្បន្នអាចផលិតបានក្នុងស្រុក ដើម្បីឱ្យក្រុមហ៊ុនទៅប្រមូលទិញមកបង្គ្រប់ទីផ្សាររបស់ខ្លួន មុននឹងកាត់បន្ថយបរិមាណដែលលិខិតរបស់ក្រសួងមិនអនុញ្ញាតឱ្យនាំចូល។ យើងខ្ញុំដែលជាសមាជិកនៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ប្ដេជ្ញានឹងមិននាំចូលប្រភេទត្រីដែលផលិតបានក្នុងស្រុកដែលគ្រប់តម្រូវការឡើយ៕

តើអាផាតមុិននៅចំកណ្តាលទីក្រុងធំៗក្នុងតំបន់អាសុីមានតម្លៃជាមធ្យមចំនួនប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអាផាតមុិននៅតាមទីក្រុងធំៗក្នុងតំបន់អាសុីបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ក្នុងនោះ តម្លៃអាផាតមុិនជាមធ្យមនៅកណ្តាលទីក្រុងតៃបុិលើកោះតៃវ៉ាន់បានកើនឡើង២១,៤ភាគរយចាប់តាំងពីឆ្នាំ២០២០ ដល់ចំនួន១៤.៦៤៨ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆ្នាំ២០២៥។

ជាមួយគ្នានេះ តម្លៃអាផាតមុិនជាមធ្យមនៅកណ្តាលទីក្រុងសុីដនីរបស់ប្រទេសអូស្ត្រាលីបានហក់ឡើង៣៧,៩ភាគរយដល់ចំនួន១៣.១០៤ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆ្នាំ២០២៥ធៀបនឹងឆ្នាំ២០២០។នេះបើយោងតាមរបាយការណ៍សិក្សាស្រាវជ្រាវថ្មីមួយពីធនាគារវិនិយោគ Deutsche Bank របស់អាល្លឺម៉ង់។

យ៉ាងណាមិញ តម្លៃអាផាតមុិនជាមធ្យមនៅកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានដាំក្បាលចុះ២១,៤ភាគរយមកនៅត្រឹមចំនួន១០.១៩៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ២០២៥ បើប្រៀបធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានតម្លៃជាមធ្យមចំនួន១២.៩៧៧ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃអាផាតមុិនជាមធ្យមនៅកណ្តាលទីក្រុងបុមបៃ(Mumbai)របស់ប្រទេសឥណ្ឌាបានហក់ឡើង១០,៨ភាគរយដល់ចំនួន៦.៩៣២ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃអាផាតមុិនជាមធ្យមនៅកណ្តាលទីក្រុងម៉ានីលរបស់ហ្វីលីពីនបានថយចុះ៥,៧ភាគរយមកនៅត្រឹមចំនួន៣.៥៦៦ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃអាផាតមុិនជាមធ្យមនៅកណ្តាលទីក្រុងគូឡាឡាំពួររបស់ម៉ាឡេសុីបានហក់ឡើង១៧,៧ភាគរយដល់ចំនួន៣.០៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃអាផាតមុិនជាមធ្យមនៅកណ្តាលទីក្រុងហ្សាការតារបស់ឥណ្ឌូនេសុីបានដាំក្បាលចុះ៣៥,៩ភាគរយមកនៅត្រឹមចំនួន១.៨២៧ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

មហិច្ឆតា!ប្រទេសជប៉ុនបង្ហាញមហិច្ឆិតាសាងសង់អគារកប់ពពកកំពស់ ចន្លោះពី១.៦០០ទៅ១.៧០០ម៉ែត្រ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ជារឿងដ៏សម្បើមមួយ ប្រទេសជប៉ុនបានបង្ហាញគំនិតទស្សនវិស័យ ប្រកបដោយមហិច្ឆតា ក្នុងការសាងសង់អគារខ្ពស់កប់ពពក SkyMile Tower ដែលជាចំណូលស្នូល នៃផែនការមេអភិវឌ្ឍន៍ទីក្រុងតូក្យូ “Next Tokyo” ឆ្នាំ២០៤៥។

គម្រោងអគារ SkyMile Tower អាចមានកំពស់ចន្លោះពី១.៦០០ម៉ែត្រទៅ១.៧០០ម៉ែត្រ។ អគារនេះ នឹងអាចត្រូវបានសាងសង់លើផ្ទៃដីដែលចាក់បំពេញ ទៅក្នុងឈូងសមុទ្រតូក្យូ និងព័ទ្ធជុំវិញដោយកោះសិប្បនិម្មិត ក្នុងគោលបំណងការពារទឹកជំនន់។

