ដោយៈ គង់ សូរិយា
សៀមរាបៈ ជាមួយនឹងការដាក់ចេញផែនការចំណាយត្រឹម៨៨០លានដុល្លារ ពេលនេះព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាបថ្មី ត្រូវបង្កើនការចំណាយសរុបរហូតដល់១១០០លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ដែលផ្ញើរជូនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសូងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ការសាងសង់អាកា សយានដ្ឋាននេះ គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២២ សម្រេចបានជាង៦៣ភាគរយ និងចំណាយថវិកាអស់៤៧៣លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានបន្តថា “គំរោងសាងសង់អាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ចប់នៅខែមិនា ឆ្នាំ២០២៣ និងដាក់ឲ្យដំណើរការនៅខែតុលា ឆ្នាំនេះ”។
ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីទីក្រុងបេតិកភ័ណ្ឌនេះ
។ ព្រលាននេះអាចមានសមត្ថភាព ទទួលការចុះចតយន្តហោះអន្តរទ្វីបបាន។ នេះបើតាមការឲ្យដឹងពីលោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោកបន្តថា “ការសាងសង់ព្រលានយន្តហោះនេះ សម្រេចបានវឌ្ឍនភាពប្រសើរ តាមផែនការដែលបានគ្រោងទុក ដែលនឹងអាចបើកដំណើរការជាផ្លូវការនៅខែតុលា ឆ្នាំនេះ”៕