ជើងហោះហើររវាងចិន និងកម្ពុជារំពឹងថានឹងហក់ឡើងវិញ ដល់៤០ភាគរយចាប់ពីខែកុម្ភៈនេះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ប្រទេសកម្ពុជា និងចិនត្រូវបានរំពឹងថា ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ជើងហោះហើររវាងប្រទេសទាំង២ នឹងចាប់ផ្តើមកើនឡើងវិញ ក្នុងអត្រាចន្លោះពី៣០ ទៅ៤០ភាគរយ ដូចមុនការផ្ទុះឡើងនៃជំងឺកូវីដ ក្នុងឆ្នាំ២០១៩។

ប្រទេសទាំង២មានការរំពឹងទុក បន្ទាប់ពីបានឯកភាពគ្នាបន្តការហោះហើរធម្មតាឡើងវិញ ស្របតាមកិច្ចព្រមព្រៀងទ្វេរភាគី ដោយមិនមានការកម្រិត ឬការរឹតត្បិតលើជើងហោះហើរទៀតនោះទេ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកា​សចរស៊ីវិលបានមានប្រសាសន៍ថា “មុនពេលការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ជើងហោះហើររវាងប្រទេសទាំងពីរ មានចំនួនសរុប៤១៥ជើង ក្នុងមួយសប្តាហ៍”។

លោកបានបន្តថា “នៅពេលនោះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន២២ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន១៦ និងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាចំនួន៦ តភ្ជាប់ទីក្រុងចំនួន៣៧ ក្នុងនោះភាគីកម្ពុជាចំនួន៣ និងភាគីចិនចំនួន៣៤”។

លោកបានបញ្ជាក់ថា “ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ កន្លងមក មានជើងហោះហើរតិចតួចប៉ុណ្ណោះ ដែលចាប់ផ្តើមពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ដោយមានជើងហោះហើរតែ១ប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ ហើយមានតែជើងហោះហើរតែ២ប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២”។

លោកបន្ថែមថា “ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ មានជើងហោះហើរចំនួន៦ ក្នុងមួយសប្តាហ៍ ហើយវាបានកើនឡើងដល់៣០ជើងក្នុងមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ និងបានបន្តកើនឡើងដល់៦០ជើង ក្នុងមួយសប្តាហ៍ត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២”៕

LEAVE A REPLY

Please enter your comment!
Please enter your name here