គម្រោងអគារ SkyMile Tower កំពស់ប្រហែល៤២១ជាន់នេះ នឹងផ្តោតលើនិរន្តរភាព ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងការកែច្នៃកាកសំណង់ទៅជាថាមពល ជាពិសេស អគារកប់ពពក SkyMile Tower នឹងអាចប្រមូលរក្សាទុកសំណើមទឹកពីពពក តាមរយៈកម្លាំងទំនាញផែនដី។

អគារនេះក៏នឹងត្រូវបានរចនាឡើង ឱ្យមានភាពធន់នឹងខ្យល់ព្យុះ ការកើនឡើងកំពស់ទឹកសមុទ្រ ទឹកជំនន់ និងគ្រោះរញ្ជួយដី ខណៈជប៉ុនជាប្រទេសងាយរងគ្រោះ ពីបាតុភូតធម្មជាតិយ៉ាងញឹកញាប់។

ទីក្រុងតូក្យមានប្រជាជនរស់នៅ ប្រមាណ៣៧លាននាក់ ដែលធ្វើឱ្យដីធ្លីទំនេរ ទីក្រុងនេះនៅមានកម្រិត។ ដូច្នេះ ការសាងសង់អគារកប់ពពក នឹងជួយដោះស្រាយបញ្ហាដង់ស៊ីតេ ប្រជាជនក្នុងទីក្រុងតូក្យូ ព្រោះអគារ SkyMile Tower នឹងមានសមត្ថភាពផ្ទុកមនុស្សចំនួន៥៥.០០០នាក់។

អគារ SkyMile Tower នឹងប្រើប្រាស់ប្រព័ន្ធជណ្តើរយន្តល្បឿនលឿន ហើយផ្លូវរថភ្លើងប្រភេទHyperloop ត្រូវបានស្នើសាងសង់ឡើងដើម្បីតភ្ជាប់ពីតំបន់អគារSkyMile Tower ទៅកាន់តំបន់កណ្តាលទីក្រុងតូក្យូ។

យ៉ាងណាមិញ គម្រោងអគារ SkyMile Tower កំពុងស្ថិតក្នុងដំណាក់កាលនៃការសិក្សា និងការស្រាវជ្រាវ និងមិនមានការបញ្ជាក់អំពីពេលវេលាចាប់ផ្តើម បើកការដ្ឋានសាងសង់នៅឡើយទេ។ ចំណែក ប្រភពទុនវិនិយោគ ក៏មិនមានការប្រកាសបញ្ជាក់នោះដែរ៕

តើការផ្គត់ផ្គង់ និងតម្រូវការការិយាល័យនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីននឹងមានស្ថានភាពដូចម្តេចចាប់ពីឆ្នាំនេះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានព្យាករណ៍ថា ទំហំការិយាល័យថ្មីជិត២លានម៉ែត្រការ៉េនឹងត្រូវបានផ្គត់ផ្គង់ទូទាំងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនរាប់ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ខណៈតំបន់ពាណិជ្ជកម្ម Makati នឹងគ្របដណ្តប់ចំណែក១៥ភាគរយនៃការផ្គត់ផ្គង់ថ្មី។

អគារការិយាល័យថ្មី ដែលនឹងបញ្ចប់ការសាងសង់ចន្លោះពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ រួមមាន អគារការិយាល័យ Calistoga អគារ Mckinley Exchange Corporate Center 2 អគារ PHC Buendia អគារ The Gentry Corporate Plaza។

ប្រសិនបើទីផ្សារនៅតែបន្តមានស្ថានភាពដូចបច្ចុប្បន្ន ក្រុមហ៊ុន Colliers ព្យាករណ៍ថា តំបន់ Makati នឹងក្លាយជាទីផ្សាររបស់ម្ចាស់ការិយាល័យ(landlord)នៅដើមឆ្នាំ២០២៦ ដោយសារការផ្គត់ផ្គង់ថ្មីនៅមានកម្រិតក្នុងរយៈពេល២ឆ្នាំខាងមុខ។

ជាមួយគ្នានេះ គេសង្កេតឃើញថា បណ្តាធនាគារធំៗជាច្រើនកំពុងសាងសង់ទីស្នាក់ការកណ្តាលថ្មីនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ហើយគម្រោងថ្មីភាគច្រើនអាចនឹងបញ្ចប់ការសាងសង់រួចរាល់ចាប់ពីឆ្នាំ២០២៩។

