ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ទឹកប្រាក់ជាង ៣០លានដុល្លារត្រូវបានចំណាយពីអ្នកវិនិយោគ ទិញគំរោងអចលនទ្រព្យនានា ក្នុងពិព៌ណអចលនទ្រព្យកម្ពុជាលើកទី៣ ដែលបានរៀបចំធ្វើរយៈពេលពីរថ្ងៃនៅសណ្ឋាគារនិងកាស៊ីណូហាហ្កាវើលដ៍។
ពិព័រណ៍អចលនទ្រព្យរបស់ Realestate.com.kh ក្នុងឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការប្រមូលផ្តុំអ្នកជំនាញ អាជីវកម្ម និងអតិថិជនដ៏ច្រើនសម្បើម គឺជាព្រឹត្តិការណ៍កាន់តែធំ និងល្អជាងឆ្នាំមុន ហើយទឹកប្រាក់រាប់លានដុល្លារបានចំណាយ សម្រាប់ ការទិញលក់អចលនទ្រព្យនៅកម្ពុជា។ ធ្វើនៅសណ្ឋាគារណាហ្គាវើលនៅថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែតុលាឆ្នាំនេះ ពិព័រណ៍មានអ្នកតំណាងមកពីក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក និងអន្តរជាតិ ភាគីធនាគារ ក្រុមហ៊ុនសំណង់ ទីប្រឹក្សាច្បាប់ ក្រុមហ៊ុនបច្ចេកវិទ្យា អ្នកសេដ្ឋកិច្ច និងក្រុមហ៊ុនជាច្រើនទៀត។
លោក Tom O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បាននិយាយថា មនុស្សជាង៤,០០០នាក់បានចុះឈ្មោះ ចូលរួមពិព័រណ៍នៅក្នុងឆ្នាំនេះហើយ យើងរំពឹងថានឹងទាក់ទាញវិនិយោគិន និងអ្នកទិញអចលនទ្រព្យយ៉ាងហោចណាស់ជាង ៥,០០០នាក់។លោកបន្តថា ភាពរីកចម្រើនយ៉ាងឆាប់រហ័ស គឺបានបង្ហាញឱកាសសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដែលមិនធ្លាប់មានពីមុនមក។
ការតាំងពិព័រណ៍បានផ្តល់ឱ្យអ្នកចូលរួមនូវឱកាសវិនិយោគថ្មីៗ ជាមួយគម្រោង លំនៅដ្ឋាន បុរី ខុនដូ និងគម្រោងអភិវឌ្ឍន៍ចម្រុះ។ អ្នកទិញ និងវិនិយោគិនមក ពីក្នុងស្រុក និងក្រៅស្រុកបានជួបជុំគ្នា សម្រាប់ឱកាសល្អបំផុតក្នុងការទំនាក់ទំនងជាមួយគ្នា។
លោក Tom O’Sullivan បានមានប្រសាសន៍ថា “ឱកាសនេះបានជួយអ្នកគ្រប់គ្នាក្នុងវិស័យនេះឲ្យបានស្វែងយល់កាន់តែស៊ីជម្រៅពីកម្ពុជា។
នៅពេលអ្នកវិនិយោគបានមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយពិព័រណ៍នេះ ពួកគេបានមើលឃើញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងប្រែក្លាយកម្ពុជាទៅជា មជ្ឈមណ្ឌលសេដ្ឋកិច្ច។ កត្តានេះ នឹងផ្តល់ទំនុកចិត្តដល់វិនិយោគិន ឲ្យងាកមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។ ជាមួយគ្នានេះផងដែរទឹកប្រាក់សរុបដែលបានលក់នៅក្នុងកម្មវិធីពិព័រណ៍អចលនទ្រព្យ បានកើនឡើង១០លានដុល្លារ ធៀបនឹងឆ្នាំមុន។
កម្មវិធីនេះអាចដំណើរបានដោយមានការឧបត្ថម្ភធំ ដូចជា ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុន ផ្តល់សេវាអ៊ិនធើណេតឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន Belt Road Capital Management ជាអ្នកគ្រប់គ្រងលើការវិនិយោគឯកជន នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។
ក្រៅពីវេទិការទិញលក់អចលនទ្រព្យ វគ្គសិក្ខាសាលាអប់រំក៏បានដំណើរការដោយឥតគិតថ្លៃ ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ដែលមានជាភាសាខ្មែរ អង់គ្លេស និងចិន។ ប្រធានបទសំខាន់ៗជាច្រើនរួមមាន៖ ដំបូន្មានពីការវិនិយោគអចលនទ្រព្យ ច្បាប់នៃកម្មសិទ្ធិ ពន្ធអចលនទ្រព្យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការប្រៀបធៀបទីផ្សារ និងទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ដៃគូផ្សាយសម្រាប់ការតាំងពិព័រណ៍ដ៏ធំនេះ មានដូចជា៖ គេហទំព័រ Propertyarea.asia គេហទំព័រ Fresh News គេហទំព័រ Eurocham ជាដើម៕