ដោយ: គង់ លាងហួរ
ភ្នំពេញ: មន្ត្រីទេសចរណ៍មួយរូបបានឱ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៤លាននាក់ នៅឆ្នាំ២០២៣ បន្ទាប់ពីប្រទេសចិនបានបញ្ចប់ យុទ្ធសាស្ត្រកូវីដសូន្យរបស់ខ្លួននៅដើមមករាខែនេះ។
លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារទេសចរណ៍ក្រៅប្រទេស ដ៏សំខាន់បំផុតសម្រាប់ពិភពលោក ហើយការបង្កើនប្រសិទ្ធភាពរបស់ចិនលើយុទ្ធសាស្ត្រកូវីដ-១៩ គឺជាអត្ថប្រយោជន៍ មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទេសចរណ៍នៅទូទាំងពិភពលោកផងដែរ។
លោកបានបញ្ជាក់ប្រាប់សារពត៌មានស៊ីនហួថា “យើងសង្ឃឹមថា នឹងមានភ្ញៀវទេសចរ អ្នកជំនួញ និងវិនិយោគិនចិនជាច្រើនទៀត នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយសារទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេស និងប្រជាជនយើងទាំងពីរ”។
លោកបានបន្ថែមថា “វត្តមានភ្ញៀវទេសចរចិន មានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់យើង”។
យោងតាមលោក គង់ សុភារក្ស បានឱ្យដឹងថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន២,២៨លាននាក់ ក្នុងឆ្នាំ២០២២ ដែលក្នុងនោះភ្ញៀវទេសចរចំនួន១០៦.៨៧៥នាក់ ជាជនជាតិចិន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន បានបញ្ជាក់ឲ្យដឹងផងដែរថា កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ការវិលត្រឡប់មកវិញរបស់ប្រជាជនចិន ភ្ញៀវទេសចរ អ្នកជំនួញ និងវិនិយោគិនចិន។
លោកបានបន្តថា“ការបន្តទេសចរណ៍ក្រៅប្រទេស របស់ប្រទេសចិនគឺមានអត្ថប្រយោជន៍យ៉ាងខ្លាំង មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ”។
លោកបញ្ជាក់ថា “យើងសង្ឃឹមថា កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរចិនបានយ៉ាងហោចណាស់១លាននាក់ក្នុងឆ្នាំ ២០២៣នេះ”។
វិស័យទេសចរណ៍ គឺជាសសរស្តម្ភសំខាន់មួយ ក្នុងចំណោមសសរស្តម្ភទាំង៤ ដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់កម្ពុជា។
មុនមានការរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៦,៦លាននាក់ ក្នុងឆ្នាំ២០១៩ ដែលបង្កើតប្រាក់ចំណូលបាន៤,៩២ពាន់លានដុល្លារអាមេរិក និងរួមចំណែក១២,១ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា។
កម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារតំបន់បេតិកភណ្ឌពិភពលោកចំនួន៣គឺ ឧទ្យានបុរាណវិទ្យាអង្គរ ប្រាសាទព្រះវិហារ និងតំបន់បុរាណវិទ្យាសំបូរព្រៃគុក។
ក្រៅពីនេះ កម្ពុជាមានឆ្នេរសមុទ្រ ប្រវែង៤៥០គីឡូម៉ែត្រ ដែលលាតសន្ធឹងកាត់ខេត្តចំនួន៤ នាភាគនិរតីផងដែរ៕