ដោយ វិសេស
ភ្នំពេញ៖ ពិធីបុណ្យទន្លេជាលើកដំបូងដែលបានធ្វើនៅខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមនៅថ្ងៃនេះហើយ ដោយមានការតាំងលក់ផលិតផលចម្រុះរហូតដល់ ៣៤០ស្តង់ សម្រាប់ទាក់ទាញអ្នកដើរទិញទំនិញក្នុងពិធីបុណ្យនេះ។
ក្រុមអាជីវករមកពីតាមបណ្តាខេត្តក្រុងនានា និងបុគ្គលឹកក្រុមហ៊ុនមួយចំនួនបាននិងកំពុងរៀបចំតុបតែងស្តង់របស់ខ្លួន អ្នកខ្លះបានរៀបចំសម្ភារៈដាក់តាំងលក់ដូរចាប់តាំងពីថ្ងៃនេះទៅហើយ។ ដោយឡែកស្តង់ដែលបានរៀបចំសម្ភារៈលក់ដូររួចរាល់នោះ គឺមានប្រមាណជាង៨០%ហើយ និងបានដំណើរការលក់ដូរជាហូរហែរផងដែរ ក្នុងនោះគេក៏សង្កេតឃើញមានប្រជាពលរដ្ឋជាច្រើន បានចូលទិញទំនិញតាមស្តង់ផងដែរ។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង លោក ឈួរ ចាន់ថនបានមានប្រសាសន៍ឲ្យដឹនាព្រឹកថ្ងៃទី១៤ មិនាកន្លងមកថា នៅក្នុងចំណោមស្តង់ទាំង៣៤០ស្តង់នោះ គឺមានស្តង់ VIP គឺមានទីតាំងនៅមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សំរាប់ដាក់តាំងបង្ហាញនូវសមិទ្ធិផលដែលជាអត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំង ដូចជា សកម្មភាពតម្បាញក្រម៉ា តម្បាញកន្ទេលក្រហម សកម្មភាពស្មូនដីទាំងបែបបូរាណខ្មែរ និងសម័យដើម្បីធ្វើឆ្នាំង ក្អម និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ បង្ហាញជូនប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំបានទស្សនាស្នាដៃពលរដ្ឋខេត្តកំពង់ឆ្នាំង។
ក្រៅពីស្តង់ពិសេសនេះ គឺនៅមានស្តង់របស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តនៅក្បែរនោះ ដោយត្រូវដាក់តាំងបង្ហាញ នូវផលិផលកសិកម្មពីតាមបណ្តាសហគមន៍ទាំង៧០នៅក្នុងខេត្តដូចជាបន្លែ អង្ករ កសិផលផ្សេងៗ និងត្រសាច់ដែលជាប្រភេទផលិតផលសុវត្ថិភាពគ្មានសារធាតុគីមី។
ដោយឡែកស្តង់មន្ទីរពាណិជ្ជកម្មខេត្តវិញ បានតំឡើងនៅតាមបណ្តោយសួនវិមានឯករាជ្យចំនួន២ជួរ ដោយមានដាក់តាំងលក់នូវផលិតផលនានាជាច្រើន ហើយក៏មានស្តង់របស់ក្រុមហ៊ុន និងស្តង់អាជីវករដែលមកពីតាមបណ្តាខេត្តក្រុងនានា ក្នុងនោះមានមកពីទីក្រុងភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម សៀមរាប ពោធិសាត់ កំពង់ធំ ប៉ោយប៉ែត។ល។ ដែលក្នុងស្តង់ទាំងនោះលក់ចំណីអាហារ សំលៀកបំពាក់ ស្បែកជើង កាបូប ពូកខ្នើយ និងសម្ភារៈផ្ទះបាយទំនើបៗ។
លោក ឈួរ ចាន់ថន បានបន្តថា ទាក់ទងនឹងការរៀបចំស្តង់ពិពណ៌នេះ គឺមានការលំបាកខ្លះៗផងដែរ ដោយសារតែបងប្អូនអាជីវករមួយចំនួន មិនបានរៀបចំលក់មុខទំនិញទៅតាមគោលការណ៍ និងសេចក្តីណែនាំរបស់អាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មការរៀបចំបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង៕