ទីផ្សាររបស់ម្ចាស់ការិយាល័យ(Landlord’s market) មានន័យថា ម្ចាស់អគារការិយាល័យនឹងមានប្រៀបជាងអ្នកជួល ហើយពួកគេអាចដំឡើងថ្លៃជួល និងធ្វើការសម្រិតសម្រាំងអ្នកជួល ដោយសារការផ្គត់ផ្គង់នៅមានកម្រិត ឬតម្រូវការមានភាពរឹងមាំ។

ការផ្គត់ផ្គង់អគារការិយាល័យថ្មីៗជារឿងចាំបាច់ ព្រោះអត្រាការិយាល័យទំនេរកំពុងធ្លាក់ចុះ ហើយអគារការិយាល័យចាស់ៗមិនអាចទាក់ទាញអតិថិជនបានទៀតទេ។

ក្រុមហ៊ុន Colliers បានវាយតម្លៃថា ការកំណត់តំបន់ឡើងវិញ(Rezoning) និងការអនុញ្ញាតឱ្យសាងសង់អគារប្រើប្រាស់ចម្រុះ(Mixed-use)នៅតាមដងផ្លូវធំៗ ជាគន្លឹះសំខាន់ដើម្បីបង្កើនការផ្គត់ផ្គង់ការិយាល័យថ្មី។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានាសាងសង់គម្រោងការិយាល័យស្របតាមស្តង់ដារនិរន្តរភាពបៃតង ដើម្បីជំរុញអនាគតនៃតំបន់ពាណិជ្ជកម្មកណ្តាលរបស់ទីក្រុងម៉ានីល៕

ស្ថាប័នអន្តរជាតិធំមួយវាយតម្លៃថា ទីផ្សារលំនៅដ្ឋានហុងកុងនឹងស្ទុះងើបឡើងវិញក្នុងពេលឆាប់ៗខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារវិនិយោគខ្នាតយក្ស Morgan Stanley របស់សហរដ្ឋអាមេរិក បានព្យាករណ៍ថា ទីផ្សារលំនៅដ្ឋានរបស់ទីក្រុងហុងកុងនៃប្រទេសចិននឹងស្ទុះងើបឡើងវិញក្នុងពេលឆាប់ៗនេះ ខណៈតម្លៃផ្ទះនឹងចាប់ផ្តើមងើបឡើងវិញនៅក្នុងឆមាសទី២ ឆ្នាំ២០២៥។

ធនាគារវិនិយោគអាមេរិកបានបន្តថា តម្លៃផ្ទះនៅទីក្រុងហុងកុងនឹងធ្លាក់ចុះ២ភាគរយក្នុងឆមាសទី១ ឆ្នាំនេះបើធៀបនឹងឆ្នាំមុន ខណៈតម្លៃផ្ទះនៅក្នុងឆមាសទី២ នឹងងើបឡើងវិញចំនួន២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

លោក Praveen Choudhary ប្រធានផ្នែកស្រាវជ្រាវលើទីផ្សារអចលនទ្រព្យហុងកុងនៅធនាគារ Morgan Stanley បានអះអាងថា “ការស្ទុះងើបឡើងវិញនៃទីផ្សារលំនៅដ្ឋានហុងកុងនឹងមានរយៈពេលចំនួន៥ឆ្នាំ ដោយចាប់ផ្តើមពីឆមាសទី២ ឆ្នាំនេះ”។

លោកបានអះអាងទៀតថា “យើងសង្កេតឃើញមានមូលហេតុជាច្រើន ដែលបានជំរុញឱ្យយើងមានសុទិដ្ឋិនិយមថា ទីផ្សារលំនៅដ្ឋានហុងកុងនឹងងើបឡើងវិញក្នុងពេលឆាប់ៗខាងមុខ”។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត South China Morning Post។

ទីផ្សារលំនៅដ្ឋានរបស់ទីក្រុងហុងកុងបានជួបប្រទះភាពមិនច្បាស់លាស់អស់រយៈពេល៧ឆ្នាំ ដោយសារតម្លៃផ្ទះបានហក់ឡើងដល់កម្រិតកំពូលក្នុងខែកក្កដា ឆ្នាំ២០១៨ និងបានធ្លាក់ចុះមកវិញ។

