ដោយ៖ សុផារី
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានថ្លែងថា គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី គ្រោងនឹងសម្រេចដំណើរការសាងសង់ឱ្យបាន៩០ភាគរយ នៃផែនការសរុប នៅក្នុងខែមីនា ឬមេសា ដើម្បីឈានទៅកាន់ការសាកល្បងធ្វើការហោះហើរនៅក្នុងខែតុលា ឆ្នាំ២០២៣។
លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាបសម្រេចបាននូវវឌ្ឍនភាពច្រើនដែរ ដោយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តែងតែដឹកនាំក្រុមការងារចុះទៅពិនិត្យដែរ ដើម្បីជួយលើកទឹកចិត្ត និងផ្ដល់យោបល់។
លោកបានបន្តថា “យើងសង្ឃឹមថា នៅអំឡុងខែមីនា ឬខែមេសាខាងមុខនេះ ការសាងសង់នឹងបញ្ចប់ជិត៩០ ភាគរយ ហើយនាអំឡុងខែតុលាឆ្នាំ២០២៣នេះ យើងនឹងបើកសាកល្បងធ្វើការហោះហើរ”។
អាកាសយានដ្ឋានថ្មីនៃទឹកដីខេត្តសៀមរាបនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថា ការហោះហើរ និងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។
លោកបានបញ្ជាក់ថា ក្នុងបរិបទកូវីដ១៩ ដែលបានប៉ះពាល់នៅទូទាំងពីភពលោក គឺយើងបានឃើញភាពឈ្លាសវៃរបស់ សម្ដេចតេជោ បានចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូច្នេះកម្មករដែលធ្វើការនៅការដ្ឋានសាងសង់ប្រលានយន្តហោះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដទៃទៀត មិនឈប់ឈរឡើយ។
អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោងវិនិយោគ BOT រយ:ពេល៥៥ឆ្នាំ៕