ដោយៈ សហការី
ភ្នំពេញៈ អាគារការិយាល័យ VTrust Tower ដែលគ្រប់គ្រងដោយក្រុមហ៊ុនGolden Tree Co.,Ltd ត្រូវបានទួលស្គាល់ជាអគារការិយាល័យបៃតងដំបូងគេពី EDGE ដែលជាប្រព័ន្ធផ្តល់វិញ្ញាបនបត្រអគារបៃតងមួយដែលមានការទទួលស្គាល់ជាអន្តរជាតិ។
ការផ្តល់វិញ្ញាបនបត្រនាពេលនេះ បានឆ្លុះបញ្ចាំងពីការចូលរួមដ៏សំខាន់របស់អគារ VTrust Tower ក្នុងការជួយគាំទ្រដល់សកម្មភាពថែររក្សាបរិស្ថាន ជាពិសេសដើម្បីទប់ទល់ ទៅនឹងការបម្រែបម្រួលអកាសធាតុ។
កម្មវិធីទទួលវិញ្ញាបនបត្រនេះ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ៨ តុលា ឆ្នាំ២០២២ នៅឯអគារ VTrust Tower ដោយមានការចូលរួមពីតំណាងសាជីវកម្មអន្តរជាតិ (IFC) ក្នុងការប្រគល់វិញ្ញាបនបត្រនោះ ទៅដល់លោកស្រី Judy Tan អនុប្រធានប្រតិបត្តិក្រុមហ៊ុន Golden Tree Co., Ltd ព្រមទាំងមានការអញ្ចើញចូលរួម ពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
EDGE ត្រូវបានផ្តួចផ្តើមឡើងដោយសាជីវកម្មអន្តរជាតិ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារពិភពលោក។ EDGE គឺជាប្រព័ន្ធផ្តល់វិញ្ញាបនបត្រអគារបៃតងមួយ ដែលមានការទទួលស្គាល់ជាអន្តរជាតិ ផ្តោតលើការដាក់ពន្ធុ និងការទទួលស្គាល់សំណង់អគារលំនៅឋាន អគារពាណិជ្ជកម្មទាំងឡាយណា ដែលអាចសន្សំសំចៃលើការប្រើប្រាស់ធនធាននានា ដោយមានប្រសិទ្ធភាព។
សម្រាប់អគារការិយាល័យ VTrust Tower ដែលទទួលបានវិញ្ញាបនបត្រពី EDGE ក្លាយជាអគារការិយាល័យបៃតងដំបូងគេនៅកម្ពុជា ដោយអាចសម្រេច ការសន្សំប្រើប្រាស់ទឹកបាន 52%, ការសន្សំថាមពល 24%, និង 84% នៃវត្ថុធាតុដើមទាំងអស់ប្រើប្រាស់ ក្នុងអគារបង្កការរំខានតិចតូចដល់បរិស្ថាន ព្រមទាំងការរួមចំណែក ដល់ការកាត់បន្ថយបំភាយឧស្ម័នកាបូនិច (CO2) ប្រមាណ២៣០ តោនប្រចាំឆ្នាំ។
ការសិក្សារបស់ស្ថានប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានរកឃើញថា មានជិត៣០ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ជាក់ កើតចេញពីការប្រើប្រាស់ថាមពលនៅក្នុងអគារ ហើយការចាប់ផ្តើមគិតគូរទៅលើសំណង់អគារបៃតងកាន់តែច្រើនឡើង គឺជាយុទ្ធនាជាការរួមចំណែកដ៏ធំធេងមួយក្នុងការកាត់បន្ថយកាកសំណល់កាបូន ព្រមទាំងជួយកាត់បន្ថយផលអវិជ្ជមានដល់បរិស្ថាននៅលើពិភពលោក។
លោកស្រី Judy Tan អនុប្រធានប្រតិបត្តិក្រុមហ៊ុន Golden Tree Co., Ltd បានឱ្យដឹងថា ការទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិនាពេលនេះ គឺជាសក្ខីកម្មដ៏សំខាន់មួយដែលឆ្លុះបញ្ចាំង ពីការប្តេជ្ញាដ៏មុតមាំរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិក។
