អ្នកជំនាញ៖ ការទិញ​លក់​អចលនទ្រព្យ​នៅតែមាន​សកម្មភាព​ធម្ម​តា​នៅ​កម្ពុជា ទោះបី​ជាមាន​វិបត្តិ​សកល​ក៏ដោយ

0

ដោយៈ ប៊ី

ភ្នំពេញៈ បើទោះបី​ជាមាន​វិបត្តិ​ជំងឺ COVID-19 បាន​គំរាមកំហែង​សេដ្ឋកិច្ច​សកល​ក៏ដោយ ក៏​អ្នក​ជំ​ញ​ជាច្រើន​បានលើក ឡើង​ថា ចលនា​ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែមាន​សកម្មភាព​ធម្ម​តា។

លោក​ឧកញ៉ា​ចេង ខេង ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​ថ្លែង​តាម​វីដេអូ Conference ក្នុង​កម្មវិធី​មួយ​របស់​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​នៅ​ថ្ងៃទី២៥ ខែមិថុនា​នេះ​ថា ចលនា​ទិញ​លក់​អចលនទ្រព្យ​នៅតែមាន​សកម្មភាព​ធម្ម​តា អំឡុងពេល​វិបត្តិ​នេះ។

លោក​បាន​ថ្លែងថា “ទីផ្សារ​អចលនទ្រព្យ​នៅ​ដំណើរ​ការធម្មតា ព្រោះ​បុគ្គលិក​របស់​ក្រុមហ៊ុន ខ្ញុំ​ឆ្លើយតបបាន​ជាមួយនឹង​គោលដៅ​របស់​ក្រុមហ៊ុន ដែល​បាន​ដាក់ចេញ ហើយ​ចំណូល​របស់គាត់​នៅតែ​ទទួលបាន​ធម្មតា” ។ លោក​បន្តថា “បញ្ហា សំខាន់​គឺ​សមត្ថភាព​របស់​បុគ្គលិក ព្រោះ​បើសិនជា​ទីផ្សារ​ដំណើរ​ធម្មតា តែ​ចំណូល​យើង​ធ្លាក់ចុះ បញ្ហា​គឺ​មក​យើង។ ដូច្នេះ​យើង​ត្រូវមាន​វិជ្ជាជីវ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ព្យាយាម​បន្ថែម​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យនេះ” ។

លោក​សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Key Real Estate បាន​និយាយថា លោក​សង្ក​ត​ឃើញថា អំឡុងពេល​កូ​វីដ​នេះ អ្នកទិញ​មាន​ចំនួន​ជាង​មុនពេល​កូ​វីដ​ទៀត។ លោក​ថា “នេះ​សម្រាប់តែ​អ្វីដែល​ខ្ញុំ​បានឃើញ” ។ លោក​បាន​ថ្លែងថា “នៅក្នុង​គ្រា​លំបាក​នេះ គឺ​យើង​អាចមាន​ឱកាស​ច្រើន។ ចំនួន​សកម្មភាព​ជារួម​របស់​ភ្នាក់ងារ​អចលនទ្រព្យ​មាន​ថម​ផ​យ​ចុះ ដូច្នេះ​នេះ​ជា​ឱកាស​សម្រាប​ភ្នាក់ងារ​ពិតប្រាកដ ក្នុងការ​បញ្ចេញស្នាដៃ​ចាប់យក​អតិថិជន” ។

លោក​បាន​បន្តថា “អំឡុង​ពេលនេះ អ្នកទិញ​ដែល​ចុះទៅ​មើល​ដីធ្លី គឺ​អ្នកទិញ​ពិតប្រាកដ ហើយ​យើង (ភ្នាក់ងារ) ចំណេញ​ពេល​ជាង​មុន​ទៀត។ បើ​គាត់​មិន​ទិញ​ទេ គាត់​មិន​ចុះទៅ​ទេ អំឡុង​ពេលនេះ” ។

លោក​បាន​ឱ្យដឹងទៀតថា សកម្មភាព​របស់​ទិញ​ឃើញ​មាន​ច្រើន​បច្ចុប្បន្ន ព្រោះ​អ្នកទិញ អំឡុង​ពេលនេះ មាន​ភាពច្បាស់ លាស់​ជាង​ពេលមុន​កូ​វីដ​នេះ​ទៅទៀត។

ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង៣ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ៤ខែ​ដំបូង​ដើមឆ្នាំ២០២០នេះ បាន​កើនឡើង​ជាង ២០ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ទិន្នន័យ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុញ្ញាត​លើ​សំណើសុំ​សាងសង់ សរុប​ទូទាំងប្រទេស​មាន​ចំនួន១ ៦៤៧ គម្រោង​ក្នុង​រយៈពេល៤ខែ ដើមឆ្នាំ ២០២០ កើនឡើង ២២៣គម្រោង ខណៈ​ទំហំ​តម្លៃ​វិនិយោគ​សរុប​ប្រមាណ៣០៤៩លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ២០,៥ ភាគរយ ធៀប​នឹង​រយៈ​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here