ដោយ: គង់ លាងហួរ
ភ្នំពេញ: ខណៈដែលកម្ពុជាត្រៀមស្វាគមន៍លំហូរទេសចរចិន ក្រសួងទេសចរណ៍បានរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរប្រមាណ៧លាននាក់នៅឆ្នាំ២០២៥។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា កម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ការតភ្ជាប់ ការហោះហើរ និងការដឹកជញ្ជូន ជាពិសេសទំនាក់ទំនងដ៏រឹងមាំ ដែលជាយុទ្ធសាស្ត្រសហគមន៍ជោគវាសនារួម ដែលបង្ហាញយ៉ាងច្បាស់ថា ទីផ្សារទេសចរណ៍ចិន គឺជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន រួមទាំងប្រទេសកម្ពុជាផងដែរ។
មុនពេលមានជំងឺកូវីដ-១៩ ភ្ញៀវទេសចរចិនចំនួន១៥៥លាននាក់ បានធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗជុំវិញពិភពលោក ដែលស្មើនឹង១០ភាគរយ នៃទេសចរណ៍ពិភពលោកសរុប និងបង្កើតបានចំណូលបាន២៥៨ពាន់លានដុល្លារ នៅក្នុងឧស្សាហកម្មទេសចរណ៍។ ក្នុងនោះបណ្តាប្រទេសអាស៊ានក៏ទទួលបានភ្ញៀវទេសចរចិនចំនួន៣២,២លាននាក់ផងដែរ។
ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ស្ថានភាពនៃទីផ្សារទេសចរណ៍ចិនបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែប្រទេសចិនបានបិទព្រំដែនរបស់ខ្លួន។
បើតាមក្រុមមន្ត្រីបានឱ្យដឹងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផ្សេងទៀត មកទស្សនាប្រទេសនេះ ដោយមិនមានការរឹតត្បិតផ្នែកសុខភាពឡើយ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តជាបន្តបន្ទាប់នូវការសម្រួលការធ្វើដំណើរចាប់តាំងពីឆ្នាំ២០២២ ស្របពេលដែលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ៕