ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងហោះហើរមកកាន់ខេត្តសៀមរាប នៅថ្ងៃទី១៦ និង១៧ កុម្ភៈខាងមុខនេះ ស្របពេលប្រទេសចិនបើកទ្វារ។
យោងតាមរបាយការណ៍របស់ក្រសួង ដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ មករា បានឲ្យដឹងថា ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ និង១៧ កុម្ភៈ នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ប្រត្តិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍China Eastern។
របាយការណ៍បានបញ្ជាក់ថា “ចាប់ពីចុងខែមីនា ទៅទើបមានកម្មវិធីហោះហើរទៀងទាត់។ យើងនឹងរៀបចំពីធីស្វាគមន៍ដ៏សមរម្យមួយ ដូចនៅក្រុងព្រះសីហនុផងដែរ”។
នៅសៀមរាបបច្ចុប្បន្ន មានជើងហោះហើរចន្លោះពី១៦-១៩ជើង ក្នុង១ថ្ងៃ ដែលភ្ញៀវចន្លោះ១៨០០-១៩០០នាក់។ រីឯភ្ញៀវទិញសំបុត្រចូលអង្គរយ៉ាងតិច២០០០នាក់ក្នុងមួយថ្ងៃផងដែរ។
ភ្ញៀវប្រចាំថ្ងៃ បច្ចប្បន្ននៅសៀមរាបច្រើនជាងគេ គឺភ្ញៀវកូរ៉េដែលមកតាមជើងហោះហើរប្រចាំថ្ងៃរបស់ Sky Angkor Airline៕