ដោយ: គង់ លាងហួរ
ភ្នំពេញ: តម្លៃសំបុត្រយន្តហោះធ្វើដំណើរទៅមករវាង កម្ពុជា និងចិន ដែលបានឡើងថ្លៃខ្លាំង ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ និងបានកំពុងធ្លាក់ចុះជាលំដាប់ ដល់តម្លៃមុនជំងឺរាតត្បាត។
លោក ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក កាលពីម្សិលមិញនេះថា តម្លៃសំបុត្រយន្តហោះ ពីភ្នំពេញទៅប្រទេសចិនបច្ចុប្បន្ន មានតម្លៃចន្លោះពី៤០០ដុល្លារ ទៅជាង៥០០ដុល្លារ អាស្រ័យលើតំបន់។
លោកស្រីបានចង្អុលបង្ហាញថា “តម្លៃនេះប្រហែលជា មិនបន្តធ្លាក់ចុះទេ ទោះបីជាប្រទេសចិន ប្រកាសលុបចោលវិធានការកូវីដ-១៩ ចាប់ពីថ្ងៃទី ៨ ខែមករា យ៉ាងណាក្តី”។ លោកស្រីបានបន្តថា “តម្លៃអាចនឹងកើនឡើងបន្តិច ប្រសិនបើជើងហោះហើរមិនត្រូវបានបន្ថែមទេ ព្រោះតម្រូវការអាចកើនឡើង”។
ប្រទេសចិនបានប្រកាសកាលពីថ្ងៃទី២៧ ខែធ្នូថា ខ្លួននឹងបញ្ចប់ តម្រូវការសម្រាប់ការចូលប្រទេសនេះ ចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ដែលជាជំហានដ៏សំខាន់ ឆ្ពោះទៅរកការបើកប្រទេសឡើងវិញ ចាប់តាំងពីការបិទព្រំដែនរបស់ខ្លួន នៅដើមឆ្នាំ២០២០ ។
លោក ស៊ិន ច័ន្ទសិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានមួយផងដែរថា បន្ទាប់ពីប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញ ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួន បានបង្ហាញនិន្នាការនៃការតភ្ជាប់ ជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ។
លោកបន្តថា “បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចិន បានស្នើសុំរក្សាទុកចំណតសម្រាប់ពួកគេរួចហើយ”៕