កាលពីខែកញ្ញា ឆ្នាំ២០២១ តម្លៃផ្ទះនៅទីក្រុងហុងកុងបានហក់ឡើងដល់កម្រិតកំពូលសារជាថ្មីម្តងទៀត មុនពេលដាំក្បាលចុះក្រោមវិញជិត៣០ភាគរយគិតរហូតមកទល់ពេលនេះ៕

 

ក្រុមហ៊ុនមានអាយុជាង១០០ឆ្នាំរបស់ចិនសន្យាជម្រុញការវិនិយោគមកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ឋី បានទទួលជួបពិភាក្សាការងារជាមួយលោក ហ័រ សៀវហ្វុង (Hua Xiao Feng) អនុប្រធានក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ដែលមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ លោកជា វុទ្ឋី បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ និងស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលទីក្រុងអ៊ូស៊ី ដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ី ដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

បន្ថែមពីនេះ លោកអគ្គលេខាធិការ បានលើកឡើងពីសារៈសំខា​ន់នៃការពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារ សម្រាប់នាំចេញផលិតផលកសិផលពីកម្ពុជា ពិសេសនាំទៅកាន់ទីផ្សារប្រទេសចិន។

មួយវិញទៀត លោកអគ្គលេខាធិការ ក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគ ក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីជំរុញតម្លៃបន្ថែមក្នុងស្រុក។

លោក ហ័រ សៀវហ្វុង បានសម្តែងនូវអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការ ដែលតែងតែគាំទ្រដល់វិនិយោគិន មកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន និងបានផ្តល់នូវអនុសាសន៍ល្អៗពាក់ព័ន្ធ នឹងសកម្មភាពធុរកិច្ចនៅកម្ពុជា។

លោកក៏បានជម្រាបជូន លោកអគ្គលេខាធិការពីសាវតាររបស់ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិនដែលមានអាយុកាលប្រមាណ១០៦ឆ្នាំ និងមានកម្មវត្ថុអាជីវកម្មក្នុងវិស័យជាច្រើនដូចជាហិរញ្ញវត្ថុ ផ្សារមូលបត្រ កម្មន្តសាល ថាមពលបៃតង និងថាមពលកកើតឡើងវិញ។ល។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានវិនិយោគ ក្នុងគម្រោងអាកាសយានដ្ឋាន សណ្ឋារគារ និងរថភ្លើងក្រោមដីផងដែរ។

ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. មានឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផល ដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន ហើយលោកហ័រ សៀវហ្វុង សង្ឃឹមថាតាមរយៈជំនួបនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ ដល់វិនិយោ​គិនមកពីទីក្រុងអ៊ូស៊ី ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ជាការឆ្លើយតប លោកជា វុទ្ឋីបានបង្ហាញនូវសុទិដ្ឋិនិយម ហើយសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុន Wuxi Guolian Group Co., Ltd. នឹងបន្តជំរុញវិនិយោគិន មកពីទីក្រុងអ៊ូស៊ីមកបណ្តាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ហើយការណ៍នេះជាថ្នាលផ្សារភ្ជាប់នូវកិច្ចសហប្រតិបត្តិការកម្ពុជា ចិនឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិ​បត្តិការទ្វេភាគីវិនិយោគរវាងទីក្រុងអ៊ូស៊ី និងកម្ពុជា៕

ដំណឹងល្អៈ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនធំមួយនឹងដំឡើងរោងចក្របង្គំម៉ាកHaierនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ប្រទេសចិនៈ ក្រុមហ៊ុនផលិតគ្រឿងអគ្គិសនីម៉ាក់ Haier បានចុះ  MOU ជាមួយក្រុមហ៊ុន SAM SN GROUP របស់អ្នកឧកញ៉ា សំ សុខនឿន ដំឡើងរោងចក្របង្គំម៉ាកHaier និងបង្កើតតំបន់ឧស្សាហកម្មបៃតងទំនើបនៅកម្ពុជា។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងការកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងQingdao ប្រទេសចិន។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងឱកាសទស្សនកិច្ចនៅប្រទេសចិន អ្នកឧកញ៉ាសំ សុខនឿនបានអញ្ជើញទៅទស្សនកិច្ច និងទស្សនា រោងចក្របង្គំម៉ាកHaier។

