ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ក្រុមមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានលើកឡើងពីគំរោងវិនិយោគលំនៅដ្ឋានតម្លៃសមរម្យ សម្រាប់ប្រជាជនមានប្រាក់ចំណូលទាប និងមធ្យមនាពេលអនាគត ដែលទាមទារឲ្យមានការចូលរួមពីវិស័យឯកជន។
លោក ស្រី ជាធូ វឌ្ឍនា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ខេត្តបន្ទាយមានជ័យក្នុងពិធីផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពីលំនៅឋាន រយៈពេលពីរថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី៣១ តុលាកន្លងមកថា គម្រោងនេះអាចសម្រេចទៅបាន គឺមានតែសុំឲ្យក្រុមហ៊ុនផ្ទៈល្វែង ឬបូរី អាចកសាងលំនៅឋាន តម្រូវសម្រាប់គ្រួសារពលរដ្ឋមានប្រាក់ចំណូលមធ្យមនិងទាប ដោយទូទាត់ជាប្រាក់សុទ្ធឬបង់រំលោះ។
ទោះជាយ៉ាងណាលោកស្រីមិនទាន់បញ្ជាក់ឲ្យដឹង ពីក្រុមហ៊ុនណានឹងចូលរួមវិនិយោគគំរោងនេះ និងចាប់ផ្តើមពេលណានៅឡើយទេ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បាននិយាយថា កន្លងមក ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តបានកសាងប្លង់មេ លើក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ដើម្បីងាយស្រួលដល់ការប្រើប្រាសដី ក៏ដូចជាជួយដល់ការរៀបចំគម្រោងគោលនយោបាយសង្គមកិច្ចផង។ ប៉ុន្តែបច្ចុប្បន្ន ដីធ្លីនៅក្រុងប៉ោយប៉ែតឡើងថ្លៃយ៉ាងខ្លាំង។
លោកបានបន្តថា “ហេតុនេះហើយ ទើបនៅក្នុងក្រុងប៉ោយប៉ែត មានក្រុមហ៊ុន និងម្ចាស់គំរោងអភិវឌ្ឍន៍អចលនទ្រព្យនានា បានកសាងផ្ទៈ និងពុះដីឡូតិ៍ ដីល្វែងលក់ ។ ប៉ុន្តែអាជ្ញាធរនិងជំនាញអាចពិភាក្សាជាមួយក្រុមហ៊ុន និងម្ចាស់ដីធ្លីទាំងនោះ អោយគាំទ្រគម្រោងលំនៅឋាន សម្រាប់គ្រួសារមានចំណូលទាបនិងមធ្យម សម្រាប់លក់អោយពលរដ្ឋនិងមន្ត្រីបាន។
អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកប្រាក់ អង្គារ៉ាបានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ។ លោកបន្តថា អគ្គនាយកដ្ឋានលំនៅឋាន មានភារកិច្ចជាសេនាធិការអោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងការសិក្សាអំពីស្ថានភាពបច្ចុប្បន្ននៃលំនៅឋាន តម្រូវការលំនៅឋាន ការផ្គត់ផ្គង់លំនៅឋាន និងការរៀបចំដីសម្រាប់លំនៅឋានក្នុងពេលបច្ចុប្បន្ន និងពេលអនាគត និងសម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះជាដើម។
លោកបន្តថា “ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរយ:អគ្គនាយកដ្ឋាននេះ និងអាជ្ញាធរដែនដី បានកំណត់គោលដៅក្រុងប៉ោយប៉ែត ដើម្បីសាងសង់លំនៅឋានសម្រាប់គ្រួសារមានចំណូលមធ្យមនិងទាប”៕