ដោយៈ ប៊ី
ភ្នំពេញៈ បើទោះបីជាមានវិបត្តិជំងឺ COVID-19 បានគំរាមកំហែងសេដ្ឋកិច្ចសកលក៏ដោយ ក៏អ្នកជំញជាច្រើនបានលើក ឡើងថា ចលនាទិញលក់អចលនទ្រព្យនៅកម្ពុជានៅតែមានសកម្មភាពធម្មតា។
លោកឧកញ៉ាចេង ខេង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានថ្លែងតាមវីដេអូ Conference ក្នុងកម្មវិធីមួយរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជានៅថ្ងៃទី២៥ ខែមិថុនានេះថា ចលនាទិញលក់អចលនទ្រព្យនៅតែមានសកម្មភាពធម្មតា អំឡុងពេលវិបត្តិនេះ។
លោកបានថ្លែងថា “ទីផ្សារអចលនទ្រព្យនៅដំណើរការធម្មតា ព្រោះបុគ្គលិករបស់ក្រុមហ៊ុន ខ្ញុំឆ្លើយតបបានជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ដែលបានដាក់ចេញ ហើយចំណូលរបស់គាត់នៅតែទទួលបានធម្មតា” ។ លោកបន្តថា “បញ្ហា សំខាន់គឺសមត្ថភាពរបស់បុគ្គលិក ព្រោះបើសិនជាទីផ្សារដំណើរធម្មតា តែចំណូលយើងធ្លាក់ចុះ បញ្ហាគឺមកយើង។ ដូច្នេះយើងត្រូវមានវិជ្ជាជីវក្នុងវិស័យអចលនទ្រព្យ និងព្យាយាមបន្ថែមដើម្បីទទួលបានជោគជ័យក្នុងវិស័យនេះ” ។
លោកសន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បាននិយាយថា លោកសង្កតឃើញថា អំឡុងពេលកូវីដនេះ អ្នកទិញមានចំនួនជាងមុនពេលកូវីដទៀត។ លោកថា “នេះសម្រាប់តែអ្វីដែលខ្ញុំបានឃើញ” ។ លោកបានថ្លែងថា “នៅក្នុងគ្រាលំបាកនេះ គឺយើងអាចមានឱកាសច្រើន។ ចំនួនសកម្មភាពជារួមរបស់ភ្នាក់ងារអចលនទ្រព្យមានថមផយចុះ ដូច្នេះនេះជាឱកាសសម្រាបភ្នាក់ងារពិតប្រាកដ ក្នុងការបញ្ចេញស្នាដៃចាប់យកអតិថិជន” ។
លោកបានបន្តថា “អំឡុងពេលនេះ អ្នកទិញដែលចុះទៅមើលដីធ្លី គឺអ្នកទិញពិតប្រាកដ ហើយយើង (ភ្នាក់ងារ) ចំណេញពេលជាងមុនទៀត។ បើគាត់មិនទិញទេ គាត់មិនចុះទៅទេ អំឡុងពេលនេះ” ។
លោកបានឱ្យដឹងទៀតថា សកម្មភាពរបស់ទិញឃើញមានច្រើនបច្ចុប្បន្ន ព្រោះអ្នកទិញ អំឡុងពេលនេះ មានភាពច្បាស់ លាស់ជាងពេលមុនកូវីដនេះទៅទៀត។
ទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងប្រទេស មានទំហំទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែដំបូងដើមឆ្នាំ២០២០នេះ បានកើនឡើងជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់ សរុបទូទាំងប្រទេសមានចំនួន១ ៦៤៧ គម្រោងក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០២០ កើនឡើង ២២៣គម្រោង ខណៈទំហំតម្លៃវិនិយោគសរុបប្រមាណ៣០៤៩លានដុល្លារអាមេរិក បានកើនឡើង ២០,៥ ភាគរយ ធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៩ ៕