បន្ថែមលើនេះ អ្នកឧកញ៉ាក៏ត្រូវបានអញ្ជើញ ទៅទស្សនកិច្ចវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ដែលមានចំណាត់ថ្នាក់ក្នុងចំណោម៥ កំពូលក្នុងប្រទេសចិន ហើយជាវិទ្យាស្ថានលំដាប់កំពូលនៅទីក្រុង Qingdao ដែលមានការសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Haier  និងតំណាងឱ្យការអប់រំបច្ចេកទេស ប្រកបដោយប្រព័ន្ធស្តង់ដារឧស្សាហកម្មកម្រិតខ្ពស់។

វិទ្យាស្ថាននេះ បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការរួមសហការជាមួយ Haier ជាមួយក្រុមហ៊ុន SAM SN GROUP និងក្រុមហ៊ុនសិង្ហបុរី២ទៀត ដើម្បីបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើបនៅកម្ពុជា។

កិច្ចសហការនេះ នឹងជួយលើកកម្ពស់សមត្ថភាព យុវជនកម្ពុជា បង្កើតឱកាសការងារ ដែលមានគុណភាពខ្ពស់ និងចូលរួមយ៉ាងសំខាន់ក្នុងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចិរភាព៕

មន្រ្តីជាន់ខ្ពស់ចាប់ផ្តើមសិក្សាគំរោងលើកកំពស់និងទាក់ទាញទេសចរណ៍មកទស្សនានៅតំបន់ព្រៃគុក

0

ដោយៈ គង់ សូរិយា

    កំពង់ធំ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាព ទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ណេប សាមុត រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក លោកស្រី សមាជិកក្រុមការងារ តំណាង អាជ្ញាធរជាតិសំបូរព្រៃគុក តំណាងក្រុម ប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញពាក់ព័ន្ធមួយចំនួនទៀត។

គម្រោងនេះ មានគោលបំណងអភិវឌ្ឍប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាតំបន់ទេសចរណ៍គំរូ និងជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្ត នៅគោលដៅអន្តរខេត្តនេះ មុននឹងទៅដល់ខេត្តជុំវិញ និងជាគំរូនៃការអភិវឌ្ឍមូលដ្ឋាន ផ្អែកលើទេសចរណ៍ផ្សាភ្ជាប់ ជាមួយការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ និងរួមចំណែកដល់ការ អភិរក្សធនធានវប្បធម៌និងបេតិកភណ្ឌតាមរយៈវិស័យទេសចរណ៍។

គំរោងនេះមានគោលដៅចម្បងចំនួន៦ រួមមាន ១៖ ការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍អាទិភាព ក្នុងប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ២៖ ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ ៣ការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ៤៖ ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍ ៥៖ ការអភិ​វឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងការតភ្ជាប់គាំទ្រ វិស័យទេសចរណ៍ និង៦៖ ការរៀបចំជាយន្តការអនុវត្តដោយផ្អែកលើអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលបានសិក្សារៀបចំ ព្រមទាំងបានណែនាំដល់ក្រុមការងារ ក្នុងការរៀបចំគម្រោងខាងលើ ដោយផ្ដោតសំខាន់ លើផលិតផលទេសចរណ៍ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ថែមទាំង ត្រូវគិតគូរពីការវិនិយោគរកប្រាក់ចំណូល(Commercial​) ដើម្បីបែងចែកផល ដែលទទួលបានដល់ប្រជាពលរដ្ឋសហគមន៍ ក្នុងគោលដៅ ធានានូវបរិយាបន្ន និងចីរភាពនៃការអភិវឌ្ឍ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់នូវអនុសាសន៍ជាទស្សនទាន នៃការកែសម្រួលឡើងវិញ ដោយផ្ដោតលើចំណុចស្នូលគឺ ប្រាសាទ សំបូរព្រៃគុក រីឯផែនការរៀបចំតំបន់ជុំវិញត្រូវគិតគូរអាទិភាពចំណុចដែលហុចផលរហ័ស និងប្រើប្រាស់ថវិកាតិច ហើយអាទិភាពបន្ទាប់ ដែលជាផែនការរយៈពេលវែង ដែលត្រូវសិក្សាឱ្យបានលម្អិត ព្រមទាំងរកដៃគូនិងវិស័យឯកជនចូលរួមវិនិយោគផងដែរ។

ជាមួយគ្នានេះ ក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាព ទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ត្រូវគិតគូរ កែសម្រួល Brand Name ឬ Motto ដែលមានលក្ខណៈពិសេសនិងសមស្របសម្រាប់យុទ្ធនាការផ្សព្វផ្សាយ