លោកស្រីថ្លែងថា “បន្ថែមពីលើការយកចិត្តទុកដាក់បរិស្ថាន ក្រុមហ៊ុននឹងបន្តខិតខំអនុវត្តស្តង់ដាបរិស្ថាន សង្គម អភិបាលកិច្ច (ESG)។ យើងចង់ធ្វើបន្ថែមទៀត បន្តកែលម្អបញ្ហា ESGដែលយើង និងឧស្សាហកម្មទាំងមូលកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន”។ លោកស្រីបន្តថា “យើងជឿជាក់ថា គំនិតផ្តួចផ្តើមនេះ នឹងក្លាយជាជំនួយដ៏សំខាន់ក្នុងការរចនា និងការអនុវត្តគោលការណ៍ធានាបាន នូវនិរន្តរភាពឱ្យបានកាន់តែប្រសើរឡើង ដែលអាចជួយទ្រទ្រង់ដល់ការរីកលូតលាស់ និងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ គុណភាពសេវាកម្ម ព្រមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការដល់ដៃគូរអាជីវកម្ម,ក្រុមការងារ និងភាគីពាក់ព័ន្ធ”។
នៅពេលខាងមុខ ក្រុមហ៊ុន Golden Tree Co., Ltd ក៏មានផែនការអភិវឌ្ឍន៍អគារការិយាល័យបៃតងបន្ថែមទៀត ព្រមទាំងមានផែនការអភិវឌ្ឍន៍ គ្រប់គ្រង និងវិនិយោគគម្រោងលំនៅឋាន និងសួនឧស្សាហកម្មបៃតងផងដែរ។ គោលដៅរបស់ Golden Treeគឺកសាង និងអភិវឌ្ឍសហគមន៍ធុរកិច្ចមួយ ដែលផ្តោតលើការយកចិត្តទុកដាក់ និងលើកកម្ពស់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន តាមរយៈកិច្ចសហការនានាក្នុងការគ្រប់គ្រងបញ្ហាបរិស្ថាន និងធនធាន។
ទន្ទឹមគ្នានេះ ក្រុមហ៊ុន Golden Tree គ្រោងនឹងបោះផ្សាយលក់មូលបត្របំណុលបៃតងដំបូងគេនៅកម្ពុជា (ឬសញ្ញាបណ្ណបៃតងទី១) ដែលកាលពីថ្ងៃទី៥ តុលា កន្លងទៅថ្មីនេះៗ ក្រុមហ៊ុនទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព ក្នុងការចុះបញ្ជីលក់មូលបត្របំណុលបៃតង ហើយរំពឹងទទួលបានការឯកភាពទាំងស្រុង ពីផ្សារមូលបត្រកម្ពុជានៅខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ។
អាគារបៃតង ត្រូវបានកំណត់និយមន័យ ជាប្រភេទអគារទាំងឡាយណាដែលសាងសង់ឡើង និងប្រតិបត្តិការ ធានាបាននូវកាត់ការបន្ថយ និងមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ អគារបៃតង ត្រូវបានចាត់ទុកជាកាលានុវត្តន៍ភាព ដ៏សំខាន់សម្រាប់ការវិនិយោគ ដោយហេតុថាវាជួយជំរុញគុណភាព និងធានាបាននូវនិរន្តភាព នៅក្នុងគម្រោងអគារនោះកាន់តែមានភាពល្អប្រសើរឡើង។
របាយការណ៍ស្រាវជ្រាវរបស់សាជីវកម្មអន្តរជាតិ (IFC) បានបង្ហាញថា សក្តានុពលទីផ្សារអគារបៃតង នៅតាមបណ្តាប្រទេសកំពុងមានការអភិវឌ្ឍន៍ នៅទូទាំងពិភពលោកត្រូវបានប៉ាន់ប្រមាណថា មានទំហំទុននៃការវិនិយោគដល់ទៅជិត២៥ ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០៣០។
ប្រភពរបាយការណ៍៍ដដែលបានបញ្ជាក់ទៀតថា អគារបៃតង អាចមានអត្រាជួលខ្ពស់ដល់ទៅ៨ភាគរយ ហើយអត្រានៃការលក់វិញមាន៣១ភាគរយ បើធៀបនឹងអគារដែលមិនផ្សារភ្ជាប់ទៅនឹងបៃតង៕