មាតិកា(Content) យន្តការផ្សព្វផ្សាយ ព្រមទាំងសហការជាមួ​យក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំគម្រោងអភិវឌ្ឍជំនាញទេសច​រណ៍ទៅតាមកម្រិត ជាពិសេសការបណ្តុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច និងម្ហូបអាហារ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្ដល់នូវការណែនាំដល់រដ្ឋបាល​ខេត្ត និងអាជ្ញាធរជាតិសំបូរព្រៃគុក ត្រូវស្នើសុំកិច្ចសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធដើម្បីកសាងមូលដ្ឋាន នៃភាពទាក់ទាញទេស ចរណ៍ដោយផ្ដោតសំខាន់ជារួមលើ ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី និង អ៊ិនធឺណិត ដែលជាតម្រូវការចាំបាច់ របស់ភ្ញៀវទេសចរណ៍មិនថាភ្ញៀវជាតិ ឬអន្តរជាតិ។

ទន្ទឹមនេះ រដ្ឋបាលខេតត្តក៏ត្រូវគិតគូរ រៀបចំមជ្ឈមណ្ឌលព័ត៌មាន(Information Center) សម្រាប់បង្ហាញវីដេអូ ពីប្រវត្តិសំខាន់ៗទាក់ទងនឹង ប្រវត្តិសាស្ត្រ ចេនឡានិងប្រាសាទក៏ដូចជា តំបន់ជុំវិញ ជូនភ្ញៀវទេសចរ មុននឹងចូលទស្សនាប្រាសាទ និងរៀបចំកន្លែងចំណត និងសេវាផ្សេងៗទៀតឱ្យបានល្អប្រសើរបន្ថែមទៀត៕

សម្តេចតេជោ ហ៊ុន សែន៖ បើចោទកម្ពុជាជាអ្នករំលោភដីថៃ ហេតុអ្វីថៃមិនព្រមប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ? មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់

0

(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទសួរទៅកាន់ភាគីថៃ ដែលចោទកម្ពុជាថារំលោភពនោះថា ហេតុអ្វីបានជាមិនព្រមប្តឹងទៅតុលាការ? ហើយសម្តេចបានលើកឡើងថា «មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់»

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចេះតែឆ្ងល់ថា ថៃបានចោទកម្ពុជាថារំលោភដីថៃ ហេតុអ្វីក៏ថៃខ្វះសេចក្តីក្លាហានប្តឹងកម្ពុជាទៅតុលាការ ខ្ញុំសូមចោទសួរទៅទីក្រុងបាងកក អ្នកបានចោទកម្ពុជាថារំលោភលើអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ ហើយហេតុអ្វីបានជាអ្នកមិនព្រមឡើងតុលាការជាមួយកម្ពុជា សូមប្រជាជនថៃ សូមប្រជាជនកម្ពុជា ក៏ដូចជាមិត្តភក្តិអន្តរជាតិ ពិចារណាអំពីបញ្ហានេះ ពិចារណាចំណុចនេះឱ្យបានដិតដល់»

សម្តេចបានបន្តចោទសួរថា ហេតុអ្វីបានត្រូវខ្លាចតុលាការ? ហើយមកថាកម្ពុជាជាអ្នករំលោភ ហេតុអ្វីមិនប្តឹងទៅតុលាការ? នៅក្នុងប្រទេសមួយ បើភាគីណាមួយមិនសុខចិត្ត គឺត្រូវប្តឹងទៅតុលាការ ហើយនៅលើភពលោកមានតុលាការយុត្តិធម៌អន្តរជាតិដូចគ្នា។

សម្តេចបានថ្លែងថា មេដឹកនាំថៃមិនគួរណាខ្លាចនូវអ្វីដែលជាផ្លូវច្បាប់នោះទេ ហើយបើតុលាការកាត់ក្តី នឹងងាយស្រួលដល់រដ្ឋាភិបាលប្រទេសនីមួយៗ ធ្វើការពន្យល់ប្រជាពលរដ្ឋរបស់ខ្លួន។

សម្តេចបានចោទជាសំណួរថា «តើហេតុអ្វីបានជាថៃទាត់ចោលនូវដំណើរការផ្លូវច្បាប់? បើនិយាយមួយបែបទៅមានតែអ្នកខ្វះសុចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់នោះ»